លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានថ្លែងថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ព្យាយាមឱ្យរូបលោកធ្លាក់ចូលទៅក្នុង«អន្ទាក់» តាមរយៈការប្រមាថនាយករដ្ឋមន្រ្តីដើម្បីឱ្យគេចាប់ខ្លួនរូបលោក។ ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ថា លោកមិនចាញ់កលល្បិចរបស់លោក ខឹម វាសនា ឡើយ។
វាខុសពីស្ថានការណ៍ផ្សេងទៀត គឺលោក ហ៊ុន សែន មិនបញ្ជាឲ្យអាជ្ញាធរចាប់ខ្លួន លោក ខឹម វាសនា និងបំបែកការប្រមូលផ្តុំ ក្រោយការដាក់ឱសានវាទឲ្យបំបែកការប្រមូលផ្តុំនៅក្បែរជើងភ្នំគូលែន ទីកន្លែងដែលលោក ខឹម វាសនា ថា ដើម្បីគេចពីទឹកជន់លិចពិភពលោក។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន២ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ចង់ឱ្យរដ្ឋាភិបាលប្រើប្រាស់កងកម្លាំងដើម្បីបំបែកក្រុមពួកគេនៅជិតជើងភ្នំគូលែន ខេត្តសៀមរាប ហើយចាប់ខ្លួនលោក ខឹម វាសនា ដើម្បីផ្លាស់ប្តូរស្ថានការណ៍ពីរឿង«អបិយជំនឿ»ទៅជារឿងនយោបាយ។ លោក ហ៊ុន សែន បានជំរុញឱ្យអ្នកគាំទ្រដែលចង់ឱ្យនាយករដ្ឋមន្រ្តីចាត់វិធានការលើលោក ខឹម វាសនា មានការអត់ធ្មត់ឱ្យបានខ្ពស់។
លោក ហ៊ុន សែន ថ្លែងថា៖ «អ្វីដែលលោក ខឹម វាសនា ចង់បាន គឺចង់ឱ្យរដ្ឋាភិបាលប្រើប្រាស់កម្លាំងបំបែកភ្លាម ហើយចាប់ខ្លួនគាត់ភ្លាម។ បើសិនជាយើងហ៊ានធ្វើអ៊ីចឹងគឺចូលអន្ទាក់របស់ ខឹម វាសនា ពិតប្រាកដ។ ធ្វើនយោបាយត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗឱ្យសោះ។ នោះហើយជាការគិតគូររបស់ ហ៊ុន សែន»។
លោក ហ៊ុន សែន ថ្លែងបន្តថា ការណ៍ដែលរដ្ឋាភិបាលមិនចាត់វិធានការធ្ងន់ធ្ងរទៅលើលោក ខឹម វាសនា គឺដោយហេតុថា ប្រធានគណបក្សរូបនោះមិនបានអំពាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាកងទ័ពងើបឡើងដើម្បី«ផ្តួលរលំរដ្ឋាភិបាល»ឡើយ ដោយលោកប្រៀបធៀបទៅនឹងមេដឹកនាំគណបក្សសង្រ្គោះជាតិ។
លោក ហ៊ុន សែន ទទូចឱ្យប្រជាពលរដ្ឋដែលលោកថា «ចាញ់បោក» លោក ខឹម វាសនា ត្រឡប់មកកាន់ទីកន្លែងដើមរបស់ខ្លួនវិញ និងថា អាជ្ញាធរបានដាក់វិធានការមិនឱ្យនរណាចូលទៅក្នុងចម្ការរបស់លោក ខឹម វាសនា នៅក្បែរជើងភ្នំគូលែនទៀតឡើយ។
លោកបញ្ជាក់បន្ថែមថា៖ «ព្រោះនៅទីនោះ នៅពេលនេះចេញបាន តែចូលអត់បាន។ នេះគឺជាបទបញ្ជានៃការអនុវត្តរបស់អាជ្ញាធរនៅទីនោះ។ ចេញបាន តែចូលអត់បាន តើរស់នៅទីនោះបានប៉ុន្មានថ្ងៃទៀត»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ខឹម វាសនា បាននៅឡើយទេនាថ្ងៃពុធនេះ។
កាលពីថ្ងៃអង្គារ លោក ខឹម វាសនា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ក្នុងន័យដើមថា«កូនចៅអាខ្វាក់ និង«អាសម រង្ស៊ី នៅព្រុសវ៉េះៗតាម facebook មិនទាន់ឃើញមឈូស វាមិនស្រក់ទឹកភ្នែកទេ។ បើអាខ្វាក់វាធ្វើអីអញកើត វាឱ្យកូនចៅរបស់វានៅខេត្តសៀមរាបមកបាត់ទៅហើយ!»។
សារនេះត្រូវបានលោក ហ៊ុន សែន អះអាងកាលពីព្រឹកថ្ងៃពុធថា លោក ខឹម វាសនា ប្រមាថរូបលោក។
អ្នកវិភាគនយោបាយក្នុងប្រទេសកម្ពុជា លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការប្រមូលផ្តុំសាវ័ករបស់លោក ខឹម វាសនា ហាក់មានភ្លើងខៀវពីរដ្ឋាភិបាលឱ្យធ្វើបែបហ្នឹង។ លោកបន្តថា ចំណាត់ការរបស់អាជ្ញាធរមិនស្មើភាពគ្នាចំពោះប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយខ្មែរគ្រប់គ្នាឡើយ ខណៈវាមិនមែនផ្អែកតាមច្បាប់ តែតាមបុគ្គលមានអំណាច ឬរដ្ឋាភិបាល។
លោកថ្លែងថា៖«នេះជាហេតុផលមួយដែលយើងមើលឃើញថា ការអនុវត្តហាក់ដូចជាមានការលើកលែងឬក៏មានការយោគយល់អាស្រ័យទៅលើអ្នកនយោបាយមួយចំនួនដែលនៅក្រោមឥទ្ធិពលរបស់ខ្លួន ឬក៏ជាសាវ័ករបស់ខ្លួន»។
អ្នកឃ្លាំមើលរូបនេះបន្ថែមថា វិធានការរបស់អាជ្ញាធរអាចធ្វើឡើងម្តងមួយជំហានៗ ពីព្រោះថា អ្នកគាំទ្ររបស់លោក ខឹម វាសនា មានការងប់ងុលខ្លាំង។ លោកបន្តថា លោកមានការចម្លែកចំពោះការដែលប្រមុខរដ្ឋាភិបាលមិនមានការដាក់ទោសទណ្ឌអ្វីជាដុំកំភួនលើលោក ខឹម វាសនា ខណៈមានការប្រមាថ ក៏ដូចជាជេរលោកនាយករដ្ឋមន្ត្រីផងដែរ។
លោកថា វាមិនមានអ្វីជាអន្ទាក់ឡើយ ខណៈអំណាចស្ថិតនៅក្នុងកណ្តាប់ដៃរបស់គណបក្សកាន់អំណាច។
លោកថ្លែងថា៖ «គ្រាន់តែបារម្ភ ជាទស្សនៈខ្ញុំ។ អ្នកនយោបាយមួយធ្លាប់នៅក្រោមឥទ្ធិពល ធ្លាប់តែបម្រើនូវទស្សនៈនយោបាយរបស់គណបក្សកាន់អំណាច មិនសូវជាដាក់ទោស ដាក់ទណ្ឌកម្មអីឱ្យមានរងផលប៉ះពាល់ទេ។ ហើយមនុស្សនេះប្រហែលជាថ្ងៃក្រោយ គេអាចនឹងប្រើប្រាស់ទៀត បានជាគេនៅរក្សាទុកនៅដដែល»។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ប្រាប់វីអូអេថា មកទល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ១ម៉ឺននាក់ដែលកំពុងស្ថិតនៅក្នុងចម្ការរបស់លោក ខឹម វាសនា ខណៈមួយចំនួនបានកំពុងចាកចេញ។
លោកថ្លែងថា៖ «យើងចែកជាពីរផ្នែក។ ទី១អ្នកគាំទ្រ ទី២អ្នកជឿគាត់។ អ្នកគាំទ្រគាត់ ភាគច្រើនជាសមាជិកគណបក្សរបស់គាត់។ ហ្នឹងគាត់ប្រហែលជាមិនចាកចេញទេ។ ប៉ុន្តែប្រជាពលរដ្ឋដែលជឿគាត់បានចាកចេញបណ្តើរៗហើយ»។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៦ ខែសីហា ប្រជាពលរដ្ឋជាង១ម៉ឺន៥ពាន់នាក់បាននាំគ្នាជិះឡាន ម៉ូតូយ៉ាងច្រើនកុះករ ដោយបាននាំយកកូនចៅ និងរបស់របរប្រើប្រាស់មួយចំនួនទៅជាមួយ ដូចជាចាន ឆ្នាំងជាដើមដើម្បីភៀសខ្លួន និងស្នាក់នៅរួមគ្នាក្នុងចម្ការម្រេចមួយកន្លែងរបស់ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ គឺលោក ខឹម វាសនា ដែលស្ថិតនៅជិតជើងភ្នំគូលែន ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការសម្រុកទៅនេះកើតមានឡើងក្រោយការថ្លែងរបស់លោក ខឹម វាសនា ដែលបានទស្សន៍ទាយពីទឹកជំនន់ជន់លិចពិភពលោកទាំងមូល លើកលែងតែទឹកដីភ្នំគូលែន ក្នុងសៀមរាបតែមួយគត់ដែលមិនជន់លិចនោះ។
អាជ្ញាធរខេត្តសៀមរាបអះអាងថា ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងសុវត្ថិភាព ព្រមទាំងប្រឈមការឆ្លងរាលដាលជំងឺកូវីដ១៩ជាដើម។
នៅពេលមានការជួបជុំយ៉ាងច្រើនបែបនេះ អាជ្ញាធរខេត្តសៀមរាបបានបញ្ជាឱ្យរំសាយ និងបញ្ឈប់សកម្មភាពជួបជុំទាំងនោះ ត្រឹមម៉ោង១២យប់ ថ្ងៃទី៣០ ខែសីហា និងព្រមានចាត់វិធានការច្បាប់ បើនៅបន្តជួបជុំ។ អាជ្ញាធរខេត្តចាត់ទុកសកម្មភាពនេះថា ជា«ការឃោសនាប្រជាភិថុតិបែបអបិយជំនឿ» និងប្រាសចាកការណ៍ពិត៕