ការប្រឈមមុខគ្នារវាងប្រទេសចិន និងក្រុមបាតុករនៅទីក្រុងហុងកុង កាន់តែធ្ងន់ធ្ងរ ខណៈដែលបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យបានបន្តធ្វើឡើងអស់រយៈពេល៥ថ្ងែ។ ភាគីទាំងពីរមិនបានបង្ហាញភាពចុះញ៉មរបស់ខ្លួនឡើយ បើទោះបីជាប្រទេសចិនមានគម្រោងនឹងប្រារព្ធថ្ងៃបុណ្យជាតិរបស់ខ្លួន នៅថ្ងៃពុធនេះក៏ដោយ។
មកដល់ពេលនេះ ប៉ូលិសទីក្រុង Hong Kong បានដកថយអស់រយៈពេលមួយថ្ងៃហើយ ហើយក្រុមបាតុករកំពុងតែបន្តរៀបចំធ្វើបាតុកម្មក្នុងរយៈពេលដ៏យូរដែលនេះអាចបង្ករជាការតទល់គ្នាបន្ថែមទៀត។
ក្រុមបាតុករខ្លះបានព្រួយបារម្ភថា អាជ្ញាធរអាចនឹងត្រឡប់មកដាក់កងកម្លាំងសារជាថ្មី ម្តងទៀតនៅថ្ងៃអង្គារនេះ ក្នុងគោលបំណងបោសសំអាតដងផ្លូវ មុនពេលការប្រារព្ធពិធីវិស្សមកាលរបស់ចិន ខណៈពេលដែលមានបាតុករជាច្រើនគ្រោងនឹងចូលរួមក្នុងបាតុកម្មនេះ។
ជាការឆ្លើយតប រដ្ឋាភិបាលទីក្រុងហុងកុងបានលុបចោលកម្មវិធីបាញ់កាំជ្រួញនៅទីក្រុងកំពង់ផែដែលត្រូវបានគ្រោងនឹងរៀបចំឡើងដើម្បីរំឮកវិស្សមកាលចិននេះ។
សមាជិករបស់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលមានឈ្មោះថា Occupy Central បានដាក់ឱសានវាទមួយឲ្យរដ្ឋាភិបាលរបស់ខ្លួន។ ពួកគេទាមទារឲ្យលោក Leung Chun-ying មេដឹកនាំទីក្រុងហុងកុង ឆ្លើយតបនឹងសំណើររបស់គេដែលទាមទារឲ្យមានការបោះឆ្នោតជាសាកលដ៏ពិតប្រាកដនៅថ្ងៃទី១ ខែតុលា នេះ ហើយនឹងសូមឲ្យលោកចុះចេញពីតំណែង។
ប៉ុន្តែ លោក Leung Chun-ying និយាយថា ការមានៈរបស់ក្រុមបាតុករនឹងមិនអាចផ្លាស់ប្តូរសេចក្តីសម្រេចរបស់ចិនដែលបានអនុម័តកំណែទម្រង់ច្បាប់បោះឆ្នោតកាលពីខែមុនបានឡើយ។
លោក Leung និយាយថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលមជ្ឈិមស្តីអំពីទីក្រុងហុងកុង កាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅនេះ ឆ្លុះបង្ហាញថា រដ្ឋាភិបាលមជ្ឈិមនឹងមិនគោរពទៅតាមការគំរាមកំហែងខុសច្បាប់ដែលបង្ករឡើងដោយបុគ្គលណាម្នាក់ឡើយ។ លោកក៏បាននិយាយថា លោកមិនជឿថា តាមរយៈការបន្តធ្វើសកម្មភាពបាតុកម្មខុសច្បាប់នេះ ក្រុមបាតុករនឹងធ្វើឲ្យរដ្ឋាភិបាលមជ្ឈិមរំលាយចោលសេចក្តីសម្រេចរបស់ខ្លួនឡើយ។
លោកសាស្ត្រចារ្យ David Zweig នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង និយាយថា ភាពចម្រូងចម្រាស់ជុំវិញការបោះឆ្នោតឆ្នាំ២០១៧នេះ និងក្តីព្រួយបារម្ភដែលថាលោក Leung Chun-ying កំពុងតែដឹកនាំ ទីក្រុងកំពង់ផែនេះក្នុងទិសដៅខុស គឺមិនមែនជាបញ្ហាតែមួយដែលបណ្តាលឲ្យមានបាតុកម្មនេះឡើយ។
“ខ្ញុំយល់ថា បញ្ហាផ្សេងទៀតគឺថា មនុស្សជាច្រើនមានការខឹងសម្បា។ ប្រសិនបើយើងក្រឡេកមើលតួរលេខវិញ ជាទូទៅនៅទីក្រុងហុងកុង ជាពិសេសនៅខែមករាឆ្នាំនេះ យើងឃើញមានការខឹងសម្បានឹងរដ្ឋាភិបាលមជ្ឈិម ការខឹងសម្បានឹងរដ្ឋាភិបាលក្នុងតំបន់ និងក្តីព្រួយបារម្ភអំពីទស្សនវិស័យការងារនាពេលអនាគត និងបញ្ហាផ្សេងៗទៀត និងភាពអន្ទះអន្ទែងជាទូទៅ ហើយបញ្ហាទាំងអស់នេះមានស្ថានភាពយ៉ាប់យ៉ឺនបំផុតជាងពេលណាៗទាំងអស់ ចាប់តាំងពីមានការដើរហែរក្បួនដ៏ធំកាលពីឆ្នាំ២០០៣មក”។
យោងតាមការស្ទាបស្ទង់មតិមួយដែលបានផ្សព្វផ្សាយកាលពីសប្តាហ៍មុននេះដោយសាកលវិទ្យាល័យហុងកុងរបស់ចិន ៤៦ភាគរយនៃប្រជាពលរដ្ឋដែលរស់នៅទីក្រុងហុងកុងបានប្រឆាំងនឹងកិច្ចខំប្រឹងប្រែងបិទផ្លូវក្នុងទីក្រុង ខណៈដែលប្រជាពលរដ្ឋចំនួន៣១ភាគរយផ្សេងបានគាំទ្រនឹងចលនានេះ។ ក្នុងចំណោមអ្នកគាំទ្រក្រុមបាតុករ Occupy Central ៤៧ភាគរយមានអាយុក្រោម២៤ឆ្នាំ។
បន្ថែមលើក្តីព្រួយបារម្ភរបស់គេអំពីលទ្ធិប្រជាធិបតេយ្យ យុវជនជំនាន់ក្រោយរបស់ទីក្រុងហុងកុង ក៏បានព្រួយបារម្ភអំពីការងារដែលទទួលបានប្រាក់បៀវត្សរ៍ទាប និងការកើនឡើងនូវការប្រកួតប្រជែងពីជនជាតិចិនដីគោកដែលធ្វើដំណើរមកកាន់ទីក្រុងហរិញ្ញវត្ថុនេះដើម្បីស្វែងរកការងារធ្វើ។
លោក Zweig និយាយថា លោកព្រួយបារម្ភថាភាគីទាំងពីរមិនមានឆន្ទះសម្រុះសម្រួលគ្នា ដែលនេះអាចនឹងឈានទៅដល់ការប៉ះទង្គិចគ្នា។
“អ្នកដឹងហើយថាយើងនឹងប្រារព្ធពិធីគម្រប់ខួប៦៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១ ខែតុលា ខាងមុខនេះ ហើយខ្ញុំព្រួយបារម្ភថាលោក Xi Jinping ប្រធានាធិបតីចិនអាចនឹងសម្រេចថា លោកមិនចង់ចូលរួមអបអរការប្រារព្ធពីធីនេះទេ ខណៈដែលសិស្សនិស្សិតបាននាំគ្នាកាន់កាប់ការិយាល័យរដ្ឋាភិបាល ឬជុំវិញការិយាល័យរដ្ឋាភិបាលនៅក្នុងទីក្រុងហុងកុង”។
នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញសេចក្តីសម្រេចលើការបោះឆ្នោតឆ្នាំ២០១៧នេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយថា ទីក្រុងហុងកុងអាចនឹងត្រូវបានអនុញ្ញាតឲ្យជ្រើសតាំងមេដឹកនាំរបស់ខ្លួន។ ជាមួយគ្នានោះ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បាននិយាយថា មានបេក្ខជន៣រូបតែប៉ុណ្ណោះដែលអាចប្រកួតប្រជែង ហើយថា បេក្ខជនទាំង៣រូបនេះត្រូវតែបោះឆ្នោតជ្រើសតាំងដោយគណៈកម្មការគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង ជាមុនសិន៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត