តំណាងអ្នកភូមិបឹងកក់បានសម្តែងអំណរគុណដល់លោកស្រី ហ៊ីឡារី គ្លីនតុន(Hillary Clinton) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចំពោះអន្តរាគមន៍ឲ្យកម្ពុជាដោះលែងអ្នកភូមិបឹងកក់១៥នាក់ ដែលត្រូវចាប់ដាក់គុកដោយសារ ការតវ៉ារឿងដីធ្លី។ នេះជាការអះអាងរបស់អ្នកស្រី បូ ឆវី និង អ្នកស្រី យ៉ោម បុប្ផា តំណាងជនរងគ្រោះអ្នកភូមិបឹងកក់ ដែលចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលពិភាក្សាលើប្រធានបទការតវ៉ានិងដំណោះស្រាយរឿងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំចំពោះអ្នកភូមិបឹងកក់។
លោកស្រី គ្លីនតុនលើកបញ្ហាដោះលែងពលរដ្ឋបឹងកក់នេះ ក្នុងពេលដែលលោកស្រីជួបប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបំពេញទស្សនកិច្ច១ថ្ងៃ កាលពីថ្ងៃអង្គារក្នុងស.រ.អា.ដើម្បីពិភាក្សាបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់មួយចំនួន។
តំណាងប្រជាពលរដ្ឋដដែល អរគុណដល់ពលរដ្ឋខ្មែរអាមេរិកាំងដែលជួយធ្វើបាតុកម្មគាំទ្រចំពោះពលរដ្ឋបឹងកក់ផងដែរក្នុងពេលទស្សនកិច្ចរបស់លោក ហោ ណាំហុង។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី ១៤ មិថុនា ២០១២៖
មធ្យោបាយចូលរួមសម្រាប់ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com