ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ បញ្ជា​ឱ្យ​មាន​ការ​ពង្រឹង​ច្បាប់​បន្ថែម​​ប្រឆាំង​នឹង​ការ​ចរាចរ​ឱសថ​ក្លែង​ក្លាយ


រូបឯកសារ៖ ឱសថខុសច្បាប់មួយប្រភេទ ដែលត្រូវបានរឹបអូសដោយគណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយនៃក្រសួងមហាផ្ទៃ។ (រូបថតដោយគណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ)
រូបឯកសារ៖ ឱសថខុសច្បាប់មួយប្រភេទ ដែលត្រូវបានរឹបអូសដោយគណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយនៃក្រសួងមហាផ្ទៃ។ (រូបថតដោយគណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ)

នៅ​សប្តាហ៍​នេះ​ ​កម្ពុជា​បាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ជា​លើក​ដំបូង​ ​ស្តី​ពី​ «ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព‍» ស្រប​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​ចាប់​បាន​ឱសថ​ក្លែងក្លាយ​និង​ផលិត​ផល​ខុស​ច្បាប់​មួយ​ចំនួន​ជា​បន្តបន្ទាប់។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​បន្ថែម​ការ​ដាក់​ទោស​ឲ្យបាន​ធ្ងន់​ ​ចំពោះ​អ្នក​ផលិត​និង​អ្នកចរា​ចណ៍​ឱសថ​ក្លែងក្លាយ​និង​ស្នើ​ដាក់បញ្ចូល​ ​ប្រធាន​បទ​ឱសថ​ក្លែងក្លាយ​ ​ទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ ​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ។​

លោក​នាយក​រដ្ឋមន្រ្តី​ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ជា​លើក​ដំបូង​ស្តី​ពី​ ​«ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព‍»នៅ​ព្រឹក​ថ្ងៃទី៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​នេះ​ ​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រទេស​បារាំង​ ​ប្រទេស​តំបន់​ទន្លេ​មេគង្គ​ ​ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋាភិបាល​កម្ពុជា​និង​ឯកជន​មួយចំនួន​ទៀត។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ថ្លែង​ថា​ ​ឱសថ​ក្លែងក្លាយ​កំពុង​កើនឡើង និងចរាចរណ៍​យ៉ាង​សកម្ម​តាម​ទីផ្សារ​នៅ​កម្ពុជា និង​ថា ឱសថ​ក្លែងក្លាយ​ទាំង​នោះធ្វើឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ ព្រមទាំង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សង្គម។​

លោក​នាយក​រដ្ឋមន្រ្តី​បន្ថែម​ថា ​ការ​រីក​រាលដាល​នៃ​ឱសថ​ក្លែងក្លាយ​នេះ​បណ្ដាល​មក​ពី​កត្ដា​ជាច្រើន​រួមមាន​ ​ឱសថ​ពិត​មានតម្លៃ​ខ្ពស់​ ​យន្ដ​ការ​នៃ​ការគ្រប់គ្រង​ឱសថ​ក្នុង​ពេល​ផលិត​និង​ចរាចរណ៍​នៅ​លើ​ទីផ្សារ​មិន​មាន​ប្រសិទ្ធភាព​ ការ​បណ្ដុះ​បណ្ដា​លម​ន្ដ្រី​សុខាភិបាល​ស្ដីពី​ជំនាញ​ត្រួតពិនិត្យ​គុណភាព​ឱសថ​ ព្រមទាំង​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ឲ្យ​បាន​យល់​ដឹង​ពី​ឱសថ​ក្លែងក្លាយ​និង​ការ​ត្រួតពិនិត្យ​ឱសថ​នៅ​មាន​កម្រិត​ជាដើម។​ ​លោក​បន្ថែម​ថា​ ​កត្ដា​ទាំងនេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​ជនល្មើស​អាច​កេង​យក​ប្រយោជន៍​ពី​សង្គម​ជាតិ​និង​បាន​គំរាម​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព​និង​អាយុជីវិត​របស់​ប្រជាជន។​

លោក​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ ជាពិសេស​តាម​រយៈ​ការ​ដាក់ទោស​ជនល្មើស​ឲ្យ​កាន់តែ​ធ្ងន់។​

លោក​បញ្ជាក់​ថា៖ «រៀបចំ​និង​ចាត់វិធានការ​កែទម្រង់​ច្បាប់​និង​បទដ្ឋាន​គតិ​យុត្ត​នានា​តាម​ការចាំ​បាច់​របស់​ប្រទេស​រៀងៗ​ខ្លួន​ ដើម្បី​ធានា​ថា​ ក្របខណ្ឌ​ច្បាប់​នៅក្នុង​យុត្តាធិការ​របស់​ខ្លួន​មាន​អនុ​លោម​ធៀប​នឹង​យន្តការ​អន្តរជាតិ។​ ទី២​ អនុវត្ត​វិធានការ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​ ជា​ពិសេស​ត្រូវ​ផ្តន្ទា​ទោស​យ៉ាង​តឹងរ៉ឹង​ចំពោះ​ជនល្មើស​និង​ជន​ទាំងឡាយ​ណា​ដែល​មាន​ការ​ពាក់ព័ន្ធ»។​

បើ​តាម​មាត្រា​១២​នៃ​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ឱសថ​ចែងថា៖«ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ ២០លាន​រៀល​ដល់​៥០លាន​រៀល ឬ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥ឆ្នាំ​ដល់​១០ឆ្នាំ​ ឬ​ទោស​ទាំងពីរ​នេះ​ ចំពោះ​ជន​ណា​ដែល​បាន​ធ្វើ​ផលិតកម្ម​ ​អាហរ័ណ​នីហរ័ណកម្ម​និង​ពាណិជ្ជកម្ម​ដោយចេតនា ក្នុង​ការ​ផលិត​ឱសថ​មាន​សារជាតិ​ញៀន​ដោយ​គ្មាន​ការអនុញ្ញាត​ ​ឱសថ​ក្លែងក្លាយ​ ​ឱសថ​គ្មាន​គុណភាព​ ​ឱសថ​ហួស​រយៈពេល​ប្រើ​ ​ដែល​ប៉ះពាល់​ដល់​សុខភាព​ ​អាយុជីវិត​របស់​អ្នកប្រើ​ប្រាស់»។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ដែល​ចេញទៅ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស​ជា​ទៀងទាត់ ​ក៏​បាន​ជំរុញ​ឲ្យ​មានការ​ពង្រីក​សន្និសីទ​ស្តី​ពី​ឱសថ​ក្លែងក្លាយ​នេះ​ទៅ​ក្នុង​ក្របខណ្ឌ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​និង​គួរ​ដាក់បញ្ចូល​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ ​(ASEM-2020) ​ដែល​កម្ពុជា​ត្រូវ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ២០២០ខាងមុខ​ផង​ដែរ។​

អ្នកឃ្លាំ​មើល​សង្គម​លើកឡើង​ថា ​ការ​កើនឡើង​នៃ​ការ​ចរាចរ​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា​ ​គឺ​បណ្តាល​មក​ពី​កង្វះខាត​ការគ្រប់គ្រង​ និង​ការ​ត្រួតពិនិត្យ​របស់​អាជ្ញាធរ​ ​និង​ថា​ ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​តែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ ព្រមទាំង​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ក្លែងក្លាយ​ឲ្យ​បាន​ទូលំ​ទូលាយ​និង​មាន​ប្រសិទ្ធភាព។​

នៅ​ឆ្នាំ ២០១៧​ អាជ្ញាធរ​បាន​ដុត​កម្ទេច​ផលិតផល​ក្លែងក្លាយ​រាប់​រយ​តោន​ដែល​រឹបអូស​បាន​ក្នុង​រាជ​ធានី​ភ្នំពេញ​និង​ខេត្ត​កំពង់ស្ពឺ ​រួម​មាន​ថ្នាំពេទ្យ​ គ្រឿង​សម្អាង​ ​ភេសជ្ជៈ​ ​និង​គ្រឿង​បរិភោគ​ជា​ដើម។​

ចំណែក​ក្នុង​រយៈពេល​បី​ខែ​នៃ​ដើម​ឆ្នាំ២០១៨​នេះ​ អាជ្ញាធរ​ឃាត់ខ្លួន​មនុស្ស​១០នាក់​ ​បញ្ជូន​ទៅ​តុលាការ។​ ឱសថ​ក្លែងក្លាយ​និង​ទំនិញ​ខុសច្បាប់​ជាង​៨៨តោន​ ​រួមមាន​ ​សាច់​ប៉ាត់​តេ​ ​ទឹក​សុទ្ធ​ ​និង​ស្រា​បៀរ​ ​ត្រូវ​បាន​រឹបអូស​ពី​ក្រុម​ឈ្មួញ​នានា​ក្នុង​រាជធានី​ភ្នំពេញ៕

XS
SM
MD
LG