ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារមន្ទីរ​ពីរ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ដាក់តាំង​ស្នាដៃ​ចម្លាក់​បុរាណ​ខ្មែរ


លោកស្រី​បណ្ឌិត មេឡូឌី រូដអារី ឈរ​នៅ​ជិត​រូប​បដិមា​ខ្មែរ​នៅ​ឯ​​​ពិព័រណ៍ "Where Art Meets Science" នៅ​សារមន្ទីរ​ Norton Simom នៅ​ក្រុង Pasadena រដ្ឋ​កាលីហ្វ័រញ៉ា​កាល​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​ឆ្នាំ​២០១១។
លោកស្រី​បណ្ឌិត មេឡូឌី រូដអារី ឈរ​នៅ​ជិត​រូប​បដិមា​ខ្មែរ​នៅ​ឯ​​​ពិព័រណ៍ "Where Art Meets Science" នៅ​សារមន្ទីរ​ Norton Simom នៅ​ក្រុង Pasadena រដ្ឋ​កាលីហ្វ័រញ៉ា​កាល​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​ឆ្នាំ​២០១១។

សារមន្ទីរ​ន័រតុន​សាយមុន ​(Norton Simon Museum)​ ក្នុង​រដ្ឋកាលីហ្វញ៉ា​មាន​ដាក់តាំង​បង្ហាញ​រូបចម្លាក់​បុរាណ​ខ្មែរ​ដែល​បន្សល់ទុក​ពីសម័យ​កាល​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា។​ នាបច្ចុប្បន្ន​នេះ​សារមន្ទីរ​នេះ​សហការ​ជាមួយ សារមន្ទីរ ហ្គេទី (Getty Museum) ដើម្បី​អបអរ​ការ​ដាក់តាំង​ពិព័រណ៌​រូបចម្លាក់​សំរិទ្ធ​មកពី​ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះថា​អាទិទេព​នៃ​អង្គរ។

សារមន្ទីរ ន័រតុន​សាយមុន​នេះ​មានទ្រង់ទ្រាយ​ធំ និង​អគារ​ដែល​មើលទៅ​មាន​លក្ខណៈ​បែប​សម័យ​ថ្មី​ស្ថិតនៅ​ទីក្រុង​ប៉ាសាដេណា (Pasadena) រដ្ឋ​កាលីហ្វ័រញ៉ា​ បើមើល​ពី​ខាងក្រៅ​យើង​ប្រហែល​ជា​មិនជឿ​ថា​សារមន្ទីរ​នេះ​មានតាំង​បង្ហាញរូបចម្លាក់​ខ្មែរ​ដែលសល់​ពី​បុរាណកាល​នោះ​ទេ។ ប៉ុន្តែ​នៅពេល​ដែល​ឈានជើង​ចូល​ដល់​ខាងក្នុង​អ្នក​ទស្សនា​នឹង​បានឃើញ​រូបចម្លាក់​បុរាណ​របស់​ប្រទេស​អាស៊ី មួយ​ចំនួន​ដែល​ក្នុងនោះ​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។ បើក្រឡេក​មើល​ទៅ​ខាង​ស្តាំ​អ្នក​នឹង​បាន​ឃើញ​រូបចម្លាក់​ដ៏​ធំស្កឹមស្កៃ ដែលឈរ អមដំណើរ អ្នក​ទស្សនា​ទៅកាន់​ជាន់ខាង​ក្រោម​នៃ​សារមន្ទីរ ដែលជា​កន្លែង​ដាក់តាំង​បង្ហាញ​នូវ​រូប​ចម្លាក់​ខ្មែរ។

ស្របពេល​ដែល​សារមន្ទីរ ហ្គេទី នៅទីក្រុង ឡូស អាន់ជឺឡេស (Los Angeles) កំពុង​បង្ហាញ​ពិព័រណ៌​«អាទិទេព​នៃ​អង្គរ» លោកស្រី​បណ្ឌិត មេឡូឌី រូដអារី (Melody Rod-ari) ជា​អ្នកអភិរក្ស​រង​សិល្បៈ​អាស៊ី និង​ជា​អ្នកអភិរក្ស​រូបចម្លាក់​ខ្មែរបុរាណ​នៃ​សារមន្ទីរ​ន័រតុន​សាយមុន ក៏រៀបចំ​ការ​តាំង​ពិព័រណ៌ ដែល​មាន​ឈ្មោះ​ថា «នៅ​ពេល​សិល្បៈ​ជួប​ជាមួយ​វិទ្យាសាស្រ្ត» រួមគ្នា​ដើម្បី​បង្ហាញ​នូវ​រូបចម្លាក់​ដ៏ពិសិទ្ធ​របស់​ប្រទេស​កម្ពុជា នៅ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។

នៅឯ​សារមន្ទីរ ន័រតុន​សាយមុន​ លោកស្រី​បណ្ឌិត មេឡូឌី រូដអារី នឹងនាំ​អារម្មណ៍​លោក​អ្នក​ស្តាប់​ទាំងអស់គ្នា នៅ​កាន់​បន្ទប់​តាំង​រូបចម្លាក់​បុរាណ​ខ្មែរ ដើម្បី​បង្ហាញ​នូវ​រូប​ចម្លាក់​ល្បីៗ។

វីអូអេ៖ តើ​រូបចម្លាក់​មួយណា​ដែល​មេឡូឌី​ចាប់​អារម្មណ៍​ច្រើន​ជាងគេ?

មេឡូឌី៖«រូបចម្លាក់​ដែល​មានវ័យ​ចំណាស់​ជាងគេ​នៅ​ទីនេះ​គឺជា​រូបចម្លាក់​មុន​សម័យ​អង្គរ គឺជា​សម័យ​មុន​ឆ្នាំ៨០២ នៅពេល​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី២ ឡើងគ្រងរាជ្យ និង អភិសេកទៅជា​ព្រះមហាក្សត្រ​នៃ​អាណាចក្រ​អង្គរ។ នេះ​គឺជា​រូបចម្លាក់ របស់ព្រះ​ហរិហរៈ។ ព្រះ​ហរិហរៈ គឺជា រូបផ្គុំ​ទេវៈ ​រូបផ្គុំ​ទេវៈ​មានន័យ​ថា រូប​របស់​គាត់​គឺ​មួយ​ចំហៀង​ជារូប​របស់ ព្រះវិស្ណុ និងមួយ​ចំហៀង​ទៀត​ជារូប របស់​ព្រះសិវៈ។

លោកស្រី​បណ្ឌិត មេឡូឌី រូដអារី ឈរ​នៅ​ជិត​រូប​ចម្លាក់​ព្រះ​ហរិហរៈ ក្នុង​ពិព័រណ៍​វត្ថុ​សិល្បៈ​ខ្មែរនៅ​សារមន្ទីរ​ Norton Simon នៅ​ក្រុង Pasadena រដ្ឋ​កាលីហ្វ័រញ៉ា​កាល​ពី​ថ្ងៃ​ទី១​ខែ​កក្កដា​ឆ្នាំ​២០១១។
លោកស្រី​បណ្ឌិត មេឡូឌី រូដអារី ឈរ​នៅ​ជិត​រូប​ចម្លាក់​ព្រះ​ហរិហរៈ ក្នុង​ពិព័រណ៍​វត្ថុ​សិល្បៈ​ខ្មែរនៅ​សារមន្ទីរ​ Norton Simon នៅ​ក្រុង Pasadena រដ្ឋ​កាលីហ្វ័រញ៉ា​កាល​ពី​ថ្ងៃ​ទី១​ខែ​កក្កដា​ឆ្នាំ​២០១១។
ព្រះហរិហរៈ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ​ជាពិសេស​ពីសតវត្សរ៍​ទី៧​ដល់​ទី៩។ រូបហរិហរៈ​ត្រូវ​បានកសាង​រហូត​ដល់​សតវត្សរ៍​ទី១៣​គ្រាន់តែ​រូប​ប្រភេទ​នេះ​មាន​ភាពល្បីល្បាញ​ជាងគេ​ពី​សតវត្សរ៍​ទី ៧ដល់​ទី៩។ ខ្ញុំ​គិត​ថា​សព្វថ្ងៃ​នេះ​វា​ងាយស្រួល​នឹង​ភ្លេច​ថា ព្រហ្មញ្ញសាសនា​ធ្លាប់ជា​សាសនា​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​អាស៊ី​អាគ្នេយ៍ ពីព្រោះថា ឥឡូវ​នេះ​មនុស្ស​ភាគច្រើន​គោរព​ព្រះពុទ្ធ​សាសនា។ ប៉ុន្តែ​ព្រហ្មញ្ញសាសនា​ធ្លាប់ជា​សាសនា​សំខាន់ ដូច្នេះ​យើង​មាន​រូបចម្លាក់​ជាច្រើន​ដែល​ទាក់ទង​នឹង​សម័យកាល​ដំបូង​នៃ​ព្រហ្មញ្ញសាសនា»។

លោកស្រី​បានបញ្ជាក់​បន្ថែម​ទៀត​ថា៖

«រូបចម្លាក់​មួយ​នេះ​បើ​អ្នក​មើល​ឱ្យ​ជិត អ្នក​នឹង​ឃើញ​ថា មួយ​កំណាត់​ចំហៀង​ខាងស្តាំ​គឺ​តំណាង​ឱ្យ​ព្រះវិស្ណុ ដែល​យើង​អាច​ដឹង​បាន​តាម​រយៈវត្ថុ​ដែល​ដៃស្តាំ​របស់​គាត់​កាន់​មាន​ដូចជា កងចក្រ ខ្យងសង្ខ ភ្នំព្រះសុមេរុ ដែលបញ្ជាក់​ថា​រូប​នេះ​ជា​រចនាបទ​របស់​ខ្មែរ ព្រោះ​បើតាម​រចនាបថ​របស់​ឥណ្ឌា គាត់មិនកាន់​ភ្នំ​ព្រះសុមេរុ​ទេ គឺ​គាត់​កាន់​ផ្កាឈូក​និង​ដំបង​ជា​អាវុធ។ ចំណែក​ឯ​ចំហៀង​ខាងឆ្វេង​គឺ​ព្រះសិវៈ។ ជាធម្មតា​រូប​របស់​ព្រះសិវៈ​គឺ​មាន​ភ្នែក​ទី៣​នៅលើ​ថ្ងាស​របស់​គាត់។ដូច្នេះ​នៅលើ​ថ្ងាស​របស់​ហរិហរៈ​នេះ​គឺមាន​ភ្នែក​ទីបី​ពាក់​កណ្តាល​នៅលើ​ថ្ងាស​របស់​គាត់។

ជាមួយគ្នា​នេះ​ផងដែរ​គាត់​មាន​ផ្នួងសក់ដាញ់​បួងឡើង​ទៅលើ ហើយ​គេជឿ​ថា​គាត់​មាន​សក់​ដាញ់​ហ្នឹង​គឺ​ដោយសារតែ​គាត់​មិន​ចូលចិត្ត​ងូតទឹក។ រូបចម្លាក់​ព្រះហរិហរៈ​នេះ​មិនមាន​ទំហំ​ធំ​ប៉ុន្មាន​ទេ គឺ​ប្រហែល​ជា ២៦អ៊ីញ ប៉ុន្តែ​បើគិតពី​គុណភាព​វិញ​គឺ​វា​មាន​ភាព​ឥតខ្ចោះ»។

វីអូអេ៖ អញ្ចឹង​តើ​មាន​រូប​អ្វី​ផ្សេង​ទៀត​ដែល មេឡូឌី ចូលចិត្ត​ដែរ?

មេឡូឌី៖ «រូប​បន្ត​ទៅទៀត​នេះ​គឺជា​រូប​របស់​ព្រះវិស្ណុ។ រូបចម្លាក់​មួយ​នេះ​គឺ​មាន​លក្ខណៈ ធំ​មែនទែន គាត់​មាន​រូបរាង​ធំ​ជាង​មនុស្ស​ធម្មតា​ដែល​អ្នកធ្លាប់ជួប រូប​បែប​នេះ​ពីដើម​ច្រើនតែ​មាន​នៅក្នុង​ប្រាសាទ។ ផ្ទៃ​ខាងលើ​របស់​រូបចម្លាក់​នេះ​មាន​លក្ខណៈ​ភ្លឺចាំង ពីព្រោះ​វិចិត្រករ​ព្យាយាម​ធ្វើឱ្យ​រូប​នេះ​មានលក្ខណៈ​ល្អ​ប្រណិត។ ពីព្រោះ​យើងត្រូវ​ចាំ​ថា​នេះ​មិនមែន​គ្រាន់តែ​ជា​រូប​ចម្លាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​តំណាង​ឱ្យ​ព្រះវិស្ណុ​ពិតៗ ព្រះវិស្ណុ​គឺ​ស្ថិតនៅ​ក្នុង​រូបនេះ​ផ្ទាល់​តែម្តង។ ព្រះវិស្ណុ​រូបនេះ​មាន​ដៃ៣ ហើយ​កាន់​ភ្នំព្រះសុមេរុ ដូច្នេះ​ហើយ​ទើប​យើង​ដឹង​ថា​នេះ​គឺ​ជា​រចនាបថ​របស់​ខ្មែរ​យ៉ាង​ប្រាកដ​គឺ​យើង​នឹង​មិនឃើញ​រូប​របៀប​នេះ​នៅ​កន្លែង​ណា​ផ្សេង​ទេ។ បើមើល​ទៅ​ទងត្រចៀក​របស់​គាត់ យើង​ឃើញ​គាត់​មាន​ចោះ​ត្រចៀក។ នេះ​ស​បញ្ជាក់​ថា​គាត់​ប្រហែលជា​ពាក់ក្រវិល មែនទែន ដែលធ្វើ​ពី​មាស​និង​ប្រាក់​ពិត​ប្រាកដ ហើយ​ក៏​ប្រហែលជា​មាន​ពាក់​នូវ​គ្រឿង​អលង្ការ​ពិតៗ​ផ្សេងៗ​ទៀត​ដូចជា ខ្សែក ខ្សែដៃ ចិញ្ជៀន កងដៃ និង​គ្រឿង​សម្លៀក​បំពាក់​ក្បិន សំពត់​និង​ខ្សែ​ឈៀង​ជាដើម»។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកស្រី​បណ្ឌិត មេឡូឌី រួម​ជាមួយ សារមន្ទីរ​ហ្គេទី បាន​បើក​សិក្ខាសាលា ឈ្មោះ​ថា «ភាពរុងរឿង​នៃ​អង្គរ»​ដែល​ស្តីពី​ប្រវត្តិសាស្រ្ត នឹង​បង្ហាញ​ឱ្យ​យល់​ដឹង​ពី រូបចម្លាក់​បុរាណ​ខ្មែរ​ផងដែរ​ទាំង​រូបចម្លាក់​ដែល​មាន​នៅ​សារមន្ទីរ ន័រតុន​សាយ​មុន​និង​រូបចម្លាក់​សំរិទ្ធ មកពី​ប្រទេស​កម្ពុជា​នៅសារមន្ទីរ​ហ្គេទី។ សិក្ខា​សាលា​នេះ​រៀបចំ​ឡើង​ជាពីរ​ថ្ងៃ។ ថ្ងៃ​ទីមួយ​បាន​ធ្វើឡើង​នៅ​ថ្ងៃសៅរ៍​ទី ២៣ ខែកក្កដា​នៅឯ​សារមន្ទីរ ន័រតុន​សាយមុន​ ហើយ លើកទីពីរ​នឹង​ធ្វើឡើង​នៅ​ថ្ងៃសៅរ៍​ទី​៣០ ខែកក្កដា​នៅឯ​សារមន្ទីរ​ហ្គេទី។

លោកស្រី​បណ្ឌិត មេឡូឌី បានឱ្យ​ដឹង​បន្ថែម​ថា៖«សិក្ខា​សាលា​វគ្គ​ទីមួយ​នៅ​សារមន្ទីរ ន័រតុន​សាយមុន​នឹង​បង្រៀន​អំពី ប្រវត្តិ​នៃ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា​ ហើយតើ​សាសនា​ទាំងពីរ​នេះ​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​តាម​វិធី​ណា ក៏ដូចជា​បង្ហាញ​ឱ្យ​ដឹង​ថា​របស់​និង​រូបចម្លាក់​សម័យ​បុរាណ​ទាំងអស់​នេះ​មិនមែន​គ្រាន់តែ​ជា​រូបចម្លាក់​តែ​សំបក​ទេ គឺ​មនុស្ស​សម័យ​នោះ​គេ​មើល​ថែ​វត្ថុ​ទាំងអស់​នេះ​ដូចជា​អាទិទេព​ពិតៗ​របស់​ពួកគេ។ ហើយ​ចំណែក​ឯ​ថ្ងៃទីពីរ​នៅ​សារមន្ទីរ​ហ្គេទី យើង​នឹង​បង្រៀន​ពី​ប្រាសាទ​អង្គរវត្ត និង​ប្រវតិ្ត​សម័យ​អង្គរ​ផង​ដែរ»។

«អាទិទេព​នៃ​អង្គរ» ជា​ពិព័រណ៌​ដែល​បង្ហាញ​ពី​រូបចម្លាក់​សំរិទ្ធ​ដ៏​ប្រណិត​ពី​សម័យ​អង្គរ​នៅ​សតវត្សរ៍​ទី ៩ដល់​ទី១៥។រូបចម្លាក់​សំរិទ្ធ​ទាំងអស់​នេះ​គឺ​បាន​មកពី​សារមន្ទីរ​ជាតិ​កម្ពុជា ហើយ​ត្រូវ​បានដាក់តាំង​ពិព័រណ៌​ម្តង​រួច​ហើយ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន ហើយ​ឥឡូវ​នេះ​កំពុង​ដាក់​បង្ហាញ​នៅ សារមន្ទីរ​ហ្គីទី ទីក្រុង ឡូស​អាន់ជឺឡេស រដ្ឋ​កាលីហ្វ័រញ៉ា។

ពិព័រណ៌​«អាទិទេព​នៃ​អង្គរ»នឹង​បញ្ចប់​នៅ​ខែក្រោយ ប៉ុន្តែ​អ្នកដែលស្រឡាញ់​ចូលចិត្ត​សិល្បៈ​ខ្មែរ​នៅតែ​អាចមក​មើល​រូបចម្លាក់​បុរាណ​នៅ​សារមន្ទីរន័រតុន​សាយមុន៕

XS
SM
MD
LG