ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​និង​សង្គមស៊ីវិល​រួមគ្នា​ដោះស្រាយ​បញ្ហាពន្ធ


រូបឯកសារ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​មាន​មុខងារ​រៀបចំ​អនុវត្ត និង​តាមដាន​ការ​អនុវត្ត​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​ ក្នុងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ សីហា ២០១៥។ (ស៊ូ ពិសែន/VOA) 
រូបឯកសារ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​មាន​មុខងារ​រៀបចំ​អនុវត្ត និង​តាមដាន​ការ​អនុវត្ត​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​ ក្នុងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ សីហា ២០១៥។ (ស៊ូ ពិសែន/VOA) 

អគ្គនាយក​ដ្ឋាន​ពន្ធដារ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ព្រម​ព្រៀង​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បង្កើត​ក្រុម​ការងារ​​ចម្រុះ​មួយ​ ដើម្បី​សម្រួល​នីតិវិធី​នៃ​ការ​បង់ពន្ធ​របស់​ក្រុម​​អង្គការ​សង្គម​ស៊ីវិល។​

រដ្ឋាភិបាល​ខ្មែរ​បាន​រួម​គ្នា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​បរទេសជា​ច្រើនដើម្បី​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយដែល​នឹង​ធ្វើការ​ពន្យល់​ពី​ការ​បង់ពន្ធ ​និង​នីតិវិធី​សារ​ពើ​ពន្ធ​ផ្សេង​ទៀត។​ ​នេះ​បើ​យោង​តាម​ប្រកាស​ថ្មី​មួយ​របស់​ក្រសួង​សេដ្ឋ​កិច្ច​នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា​ ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក Fresh News ​កាលពី​ពេល​ថ្មីៗ​នេះ។

ប្រកាស​ស្តី​ពី​«ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ​ និង​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល»​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ និង​មាន​ហត្ថលេខា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ លោក​អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ភាគី​រដ្ឋាភិបាល​ដែល​មាន​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ជា​តំណាង​មាន​សមាជិក​១១​នាក់​ ដឹក​នាំ​ដោយ​លោក​គង់ វិបុល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ហើយ​ភាគី​ខាង​អង្គការ​សង្គមស៊ីវិល​ មាន​សមាជិក​១៧​ដឹកនាំ​ដោយ​លោកសឿង​ សារឿន​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា។

ប្រកាស​របស់​លោកអូន ព័ន្ធមុនីរ័ត្ន បាន​ពន្យល់​ថា ក្រុម​ការងារ​ចម្រុះនេះ​ មាន​ភារកិច្ច​ដែល​ត្រូវ​ធ្វើការ​ចម្រុះរួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ​ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​ច្បាប់​សារ​ពើ​ពន្ធ​ជាធរមាន។​

ផ្នែក​ខ្លះ​នៃ​ប្រការ​២​របស់​ប្រកាស​នេះបាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ពិនិត្យ និង​បកស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​ច្បាប់​ និង​បទប្បញ្ញត្តិ​នានា​ពាក់​ព័ន្ធ​នឹង​ពន្ធដារដែល​មាន​ភាព​មិន​ច្បាស់​លាស់​ ព្រម​ទាំង​កែ​សម្រួល និង​បង្កើត​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​តាម​ការ​ចាំបាច់​ ពិនិត្យ​បញ្ហា​នានា​ទាក់ទង​នឹង​ការ​អនុវត្ត​វិធាន​ និង​នីតិវិធី​សារពើ​ពន្ធ ​សំដៅ​បង្កើត​ជំនឿ​ទុកចិត្តរបស់​អ្នក​ជាប់​ពន្ធ​ និង​ធានា​ដល់​ការ​អនុវត្ត​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ឲ្យ​បាន​រលួន​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់»។​

ក្រុម​ការងារ​ចម្រុះ​ដដែលក៏ត្រូវ​ពង្រឹង​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​ទីប្រឹក្សា​ច្បាប់​ គណ​នេយ្យ សវន​កម្ម​ឯករាជ្យ​ និង​ភ្នាក់​ងារ​ផ្តល់​សេវា​ពន្ធ​ដារ។

ជាង​នេះ​ទៀត​ សហ​ប្រធាន​នៃ​ក្រុម​ការងារ​នេះត្រូវ​ដឹកនាំ​កិច្ច​ប្រជុំ​រាល់បី​ខែ​ម្តង​ ឬ​ក្នុង​ពេល​វេលា​ណាមួយ​តាម​ការ​ចាំបាច់។​ ក្នុង​ករណី​សហ​ប្រធាន​ណាមួយ​អវត្តមាន​ សហ​ប្រធាន​នោះអាច​ចាត់​តាំង​អនុប្រធាន​ ឬ​តំណាង​របស់​ខ្លួន​ដើម្បី​ចូល​រួម​ដឹកនាំ​កិច្ច​ប្រជុំ។​

លោកសឿង សារឿន​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជាមាន​ប្រសាសន៍​ប្រាប់​ VOA ​កាលពី​ថ្ងៃ​សុក្រ​ថា​ ក្រុមការងារ​ចម្រុះ​ថ្មី​នេះនឹង​រួម​ចំណែក​ដល់​ការ​ពន្លឿន​នីតិវិធី​បង់​ពន្ធ​ដែល​នៅ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ ខណៈដែល​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង​៥០០​តែ​ប៉ុណ្ណោះ​បាន​បំពេញ​កាតព្វ​កិច្ច​បង់​ពន្ធ​ក្នុងឆ្នាំ​២០១៨។​

«ដោយ​សារ​យើង​យល់​ឃើញ​ថា​ ការ​អនុវត្ត​ច្បាប់​សារពើ​ពន្ធ​ វា​នៅ​មាន​បញ្ហា​ច្រើនជាមួយ​នឹង​អង្គ​ការ​សង្គម​ស៊ីវិល​ បាន​ជាអង្គការ​សង្គម​ស៊ីវិល​ និង​រាជ​រដ្ឋាភិបាល​ហ្នឹង​លោក​ពិភាក្សាគ្នាដើម្បី​រក​ដំណោះ​ស្រាយ​រួម។ ​អ៊ីចឹង​ហើយ​បាន​មាន​ក្រុម​ការងារ​បច្ចេក​ទេស​រវាង​អង្គការ​សង្គម​ស៊ីវិល​ ហើយ​នឹង​អគ្គ​នាយដ្ឋាន​ពន្ធ​ដារ​ធ្វើ​ការ​ជាមួយ​គ្នា»។

VOA ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពីលោក​គង់ វិបុល​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ស្តីពី​ក្រុម​ការងារ​ចម្រុះ​ធ្វើការ​លើ​កិច្ច​ការ​ពន្ធដារ​នេះ​ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃក្រោយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ប្រាក់ សុខុន​ ​បាន​ផ្តល់​ដំបូន្មាន​ដល់​តំណាង​អង្គការ​ក្រៅ​រដ្ឋាបាល​អន្តរជាតិ​ប្រមាណ៣០០​នាក់ ឲ្យ​គោរព​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ដែល​កំពុង​បង្កើន​ការ​អនុវត្ត​ច្បាប់ និង​លើក​ស្ទួយ​នីតិរដ្ឋ។​

ទាក់​ទិន​បញ្ហា​ពន្ធដារ​នេះ រដ្ឋាភិបាល​កម្ពុជាត្រូវ​គេ​ចោទ​ថា ​បាន​យក​ចំណាត់​ពន្ធ​ដារ​នេះ​មក​គាប​សង្កត់សារ​ព័ត៌មាន​ឯករាជ្យ​ដែល​មាន​តិចតួច​នៅ​កម្ពុជា​ ដោយ​ក្នុង​នោះ​មាន​កាសែត​ The Cambodia ​Daily​ បាន​ប្រកាស​បិទទ្វារ​ដោយ​ខ្លួន​ឯង​ព្រោះ​ចាង​ហ្វាង​កាសែត​នេះអះអាង​ថា​ ខ្លួន​គ្មាន​លទ្ធភាព​ទូទាត់​ពន្ធ​មិន​ត្រឹមត្រូវ​ដែល​មាន​ចំនួន​ដល់​ទៅ​ជាង​៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG