ពីរឆ្នាំបន្ទាប់ពីការដួលរលំនៃអគារ Rana Plaza ក្នុងក្រុងដាក្កា (Dhaka) ដែលបណ្តាលឲ្យកម្មកររោងចក្រកាត់ដេរចំនួនជាង១ពាន់១រយនាក់បានស្លាប់ ប្រាក់រាប់លានដុល្លារបានត្រូវគេផ្តល់ឲ្យដល់មនុស្សរាប់ពាន់នាក់ដែលទទួលរងផលប៉ះពាល់ ក៏ប៉ុន្តែមានភាពចម្រូងចម្រាសក្នុងការផ្តល់សំណងនេះទាំងនោះ។
ភា្លមៗបន្ទាប់ពីសោកនាដកម្មនោះ រដ្ឋាភិបាលបង់ក្លាដែស និងក្រុមហ៊ុនផលិតសម្លៀកបំពាក់លើសាកលលោកបានប្រមូលប្រាក់សម្រាប់មូលនិធិពីរដាច់ដោយឡែកពីគ្នា ដើម្បីផ្តល់សំណងដល់អ្នកដែលនៅរស់រានមានជីវិត និងអ្នកដែលនៅក្នុងបន្ទុករបស់អ្នកដែលស្លាប់ក្នុងការដួលរលំនៃអគារ៩ជាន់នោះ។
ធានាគារពាណិជ្ជកម្មបង់ក្លាដែស និងប្រភពថវិកាក្នុងស្រុកដទៃទៀតបានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន១៦លានដុលា្លរទៅឲ្យមូលនិធិ Relief and Welfare របស់នាយករដ្ឋមន្រ្តី បន្ទាប់ពីគ្រោះមហន្តរាយនោះ។ អង្គការតម្លាភាពអន្តរជាតិបង់ក្លាដែស ដែលជាផ្នែកមួយនៃក្រុមអ្នកឃ្លាំមើលការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយសាកលប្រចាំប្រទេសបង់ក្លាដែស បានរាយការណ៍កាលពីខែមុនថា មូលនិធិរបស់នាយករដ្ឋមន្រ្តីបានផ្តល់សំណងត្រឹមតែ២,៤៨លានដុល្លារប៉ុណ្ណោះ។
មូលនិធិមួយទៀតមានឈ្មោះថា មូលនិធិម្ចាស់ជំនួយ Rana Plaza ឬឈ្មោះជាភាសាអង់គ្លេសថា Rana Plaza Donors' Trust Fund ត្រូវបានបង្កើតឡើងផ្តាច់មុខសម្រាប់ជួយតែជនរងគ្រោះក្នុងឧប្បត្តិហេតុនៅ Rana Plaza តែប៉ុណ្ណោះ។ មូលនិធិនេះទទួលបានប្រាក់បរិច្ចាគចំនួន២៧លានដុលា្លរពីក្រុមហ៊ុនសម្លៀកបំពាក់របស់សហភាពអឺរ៉ុប និងអាមេរិកចំនួន៣០ក្រុមហ៊ុន និងបានពីរោងចក្រកាត់ដេរមួយចំនួនទៀតក្នុងប្រទេសបង់ក្លាដែស រួមទាំងទទួលបានពីមូលនិធិរបស់នាយករដ្ឋមន្រ្តីផងដែរ។
រដ្ឋបាលផ្នែកបណ្តឹងតវ៉ានៅ Rana Plaza (RPCA) ដែលគ្រប់គ្រងមូលនិធិនិយាយថា មកដល់ពេលនេះ ពួកគេបានចំណាយប្រាក់ផ្តល់សំណងទៅឲ្យជនរងគ្រោះបានចំនួនប្រហែល១៩,៦៣លានដុលា្លររួចហើយក្នុងចំណោមជនរងគ្រោះទាំងនោះ។
ក្រុមមន្រ្តីកំពុងព្យាយាមកំណត់ចំនួនមនុស្សសរុបដែលបានស្លាប់ក្នុងសោកនាដកម្មនោះ ដោយសារតែសាកសពមនុស្សចំនួន១៥៩នាក់ដែលត្រូវបានគេរាយការណ៍ថាបាត់ខ្លួននោះ មិនត្រូវបានគេរកឃើញនៅឡើយទេ។ បើបូកបញ្ចូលចំនួននេះ ចំនួនអ្នកស្លាប់នឹងកើនឡើងដល់១ពាន់៣រយនាក់។
មូលនិធិម្ចាស់ជំនួយ Rana Plaza និយាយថា ខ្លួននៅខ្វះប្រាក់ប្រហែល៣លានដុលា្លរទៀតដើម្បីបង្រ្គប់ចំនួន៣០លានដុល្លារ ដែលមូលនិធិនេះធ្វើការប៉ាន់ស្មានថា ពួកគេត្រូវការដើម្បីផ្តល់សំណងដល់ជនរងគ្រោះទាំងអស់នៅក្នុងសោកនាដកម្មនោះ។
នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិបង់ក្លាដែស លោក Iftekhar Zaman កំពុងអំពាវនាវឲ្យមូលនិធិរបស់នាយករដ្ឋមន្រ្តីចូលរួមគ្នាដើម្បីបង្រ្គប់ថវិកានោះ។
លោក Zaman និយាយថា៖ «ទោះបីជាមូលនិធិរបស់នាយករដ្ឋមន្រ្តីទទួលបានប្រាក់បរិច្ចាគចំនួន១៦លានដុល្លារសម្រាប់ជនរងគ្រោះនៃសោកនាដកម្ម Rana Plaza ក៏ដោយ មានតែទឹកប្រាក់ចំនួន២,៤៨លានដុលា្លរប៉ុណ្ណោះ ត្រូវបានគេផ្តល់ឲ្យជនរងគ្រោះ (តាមរយៈមូលនិធិទំនុកចិត្ត)។ តាមពិតទៅ ចំនួនទឹកប្រាក់ទាំងអស់ដែលមានចំនួន១៦លានដុលា្លរ គឺត្រូវប្រើក្នុងន័យជួយជនរងគ្រោះទាំងនោះ»។
អ្នកនាំពាក្យរបស់ខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តីបាននិយាយការពារកំណត់ត្រានៃការបរិច្ចាគរបស់ខ្លួនថា ការប្រមូលមូលនិធិនេះមិនមែនធ្វើឡើងផ្តាច់មុខសម្រាប់តែជនរងគ្រោះ Rana Plaza នោះទេ តែវាអាចផ្តល់ឲ្យមនុស្សដទៃទៀតដែលត្រូវការ។ ក៏ប៉ុន្តែ អង្គការតម្លាភាពនិយាយថា ក្រុមមន្រ្តីបានផ្តល់ព័ត៌មានតិចតួចអំពីការចំណាយប្រាក់មូលនិធិនេះ។ អង្គការនេះបានបន្តថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនអាចផ្តល់សូម្បីតែបញ្ជីឈ្មោះអ្នកដែលត្រូវបានទទួលសំណងរួចហើយ។
សម្រាប់គ្រួសាររបស់កម្មករដែលបានស្លាប់នៅក្នុងរោងចក្រនោះ ចំនួននៃប្រាក់សំណងដែលទទួលបានមានភាពខុសគ្នា អាស្រ័យលើប្រាក់ខែរបស់ពួកគេ និងចំនួននិងអាយុនៃអ្នកដែលនៅក្នុងបន្ទុក។ បុគ្គលិករដ្ឋបាលនិយាយថា ចំនួននៃប្រាក់សំណងនេះ មានចាប់ពី៦.៤២៥ដុល្លារទៅ១២.៨៥០ដុល្លារ។ កម្មករខ្លះដែលមានតួនាទីខ្ពស់ទទួលបានប្រាក់សំណងច្រើនជាង៣ម៉ឺន២ពាន់ដុល្លារ។
លោក Phil Robertson គឺជានាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី។ លោកបានបន្ទោសមួយផ្នែកទៅលើក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិមួយចំនួនដែលមានប្រតិបតិ្តការនៅក្នុងរោងចក្រកាត់ដេរទាំងនោះ ក៏ប៉ុន្តែពួកគេបានបរាជ័យក្នុងការផ្តល់ប្រាក់ជំនួយឲ្យបានគ្រប់គ្រាន់ដូចការរំពឹងទុក។
លោកនិយាយថា៖ «វាក៏បានបង្ហាញពីការឈប់ទទួលខុសត្រូវដ៏អាក្រក់របស់ឧស្សាហកម្មរោងចក្រកាត់ដេរបង់ក្លាដែស ដោយសារតែក្រុមពាណិជ្ជកម្មដែលមានឈ្មោះថា សមាគមរោងចក្រកាត់ដេរនិងនាំចេញបង់ក្លាដែស BGMEA មិនបានចូលរួមបរិច្ចាគទៅឲ្យមូលនិធិនោះទេ»។
មជ្ឈមណ្ឌលពិភាក្សាគោលនយោបាយ CPD ដែលជាក្រុមអ្នកជំនាញផ្តល់យោបល់មានមូលដ្ឋាននៅទីក្រុងដាក្កានិយាយថា ទោះបីជារដ្ឋាភិបាល និងអង្គការផ្សេងទៀតបានធ្វើឲ្យលក្ខខណ្ឌការងារមានភាពល្អប្រសើរជាងមុននៅក្នុងរោងចក្រកាត់ដេរក្នុងរយៈពេល២ឆ្នាំកន្លងទៅក៏ដោយ ដំណើរការបើកប្រាក់ខែយឺតមានន័យថា អ្នកដែលនៅរស់រានមានជីវិត និងក្រុមគ្រួសាររបស់ជនរងគ្រោះមិនបានទទួលជំនួយផ្នែកហិរញ្ញវត្ថុដែលអាចជួយស្តារនីតិសម្បទារបស់ពួកគេឡើងវិញទេ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ