ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពាក់​កណ្ដាល​នៃ​ពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​បាន​ផ្អាក​ពី​ការងារ បាន​ប្រាក់​ឧបត្ថម្ភ​ច្រើន​ជាង​ប្រាក់​បៀវត្សរ៍​របស់​ខ្លួន


រូបឯកសារ៖ ពលរដ្ឋអាមេរិកាំងដែលបានបាត់បង់ការងារ ឈររង់ចាំចូលសុំពាក្យទទួលជំនួយពីរដ្ឋក្រោយពីបាត់បង់ការងារ នៅទីក្រុង Fayetteville រដ្ឋ Arkansas កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋអាមេរិកាំងដែលបានបាត់បង់ការងារ ឈររង់ចាំចូលសុំពាក្យទទួលជំនួយពីរដ្ឋក្រោយពីបាត់បង់ការងារ នៅទីក្រុង Fayetteville រដ្ឋ Arkansas កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។

ការ​វិភាគ​ថ្មីៗ​អំពី​ប្រាក់​អត្ថប្រយោជន៍​នៅ​ពេល​គ្មានការងារធ្វើ​បង្ហាញ​ថា ប្រមាណ​ពាក់​កណ្តាល​នៃ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រាប់​លាន​នាក់ ដែល​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ធ្វើការ​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ នៅ​ពេល​គ្មានការងារ​ធ្វើ​ច្រើន​ជាង​ប្រាក់​ចំណូល​ដែល​ពួកគេ​ទទួល​បាន​ ពេល​ពួកគេ​ធ្វើ​ការ​ទៅ​ទៀត។

ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ងើប​ឡើង​វិញ រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ចំនួន ៦០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​រហូត​ដល់​ដំណាច់​ខែ​កក្កដា​ខាង​មុខ ទៅ​ឱ្យ​អ្នក​ធ្វើការ​ដែល​ត្រូវ​បាន​ផ្អាក​ពី​ការងារ បន្ថែម​ពី​លើ​ប្រាក់​ឧបត្ថម្ភ​ដែល​រដ្ឋ​នីមួយៗ​នៃ​រដ្ឋ​ទាំង ៥០ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផ្ដល់​ជូន​អ្នក​គ្មាន​ការងារ​ធ្វើ។

ជា​មធ្យម រដ្ឋ​នីមួយៗ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ឱ្យ​អ្នក​គ្មាន​ការងារ​ធ្វើ​ចំនួន ៤៥% នៃ​ប្រាក់​បៀវត្សរ៍​របស់​ពួក​គេ។ ក៏​ប៉ុន្តែ​ជាមួយ​នឹង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ ក្រសួង​ការងារ​បញ្ជាក់​ថា ប្រាក់​ឧបត្ថម្ភ​ទាំង​នេះ​នឹង​កើន​ឡើង​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ពី​ចំនួន​ជា​មធ្យម ៣៧៧ ដុល្លារ ៩៧ សេន ក្នុងមួយ​សប្ដាហ៍ កាល​ពី​ចុង​ឆ្នាំ​មុន ដល់​ចំនួន ៩៧៨ ដុល្លារ។

ទោះ​បីជា​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​នេះ​នឹង​ជួយ​អ្នក​ដែល​ត្រូវ​បាន​ផ្អាក​ពី​ការងារ​បាន​រយៈពេល​ខ្លី​ក៏​ដោយ ក៏​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ច្រើន​ជាង​មុន​បែប​នេះ​អាច​ធ្វើឱ្យ​មាន​ការ​គាំង​ដំណើរ​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។

អ្នក​ដែល​ត្រូវ​បាន​ផ្អាក​ពី​ការងារ ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ច្រើន​ជាង​មុន​នៅ​ពេល​គ្មាន​ការងារ​ធ្វើ​ នឹង​មិន​មាន​អារម្មណ៍​លើក​ទឹក​ចិត្ត​ខ្លាំងក្លា​ក្នុង​ការ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ទេ ប្រសិនបើ​និយោជក​ពួក​គេ​អាច​បើក​ដំណើរការ​អាជីវកម្ម​ជា​ថ្មី​ឡើង​វិញ ដូចជា​ហាង​លក់​រាយ ភោជនីយដ្ឋានរោងចក្រ និង​អាជីវកម្ម​ឯ​ទៀតៗ​នៅ​មុន​ដំណាច់​ខែ​កក្កដា​ខាង​មុខ​នេះ។

រដ្ឋាភិបាល​និយាយ​ថា អ្នក​ធ្វើ​ការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចំនួន​ពាក់​កណ្ដាល​អាច​រក​ប្រាក់​ចំណូល​បាន​តិច​ជាង ៩៥៧ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២០ នេះ ដែល​មាន​ន័យ​ថា អ្នក​ធ្វើ​ការ​តិច​ជាង​ពាក់​កណ្ដាល​រក​ចំណូល​បាន ៥ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ម្យ៉ាង​វិញ​ទៀត និយោជក​អាច​បង្ខំ​ឲ្យ​អ្នក​ធ្វើការ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ ដោយ​ប្រកាស​បើក​ការងារសម្រាប់​អ្នក​ធ្វើការ​ដែល​ត្រូវ​បាន​ផ្អាក​ពី​ការងារ ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ​កាល​បរិច្ឆេទ​នៃ​ការ​ចូល​ធ្វើ​ការ ទោះបីជា​កាល​បរិច្ឆេទ​នោះ​នៅ​មុន​ដំណាច់​ខែ​កក្កដា ដែល​ជា​ពេល​ផុត​កំណត់​សម្រាប់​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ចំនួន ៦០០ ដុល្លារ ក្នុង​មួយ​សប្តាហ៍ ដល់​អ្នក​ដែល​ត្រូវ​បាន​ផ្អាក​ពី​ការងារ​ក៏​ដោយ។

ក៏​ប៉ុន្តែ អ្នក​ធ្វើការ​អាច​ស្នើ​សុំ​និយោជក​ឱ្យ​អនុញ្ញាត​ឱ្យ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ឋានៈ​ជា​អ្នក​ដែល​ត្រូវ​បាន​ផ្អាក​ការងារ​រហូត​ដល់​ខែ​កក្កដា ដើម្បី​ឱ្យ​ពួក​គេ​នៅ​អាច​បន្ត​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដែល​មាន​ចំនួន​ច្រើន​ជាង​ប្រាក់​បៀវត្សរ៍​របស់​ពួកគេ។

គិត​មក​ទល់​នឹង​ថ្ងៃ​ទី ២៨ ខែមេសា អ្នក​ធ្វើការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចំនួន ២៦ លាន​នាក់​ត្រូវ​បាន​ផ្អាក​ពី​ការងារ ដែល​ជា​វិបត្តិ​ភាព​អត់​ការងារ​ធ្វើ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក តាំងពី​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​កាល​ពី​ទសវត្សរ៍ ១៩៣០ មក។ មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ចំនួន​មនុស្ស​គ្មាន​ការងារ​ធ្វើ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​រយៈពេល ៥ សប្តាហ៍ កន្លង​មក​នេះ។

នៅ​មុន​ពេល​ដែល​សហរដ្ឋ​អាមេរិក​រង​ការ​រាតត្បាត​ដោយសារ​ជំងឺ​កូវីដ១៩ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​នេះ មាន​ចំនួន​តិច​ជាង ៤% ក្នុង​ពេល​ជា​ច្រើន​ខែ។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​ប្រកាស​នៅ​ថ្ងៃ​ទី ៨ ខែ​ឧសភា​ខាង​មុខ អំពី​តួលេខ​ជន​ដែល​គ្មាន​ការងារ​ធ្វើ​សម្រាប់​ខែ​មេសា គេ​ទំនងជា​នឹង​ឃើញ​ថា តួលេខ​នេះ​នឹង​កើន​ឡើង​ដល់​ជាង ១០%៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG