ប៉ូលិសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់មនុស្សរាប់រយនាក់ ដែលតវ៉ាប្រឆាំងនឹងសំណើច្បាប់សន្តិសុខថ្មី ដែលពួកគេជឿថាបំពានដល់សេរីភាពរបស់ទីក្រុងហុងកុង។
ក្រុមអ្នកតវ៉ាបានស្រែកបន្ទរពាក្យស្លោកប្រជាធិបតេយ្យនានា ស្របពេលដែលប៉ូលិលប្រើឧគ្ឃោសនស័ព្ទបញ្ជាឲ្យពួកគេបែកហ្វូងគ្នា ដោយបានហៅការតវ៉ានេះថាខុសច្បាប់។
សំណើច្បាប់នេះត្រូវបានស្នើឡើងកាលពីថ្ងៃសុក្រនៅឯសម័យប្រជុំបើករដ្ឋសភារបស់ប្រទេសចិន។ សំណើច្បាប់នេះហាមឃាត់រាល់សកម្មភាពទាំងឡាយណាដែលមានបំណងផ្ដាច់ខ្លួន និងផ្ដួលរំលំរដ្ឋអំណាច និងហាមឃាត់លើអ្វីដែលសំណើច្បាប់នេះចាត់ទុកថាជាការជ្រៀតជ្រែករបស់បរទេស និងអំពើភេរវកម្ម។
កាលពីថ្ងៃសៅរ៍ម្សិលមិញ ឥស្សរជននយោបាយប្រហែល ២០០ នាក់ មកពីជុំវិញពិភពលោក ដែលក្នុងនោះរួមមានទាំងសមាជិករដ្ឋសភាសហរដ្ឋអាមេរិក ១៧ រូបផងដែរ បានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមគ្នាមួយ ដោយអះអាងថា សំណើច្បាប់របស់រដ្ឋាភិបាលក្រុងប៉េកាំងនេះគឺជា «ការបំពានយ៉ាងទូលំទូលាយលើស្វ័យភាព នីតិរដ្ឋ និងសេរីភាពជាមូលដ្ឋានរបស់ទីក្រុងហុងកុង»។
សេចក្ដីប្រកាសនោះក៏បានបញ្ជាក់ផងដែរថា សំណើច្បាប់នេះគឺជា «ការរំលោភជាក់ស្ដែង» លើសេចក្ដីប្រកាសរួមស្ដីអំពីការប្រគល់ទីក្រុងហុងកុង ដែលជាអតីតទីក្រុងអាណានិគមរបស់ចក្រភពអង់គ្លេស ដល់ប្រទេសចិនវិញកាលពីឆ្នាំ ១៩៩៧ នៅក្រោមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»៕