កម្មវិធីនៅរាត្រីនេះជាកម្មវិធីពិភាក្សាបន្តទៅលើប្រធានបទកាលពីខែមករាអំពីថ្នាំចំនួន៧ប្រភេទសម្រាប់ព្យាបាលជំងឺរលាកថ្លើមបេ (Hepatitis B)។ លោកវេជ្ជបណ្ឌិត តាំង តេក ហុង បានលើកយក ឈ្មោះថ្នាំចំនួន៣ប្រភេទដែលមានប្រសិទ្ធភាពជាងគេក្នុងចំណោមថ្នាំទាំង៧ប្រភេទដែលលោកបានរៀបរាប់កាលពីខែមុន។ ថ្នាំទាំង៣នេះគឺ
១. Peg Interferon alfa-2a៖ ថ្មាំនេះមាននៅប្រទេសកម្ពុជាហើយ ប្រើសម្រាប់ចាក់មេរោគថ្លើមសេ (Hepatitis C) ចាក់ថ្នាំ១ដងក្នុងមួយសប្តាហ៍ ហើយត្រូវចាក់ចំនួន៤៨សប្តាហ៍។ ថ្នាំនេះមានប្រសិទ្ធភាពខ្លាំងជាងគេ ក៏ប៉ុន្តែពិបាកប្រើដោយមានប្រតិកម្មច្រើន។
២. Entecavir (Baraclude)៖ ថ្នាំនេះមិនទាន់មាននៅប្រទេសកម្ពុជា តែមាននៅវៀតណាម សិង្ហបុរី និងថៃ។ ថ្នាំនេះមានប្រសិទ្ធភាពខ្លាំង។ ពេលប្រើ ថ្នាំនេះក៏អាចនាំឲ្យមានការធ្វើទុក្ខមធ្យមដែរ។
៣. Tenofovir (Viread)៖ លោកវេជ្ជបណ្ឌិត គិតថាថ្នាំនេះជាថ្នាំសំខាន់ជាងគេក្នុងចំណោមថ្នាំទាំង៣នេះ ដោយសារមានប្រសិទ្ធភាពខ្ពស់ ហើយមិនមានប្រតិកម្មទេ។ ម្យ៉ាងទៀតថ្នាំនេះមានលក់នៅប្រទេសកម្ពុជាហើយ។
ថ្វីបើថ្នាំទាំងនេះមានប្រសិទ្ធភាពខ្ពស់ក្តី លោកវេជ្ជបណ្ឌិត តាំង តេក ហុង បញ្ចាក់ថាអ្នកជំងឺកម្រជាសះ(ជាដាច់)ណាស់។ នៅក្នុងបទសម្ភាសន៍នៅក្រោយកម្មវិធីនេះ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា អត្រានៃអ្នកជំងឺដែលជាសះពីវីរុសបេនេះ (អស់វីរុស និងមានអង់ទីគ័រ) មានចំនួនប្រមាណពី៧%ទៅ៨%ប៉ុណ្ណោះ។ យ៉ាងណាក្តីថ្នាំទាំងនេះមានតម្លៃថ្លៃនិងត្រូវលេបជាប្រចាំរយៈពេលយូរ ហើយលោកវេជ្ជបណ្ឌិតបានផ្តាំផ្ញើឲ្យអ្នកជំងឺត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជំនាញពេលមុន និងក្នុងអំឡុងពេលប្រើប្រាស់ថ្នាំព្យាបាលខាងលើ។
កម្មវិធីសុខភាពជាមួយវេជ្ជបណ្ឌិត តាំង តេក ហុង នឹងផ្អាកមួយរយៈពីខែមិនាដល់ខែតុលា ចាប់ផ្តើមជាថ្នីនៅចុងខែវិច្ឆិកាឆ្នាំ២០១២នេះ។ ប៉ុន្តែប្រិយមិត្តអាចទាក់ទងបន្តជាមួយលោកវេជ្ជបណ្ឌិត្យ តាំង តេក ហុង តាមហេ្វសប៊ុកដោយចូលទៅទំព័រ www.facebook.com/Dr.TaingTekHong។
សូមស្តាប់ឬទាញយកសំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com
ចំណុចសង្ខេបសំខាន់ៗអំពីជំងឺរលាកថ្លើមបេនិងថ្នាំព្យាបាលក្នុងកម្មវិធីខែមករាឆ្នាំ២០១២៖
- - អ្នកផ្ទុកមេរោគបេនៅកម្ពុជាមានប្រហែល១២%
- - កុមារកាន់តែមានអាយុច្រើន កាន់តែមានអត្រាផ្ទុកច្រើនឡើង
- - របៀបឆ្លង៖ តាមឈាម និងទឹកកាម (១) ម្តាយទៅកូន (២) ការរស់នៅជាមួយគ្នា តាមកាំបិតកោររួមដូចកាត់សក់ និងចាក់ថ្នាំប្រើម្ជុលរួម (៣) ការរួមភេទ
- - ថ្មាំថ្មី ៧ ប្រភេទ៖ Interferon alpha-2b, Peg Interferon alfa-2a, Lamivudine (Epivir-HBV), Adefovir (Hepsera), Entecavir (Baraclude), Telbivudine (Tyzeka), Tenofovir (Viread)
- - មេរោគថ្លើមបេ មិនងាយបង្ហាញរោគសញ្ញាទេ ជាពិសេសចំពោះអ្នកមានផ្ទុកពីកំណើត
- - មេរោគរលាកថ្លើមអាចនាំដល់ការស្វិតថ្លើម ហើយបើលើសពីអាយុ៤០ឆ្នាំ អាចវិវត្តទៅជាមហារីកថ្លើមបាន
- - អ្នកជំងឺអាចពិគ្រោះគ្រូពេទ្យជំនាញ ក្រពះ ពោះវៀន និងថ្លើម
- - ទារកត្រូវចាក់វ៉ាក់សាំងក្នុង២៤ម៉ោងក្រោយពីកើត ដើម្បីកាន់បន្ថយលទ្ធភាពការឆ្លងពីម្តាយ
- - ថ្នាំព្យាបាលនេះអាចមានប្រសិទ្ធភាពសម្រាប់អ្នកឆ្លងពេលពេញវ័យហើយជាងអ្នកដែលឆ្លងពីកំណើត
- ពេលចាប់លេបថ្នាំហើយត្រូវលេបជាប្រចាំនិងរយៈពេលយូរ និងត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញជាប្រចាំ