ខណៈដែលក្រសួងមហាផ្ទៃកម្ពុជា បានសម្រេចបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីពង្រឹងសេវាសាធារណៈ បង្កើនសមត្ថភាពមន្ត្រីរាជការ និងលើកកម្ពស់ស្វ័យភាពរដ្ឋបាលមូលដ្ឋាន ក្រុមមន្ត្រីសង្គមស៊ីវិល បង្ហាញការស្វាគមន៍ចំពោះចំណាត់ការថ្មីរបស់រដ្ឋាភិបាលនេះ ដោយរំពឹងថា សាលាថ្មីនេះ អាចធានាប្រសិទ្ធភាពការងារប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាពជាងមុន។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ឲ្យដឹងថា ការបង្កើតសាលានេះ ជាសក្ខីភាពមួយបង្ហាញការឲ្យតម្លៃ ចំពោះកំណែទម្រង់វិមជ្ឈការរដ្ឋបាលមូលដ្ឋាន និងពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន។
«មានសារសំខាន់ណាស់ ដោយសារសេវាសាធារណៈ ដែលពលរដ្ឋត្រូវការជាចាំបាច់ភាគច្រើនគឺនៅជាមួយពលរដ្ឋនៅមូលដ្ឋាន។ ហើយការដែលយើងមានគោលនយោបាយពង្រឹងសមត្ថភាពមន្ត្រី នៅមូលដ្ឋាន ឬថ្នាក់ក្រោមជាតិ ឲ្យផ្ដល់សេវា ឲ្យមានប្រសិទ្ធភាព មានគុណភាព និងមានការទទួលខុសត្រូវ មានគណនេយ្យភាព ដើម្បីលើកកម្ពស់គុណភាព និងផលិតភាពនៃការផ្ដល់សេវា ជូនពលរដ្ឋ ជាពិសេស គឺពលរដ្ឋក្រីក្រ»។
បើតាមលោក ព្រាប កុល កន្លងមកឥរិយាបថរបស់មន្ត្រីថ្នាក់មូលដ្ឋានធ្លាប់មានភាពអសកម្មខ្លះ មានភាពយឺតយ៉ាវ និងពេលខ្លះទៀតមានការទាមទារលុយទឹកតែ ឬលុយក្រោមតុជាដើម។
ក៏ប៉ុន្តែលោកថា សកម្មភាពអសកម្មទាំងនោះ ហាក់មានភាពប្រសើរជាងមុននាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកឲ្យដឹងទៀតថា នៅក្នុងប្រទេសដទៃទាំងក្នុងតំបន់ និងលើពិភពលោក ក៏មានសាលារដ្ឋបាលមូលដ្ឋានដូចគ្នាដែរ ជាពិសេសប្រទេសកំពុងអភិវឌ្ឍ។
លោក ព្រាប កុល បន្ថែមថា សាលាជាតិរដ្ឋបាលមូលដ្ឋាននេះ ត្រូវការកំណត់កម្មវិធីបណ្ដុះបណ្ដាល ជាក់លាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋានជាក់ស្ដែងរបស់ពលរដ្ឋ។
«កត្តាទី១ គឺរៀបចំកម្មវិធីបណ្ដុះបណ្ដាល កម្មវិធីបង្រៀនហ្នឹងឲ្យចំជំនាញភាពចាំបាច់ និងតម្រូវការនៅមូលដ្ឋាន។ ទី២ គឺ ជ្រើសរើស និងផ្ដល់អាទិភាពទៅឲ្យមន្ត្រីដែលអនុវត្តផ្ទាល់ ក្នុងការផ្ដល់សេវា។ ហើយកត្តាមួយទៀត គឺធ្វើយ៉ាងម៉េចឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត ថាតើការបណ្ដុះបណ្ដាលមានគុណភាពសមស្របអាចទទួលយកបានទេ ដើម្បីធ្វើការកែលំអជាបន្តបន្ទាប់»។
ដូចគ្នាដែរ លោកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការ ដែលឃ្លាំមើលគោលនយោបាយកម្ពុជា បង្ហាញការសាទរចំពោះវត្តមាននៃសាលារដ្ឋបាលមូលដ្ឋានថ្មីនេះ។
លោកស្រី យល់ថាសាលាថ្មីនេះ ជាកន្លែងដែលមន្ត្រីថ្នាក់មូលដ្ឋាន អាចពង្រឹងសមត្ថភាព និងបំប៉នជំនាញអភិបាលកិច្ច និងគណនេយ្យភាពសង្គមរបស់ពួកគេ។
«យើងត្រូវការបង្កើនប្រសិទ្ធភាព លើការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋាន ដើម្បីឲ្យគាត់មានគណនេយ្យភាព មានន័យថាទទួលខុសត្រូវ និងឆ្លើយតបសេចក្ដីត្រូវការពលរដ្ឋ។ គោលនយោបាយយុទ្ធសាស្ត្រ រដ្ឋាភិបាលមានហើយ តែការអនុវត្តជាក់ស្ដែងនៅមិនទាន់មាន»។
លោកស្រីបន្តថា ដើម្បីឲ្យការអនុវត្តកាន់តែមានប្រសិទ្ធភាពទៀតនោះ វាទាមទារឲ្យមានការតាមដានកែលំអ និងការពិភាក្សាគ្នារវាងមន្ត្រីមូលដ្ឋានដែលអ្នកផ្ដល់សេវា និងពលរដ្ឋដែលជាអ្នកទទួលសេវានោះ។
សេចក្ដីសម្រេចបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាននេះ ធ្វើឡើងតាមរយៈអនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
អនុក្រឹត្យនេះ បញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋាននេះ មានភារកិច្ច រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព អភិវឌ្ឍកម្មវិធីសិក្សា ផ្ដល់វគ្គបណ្ដុះបណ្ដាល ព្រមទាំងផ្ដល់យោបល់លើគោលនយោបាយនានាពាក់ព័ន្ធប្រជាធិបតេយ្យថ្នាក់ក្រោមជាតិជាដើម។
VOA មិនទាន់អាចសុំការបកស្រាយលម្អិតពីមន្ត្រីរដ្ឋាភិបាលទទួលបន្ទុក ដំណើរការសាលានេះបានទេ នៅរសៀលថ្ងៃសុក្រនេះ៕