ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិទ្ធិ​តាំង​ទី​លំនៅ​និង​ការ​បណ្តេញ​ចេញ​ក្នុង​ប្រទេស​កម្ពុជា


អ្នកស្រី ទេព វន្នី (កណ្តាល) តំណាងអ្នក​ភូមិ​បឹងកក់ អ្នកស្រី ជុំ ង៉ាន់ (ឆ្វេង) តំណាងអ្នកភូមិបូរីកីឡា និង​លោក អំ សំអាត ប្រធាន​អ្នក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីការដូ ពិភាក្សា​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ។
អ្នកស្រី ទេព វន្នី (កណ្តាល) តំណាងអ្នក​ភូមិ​បឹងកក់ អ្នកស្រី ជុំ ង៉ាន់ (ឆ្វេង) តំណាងអ្នកភូមិបូរីកីឡា និង​លោក អំ សំអាត ប្រធាន​អ្នក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីការដូ ពិភាក្សា​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ​ប្រតិកម្ម​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​ តំណាង​ជន​រងគ្រោះ​នៅ​បឹងកក់​និង​បូរីកីឡា​ក្នុង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ​សិទ្ធិ​តាំង​លំនៅ​និង​សិទ្ធិ​របស់​ពួក​គេ​ត្រូវ​រំលោភ​បំពាន​ ហើយ​ថា​រដ្ឋាភិបាល​ខកខាន​ក្នុង​ការ​ដោះស្រាយ។

អ្នកស្រី​ ទេព វន្នី ​តំណាង​អ្នក​ភូមិ​បឹងកក់​បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ដោះស្រាយ​ជូន​ពួក​ខ្ញុំ​ ក្នុង​នាម​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ ម្ចាស់​អំណាច​មិនមែន​ទុកពួក​ខ្ញុំ​ដូច​ជា​កូន​ដែល​តែលតោល​ដែល​គ្មាន​អាណាព្យាបាល​ដូច្នេះ​ទេ ​ព្រោះ​ប្រទេស​មាន​ច្បាប់​មាន​ទម្លាប់​ ហើយ​ជា​ពិសេស​ប្រទេស​កម្ពុជា​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ»។

អ្នកស្រី ​ជុំ ង៉ាន់ ​តំណាង​អ្នកភូមិ​បូរីកីឡា​បាន​អះអាង​ថា៖ «មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ហ្នឹង​មិន​ទាន់​បាន​ទទួល​ សំណង​ពី​ក្រុមហ៊ុន​ទេ ​ពី​រាជរដ្ឋាភិបាល​ទេ។ ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ ខ្ញុំ​គឺ​ទឹកភ្នែក​ ទឹក​សំបោរ​គ្រប់​បែប​យ៉ាង​ ហើយ​ទទួល​រងគ្រោះ​ថ្នាក់​គ្រប់​បែប​យ៉ាង»។

អ្នកស្រី​ ទេព វន្នី និង​អ្នក​ស្រី​ ជុំ ង៉ាន់​ថ្លែង​ដូច្នេះ​ក្នុង​ពេល​អញ្ជើញ​ជា​វាគ្មិន​ នៃ​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ពលរដ្ឋ​បឹងកក់​៦៤​គ្រួសារ​ហើយ​ពលរដ្ឋ​នៅ​បូរី​កីឡា​១១០​គ្រួសារ ​មិន​ត្រូវ​គេ​ផ្តល់​ កម្មសិទ្ធិ​ជូន​ទេ​ ក្រោយ​ពី​មាន​ការ​បណ្តេញ​ចេញ។​ ពលរដ្ឋ​ទាំងនោះ​បាន​ដាក់​ញត្តិ​ នៅ​ស្ថានទូត​ជា​ច្រើន​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​ក្រោយ​ពេល​រដ្ឋាភិបាល​មិន​ បាន​ផ្តល់​ការ​ទាមទារ​ដែល​ពួក​គេ​អាច​ទទួល​យក​បាន។ ​ពួកគេ​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ជន​រងគ្រោះ​ពីរ​នាក់​ គឺ​អ្នកស្រី​ យ៉ោម បុប្ផា​ នៃ​បឹងកក់​និង​អ្នកស្រី​ ទឹម សាក់មុន្នី ​នៃ​ភូមិ​បូរីកីឡា​ ដែល​ត្រូវ​ចាប់​ឃុំខ្លួន​ជា​បន្តបន្ទាប់​ថ្មីៗ​នេះ​ ដោយសារ​តែ​ការ​តវ៉ា​រឿង​ផ្ទះ​សម្បែង​ដីធ្លី​របស់​ពួកគេ។

លោក ​អំ សំអាត​ ដែល​ជា​វាគ្មិន​ទី​បី​ក្នុង​កម្មវីធី​ហេឡូវីអូអេ​បាន​ថ្លែង​ដែរ​ថា​ រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ ដោយ​គោរព​ច្បាប់​ដែល​រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​លើ​កតិកាសញ្ញា​ស្តី​ពី​សិទ្ធិ​មនុស្ស។

«អញ្ចឹង​បើ​អនុវត្ត​ទៅ​តាម​គោលការណ៍​ច្បាប់​ គឺ​ត្រូវ​រើស​ការ​តាំង​ទីលំនៅ​ដោយ​ មាន​លំនៅដ្ឋាន​សមរម្យ​ដូច​ខ្ញុំ​លើក​ឡើង​ថា​ ត្រូវ​តែ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​និង​ សិទ្ធិ​មាន​ជម្រក​សមរម្យ​ សេចក្តី​ថ្លៃថ្នូរ​និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ»៕
XS
SM
MD
LG