អាជ្ញាធរប្រេងកាតកម្ពុជាបានបង្កើតគេហទំព័រថ្មីមួយសំដៅផ្សព្វផ្សាយព័ត៌មាននានាដល់សាធារណៈជនអំពីការវិវឌ្ឍប្រេង ឧស្ម័ន និងរ៉ែនៅកម្ពុជា។ គេហទំព័រថ្មី http://www.cnpa-cambodia.com/ របស់អាជ្ញាធរប្រេងកាតកម្ពុជាបានរួមបញ្ចូលព័ត៌មានអំពីការវិវឌ្ឍ ប្រេង ឧស្ម័ន និងរ៉ែនៅកម្ពុជា និងភ្ជាប់ទៅគេហទំព័រជាច្រើនទៀតដូចជាគេហទំព័រ http://www.crrt-cambodia.org/ របស់សម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធានទាក់ទងនឹងរចនាសម្ព័ន្ធច្បាប់ ការបង្កើតគោលនយោបាយ និងច្បាប់ និងការបង្កើតឱ្យមានឱកាសការងារសម្រាប់ប្រជាពលរដ្ឋខ្មែរ។
លោកម៉ម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន បានបញ្ជាក់ថា ការភ្ជាប់គេហទំព័ររបស់សម្ព័ន្ធភាពដើម្បីតម្លាភាពចំណូលធនធានទៅគេហទំព័ររបស់អាជ្ញាធរប្រេងកាតកម្ពុជានេះគឺជាសញ្ញាដ៏ល្អ និងជាការចំណុចចាប់ផ្តើមមួយក្នុងការធ្វើការជាមួយគ្នា ដើម្បីធានាតម្លាភាព និងគណនេយ្យភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ។ លោកម៉ម សម្បត្តិ បានបន្ថែមថា លោកសូមឱ្យរដ្ឋាភិបាលផ្សព្វផ្សាយព័ត៌មានលំអិតអំពីប្រេង ឧស្ម័ន និងរ៉ែ ដោយសារវិស័យនេះ គឺមានសារសំខាន់ចំពោះសាធារណជន និងសង្គមស៊ីវិល ដើម្បីជ្រួតជ្រាប និងទទួលបានព័ត៌មានទាំងឡាយណាដែលទាក់ទងនឹងវិស័យនេះ។
សម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធានបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះការបោះជំហ៊ានដ៏សំខាន់ទៅលើការពង្រឹងតម្លាភាពលើការរាយការណ៍លម្អិតដែលទាក់ទងនឹងក្រុមហ៊ុនប្រេង ឧស្ម័ន និងរ៉ែ នៅកម្ពុជា។ ប៉ុន្តែរដ្ឋាភិបាលគួរតែបង្កើន កិច្ចប្រឹងប្រែងដើម្បីផ្សព្វផ្សាយចំណូល និងព័ត៌មានដែលពាក់ព័ន្ធលើវិស័យនេះឱ្យមានភាពច្បាស់លាស់ជូនសាធារណជនខ្មែរ។
លោកប៊ុន ឆៃ តំណាងក្រុមហ៊ុនរុករកប្រេង Metco ដែលមានទីស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី បានថ្លែងថាគេហទំព័រថ្មីនេះជាជំហ៊ានវិជ្ជមានសម្រាប់ការបើកព័ត៌មានទូលំទូលាយ និងតម្លាភាព ក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគផ្នែកប្រេង ឧស្ម័ន និងរ៉ែ ឱ្យមកវិនិយោគនៅកម្ពុជា។ លោកថ្លែងដូច្នេះថា៖
«ខ្ញុំយល់ថា វា (ការបង្កើតគេហទំព័រថ្មី) ជាការផ្តល់ឱកាសមួយដល់ក្រុមហ៊ុនផ្សេងៗដែលចង់មកវិនិយោគទុននៅកម្ពុជាពាក់ព័ន្ធនឹងរ៉ែ ប្រេង និងហ្គាស។ ការបង្កើតគេហទំព័រថ្មីនេះជាមធ្យោបាយដ៏សំខាន់មួយសម្រាប់បង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទុនដែលចង់មកវិនិយោគទុននៅកម្ពុជា។ វាជាព័ត៌មានធ្វើឱ្យអ្នកវិនិយោគទុនចាប់អារម្មណ៍»។
លោកព្រំ ដាធី ម្ចាស់ស្ថានីយប្រេងសាំងនៅក្នុងទីក្រុងភ្នំពេញ បាននិយាយថា គេហទ័ព័រនេះគ្រាន់តែជាការបង្ហាញផ្លូវសម្រាប់អ្នកវិនិយោគផ្នែកប្រេង និងឧស្ម័នដែលមានបំណងចងមកវិនិយោគក្នុងវិស័យនេះ។ ប៉ុន្តែវាមិនអាចជួយទាក់ទាញ ឬលើកទឹកចិត្តអ្នកវិនិយោគទេ។
លោកបានបន្តថា វិធីប្រសើរបំផុតដើម្បីទាក់ទាញអ្នកវិនិយោគបរទេសគឺការអនុវត្តច្បាប់ដែលមានស្រាប់ ដើម្បីធានាឱ្យបាននូវឱកាស ស្មើគ្នា និងតម្លាភាព។ ប៉ុន្តែឥឡូវនេះ យើងមិនអាចនិយាយបានថា គេហទំព័រនេះបង្ហាញពីតម្លាភាពនៅក្នុងការធ្វើអាជីវកម្មប្រេងនិងឧស្ម័ននោះទេ។
គេហទំព័រថ្មីត្រូវបានធ្វើបច្ចុប្បន្នភាព និងការធ្វើឱ្យប្រសើរឡើងដោយអាជ្ញាធរប្រេងកាតកម្ពុជាបានកើតមានឡើង បន្ទាប់ពីក្រុមហ៊ុនប្រេង CHEVRON ដ៏ធំរបស់សហរដ្ឋអាមេរិកគ្រោងនឹងបើកការិយាល័យអចិន្ត្រៃយ៍នៅកម្ពុជានៅក្នុងខែឧសភា។ មន្ត្រីរដ្ឋាភិបាលបានស្វាគមន៍ចំពោះការបើកការិយាល័យនេះ។
សេចក្តីថ្លែងការណ៏ថ្មីៗរបស់ក្រុមហ៊ុន CHEVRON បានអះអាងថា សេចក្តីសម្រេចកាវិនិយោគនៅឈូងសមុទ្រប្លុក A នឹងត្រូវបានធ្វើឡើងនៅឆ្នាំនេះ។ ការអនុញ្ញាតឱ្យដំណើរការផលិតកម្មរយៈពេល៣០ឆ្នាំគ្រោងនឹងយល់ព្រមដោយរដ្ឋាភិបាលនៅពាក់កណ្តាលឆ្នាំ២០១១។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា កម្ពុជាសង្ឃឹមថា នឹងបានឃើញដំណក់ប្រេងលើកទី១នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២៕