ការចាប់ឃុំឃាំងសាស្ត្រាចារ្យសាកលវិទ្យាល័យចិនចូលនិវត្តន៍ម្នាក់នៅពេលលោកបានផ្តល់សម្ភាសន៍ផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាមួយ VOA បាន បណ្តាលឱ្យមានការរិះគន់ពីពួកសកម្មជនខាងសិទ្ធិមនុស្សនិងពួកអ្នកវិភាគដែលព្រួយបារម្ភថារដ្ឋាភិបាលចិនបានបង្កើនការបង្ក្រាបលើពួកប្រឆាំង។
គេមានជំនឿថាលោកសាស្ត្រាចារ្យ Sun Wenguang ដែលជាសាស្ត្រាចារ្យចូលនិវត្តន៍ម្នាក់នៃសាកលវិទ្យាល័យ Shandong ដែលជាអ្នករិះគន់ខ្លាំងដល់ប្រវត្តិសិទ្ធិមនុស្សនៃប្រទេសចិនកំពុងជាប់ឃុំឃាំងនៅក្នុងសណ្ឋាគារមួយចាត់ចែងដោយក្រុមយោធានៅក្នុងក្រុង Jinan ភាគខាងកើតនៃប្រទេសចិន។
លោកបានត្រូវចាប់ឃុំឃាំងនៅពេលលោកបានផ្តល់សម្ភាសន៍មួយតាមទូរសព្ទជាមួយផ្នែកផ្សាយទូរទស្សន៍ជាភាសាចិន Mandarin របស់VOA ក្នុងកម្មវិធីមួយមានឈ្មោះថា «បញ្ហានិងមតិ» កាលពីព្រឹកថ្ងៃពុធ។
អាជ្ញាធរចិនមិនបានប្រាប់ព័ត៌មានអំពីហេតុអ្វីបានជាលោកសាស្ត្រាចារ្យរូបនេះបានត្រូវចាប់ខ្លួនឃុំឃាំងទេ។ VOAបានខិតខំព្យាយាមទាក់ទងនឹងផ្នែកព័ត៌មាននៃក្រសួងការបរទេសចិនដើម្បីសុំអត្ថាធិប្បាយ ក៏ប៉ុន្តែទូរសព្ទចល័តចំហសម្រាប់សាធារណជនបានបិទហើយទូរសព្ទខ្សែដីមិនបានឆ្លើយតបទេ។
VOA ក៏បានទាក់ទងជាមួយផ្នែកសន្តិសុខសាធារណៈនៃសាកលវិទ្យាល័យ Shandong និងស្ថានីយ៍ប៉ូលិសផ្លូវ Shanda នៃការិយាល័យសន្តិសុខសាធារណៈនៃក្រុង Jinan ដែរ ក៏ប៉ុន្តែគ្មានអត្ថាធិប្បាយឡើយ។
ប្រភពនានាបាននិយាយប្រាប់ផ្នែកផ្សាយជាភាសាចិន Mandarin នៃ VOA ថាលោក Sun កំពុងត្រូវឃុំឃាំងនៅក្នុង Villa ភ្នំ Yanzi នាតំបន់យោធា Jinan ដែលជាសណ្ឋាគារនិងជាមជ្ឈមណ្ឌលទទួលភ្ញៀវមួយមានចំណងទាក់ទិនជាមួយក្រុមយោធាចិន៕