ក្នុងការចុះជួបកម្មករកាត់ដេរនាថ្ងៃពុធនេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លៀតវាយប្រហារគូបដិបក្ខរបស់ខ្លួន ខណៈការបោះឆ្នោតនៅកម្ពុជានឹងចូលមកដល់ក្នុងពេលឆាប់ៗ។ ដោយចៀសវាងការគំរាម និងការប្រើពាក្យសង្គ្រាម លោក ហ៊ុន សែន ប្រើពាក្យសន្តិភាពដើម្បីលួងលោមអ្នកគំាទ្ររបស់ខ្លួនជំនួសវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបន្តការពារនយោបាយអភិវឌ្ឍន៍ក្នុងវិស័យកាត់ដេររបស់គណបក្សកាន់អំណាច និងថ្លែងចំអករិះគន់អតីតមេដឹកនាំគណបក្សជំទាស់ គឺលោក សម រង្ស៊ី ដែលលោកអះអាងថា តែងតែព្យាយាមបន្ទុចបង្អាក់ការអភិវឌ្ឍក្នុងប្រទេស ដោយស្នើឱ្យបរទេស«កុំផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា»។
ថ្លែងទៅកាន់កម្មករកម្មការិនីកាត់ដេរក្នុងជំនួបមួយនៅព្រឹកថ្ងៃពុធនេះក្នុងខ័ណ្ឌដង្កោ លោក ហ៊ុន សែន ព្យាយាមពន្យល់អំពីសកម្មភាពវិជ្ជមានដែលរដ្ឋាភិបាល និងគណបក្សកាន់អំណាចបានធ្វើក្នុងការភិវឌ្ឍប្រទេសកម្ពុជា និងវិស័យកាត់ដេរ ជាពិសេសព្យាយាមរកការវិនិយោគ បង្កើតទីផ្សារ និងស្នើសុំជំនួយពីបរទេសជាដើម។
ការណ៍នេះវាខុសពីក្រុមផ្សេងទៀត ដែលលោក ហ៊ុន សែន ឱ្យឈ្មោះថា ជា«ក្រុមបីកុំ» គឺ «កុំផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា»។ លោកបន្តថានយោបាយមួយនឹងត្រូវដាក់ចេញសម្រាប់ការប្រកួតប្រជែងនយោបាយក្នុងពេលបោះឆ្នោតខាងមុខរវាងក្រុមលោកដែលលោកហៅថា «ក្រុមបីសុំ» និង«ក្រុមបីកុំ»នោះ។
លោកថ្លែងថា៖ «ដូច្នេះហើយ យើងត្រូវតែស្គាល់ឱ្យច្បាស់! នរណាជាអ្នកដោះស្រាយការងារឱ្យក្មួយៗ។ មិនមែន ក្រុមប្រឆាំងទេ ហើយក៏មិនមែនក្រុមបីកុំដែរ! ក្រុមបីកុំគឺជាក្រុមដែលបំផ្លាញផលប្រយោជន៍ក្មួយៗតែប៉ុណ្ណោះ។ កុំផ្តល់ជំនួយ! កុំមកវិនិយោគ! និងកុំទិញទំនិញពីកម្ពុជា! ចំណុចទាំងបីនេះគឺជាការប្រកួតប្រជែងខាងនយោបាយនៅពេលខាងមុខរវាង«បីសុំ» និង«បីកុំ» ដាក់ចេញជាការប្រកួតប្រជែងនៅក្នុងរង្វង់នៃក្រមខណ្ឌនយោបាយនិងសកម្មភាពជាក់ស្តែង»។
ជំនួបជាមួយកម្មករ នាថ្ងៃពុធនេះ គឺជាផ្នែកមួយនៃយុទ្ធនាការប្រចាំសប្តាហ៍របស់លោក ហ៊ុន សែន ចុះជួបកម្មករ ដែលអ្នកឃ្លាំមើលយល់ថា ជាការព្យាយាមយកចិត្តកម្មករមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខ។
ឧស្សាហកម្មកាត់ដេរកម្ពុជាបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ ប្រមាណ ៧០០.០០០នាក់។ តាមតួលេខចុងក្រោយរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅបរទេសមានទឹកប្រាក់ប្រមាណជាង ៦ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦។
មុនឆ្នាំ២០១៣ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រមានចំនួន១០០ដុល្លារអាមេរិក ប៉ុន្តែប្រាក់ឈ្នួលបានកើនឡើង បន្ទាប់ពីមានការធ្វើបាតុកម្មទាំងហិង្សា និងអហិង្សាជាបន្តបន្ទាប់។ កាលពីដើមឆ្នាំ២០១៤កន្លងទៅ បាតុកម្មអហិង្សាក្បែរផ្លូវវ៉េងស្រេងដើម្បីទាមការដំឡើងប្រាក់ឈ្នួលត្រូវបានបង្ក្រាបដោយកម្លាំង ដែលគេដឹងថា ជិតដិតនឹងលោកហ៊ុន សែន ហើយមានកម្មករយ៉ាងហោចណាស់ ៥នាក់ស្លាប់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។
មកដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រត្រូវបានដំឡើងដល់១៥៣ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ក៏ប៉ុន្តែកម្មករនៅតែបន្តចាយវាយត្បិតត្បៀត តាមរយៈការបរិភោគអាហារគ្មានជីវជាតិគ្រប់គ្រាន់ និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនហួសចំណុះ ដែលជារឿយៗបណ្តាលឲ្យគ្រោះថ្នាក់ និងស្លាប់បាត់បង់ជីវិត។
ក្នុងសុន្ទរកថាទៅកាន់កម្មករជាង១ម៉ឺននាក់នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំឭកផងដែរចំពោះការព្យាយាមអុចអាលរបស់ក្រុម«បីកុំ» និងមេដឹកនាំដែលលោកហៅថាជា «ថៅកែបាតុកម្ម» ក្នុងការបញ្ឆេះឱ្យមានបាតុកម្មជាច្រើនលើកច្រើនសារនាពេលកន្លងមក ហើយធ្វើឱ្យខូចប្រយោជន៍កម្មករ។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានគេស្គាល់ថា ជាអ្នកដឹកនាំបាតុកម្មមួយរូបដ៏ល្បីល្បាញនៅចុងទសវត្សរ៍១៩៩០ និងដើមទសវត្សរ៍២០០០ ហើយត្រូវបានគេហៅថាជា«ថៅកែបាតុកម្ម»។
លោក ហ៊ុន សែន បានថ្លែងថា៖ «ឥឡូវថ្លឹងថ្លែងមើលទៅ ហើយជួនកាលគេបានត្រឹមចូលមកថា ធ្វើបាតុកម្មដំឡើងបៀវត្សរ៍តែប៉ុណ្ណោះ។ បាតុកម្ម! បាតុកម្ម! បាតុកម្ម! ទីចុងបំផុតគេបានប្រសិទ្ធនាមថា«ថៅកែបាតុកម្ម» ដោះស្រាយបានបញ្ហាអ្វីទៅ?»
ការលើកឡើងរបស់លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍ ធ្វើឡើងមិនប៉ុន្មានថ្ងៃក្រោយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សជំទាស់ដ៏ធំនៅកម្ពុជា ថ្លែងសារជាវីដេអូទៅកាន់ប្រជាពលរដ្ឋកម្ពុជាអំពីស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា ដែលលោកថា «ស្ថិតក្នុងភាពដុតដាបជាងពេលណាៗទាំងអស់ ចាប់តាំងពីថ្ងៃចុះកិច្ចព្រមព្រៀងទីក្រុងបារីសឆ្នាំ១៩៩១»។ លោក សម រង្ស៊ី បាននិយាយថា សកម្មភាពថ្មីៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន រួមទាំងការបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ចេញពីប្រទេសកម្ពុជា ការវាយប្រហារលើស្ថាប័នព័ត៌មាន និងការបិទស្ថានីយវិទ្យុក្នុងស្រុកមួយចំនួនគឺជា«រដ្ឋប្រហារ» ដោយមិនប្រើអាវុធ។
លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនគេចពីការកាត់ទោសបានបញ្ជាក់យ៉ាងដូច្នេះ៖
«អ្វីដែលនៅសេសសល់ គ្រាន់តែជាសំបកក្រៅតែប៉ុណ្ណោះ គឺជារូបភាពក្លែងក្លាយដែលគ្មានន័យនិងគ្មានខ្លឹមសារពិតប្រាកដ ឬក៏ន័យមួយដែលគេយកទៅកែច្នៃ ដើម្បីធ្វើផ្ទុយស្រឡះពីន័យពិតប្រាកដនៃពាក្យនីមួយៗ។ វប្បធម៌នយោបាយនៃអ្នកដឹកនាំប្រទេសយើងសព្វថ្ងៃ គឺជាវប្បធម៌ឈរលើភាពក្លែងក្លាយ ដូចជាប្រជាធិបតេយ្យក្លែងក្លាយ នីតិរដ្ឋក្លែងក្លាយ និងអភិវឌ្ឍក្លែងក្លាយ»។
អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជារក្សាជំហរស្នេហាជាតិ និងរួមគ្នាបន្តការតស៊ូដើម្បីទាមទារសេរីភាព និងយុត្តិធម៌ដល់ប្រទេសកម្ពុជា។ លោក សម រង្ស៊ី ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីជ្រើសរើសតំណាងរាស្ត្រថ្មី និងជ្រើសរើសរដ្ឋាភិបាលថ្មីសម្រាប់រយៈពេល៥ឆ្នាំទៅមុខ។
ក្នុងសុន្ទរកថាទៅកាន់ក្រុមកម្មករកាលពីថ្ងៃពុធនេះ លោក ហ៊ុន សែន មិនបានគំរាមពីបញ្ហាសង្គ្រាមនោះទេ ប្រសិនបើគណបក្សរបស់លោកចាញ់ឆ្នោត ក៏ប៉ុន្តែបានបញ្ជាក់ថា បើលោកនិងគណបក្សប្រជាជនកម្ពុជាស្ថិតក្នុងអំណាច ប្រទេសកម្ពុជានឹងនៅតែមានសន្តិភាពនិងការអភិវឌ្ឍ៕