លោក Stephen Harper នាយករដ្ឋមន្ត្រីប្រទេសកាណាដាបានរំលាយសភាកាលពីថ្ងៃអាទិត្យម្សិលមិញ ហើយបានកំណត់ការបោះឆ្នោតនៅថ្ងៃទី១៩ខែតុលានេះ។
លោក Harper និងគណបក្សអភិរក្សរបស់លោកកំពុងស្វះស្វែងកាន់កាប់តំណែងមួយអាណត្តិទៀតគឺ អាណត្តិទីបួន បន្ទាប់ពីគណបក្សនេះបានកាន់អំណាចជិតមួយទសវត្សរ៍មកហើយនោះ។ ប៉ុន្តែពួកគេនឹងត្រូវប្រឈមមុខនឹងយុទ្ធនាការខ្លាំងក្លារបស់គណបក្សអ្នកប្រជាធិបតេយ្យថ្មី (New Democrat) ដែលលោក Tom Mulcair ជាមេដឹកនាំរបស់គណបក្សនេះ។នៅពេលប្រទេសកាណាដាកំពុងព្យាយាមប្រឈមនឹងការធ្លាក់ចុះខាងសេដ្ឋកិច្ច និងការធ្លាក់ចុះតម្លៃប្រេង ដែលជាការនាំចេញសំខាន់របស់ប្រទេសកាណាដា។
លោក Harper បានជំរុញប្រទេសរបស់លោកទៅកាន់នយោបាយអភិរក្សជាបណ្តើរ ដោយធ្វើការបន្ធូរបន្ថយពន្ធ គាំទ្រដល់ឧស្សាហកម្មទប់ទល់នឹងការប៉ះពាល់ដល់បរិស្ថាន និងការឡើងចំណាយខាងយោធា។ ប្រសិនបើលោក Harper ដែលមានអាយុ៥៦ឆ្នាំ ឈ្នះឆ្នោតសារជាថ្មី នោះលោកនឹងក្លាយជានាយករដ្ឋមន្ត្រីទីមួយ ដែលជាប់ឆ្នោតបួនអាណត្តិជាប់ៗគ្នានៅក្នុងប្រទេសកាណាដា ក្នុងពេលជាងមួយសតវត្សរ៍នេះ៕