អនាគតបេក្ខជននាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ចេញបោះឆ្នោតដោយគ្មានគូប្រជែងចម្បង
នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំង លោក ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្ត្រប្រចាំមណ្ឌលភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា បានចេញទៅបោះឆ្នោត នៅក្នុងសង្កាត់បឹកកក់ ១ រាជធានីភ្នំពេញ ដោយលោកបានថ្លែងយ៉ាងខ្លីប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានអនុវត្តសិទ្ធិពលរដ្ឋនិងកាតព្វកិច្ចជាពលរដ្ឋ ដោយបានបោះឆ្នោតឱ្យគណបក្សដែលលោកពេញចិត្ត។ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកម្ពុជាភ្លាមៗក្រោយការបោះឆ្នោត ដែលរងការរិះគន់ថាមិនសេរីនិងយុត្តិធម៌ពីសំណាក់សហគមន៍អន្តរជាតិនៃបណ្តាលប្រទេសលោកខាងលិច។ ទោះជាយ៉ាងណាក្តី មេបញ្ជាការកងទ័ពជើងគោក វ័យ ៤៦ឆ្នាំរូបនេះ អាចនឹងទទួលបន្ទុកនៃកិច្ចការដឹកនាំប្រទេសដ៏លំបាកមួយ ខណៈគម្លាតនៃចំណូលរវាងពលរដ្ឋកាន់តែរីកធំឡើង ស្របពេលដែលលម្ហសេរីភាពនយោបាយ សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យបន្តធ្លាក់ចុះ។ អ្នកស្រី កាន់ វិច្ឆិកា និងអ្នកស្រី ទែន សុខស្រីនិត ជូនសេចក្តីរាយការណ៍៕