ពួកបាតុករក្រុងហុងកុង បានប៉ះទង្គិចជាមួយប៉ូលិសកាលពីថ្ងៃអាទិត្យ។ ពួកបាតុករបានចោលដបដែលមានដាក់ប្រេងឥន្ធនៈនិងដុំថ្មលើប៉ូលិសនៅជិតអាគារសភា។
ប៉ូលិស បានធ្វើការឆ្លើយតបដោយការបាញ់កាណុងទឹកជាវិធីដែលបានប្រើទៅលើពួកបាតុករនៅពេលថ្មីៗនេះ។
ពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ម៉ឺននាក់ បានស្ថិតនៅតាមផ្លូវនានាក្នុងទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យ។
បាតុកម្មនៅចុងសប្តាហ៍ បានបន្តអស់រយៈពេល៣ខែ ថ្វីបើមានការសន្យារបស់រដ្ឋាភិបាលក្រុងហុងកុងដើម្បីដកសេចក្តីព្រាងច្បាប់បត្យាប័នដែលបានបណ្តាលឲ្យមានការតវ៉ាប្រឆាំងនោះក៏ដោយ។ ចាប់តាំងពីពេលនោះមក ពួកអ្នកប្រឆាំង បានធ្វើការទាមទារកាន់តែធំឡើងដូចជាការបោះឆ្នោតជ្រើសរើសមេដឹកនាំក្រុងហុងកុងដោយផ្ទាល់និងការទទួលខុសត្រូវរបស់ប៉ូលិស។
ពួកបាតុករយល់ថា សេចក្តីព្រាងច្បាប់ដែលនឹងអនុញ្ញាតឲ្យជនសង្ស័យជាឧក្រិដ្ឋជនខ្លះរបស់ក្រុងហុងកុងត្រូវបញ្ជូនទៅកាន់ប្រទេសចិនដីគោកដើម្បីកាត់ទោស ជាឧទាហរណ៍មួយនៃការចុះថយនៃស្វ័យភាពរបស់ក្រុងហុងកុងចាប់តាំងពីអតីតអាណានិគមរបស់អង់គ្លេសនេះ ត្រូវបានគេប្រគល់ទៅឲ្យចិនត្រួតត្រាវិញនៅឆ្នាំ១៩៩៧ មក។
មនុស្សជាង១ពាន់៣រយនាក់ បានត្រូវចាប់ខ្លួនចាប់តាំងពីបាតុកម្មបានចាប់ផ្តើមនៅដើមខែមិថុនាមក។
បាតុកម្មហិង្សាកើនឡើង បានធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងឡើងដល់សេដ្ឋកិច្ចរបស់ក្រុងហុងកុង ដែលបានចុះខ្សោយរួចទៅហើយដោយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។
កាលពីព្រឹកថ្ងៃអាទិត្យ ពួកបាតុករ បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុលចក្រភពអង់គ្លេសដែលនៅទីនោះ ពួកគេ បានច្រៀងចម្រៀង «ព្រះជាម្ចាស់ជួយព្រះមហាក្សត្រយានី ឬ God Save the Queen»៕