ដោយសារប្រាក់បៀវត្សរ៍តិចហើយការចំណាយកាន់តែច្រើនទៅតាមតម្លៃទំនិញលើទីផ្សារ ដែលចេះតែឡើងថ្លៃ មន្រ្តីរាជការរបស់ប្រទេសកម្ពុជាជាច្រើនត្រូវបង្ខំចិត្តធ្វើការច្រើនកន្លែងឬ ធ្វើការច្រើនម៉ោងដើម្បីរកចំណូលទប់ទល់ជីវភាព។
ជាក់ស្តែងលោកឡោ ថុយ ជាគ្រូកីឡានៅវិទ្យាល័យបឹងត្របែករស់នៅភូមិកោះក្របី ឃុំព្រែកថ្មី ស្រុក កៀនស្វាយក្រុងភ្នំពេញបានឱ្យដឹងថា ប្រាក់ខែគ្រូបង្រៀនរបស់គាត់បានប្រមាណជា៤០០.០០០រៀល គឺប្រហែលជា១០០ដុល្លារ ហើយនៅពេលទំនេរគាត់ត្រូវរត់ម៉ូតូកង់បីបន្ថែមទៀត។ មុខរបរបន្ថែមនេះ អាចជួយឲ្យគាត់រកចំណូលបានប្រហែលជា១០០ដុល្លារក្នុងមួយខែ។
លោកឡោ ថុយ មានអាយុជាង៤០ឆ្នាំមានកូនបីនាក់កំពុងសិក្សា។ ប្រពន្ធរបស់គាត់កាត់ដេរសម្លៀកបំពាក់នៅផ្ទះដែលអាចរកចំណូលបានមួយខែប្រហែលជា៥០ដុល្លារអាមេរិកបន្ថែមពីលើអ្វីដែលគាត់អាចរកបាន។
លោកឡោ ថុយ បានត្អូញត្អែរថា ការព្យាយាមរកប្រាក់ដោយគ្មានពេលទំនេរនេះស្ទើរតែមិនអាចទប់ទល់នឹងការចំណាយបាននោះទេ ពីព្រោះប្រេងសាំងនិងទំនិញផ្សេងៗបានឡើងថ្លៃជាបន្តបន្ទាប់។
«ជីវភាពខ្វះខាត ពីព្រោះប្រាក់ខែតែប៉ុណ្ណឹង វាមិនអាចចាយគ្រប់គ្រាន់ដល់មួយខែ។ យើងរត់ម៉ូតូកង់បីថែម ហើយប្រពន្ធរកខ្លះទៅ វាអាចបានទប់ទល់»។
លោកឡោ ថុយ បានឱ្យដឹងបន្តថា មិត្តភក្តិរបស់គាត់មួយចំនួនដែលជាមន្រ្តីរាជការក៏ធ្វើការងារក្រៅផ្សេងដែរដើម្បីទប់ទល់នឹងការចាយវាយនេះដូចជារត់ម៉ូតូឌុបនិងលក់ផ្លែឈើជាដើម។
ជាមួយគ្នានេះដែរលោកជា កុសល ជាមន្រ្តីរាជការនៃក្រសួងអប់រំ បានឱ្យដឹងថា ប្រាក់ខែរបស់គាត់៤៣០.០០០រៀលប្រហែលជា១០៥ដុល្លារអាមេរិក ក៏ប៉ុន្តែការចំណាយប្រចាំខែរបស់គាត់ដែលមានកូន២នាក់ និងប្រពន្ធបម្រើការងាររដ្ឋដូចគ្នាមានប្រាក់ខែប្រហែលជា១០០ដុល្លារដែរនោះគឺមិនអាចទប់ទល់នឹងការចំណាយប្រចាំខែបាននោះទេ ពីព្រោះជារៀងរាល់ខែ ការចំណាយទៅលើកូនរៀន ម្ហូបអាហារ ប្រេងសាំង ទឹក ភ្លើងគឺអស់ប្រហែលជា៤០០ដុល្លារអាមេរិក។
លោកបានឱ្យដឹងបន្តថា ប្រាក់ខែដែលមិនអាចទប់ទល់នឹងការចំណាយបែបនេះទើបបណ្តាលឱ្យគាត់ត្រូវយកពេលទំនេរពីធ្វើការខិតខំបង្រៀនកូនសិស្សនៅតាមផ្ទះចំនួនបីម៉ោងក្នុងមួយថ្ងៃ។ គាត់ទទួលបានប្រាក់ឈ្នួលប្រហែលជា៣០០ដុល្លារអាមេរិកក្នុងមួយខែពីការបង្រៀនក្រៅម៉ោងនេះ។
ក៏ប៉ុន្តែលោកបានត្អូញត្អែរថា ការរកប្រាក់បែបនេះគឺពិតជាមានការហត់នឿយខ្លាំងណាស់ ហើយប្រាក់ដែលបានមកនោះក៏គ្រាន់តែសម្រាប់ការចាយវាយប៉ុណ្ណោះ មិនមានអ្វីសោះសល់សម្រាប់នៅពេលឈឺនិងពេលចាស់នោះទេ។
«ប្រទេសយើងកំពុងអភិវឌ្ឍ។ អញ្ចឹងប្រាក់ខែមន្រ្តីរាជការមានលក្ខណៈទាប បើសិនជាយើងមិនរកចំណូលពីខាងក្រៅមកទប់ទល់និងជីវភាពយើងទេចាយអត់គ្រប់ទេ។ ប្រសិនដូចប្រទេសដទៃទៀត ប្រាក់ខែមន្រ្តីរាជការគេគ្រប់គ្រាន់។ អញ្ចឹងគេធ្វើការប្រាំបីម៉ោងទេ គេអាចចាយបានហើយ»។
លោកជា កុសល បានឱ្យដឹងបន្តថា មិត្តភក្តិគាត់មួយចំនួនដែលជាប៉ូលិសក្រៅពីម៉ោងធ្វើការត្រូវទៅយាមតាមធនាគារឬក្រុមហ៊ុនឯកជន ដើម្បីរកប្រាក់បន្ថែមពីលើប្រាក់ខែដែលបានតិចតួចនេះ។
ប្រទេសកម្ពុជាជាផ្លូវការមានមន្ដ្រីរាជការចំនួនជាង១៨០.៣០០នាក់។ ប្រមាណជា៦០ភាគរយនៃពួកគេទទួលបានប្រាក់បៀរវត្សរ៍ចន្លោះ៦៥ដុល្លារទៅ១០០ដុល្លារអាមេរិក។ ដោយបំពេញការងារចំនួនប្រាំបីម៉ោងក្នុងមួយថ្ងៃនិងប្រាំថ្ងៃក្នុងមួយសប្ដាហ៍។ នេះបើយោងតាមលោក ពេជ្រ ប៊ុនធិន រដ្ឋលេខាធិកា នៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។
លោកបានទទួលស្គាល់ថាពិតជាមានមន្រ្តីរាជការមួយចំនួនបានធ្វើការក្រៅម៉ោងដើម្បីរកប្រាក់កម្រៃទប់ទល់នឹងការចាយវាយផងនិងក៏ដើម្បីឱ្យជីវភាពកាន់តែប្រសើរថែមមួយកម្រិតទៀតដែរ។
«រដ្ឋាភិបាលគាត់បានគិតគូរហើយ បានឃើញប្រទេសជាតិយើងធូរធារប៉ុណ្ណេះហើយ យើងបាន រស់នៅប្រាក់ខែបានប៉ុណ្ណឹងយើងក៏មិនជាថ្ងូរទាមទារឲ្យលើលពីនេះពេកដែរ។ ខ្ញុំជឿថា មន្រ្តីរាជការទាំងអស់ យល់អំពីបញ្ហានេះ និងអត់ធ្មត់ រដ្ឋមិនមែនជាមេគោសម្រាប់តែមកឲ្យទឹកដោះទេ។ មន្រ្តីរាជការ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតដែរត្រូវថែមបំប៉នមេគោនេះ ដើម្បីមានទឹកដោះតទៅទៀត»។
ចាប់តាំងពីឆ្នាំ២០០៨មក រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការដំឡើងប្រាក់បៀរវត្សរ៍ដល់មន្ដ្រីរាជការជារៀងរាល់ឆ្នាំចំនួន២០ភាគរយលើប្រាក់ខែរបស់ពួកគេ។ ក៏ប៉ុន្ដែគណបក្សសម រង្ស៊ី ដែលជាគណបក្ស ជំទាស់និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរបស់លោក រ៉ុង ឈុន ធ្លាប់បានលើកជាញឹកញាប់ថា ប្រាក់ខែនោះ បើទោះបីជាមានការដំឡើងបន្ថែមក៏ដោយក៏មិនអាចអនុញ្ញាតឲ្យមន្ដ្រីរាជការអាចរស់នៅសមរម្យ ទៅតាមតម្លៃទំនិញនិងប្រេងសាំងលើទីផ្សារដែលចេះតែឡើងថ្លៃនោះដែរ។
លោក រ៉ុង ឈុន និងគណបក្សជំទាស់ធ្លាប់បានទាមទារឲ្យមានការដំឡើងប្រាក់បៀរវត្សរ៍មន្ដ្រីរាជការ គ្រូបង្រៀន ប៉ូលិស និងទាហានឲ្យបានយ៉ាងតិចចំនួនមួយលានរៀលឬស្មើនឹងប្រហាក់ប្រហែល២៥០ ដុល្លារអាមេរិកក្នុងមួយខែ។
«រដ្ឋាភិបាលមិនយកចិត្តទុកដាក់ មិនបានផ្តល់ដំណោះស្រាយឲ្យពួកគាត់។ បើចាប់គិតពីឆ្នាំ១៩៩៣ មកដល់ពេលនេះ ១៨ឆ្នាំហើយ មិនទាន់មានដំណោះស្រាយវិជ្ជមានណាមួយជូនពួកគាត់ ហើយវាផ្ទុយទៅ និងអនុសាសន៍របស់អង្គការ UNESCO ក្នុងប្រទេសកំពុងអភិវឌ្ឍន៍មិនឲ្យលើសពី១៥ឆ្នាំ ត្រូវតែដោះស្រាយបញ្ហាគ្រូបង្រៀន មន្រ្តីរាជការឲ្យមានលក្ខណៈល្អប្រសើរ»។
លោក ចាន់ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា ចំពោះបញ្ហាប្រាក់បៀរវត្សរ៍របស់មន្រ្តីរាជការ ដែលមិនអាចទប់ទល់នឹងការចំណាយបាននេះធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សេវាបម្រើសាធារណៈ ដូចជាសេវាអប់រំ និងសុខាភិបាលជាដើម ដោយមន្រ្តីទាំងនោះមិនបានយកចិត្តទុកដាក់ បំពេញការងារនោះទេ គឺពួកគាត់ត្រូវចំណាយពេលច្រើនទៅលើការរកប្រាក់ខាងក្រៅជាងការបំពេញភារកិច្ចការងាររបស់ពួកគាត់។
លោកបានមានប្រសាសន៍បញ្ជាក់ថា បើសិនជាបញ្ហានេះ នៅតែមិនមានការដោះស្រាយទៀតទេ នោះវានឹងផ្តល់ផលវិបាកជាច្រើនដល់សង្គម។
«នេះជាបញ្ហាអវិជ្ជមានមួយរ៉ាំរ៉ៃជាយូរមកហើយ។ យើងគួតែដោះស្រាយប្រសិនជានៅតែ បណ្តោយអញ្ចឹងទៀតគឺមានន័យថាសេវាសាធារណៈ គឺសេវាបម្រើប្រជារាស្រ្តពីមន្រ្តីរាជការយើងនៅតែមាន គុណភាពទាប មានកង្វះខាត សំខាន់ណាស់រឿងប្រសិទ្ធភាពនៃសេវាសាធារណៈ គឺត្រូវឲ្យមន្រ្តីរាជការមានប្រាក់បៀវត្សរ៍សមរម្យរស់នៅបានថ្លៃថ្នូរ ទើបមានការខិតខំបម្រើការងារបានច្បាស់លាស់ ជាកត្តាសំខាន់បំផុត ដើម្បីអនាគតដល់ប្រទេសខ្មែរយើង»។
ទោះជាយ៉ាងណាលោកពេជ្រ ប៊ុនធិន រដ្ឋលេខាធិកានៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈមានប្រសាសន៍ថា មន្ដ្រីរាជការកម្ពុជាទទួលបានប្រាក់ខែប្រសើរជាងបុគ្គលិករដ្ឋនៃប្រទេសជិតខាង។ ក៏ប៉ុន្ដែ លោកមិនបង្ហាញថា ប្រទេសជិតខាងនោះ ដូចជាប្រទេសណាខ្លះនោះទេ។
អង្គការសហប្រជាជាតិបានព្យាករណ៍ថា កម្ពុជានឹងប្រឈមនឹងអតិផរណារហូតដល់៦ភាគរយនៅឆ្នាំ២០១១បើធៀបទៅនឹងឆ្នាំ២០១០ដែលអតិផរណាមានជាង៤ភាគរយ។ ការវាយតម្លៃនេះដោយយោង ទៅលើតម្លៃប្រេងនិង ទំនិញនាំចូលបានកើនឡើងខ្ពស់។
អ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា អតិផរណាបន្ទុចបង្អាក់គម្រោងវិនិយោគដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនិងធ្វើឱ្យប៉ះពាល់ដល់បុគ្គលិករដ្ឋនិងអ្នកមានប្រាក់ខែថេរ ជាពិសេសប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រជាខ្លាំង។ មន្រ្តីជំនាញសេដ្ឋកិច្ចនិងមន្រ្តីគណបក្សជំទាស់ចាត់ទុកថាការផ្តល់ប្រាក់ខែមិនគ្រប់គ្រាន់បានបង្កឱ្យមានអំពើពុករលួយយ៉ាងខ្លាំងនៅប្រទេសកម្ពុជា៕