Hello VOA សុខភាព៖ ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី និងប្រសិទ្ធភាពរបស់វ៉ាក់សាំង
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិក បានថ្លែងថា ការបំប្លែងខ្លួននៃវីរុស គឺជាធម្មជាតិនៃវីរុស RNA ដូចជាវីរុសកូរ៉ូណាដែលត្រូវបានវិវត្ត និងផ្លាស់ប្តូរបន្តិចម្តងៗ។ ក្នុងចំណោមវីរុសកូរ៉ូណាបំប្លែងខ្លួននាពេលថ្មីៗនេះ វីរុសបំប្លែងខ្លួន Delta អាចឆ្លងខ្លាំង និងបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភជាងគេ។ លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា យោងតាមសេចក្តីរាយការណ៍វីរុសបំប្លែងខ្លួន Delta នេះធ្វើឲ្យប្រសិទ្ធភាពវ៉ាក់សាំងដែលបានចាក់ពីរដងរួចមកហើយនោះធ្លាក់ចុះ។ ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិតថា វ៉ាក់សាំងនៅតែជាក្តីសង្ឃឹមតែមួយគត់ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត និងអំពាវនាវឲ្យគ្រប់គ្នាចាក់វ៉ាក់សាំង។ វ៉ាក់សាំងដែលល្អ គឺជាវ៉ាក់សាំងដែលយើងមាន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១)