ខ្យល់ព្យុះទីហ្វុងដែលបានបោកបក់លើប្រទេសហ្វីលីពីនកាលពីថ្ងៃទី ៣ ខែធ្នូ បានសម្លាប់មនុស្សយ៉ាងតិច ១០ នាក់ និងបានបង្កការបំផ្លិចបំផ្លាញដែលប៉ះពាល់ដល់រដ្ឋធានីម៉ានីលផងដែរ។ ប៉ុន្តែប្រទេសនេះបានបញ្ចៀសមិនឲ្យមានគ្រោះមហន្តរាយទ្រង់ទ្រាយធំកើតឡើង ដោយសារតែមានការត្រៀមរៀបចំខ្លួនរួចរាល់ជាមុនដូចជាការផ្ដល់ព័ត៌មានភ្លាមៗតាមទូរស័ព្ទដៃជាដើម។ កន្លងមក ប្រទេសហ្វីលីពីនតែងតែទទួលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដោយសារគ្រោះមហន្តរាយដូចនេះ។
ខ្យល់ព្យុះទីហ្វុង ដែលគេស្គាល់ជាអន្តរជាតិថាឈ្មោះ Kammuri ឬក៏ហៅថា Tisoy នៅហ្វីលីពីននេះ បានបោកបក់មកដល់ឧបទ្វីប Bicol ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល កាលពីយប់ថ្ងៃទី ២ ខែធ្នូ ដោយមានល្បឿនរហូតដល់ ២០៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនព្យាករណ៍អាកាសធាតុអង់គ្លេស Tropical Storm Risk។
មន្ត្រីហ្វីលីពីនបានដាស់តឿនប្រជាពលរដ្ឋតាមរយៈការផ្ញើសារទៅទូរស័ព្ទដៃ និងការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ អំពីការបំផ្លិចបំផ្លាញដែលអាចនឹងកើតមានឡើងដោយសារខ្យល់ព្យុះនេះ។ នេះបើយោងតាមការបញ្ជាក់របស់ប្រជាជននៅតាមមូលដ្ឋាន។
មន្ទីរអង្គភាពរដ្ឋាភិបាលតាមមូលដ្ឋានបានអំពាវនាវឲ្យប្រជាពលរដ្ឋជម្លៀសខ្លួនចេញ ហើយប្រជាពលរដ្ឋជាង ២ សែននាក់បានធ្វើតាម។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងទីក្រុងម៉ានីល។ មន្ទីរអង្គភាពទាំងនោះក៏បានត្រៀមស្បៀងអាហារគ្រាអាសន្នរួចជាស្រេចផងដែរសម្រាប់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស។
លោក Christian de Guzman អនុប្រធាន និងជាមន្ត្រីឥណទានជាន់ខ្ពស់នៃក្រុមហ៊ុនវិនិយោគ Moody's Sovereign Risk Group បាននិយាយថា បើប្រៀបធៀបទៅនឹងខ្យល់ព្យុះដែលធ្លាប់បោកបក់លើប្រទេសហ្វីលីពីនកាលពីលើកមុនៗ «ខ្ញុំគិតថា លើកនេះមានការផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ ខ្ញុំគិតថា វាធ្វើឡើងដោយមនុស្សគ្រប់គ្នាទាំងអស់ ជាពិសេសអ្នកដែលនៅថ្នាក់កំពូលខាងលើ»។
ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដែលភាគច្រើនដោយសារទឹកជំនន់ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនក្រីក្រនៅតាមជនបទ និងតំបន់ភ្នំដែលមានការលំបាករួចស្រេចទៅហើយ និងគំរាមប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលកំពុងតែសាងសង់នៅទូទាំងប្រទេសរហូតដល់ឆ្នាំ ២០២២ ក្នុងទឹកប្រាក់ ១៥៧ ពាន់លានដុល្លារអាមេរិក។
ការដកបទពិសោធន៍ពីគ្រោះមហន្តរាយកាលពីលើកមុនៗ
ខ្យល់ព្យុះទីហ្វុង និងខ្យល់ព្យុះត្រូពិកជាធម្មតាបោកបក់លើប្រទេសហ្វីលីពីនចាប់ពីខែមិថុនា រហូតដល់ចុងឆ្នាំ ហើយជនជាតិហ្វីលីពីនបានស៊ាំទៅនឹងចំនួនអ្នកស្លាប់ច្រើនដែលបណ្ដាលមកពីគ្រោះមហន្តរាយខ្យល់ព្យុះនេះរួចទៅហើយ។
ខ្យល់ព្យុះទីហ្វុង Haiyan ដែលជាខ្យល់ព្យុះដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រប្រទេសហ្វីលីពីន បានសម្លាប់មនុស្សជាង ៦ ពាន់នាក់កាលពីខែវិច្ឆិកា ឆ្នាំ២០១៣។ ហើយកាលពីឆ្នាំ ២០១៨ ខ្យល់ព្យុះដ៏ខ្លាំងបំផុតមួយនៃប្រទេសនេះបានធ្វើឲ្យមនុស្ស ៨១ នាក់ស្លាប់ នៅតំបន់ភ្នំរដិបរដុបនៃកោះ Luzon ភាគខាងជើងទីក្រុងម៉ានីល។ ចំណែកឯកាលពីខែធ្នូ ឆ្នាំមុនវិញ ខ្យល់ព្យុះដែលមានកម្រិតខ្សោយជាងនេះមួយដែលត្រូវបានគេស្គាល់ថាជាវិសម្ពាធត្រូពិកបានធ្វើឲ្យមនុស្សយ៉ាងតិច ៨៥ នាក់ស្លាប់បាត់បង់ជីវិត និងបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើន។
ទីភ្នាក់ងារគ្រោះមហន្តរាយនានា បានដកបទពិសោធន៍ពីខ្យល់ព្យុះដែលបានកើតឡើងកាលពីពេលថ្មីៗទាំងនេះ ហើយនៅក្នុងខែនេះ បានអនុវត្តនូវបទពិសោធន៍ទាំងនេះ ដោយប្រើទូរស័ព្ទ រលកវិទ្យុ និងទូរទស្សន៍ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋជម្លៀសខ្លួនចេញពីកន្លែងដែលអាចនឹងរងគ្រោះដោយសារខ្យល់ព្យុះ។ នេះបើតាមការបញ្ជាក់របស់អ្នកតាមដានស្ថានការណ៍នានា។
ការបញ្ជូនជំនួយក៏មាន «ប្រសិទ្ធិផល» ជាងមុនផងដែរនៅតាមតំបន់ទំនាបនានា ទោះបីជាការបញ្ជូនជំនួយទៅកាន់តំបន់ភ្នំដែលមានការអភិវឌ្ឍតិចតួចនៅមានការលំបាកក៏ដោយ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ University of the Philippines Diliman។
អ្នកស្រី Atienza និយាយថា៖ «ទាក់ទិនទៅនឹងទឹកជំនន់ដែលកើតឡើងនៅក្នុងតំបន់ទីក្រុង ឬក៏តំបន់ដីទំនាប វាហាក់ដូចជាមានការសិក្សាស្វែងយល់រួចទៅហើយ ហើយឥឡូវនេះប្រជាពលរដ្ឋមានការយល់ដឹងប្រសើរជាងមុន។ ប៉ុន្តែវានៅតែមានការពិបាកនៅតាមតំបន់ភ្នំ»។
ការត្រៀមខ្លួនជាមុន
អាជ្ញាធរគ្រោះមហន្តរាយនៃឧបទ្វីប Bicol និងកោះនានាដែលនៅដាច់ស្រយាល បានចាប់ផ្ដើមត្រៀមខ្លួនរួចជាស្រេចតាំងពីថ្ងៃទី ១ ខែធ្នូមកម្ល៉េះ។ ពួកគេបានចុះឈ្មោះអ្នកដែលត្រូវជម្លៀសចេញចំនួន ២ ម៉ឺន ៩ ពាន់ ៤៩៣ នាក់ និងបានត្រៀមស្បៀងអាហារសម្រាប់មនុស្សជាង ២ ម៉ឺនគ្រួសារ នៅថ្ងៃនោះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរគ្រោះមហន្តរាយ និងសុខមាលភាពសង្គមតំបន់ទី ៥ ដែលទទួលខុសត្រូវលើបណ្ដាខេត្តដែលរងគ្រោះដោយសារខ្យល់ព្យុះនេះ។
នៅក្នុងទីក្រុងម៉ានីល នៅពេលថ្ងៃត្រង់ថ្ងៃទី ២ ខែធ្នូ ការិយាល័យប្រធានាធិបតីហ្វីលីពីនបានអំពាវនាវឲ្យមានការបិទសាលារៀនទាំងអស់ និងផ្អាកការងាររដ្ឋាភិបាលដែលមិនចាំបាច់នានា។ អាកាសយានដ្ឋានអន្តរជាតិចម្បងបំផុតរបស់ប្រទេសនេះក៏បានបិទនៅពេលរសៀលថ្ងៃនោះផងដែរ។
លោក de Guzman បាននិយាយថា ភាពជឿនលឿនផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ និងអាកាសយានដ្ឋានជាដើម ឥឡូវនេះគួរតែធ្វើឲ្យប្រទេសហ្វីលីពីន «មានជំហរប្រសើរជាងមុននៅ ក្នុងការទប់ទល់នឹងខ្យល់ព្យុះទាំងនេះ»។
ដើម្បីជាការប្ដេជ្ញាបន្ថែមទៀត កាលពីឆ្នាំមុន រដ្ឋសភាហ្វីលីពីនបានអនុម័តច្បាប់មួយបង្កើតក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានកាតព្វកិច្ចនៅក្នុងការត្រៀមខ្លួន ការបង្ការ ការកាត់បន្ថយ ការឆ្លើយតប ការងើបឡើងវិញ និងការស្តាឡើងវិញពីគ្រោះមហន្តរាយ។
ការជូនដំណឹងបន្ទាន់តាមទូរស័ព្ទដៃ
ប្រជាពលរដ្ឋហ្វីលីពីនបានទទួលសារតាមទូរស័ព្ទដៃ កាលពីដើមខែធ្នូពីក្រុមប្រឹក្សាជាតិដើម្បីកាត់បន្ថយនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ដែលបានជូនដំណឹងថាករណីខ្លះទាក់ទិននឹងខ្យល់ព្យុះ Tisoy នេះ គឺអាចនឹងមានការធ្លាក់ «ភ្លៀងក្រហម» ដែលជាទឹកភ្លៀងលាយខ្សាច់។ សារដែលមានសំឡេងរោទ៍ខ្លាំងទាំងនេះក៏បានដាស់តឿនប្រជាជននៅតាមតំបន់ដែលរងគ្រោះខ្លាំងបំផុតឲ្យស្វែងរកកន្លែងទទួលអ្នកជម្លៀសខ្លួនដោយសារគ្រោះមហន្តរាយដែលនៅក្បែរៗខ្លួន។
អ្នកស្រី Atienza បាននិយាយថា វិទ្យុបានជូនដំណឹងអំពីរឿងនេះទៅដល់កន្លែងដែលមិនសូវមានការប្រើប្រាស់ទូរស័ព្ទដៃ ឬក៏អ៊ីនធឺណិត។
លោក Jonathan Ravelas ប្រធានផ្នែកយុទ្ធសាស្ត្រទីផ្សារនៃធនាគារ Banco de Oro UniBank នៅក្នុងទីក្រុងម៉ានីល បាននិយាយថា៖ «ខ្ញុំគិតថាមានការខូចខាតតិចជាងអ្វីដេលយើងរាល់គ្នាបានរំពឹងទុកទៅទៀត។ ជាទូទៅ ដំណឹងដែលបានបញ្ជូនតាមទូរស័ព្ទ និងតាមស្ថានីយ៍ទូរទស្សន៍ គឺផ្ដល់ព័ត៌មានបានទាន់ហេតុការណ៍ល្អបំផុត»។
ទំហំនៃការខូចខាត
ខ្យល់ព្យុះ Tisoy បានជន់លិចផ្លូវ រំលំបង្គោលភ្លើង និងគាស់រំលើងដើមឈើក្នុងខេត្តចំនួន ៣។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់គេហទំព័រព័ត៌មាន Philstar.com។ សេចក្ដីរាយការណ៍ព័ត៌មានផ្សេងៗទៀតបានបញ្ជាក់ថា ខ្យល់ព្យុះនេះក៏បានបំប៉ើងដំបូលផ្ទះផងដែរ។
អ្នកដែលបានបាត់បង់ជីវិតមួយចំនួនគឺដោយសារតែត្រូវសង្កត់ដោយការបាក់រលំផ្សេងៗ។
គេហទំព័រព័ត៌មាន Philstar.com បានរាយការណ៍ថា ព្យុះនេះបានបោកបក់ចំប្រទេសហ្វីលីពីន ៤ ដង ក្នុងរយៈពេលតិចជាង ២៤ ម៉ោង ដែលបណ្ដាលឲ្យវាចុះខ្សោយឥទ្ធិពលនៅពេលវាបក់ឆ្ពោះជិតដល់ទីក្រុងម៉ានីល។ ព្យុះនេះបានបោកបក់ទៅដល់សមុទ្រចិនខាងត្បូងនៅយប់ថ្ងៃទី ៣ ខែធ្នូ៕
ប្រែសម្រួលដោយ ទុំ ម្លិះ