លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅចុងសប្តាហ៍នេះ បានបើកឲ្យមានប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកក្នុងប្រទេសកម្ពុជាឡើងវិញ ក្រោយពីលោកបានផ្អាកកម្មវិធីនេះអស់រយៈពេលជាងមួយឆ្នាំ។
នៅយប់ថ្ងៃសៅរ៍ ទី១៣ ខែតុលា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ដោយភ្ជាប់នឹងលិខិតមួយច្បាប់ជាភាសាអង់គ្លេស ដែលលោកអះអាងថា ជាលិខិតជូននិងឆ្លើយតបទៅនឹងសំណើរបស់សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសិន (Doug Ericksen) និងតំណាងរាស្រ្តលោក វីនសិន បាយ្ស (Vicent Buys) ដែលបានសរសេរលិខិតស្នើសុំឲ្យលោកបន្តជួយដល់ពលរដ្ឋអាមេរិកាំង កាលពីដើមខែតុលានេះ។
លិខិតដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នោះមានអត្ថន័យថា លោក ហ៊ុន សែន បានទទួលលិខិតរបស់លោក ដុក អេរិកសិន សមាជិកព្រឹទ្ធសភារដ្ឋ វ៉ាស៊ីនតោន និងលោក វីនសិន បាយ្ស តំណាងរាស្រ្តអាមេរិក កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។ លោកបន្តក្នុងលិខិតនោះថា កម្ពុជាតែងមានបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួមនិងគោរពគ្នាទៅវិញទៅមក។
លោក ហ៊ុន សែន បានសរសេរបន្តក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ដូចដែលយើងបានពិភាក្សាលើកមុន និងឆ្លើយតបចំពោះសំណើរបស់ឯកឧត្តម ព្រមទាំងសំណើរបស់អង្គការពាក់ព័ន្ធផ្សេងទៀតរបស់អាមេរិក រដ្ឋាភិបាលរបស់ខ្ញុំ ក្នុងស្មារតីមេត្តា ករុណាដូចកន្លងមក យល់ព្រមចាប់ផ្តើមអនុវត្តឡើងវិញនូវប្រតិបត្តិការរុករកអដ្ឋិធាតុ POW/MIA ដ៏សំខាន់នេះ ទោះបីជាការរឹតត្បិតទិដ្ឋាការរបស់សហរដ្ឋអាមេរិកនៅតែមានសុពលភាពក៏ដោយ»។
ប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ឬ POW/MIA នៅកម្ពុជា ត្រូវបានផ្អាកកាលពីជាងមួយឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ឈប់ការចេញទិដ្ឋាការដល់មន្រ្តីក្រសួងការបរទេសកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ ដែលជាផ្នែកមួយនៃទណ្ឌកម្មឆ្លើយតបនឹងក្រុមប្រទេសដែលមានការយឺតយ៉ាវ ឬមិនព្រមទទួលជនជាតិរបស់ខ្លួនពីសហរដ្ឋអាមេរិកវិញ ក្រោយពីពួកគេបានប្រព្រឹត្តកំហុស។
តាមរបាយការណ៍របស់អាមេរិក ទាហានអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជាមានចំនួន៩០នាក់ ហើយរហូតមកដល់ពេលនេះ សាកសពចំនួន៤២នាក់ត្រូវបានរកឃើញ។ ទាហានអាមេរិកាំងសរុបចំនួន២៦៤៦នាក់បានបាត់ខ្លួនក្នុងប្រទេសវៀតណាម ឡាវ កម្ពុជា និងចិន កាលពីសម័យសង្រ្គាមវៀតណាម។ អដ្ឋិធាតុទាហានអាមេរិកាំងជាង១៦០០នាក់នៅបន្តបាត់ខ្លួននៅឡើយរហូតមកដល់ពេលនេះ ក្នុងនោះទាហានជាង១២០០នាក់បានបាត់ខ្លួនក្នុងទឹកដីវៀតណាម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានតាមរយៈសារអេឡិចត្រូនិកតេឡេក្រាមនៅថ្ងៃអាទិត្យនេះថា ការសម្រេចបន្តប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ ទៅតាមសំណើរបស់សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន គឺធ្វើឡើងដោយផ្អែកលើ «មូលដ្ឋានមនុស្សធម៌និងសិទ្ធិមនុស្ស» ជាពិសេសចំពោះមនោសញ្ចេតនាចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះប៉ុណ្ណោះ។
ក្រោយការបង្ហោះលិខិតលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប៉ុន្មានម៉ោង លោក ដុក អេរិកសិន សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោនបានបង្ហោះលិខិតមួយច្បាប់ដែលផ្សាយពីសម្តីរបស់លោក និងលោក វីនសិន បាយ្ស តំណាងរាស្រ្តរដ្ឋវ៉ាស៊ីនតោន ដោយបង្ហាញពីការសប្បាយចិត្ត ក្រោយរដ្ឋាភិបាលកម្ពុជាសម្រេចបន្តប្រតិបត្តិការនោះឡើងវិញ។
លោក ដុក អេរិកសិន បញ្ជាក់ក្នុងលិខិតនោះតាមន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមចំណែកប្រកបដោយក្តីសង្ឃឹម ដើម្បីជួយសម្រាលទុក្ខសោកដល់ឪពុកម្តាយ ស្វាមីភរិយា និង កូនៗរបស់សមាជិកទាហានរបស់យើងដែលបានបូជាជីវិត»។
កម្ពុជាបានអនុវត្តប្រតិបត្តិការរុករកអដ្ឋិធាតុរបស់ទាហានអាមេរិកដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមអាមេរិក-វៀតណាម កាលពីទសវត្សរ៍ឆ្នាំ៧០ ចាប់តាំងពីឆ្នាំ១៩៨០មក។ កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសផ្អាកការរុករកអដ្ឋិធាតុទាហានអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានសម្រេចផ្អាកចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ ឲ្យមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា។
ការផ្អាកទៅវិញទៅមកនេះក៏បានកើតឡើងចំពេលដែលទំនាក់ទំនងរបស់កម្ពុជា និងអាមេរិកកាន់តែមានភាពយ៉ាប់យ៉ឺន ទន្ទឹមនឹងទំនាក់ទំនងកម្ពុជានិងចិន កាន់តែមានភាពស្អិតរមួត។
លោក អៀ សុផល សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental រដ្ឋ កាលីហ្វ័រញ៉ា និងជាអ្នកវិភាគគោលនយោបាយមួយរូប បានប្រាប់ VOA តាមរយៈសារក្នុងបណ្តាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃអាទិត្យនេះថា សមាជិកព្រឹទ្ធសភានិងតំណាងរាស្រ្តរដ្ឋវ៉ាស៊ីនតោនទាំងពីរនាក់នោះមិនមែនជាមនុស្សមានឥទ្ធិពលណាមួយនោះទេ។ លោកបន្ថែមថា ម្នាក់ក្នុងចំណោមពួកគេទាំងពីរត្រូវបានគេស្គាល់ថា ចង់ឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តែងតាំងធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា។
លោក អៀ សុផល បានបន្ថែមថា ការណ៍ដែលលោក ហ៊ុន សែន យល់ព្រមបន្តប្រតិបត្តិការនេះឡើងវិញ គ្រាន់តែជាការចង់បង្វែរការយកចិត្តទុកដាក់ជាមួយអាមេរិក ក្រោយសហភាពអឺរ៉ុបប្រកាសដំណើរការដកការអនុគ្រោះពន្ធលើកម្ពុជាប៉ុណ្ណោះ។ ប៉ុន្តែលោក អៀ សុផល បន្ថែមថា ការណ៍នេះមិនអាចជួយឲ្យទំនាក់ទំនងអាមេរិកនិងកម្ពុជាបានប្រសើរឡើងនោះទេ។
លោកបញ្ជាក់តាមន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«អ្នកអាចមើលឃើញហើយ បន្ទាប់ពីគាត់ស្រែកទៅកាន់សហភាពអឺរ៉ុប ឥឡូវនេះគាត់បានបង្វែរការយកចិត្តទុកដាក់របស់គាត់ទៅសហរដ្ឋអាមេរិក ហើយនិយាយរឿងល្អៗ បន្ទាប់ពីគាត់បានប្រមាថសហរដ្ឋអាមេរិកអស់រយៈពេលជាងមួយឆ្នាំ។ គួរកត់សម្គាល់ផងដែរ នៅពេលគាត់និយាយអំពីជំនួយសម្រាប់អធិបតេយ្យភាពគាត់មិនបាននិយាយថា "ការដោះដូរសម្រាប់អធិបតេយ្យភាព" នោះទេ។ គាត់អាចយល់ច្រឡំ ឬគាត់ឆ្លាតគ្រប់គ្រាន់ដើម្បីចៀសវាងបញ្ហាពិតប្រាកដ»។
ចំណងមិត្តភាពរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ហាក់មានភាពរកាំរកូសរយៈពេលជាងមួយឆ្នាំមកនេះ បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឱ្យមានការបិទទ្វារវិទ្យាស្ថានអន្តរជាតិរបស់អាមេរិកមួយ ដែលជួយលើការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ការវាយប្រហារលើអ្នករិះគន់រដ្ឋាភិបាលនិងសារព័ត៌មានឯករាជ្យក្នុងស្រុក និងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងបំផុតនៅក្នុងប្រទេសជាដើម។
យ៉ាងណាក៏ដោយ ការបើកឲ្យដំណើរការប្រតិបត្តិការរុករកអដ្ឋិធាតុរបស់ទាហានអាមេរិកដែលបានស្លាប់ក្នុងសង្គ្រាមអាមេរិក-វៀតណាម ឬPOW/MIA ឡើងវិញ ធ្វើឡើងក្រោយពេលដែលលោក ហ៊ុន សែន ប្រកាសពីភាពជោគជ័យដ៏ត្រចះត្រចង់របស់ខ្លួន ក្នុងបេសកកម្មទៅកាន់បុរី ញ៉ូវយក សហរដ្ឋអាមេរិក៕