មនុស្សចំនួន១៩នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់ដែលកំពុងលិចលង់ក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាមកទល់ពេលនេះក្នុងនោះពាក់កណ្តាលនៃអ្នកស្លាប់គឺជាកុមារ។
ទឹកជំនន់ទឹកទន្លេមេគង្គបានជន់លិចខ្លាំងនៅតាមបណ្តាខេត្តរួមមានដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំកណ្តាលនិងខេត្តព្រៃវែង។ រីឯកម្រិតទឹកនៅខេត្តក្រចេះ រតនៈគីរីនិងខេត្តស្ទឹងត្រែងបានស្រកបនិ្តចហើយ។
ទឹកជំនន់ទន្លេមេគង្គឆ្នាំ២០១៤នេះកើតមានឡើងដោយសារកម្ពុជាបានរងឥទ្ធិពលពីខ្យល់ព្យុះរ៉ាមាន់សាន់ទី៩ និងរងសម្ពាធទាប បូករួមទាំងខ្យល់មូសុង។នេះបើតាមការបញ្ជាក់របស់មន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថាគិតមកត្រឹមថ្ងៃសុក្រនេះទឹកជំនន់នៅបន្តជន់លិចខេត្តកំពង់ចាមធ្ងន់ធ្ងរជាងគេ។
«ឥឡូវនេះខែ៨ទឹកឡើងហើយទំរាំដល់ខែ៩ទៀតទឹកឡើងថែមទៀតអាចថាទឹកវាមិនដឹងស្រកទៅណាអីចឹងការខូចខាតស្លាប់ច្រើនជាងនេះ។ក្រចេះ ស្ទឹងត្រែង រតនៈគីរីស្រកហើយប៉ុន្តែខេត្តកណ្តាលព្រៃវែងនិងរាជធានីភ្នំពេញកំពុងទទួលសម្ពាធពីខេត្តកំពង់ចាមអីចឹងមិនស្រកទេមានតែឡើង»។
ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមាន៣នាក់នៅខេត្តក្រចេះ ៣នាក់ នៅខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម៨នាក់ ខេត្តត្បូងឃ្មុំមានជនរងគ្រោះស្លាប់១នាក់ ខេត្តព្រៃវែងសម្លាប់២នាក់និងខេត្តកណ្តាល២នាក់។នេះបើយោងតាមព័ត៌មានចុងក្រោយដែលVOAសំឡេងសហរដ្ឋអាមេរិកទទួលបានពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅល្ងាចថ្ងៃសុក្រនេះ។
លោកផៃ ប៊ុនឈឿនអភិបាលខេត្តកណ្ដាលថ្លែងថាទឹកជំនន់បានជន់លិចផ្នែកខ្លះក្នុងស្រុកមួយចំនួនក្នុងខេត្តក៏ប៉ុន្តែលោកបញ្ជាក់ថាការជន់លិចនេះនៅមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។
«ការពិតទឹកវាឡើងតាមទំហំទឹកឡើងធម្មតាទេមិនមែនជាទឹកឡើងឲ្យមានផលប៉ះពាល់ធ្ងន់នោះទេ។ វាមិនទាន់ជារបៀបប្រកាសអាសន្នជាទឹកជំនន់នោះទេ។ ជាទូទៅអ្នកមាត់ទន្លេទឹកវាលិចក្រោមផ្ទះលិចក្នុងភូមិលិចធម្មតាអីចឹង»។
លោករី ដាវិនប្រធានការិយាល័យពេទ្យសត្វខេត្តត្បូងឃ្មុំថ្លែងថារហូតមកទល់ថ្ងៃសុក្រនេះស្រុកចំនួនពីរបានរងគ្រោះធ្ងន់ធ្ងរដោយសារការជន់លិចនៃទឹកជំនន់។ លោកបន្ថែមថាប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបានជម្លៀស ហើយដីស្រែចម្ការជាច្រើនហិកតាត្រូវបានជន់លិច។
«ខ្ញុំគិតថាប្រហែលជាមិនអាចជួយបានទេដីស្រែដែលបានលិចលង់ហ្នឹង ដូចខ្ញុំជម្រាបមិញហ្នឹងខ្ញុំជិះទូកកាត់ទៅមើលជាមួយលោកប្រធានមន្ទីរជាមួយលោកមេឃុំហ្នឹងវាលិចរហូតដល់៣ម៉ែត្ររហូតដល់៤ម៉ែត្រឯណោះ។យ៉ាងហោចណាស់ក៏មួយអាទិត្យទើបទឹកស្រកទៅវិញ ក៏ប៉ុន្តែមួយអាទិត្យហ្នឹងស្រូវវាប្រហែលរលួយ»។
លោកប៉ែនលីណាតប្រធានលេខាធិការរដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រចាំខេត្តក្រចេះថ្លែងថារយៈពេលជាងមួយសប្តាហ៍ហើយដែលទឹកជំនន់បានជន់លិចផ្នែកខ្លះនៃទីប្រជុំជនក្នុងខេត្ត និងស្រុកចំនួន៤ទៀត។ លោកបន្ថែមថាប្រជាពលរដ្ឋប្រហែលជិត២ពាន់គ្រួសារ និងផ្ទៃដីស្រូវវស្សាប្រហែលជាង៦ពាន់ហិកតាបានរងការប៉ះពាល់ដោយទឹកជំនន់។
«អតិបរមាវា២២ម៉ែត្រ៨០ហើយវានៅក្នុងដើមរដូវទៀត។ កន្លងមកទឹកឡើងនៅចុងខែ៨ចុងខែ៩ឯណោះបានវាឡើងដល់កម្រិតអីចឹងក៏ប៉ុន្តែឆ្នាំនេះវាឡើងនៅចុងខែ៧ដើមខែ៨»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា មនុស្ស១៦៨នាក់បានស្លាប់ និងមនុស្សប្រមាណជិត១លាន៨សែននាក់បានរងការប៉ះពាល់ដោយសារទឹកជំនន់ក្នុងឆ្នាំ២០១៣។
ដោយឡែករបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា(UNDP) បានឲ្យដឹងថា ស្រូវសរុបជាង៣៨៥.០០០ហិកតាត្រូវបានជន់លិច ហើយជាង១២៥.០០០ហិកតាត្រូវបានបំផ្លាញដោយសារទឹកជំនន់កាលពីឆ្នាំ២០១៣ ហើយទឹកប្រាក់ខូចខាតដោយសារទឹកជំនន់សរុបប្រហែល៣៦៥លានដុល្លារអាមេរិក។
ឆ្នាំ២០១១កម្ពុជាបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង និងឥទ្ធិពលខ្យល់ព្យុះទីហ្វុង ក្នុងនោះខេត្តចំនួន១៨ត្រូវបានជន់លិច និងមនុស្សយ៉ាងតិច២៥០នាក់បានបាត់បង់ជីវិត៕