ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់​ព្យុះ​សង្ឃរា Ian នឹង​បោក​បក់​​​លើ​រដ្ឋ Carolina និង​រដ្ឋ Virginia


អ្នកស្រី Holly Nugyn ដើរ​នៅ​ក្នុង​សង្កាត់​របស់​អ្នកស្រី​ដែល​ត្រូវ​រង​ការ​ខូចខាត​ខ្លាំង​ពី​ខ្យល់ព្យុះ​សង្ឃរា Ian នៅ​ទី​ក្រុង Fort Myers រដ្ឋ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២។
អ្នកស្រី Holly Nugyn ដើរ​នៅ​ក្នុង​សង្កាត់​របស់​អ្នកស្រី​ដែល​ត្រូវ​រង​ការ​ខូចខាត​ខ្លាំង​ពី​ខ្យល់ព្យុះ​សង្ឃរា Ian នៅ​ទី​ក្រុង Fort Myers រដ្ឋ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២។

មជ្ឈមណ្ឌល​ខ្យល់ព្យុះ​សង្ឃរាជាតិ​សហរដ្ឋ​អាមេរិក ​បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃសុក្រថា​ គេ​រំពឹង​ថា​ខ្យល់ព្យុះ​សង្ឃរា Ian នឹងបណ្តាល​ឱ្យ​មាន​ខ្យល់​ព្យុះ​គួច​ទឹក​គំរាមកំហែង​ជីវិតមនុស្ស នឹង​បោកបក់​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​រដ្ឋ Carolina នៅ​ពេល​បន្ទាប់មក​ក្នុង​ថ្ងៃសុក្រ ​ហើយ​នឹង​នាំ​ឱ្យ​មានភ្លៀង​មានទឹក​ជំនន់នៅ​ក្នុង​រដ្ឋ Carolinas ទាំង​ពីរនិង​នៅប៉ែកនិរតីរដ្ឋ​ Virginia ផង​ដែរ។

បើតាម​មជ្ឈមណ្ឌល​ខ្យល់ព្យុះ​សង្ឃរា​ថា ​ការ​ព្រមាន​អំពី​ខ្យល់​ព្យុះ​គួច​ទឹក​មាន​ន័យ​ថា​«មាន​គ្រោះថ្នាក់ដល់​ជីវិតដោយ​សារទឹកជំនន់​បណ្តាលមក​ពី​ទឹក​ឡើងពីឆ្នេរ​សមុទ្រ​ទៅ​កាន់​តំបន់ផ្ទៃ​ក្នុង»។​ ទីភ្នាក់ងារនេះបានសុំឱ្យ​ប្រជារាស្ត្រ​ធ្វើ​តាម​បទបញ្ជា​ជម្លៀសនិង​ការណែនាំ​ឯ​ទៀតៗ​ពី​អាជ្ញាធរមូលដ្ឋាន។​

បើ​តាម​មជ្ឈមណ្ឌល​ខ្យល់ព្យុះ​សង្ឃរា​ថា ការ​ព្រមាន​ឱ្យ​ជម្លៀសមាន​ន័យ​ថា​«ការ​ប្រុង​ប្រៀបដើម្បី​ការពារ​អាយុ​ជីវិត​និងទ្រព្យ​សម្បត្តិគួរ​ធ្វើឆាប់រហ័ស​ឱ្យ​បាន​ចប់សព្វ​គ្រប់»។

នៅ​ព្រឹកថ្ងៃ​សុក្រ ខ្យល់ព្យុះ​សង្ឃរា Ian មាន​ខ្យល់​បោកបក់​ល្បឿន​អតិបរិមា ៨៥គ.ម.​ក្នុងមួយ​ម៉ោងដោយមានខ្យល់​បក់ខ្លាំង​ជាកំសួល។

ខ្យល់ព្យុះ​សង្ឃរា Ian បាន​បំផ្លាញរដ្ឋ Florida តាមគន្លង​បោកបក់​របស់​វា ហើយ​កាលពី​ថ្ងៃព្រហស្បតិ៍លោក​ប្រធានាធិបតី Joe Biden បានសន្យា​ថា រដ្ឋាភិបាលសហព័ន្ធ​នឹងធ្វើអ្វី​ទាំង​អស់ដែល​ត្រូវធ្វើ​ដើម្បីជួយកសាង​រដ្ឋ Florida ជាថ្មី។

ថ្លែង​ពី​ទីស្នាក់ការ​ធំ​របស់​ទីភ្នាក់ងារ​សហព័ន្ធ​ចាត់ចែងវិធានការគ្រាមាន​គ្រោះអាសន្ន​ FEMA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន លោក Biden មាន​ប្រសាសន៍ថា លោក​បាន​និយាយ​ជាមួយ​លោក Ron DeSantis អភិបាល​រដ្ឋ Florida ហើយ​បាន​យល់ព្រម​តាមសំណើ​របស់​លោក​ឱ្យមាន​ការ​ចាត់ទុកខ្យល់ព្យុះ​សង្ឃរា​នេះ​ថា​ ជាមហន្តរាយឱ្យ​បាន​ឆាប់​រហ័ស។

លោក​បាន​មាន​ប្រសាសន៍​ថា ការណ៍​នេះ​មាន​ន័យ​ថា រដ្ឋាភិបាល​សហព័ន្ធ​នឹង​បង់សោហ៊ុយនៃ​ការយក​កម្ទិចកម្ទី​ចេញ​ទាំង​អស់និង​ការ​កសាងអគារសាធារណៈ​ជាថ្មី​ឡើង​វិញ។

រដ្ឋាភិបាល​សហព័ន្ធក៏​នឹង​ផ្តល់​ប្រាក់ជួយចេញសោហ៊ុយ​នៃការ​កសាង​ជា​ថ្មីនូវផ្ទះ​សម្បែង​និងរកមក​វិញ​ទ្រព្យ​សម្បត្តិសម្រាប់​ក្រុម​ជន​ទាំង​ឡាយ​ណាដែលគ្មាន​ការធានា​រ៉ាប់រង​គ្រប់គ្រាន់។
លោក Biden បានមាន​ប្រសាសន៍​ថា ខ្យល់ព្យុះ​សង្ឃរា Ian អាចជា​ខ្យល់ព្យុះនាំ​ឱ្យ​មានមនុស្ស​ស្លាប់ច្រើន​ដែល​បោកបក់​លើ​រដ្ឋ Florida នៅពេល​គេកំណត់​ផល​ប៉ះពាល់​របស់វានៅ​ទីបញ្ចប់។

នៅ​ក្នុង​សន្និសីតកាសែត​មួយកាល​ពីព្រឹក​ថ្ងៃ​សុក្រ លោក DeSantis បាននិយាយ​ថា ចំនួនមនុស្ស​ស្លាប់​និងត្រូវ​របួស​មិន​ទាន់​ច្បាស់លាស់ទេ ពីព្រោះ​ក្រុម​អ្នក​ជួយសង្គ្រោះទើប​តែ​ចាប់​ផ្តើមឆ្លើយ​នឹងការ​ហៅ​ទូរសព្ទ ក្រោយ​ពី​មិន​អាច​ចេញ​ទៅ​ក្រៅ​បាន​នៅ​ពេល​មាន​ស្ថានភាព​មិនល្អ។ ​ក្រុម​អ្នក​ជួយសង្គ្រោះ​ធ្វើការ​នៅ​លើដី​ ក្នុង​សមុទ្រ​និង​តាម​អាកាស​ដើម្បី​ឱ្យបាន​ទៅ​ដល់​អ្នក​ស្រុក​ដែល​ជាប់គាំងក្នុងតំបន់​មានមហន្តរាយ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយកាណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press, Reuters និង AFP។

ប្រែសម្រួល​ដោយ​លោក ​ឈឹម សុមេធ

XS
SM
MD
LG