ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដល់ប្រជាពលរដ្ឋទូទាំងប្រទេស កុំឱ្យបរិភោគត្រីក្រពត ៣ប្រភេទដែលមានជាតិពុលនិងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់ បើទោះបីជាត្រីទាំងនោះ ត្រូវបានចម្អិនឆ្អិន ឬដាក់ឲ្យកកយ៉ាងណាក៏ដោយ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២៥ ខែមករានេះ បានឲ្យដឹងថា នៅកម្ពុជាមានត្រីក្រពតចំនួន១០ប្រភេទ ក្នុងនោះ៣ប្រភេទមានជាតិពុល ហើយជាតិពុលទាំងនោះមានកម្រិតខ្ពស់នៅរដូវពងកូនបន្តពូជ ក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ នៅក្នុងពង និងស្ពែម (Sperm) របស់ត្រីបីប្រភេទនោះ មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែក និងសាច់របស់ត្រី ហើយនៅពេលជាតិពុលទាំងនោះជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្ដាលរបស់មនុស្សណាម្នាក់ វាអាចបណ្ដាលឲ្យអ្នកនោះ ស្លាប់បាត់បង់ជីវិតបាន។
បើតាមក្រសួងសុខាភិបាល ថ្មីៗនេះមានអ្នកពុលត្រីក្រពតសរុបចំនួន១០នាក់ នៅខេត្តកោះកុង ក្នុងនោះម្នាក់បានបាត់បង់ជីវិត និង៩នាក់ផ្សេងទៀតត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា រោគសញ្ញានៃការពុលត្រីក្រពត គឺលេចចេញក្នុងរយៈពេល ២០នាទី ទៅ២ម៉ោង បន្ទាប់ពីបានបរិភោគ។ រោគសញ្ញាទាំងនោះរួមមាន រមាស់ចាក់ៗនៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្ដាលឲ្យស្លាប់តែម្ដង។
សេចក្ដីប្រកាសព័ត៌មាននោះបញ្ជាក់ថាអ្នកពុលត្រីកំពតប្រភេទនេះ ត្រូវប្រញាប់ប្រញាល់ស្វែងរកការជួយសង្គ្រោះជាបន្ទាន់ នៅមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅជិតបំផុត៕