លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយកាលពីថ្ងៃច័ន្ទថា គណបក្សប្រជាជនកម្ពុជាដែលបាននិងកំពុងកាន់អំណាចក្នុងប្រទេសកម្ពុជាអស់រយៈពេលរាប់ទសវត្សរ៍មកហើយនេះ នឹងបន្តគ្រប់គ្រងនយោបាយរហូតដល់១សតវត្សរ៍។ នេះបើយោងតាមសារព័ត៌មាន Reuters ដែលបានចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនា ដោយបានស្រង់សម្តីរបស់លោក ហ៊ុន សែន ដែលបាននិយាយនៅពេលលោកចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល។
កាសែតដដែលបានរាយការណ៍ថា លោក ហ៊ុន សែនបាននិយាយសំដៅទៅគណបក្សប្រឆាំងឲ្យរង់ចាំទាល់តែជាតិក្រោយ ប្រសិនបើគណបក្សប្រឆាំងចង់ដណ្តើមអំណាច។
គណបក្សប្រជាជនកម្ពុជាបានឡើងគ្រប់គ្រងប្រទេសចាប់តាំងពីឆ្នាំ១៩៧៩ បន្ទាប់ការដួលរលំនៃរបបខ្មែរក្រហម ដោយសារការចូលឈ្លានពានពីកងទ័ពវៀតណាម។
បច្ចុប្បន្នគណបក្សនេះគ្រប់គ្រងអាសនៈទាំង១២៥នៃរដ្ឋសភាជាតិ ក្រោយពីការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំ២០១៨ ដោយគ្មានការចូលរួមគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំនិងជាគូប្រកួតដ៏ប្រកៀកប្រកិត ដែលត្រូវរំលាយដោយតុលារការរដ្ឋាភិបាលរបស់លោក។
រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិជាច្រើនថ្កោលទោសចំពោះការបង្ក្រាបទៅលើបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមុនការបោះឆ្នោត៕