ភ្នំពេញ៖ គ្រាប់បែកចំណាស់មួយគ្រាប់ត្រូវគេប្រទះឃើញនៅមិនឆ្ងាយប៉ុន្មានពីវេទិការបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងក្រុងសៀមរាប។ នេះ បើតាមការឲ្យដឹងរបស់អជ្ញាធរខេត្ត និងមន្ត្រីគណបក្សជំទាស់។
មន្ត្រីគណបក្សជំទាស់និងមន្ត្រីសិទ្ធិមនុស្ស បានសំដែងកង្វល់ចំពោះសន្តិសុខក្រោយពីការរកឃើញគ្រាប់បែកនេះ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនិងលោក កឹម សុខា អនុប្រធានគណបក្សនេះ បានចុះជួបក្រុមប្រជាពលរដ្ឋអ្នកគាំទ្ររបស់ខ្លួននៅក្នុងវត្តគង់ម៉ុច ក្នុងភូមិកក្រាញ់ នៃសង្កាត់សៀមរាប ក្រុងសៀមរាបនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែលជាផ្នែកមួយនៃការស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតសម្រាប់ធ្វើការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ លុះវេទិកាជិតឈានដល់ទីបញ្ចប់នៅវេលាម៉ោងប្រមាណជា១១ព្រឹកភ្នាក់ងាររបស់គណបក្សបានប្រទះឃើញគ្រាប់បែកមួយគ្រាប់ស្ថិតនៅក្បែររបងវត្ត ដែលស្ថិតនៅចម្ងាយចន្លោះពី២៥ទៅ៥០ម៉ែត្រពីអង្គវេទិកានេះបើតាមប្រភពផ្សេងៗគ្នា។
គ្រាប់បែកនេះមានរាងមូលនិងផ្នែកគន្លឹះសម្រាប់ផ្ទុះរុំពទ្ធ័ដោយច្រេះនិងដី។
លោកស្រី កែ សុវណ្ណរ័ត្ន បេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រខេត្តសៀមរាបមានប្រសាសន៍ថា គ្រាប់បែកនេះ ទំនងជាត្រូវគេយកមកផ្លុងចោលនៅទីនេះ។
«ជាកន្លែងរបងវត្តនិងសាលារៀនដែលកូនក្មេងទៅរៀនរាល់ថ្ងៃ ហេតុអ្វីបានជាទើបតែមាននៅថ្ងៃនេះ?ពីមុនមកហេតុអ្វីក៏មិនមាន?។ បើយើងវិភាគទៅលើដីដែលប្រឡាក់គឺមិនមែនដីនៅទីនេះ។ ដូច្នេះយើងមានការសង្ស័យថា តើហេតុអ្វីបានជាគ្រាប់បែកនេះមកនៅកន្លែងនេះ។ ហើយកន្លែងនេះ យើងបានទៅមើលពីល្ងាចម្សិលមិញ»។
នេះ ជាការរកឃើញសំណៅគ្រាប់បែកដៃលើកទី៣ក្រោយពីការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា។ ការរកឃើញចំនួនពីរដងមុនស្ថិតនៅរាជធានីភ្នំពេញ។
លោកស្រីកែ សុវណ្ណរ័ត្ន ចាត់ទុកថា គ្រាប់បែកនេះជាការគំរាមដល់ក្រុមប្រជាពលរដ្ឋដែលមកចូលរួមវេទិការបស់គណបក្សជំទាស់។
«វាជាការគំរាមស្មារតី។ ខ្ញុំសុំឲ្យអជ្ញាធរមានសមត្ថកិច្ចនិងអ្នកជំនាញត្រូវតែសិក្សាបញ្ហានេះ។ រឿងនេះមិនមែនជារឿងលេងសើចទេ គឺជាការគំរាមស្មារតីរបស់ប្រជាពលរដ្ឋ។ ពីព្រោះកន្លែងនេះ ជាផ្លូវធ្វើដំណើរទៅវិញទៅមក។ មិនមែនជាកន្លែងដែលគេបោះបង់ចោលទេ។ ហេតុអ្វីបានជាទើបនឹងមានថ្ងៃនេះ?»។
ប៉ុន្តែលោកឧត្តមសេនីយ៍ ស៊ត ណាឌី ស្នងការនគរបាលខេត្តសៀមរាបអះអាងថា នេះជាគ្រាប់បែកដែលដោយមកតាមដីបាតស្ទឹងសៀមរាប ដែលប្រជាពលរដ្ឋអ្នកភូមិស្តារយកចេញពីបាតស្ទឹង។
លោកស្នងការបញ្ជាក់ថា គ្រាប់បែកនេះមិនអាចបង្កគ្រោះថ្នាក់នោះទេ។
«ខាងខ្ញុំនិងខាងស៊ីម៉ាក់បានយកគ្រាប់នោះហើយ។ នេះជាកន្លែងស្តារស្ទឹងសៀមរាប។ វាដោយតាមដីតាមអីមក។ យូរដែរហើយ។ ដូចជាមិនបង្កគ្រោះថ្នាក់អ្វីទេព្រោះវាច្រេះអស់ហើយ។ បាត់គន្លឹះអស់ហើយ»។
ដោយឡែកលោក នូ ពុទ្ធិ អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តសៀមរាបឲ្យដឹងថា អង្គការរបស់លោកបានដឹងនិងឃើញគ្រាប់បែកដែលត្រូវបានរកឃើញនោះ។ ហើយអង្គការរបស់លោកកំពុងស៊ើបអង្កេតអំពីភាពជាក់ច្បាស់នៃគ្រាប់បែកនេះបន្ថែមទៀត។
«ឥឡូវនេះក្រុមការងារលីកាដូកំពុងសិក្សាឲ្យបានស៊ីជម្រៅថែមទៀតនៅជុំវិញទីតាំងប្រទះឃើញគ្រាប់បែកនោះ។ ពិសេសផ្អែកទៅលើពត៌មានដែលយើងកំពុងសិក្សាបន្ថែមទៀត»។
គណបក្សសង្គ្រោះជាតិ បានដាក់ផែនការធ្វើមហាបាតុកម្មចំនួនបីថ្ងៃជាប់គ្នានៅចុងសប្តាហ៍នេះនៅក្នុងទីក្រុងភ្នំពេញ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតដែលគណបក្សនេះអះអាងថា មានភាពមិនប្រក្រតីជាច្រើនបានប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។
ហើយនៅក្នុងពេលនេះមេដឹកនាំគណបក្សនេះ គឺលោកសម រង្ស៊ី និងលោកកឹម សុខា កំពុងស្ថិតក្នុងយុទ្ធនាការចុះជួបអ្នកគាំទ្ររបស់ខ្លួនក្នុងខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបងនិងខេត្តពោធិ៍សាត់៕