ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានប្រកាសថា ថ្នាំកម្ចាត់មេរោគ HIV មានប្រសិទ្ធភាពខ្លាំង សម្រាប់ការពារមនុស្សដែលកំពុងលេបថ្នាំការពារ ហើយមិនបានទទួលឆ្លងមេរោគ។ ក្រុមអ្នកជំនាញនិយាយថាឱសថ anti-retroviral ឥឡូវនេះទំនងដូចជាយកទៅប្រើជាអាវុធមួយនៅក្នុងយុទ្ធសាស្ត្រទប់ស្កាត់មេរោគ HIV។
អ្នកស្រាវជ្រាវឯករាជ្យពីរក្រុម បានពិនិត្យប្រសិទ្ធភាពយុទ្ធសាស្ត្រនៃការទប់ស្កាត់មេរោគ HIVមួយមានឈ្មោះថា PrEP ឬការបង្ការរោគទុកជាមុន នៅក្នុងឱសថប្រឆាំងជំងឺអេដស៍ ដែលគេផ្តល់ជូនមនុស្សមិនទាន់ឆ្លងជំងឺអេដស៍លេប ដើម្បីចង់ដឹងថាតើថ្នាំទាំងនោះមានប្រសិទ្ធភាពការពារជំងឺខ្លះឬទេ។
ក្រុមធំនៃការសិក្សាទាំងពីរ មានការចូលរួមនៃគូស្រករជាងបួនពាន់ប្រាំពីររយគូ នៅក្នុងប្រទេសKenya និង Uganda ដែលជាគូស្រករមានផ្ទុកមេរោគHIV តែភាគីម្ខាង។
ភាគីម្ខាងទៀតដែលគ្មានមេរោគHIVត្រូវបានកំណត់ដាក់ឲ្យលេបរាល់ថ្ងៃ នូវថ្នាំ tenofovir ផ្សំជាមួយថ្នាំ emtricitibine។ ក្រុមទីបីនៅក្នុងការសិក្សានោះត្រូវបានឲ្យលេបថ្នាំ placebo គឺជាគ្រាប់ថ្នាំដែលធ្វើពីម្សៅបន្លំអ្នកដែលមកចូលរួមឲ្យគិតថាជាថ្នាំមែនទែន។
លោក Jared Baeten ជាប្រធានរួមនៃការសិក្សានៅឯមជ្ឈមណ្ឌលស្រាវជ្រាវខាងពិនិត្យនិងព្យាបាលអ្នកជំងឺអន្តរជាតិរបស់សាកលវិទ្យាល័យ Washington នៅទីក្រុងSeattle ដែលត្រូវត្រួតពិនិត្យដោយក្រុមអ្នកជំនាញឯករាជ្យមួយក្រុមដែលពិនិត្យដំណើរការសាកល្បង សុវត្ថិភាពនិងប្រសិទ្ធភាព ជាមួយការប្រុងប្រយ័ត្នចំពោះវិធានការទប់ស្កាត់មេរោគHIV។ លោក Baeten និយាយថាទិន្នន័យសុវត្តិភាពនិងក្រុមតាមដានបានបញ្ចប់ការសិក្សា PrEP យ៉ាងរហ័ស។
«នៅឯកិច្ចប្រជុំមួយកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១០ គណៈកម្មការទិន្នន័យសុវត្ថិភាពនិងត្រួតពិនិត្យបានប្រាប់យើងថា ពួកគេបានពិនិត្យដោយហ្មត់ចត់ឡើងវិញនូវទិន្នន័យនិងលទ្ធផល ដែលមានគុណប្រយោជន៍ដ៏លើសលប់។ជាចម្លើយ ពួកគេបាននិយាយថា លទ្ធផលទាំងឡាយគួរតែបានរាយការណ៍ដោយបើកចំហរ ហើយថ្នាំ placebo គួរតែបានបញ្ឈប់ឲ្យប្រើតទៅទៀត ពីព្រោះការពិសោធន៍បានបង្ហាញយ៉ាងច្បាស់លាស់ណាស់ថា ការឲ្យថ្នាំតាមកម្មវិធី PrEP មានប្រសិទ្ធភាពខ្ពស់ សម្រាប់ទប់ស្កាត់ការឆ្លងមេរោគHIV»។
មនុស្ស៧៨នាក់ បានឆ្លងមេរោគនៅក្នុងអំឡុងនៃកម្មវិធីសិក្សានោះ - មាន១៨នាក់នៅក្នុងក្រុមដែលលេបថ្នាំtenofovir ១៣នាក់នៅក្នុងក្រុមប្រើថ្នាំ tenofovir ផ្សំជាមួយថ្នាំ emtricitibine និង៤៧នាក់នៅក្នុងក្រុមលេបថ្នាំ placebo។ បើនិយាយម្យ៉ាងទៀត គឺថាមានការឆ្លងមេរោគHIV ចំនួនតិចជាង៦២ភាគរយ នៅក្នុងក្រុមលេបថ្នាំ tenofovir និងតិចជាង៧៣ភាគរយ នៅក្នុងក្រុមប្រើថ្នាំ tenofovir ផ្សំជាមួយថ្នាំemtricitibine បើប្រៀបធៀបទៅនឹងក្រុមដែលលេបថ្នាំ placebo។
មានលទ្ធផលស្រដៀងគ្នានៅក្នុងការសាកល្បងលើកទី២ ដែលមានឈ្មោះថាTDF2 ដឹកនាំដោយក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសរអា សម្រាប់ការត្រួតពិនិត្យជំងឺឆ្លងនៅក្នុងទីក្រុង Atlanta រដ្ឋGeorgia ហើយនិងក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេស Botswana។
នៅក្នុងក្រុមមួយនៃពួកអ្នករួមប្រតិព័ទ្ធភេទផ្ទុយគ្នាដែលមានបុរសនិងស្ត្រីចំនួន១,២០០នាក់ ឃើញថាមានការកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងមេរោគជិត៦៣ភាគរយនៅក្នុងចំណោមមនុស្សដែលបានលេបថ្នាំtenofovir ប្រៀបធៀបទៅអ្នកដែលលេបថ្នាំplacebo។ ការកាត់បន្ថយគ្រោះថ្នាក់នោះមានចំនួនខ្ពស់ជាងជិតដល់ទៅ៧៨ភាគរយ នៅក្នុងចំណោមក្រុមអ្នកចូលរួមដែលបានលេបថ្នាំទៀងទាត់។
លោក John Brooks ជាអ្នកជំនាញខាងត្រួតពិនិត្យជំងឺឆ្លងម្នាក់ដែលបានចូលរួមជាមួយការសិក្សាឈ្មោះ TDF2 ។ លោក Brooks និយាយថា បានទទួលលទ្ធផលល្អខ្លាំងណាស់ ហើយលោកគិតថា ឱសថ anti-retroviral ឥឡូវនេះក្លាយជាអាវុធសំខាន់ថ្មីមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគHIV។
ប៉ុន្តែលោក Brooks និយាយថាយុទ្ធសាស្ត្រទប់ស្កាត់មេរោគHIVដែលហៅថា PrEP មិនទំនងក្លាយជាយុទ្ធសាស្ត្រតែមួយគត់ សម្រាប់ដោះស្រាយមេរោគHIVដែលរាលដាល និងការទប់ស្កាត់ការឆ្លងទេ។ ទោះជាយ៉ាងនេះក្តី លោកនិយាយថា ថ្នាំtenofovir ជាថ្នាំមានសុវត្ថិភាពនិងគួរឲ្យជឿទុកចិត្តបាន។
«ទំរាំដល់ពេលដែលយើងមានការយល់ដឹងប្រសើរ ថាតើឱសថនេះមានប្រសិទ្ធភាពនៅក្រៅបន្ទប់ពិសោធន៍ព្យាបាលដូចម្តេចខ្លះ គឺដូចជាឆាប់បន្តិចដើម្បីផ្តល់យោបល់ថា ប្រើឱសថតែម្យ៉ាង អាចទប់ស្កាត់មេរោគHIVបាននោះ។ ជាការសំខាន់ ដែលមនុស្សនៅបន្តធ្វើកិច្ចការដដែលទាំងអស់ ដែលពួកគេគួរតែធ្វើជាប្រក្រតី ដើម្បីការពារការឆ្លងមេរោគHIV ពីព្រោះនៅក្នុងការសិក្សាទាំងពីរនោះ កិច្ចការទាំងឡាយត្រូវបានអនុវត្តដែរ»។
ក្រុមអ្នកចូលរួមនៅក្នុងការសិក្សាទាំងពីរបានទទួលការណែនាំអំពីសុវត្ថិភាពនៃការរួមភេទយ៉ាងល្អិតល្អន់ ធ្វើតេសន៍HIVជាប្រក្រតី និងចែកស្រោមអនាម័យក៏ដូចគ្នានឹងការព្យាបាលជំងឺឆ្លងកាមរោគផ្សេងៗទៀតដែរ។
លទ្ធផលនៃការសាកពិសោធន៍កម្មវិធី PrEP ទាំងពីរ ទំនងដូចជាប្រធានបទមានប្រយោជន៍សម្រាប់កិច្ចប្រជុំនៃសន្និសិទសង្គមជំងឺអេដស៍អន្តរជាតិ(នៃសមុដ្ឋានរោគHIV/AIDS) ការព្យាបាលនិងការការពារ ដែលនឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយនៅក្នុងទីក្រុងរ៉ូម។
ប្រែសម្រួលដោយ នុច សារីតា