យោងតាមអង្គការគាំពារសិទ្ធិមនុស្សនិងបរិស្ថាន Global Witness ក្រុមហ៊ុនប្រេងឥន្ធនៈបារាំង TotalEnergies បានសហការជាមួយអាជ្ញាធរតង់សានី និងអ៊ូហ្កង់ដា ដើម្បីរឹតត្បិតកិច្ចប្រឹងប្រែងរបស់សហគមន៍ ដែលស្វះស្វែងរកសំណងចំពោះដីធ្លី ដែលត្រូវបានទន្ទ្រានយក សម្រាប់គម្រោងស្ថាបនាបំពង់បញ្ជូនប្រេងពីក្រុងកំពង់ផែ Tanga នៅតង់សានីទៅកាន់បឹង Lake Albert នៅអ៊ូហ្កង់ដា។ ក្រុមហ៊ុន TotalEnergies បានបដិសេធការចោទប្រកាន់នេះ ហើយអង្គការ Global Witness បានស្នើឱ្យមានការស៊ើបអង្កេតជាផ្លូវការពាក់ព័ន្ធនឹងបញ្ហានេះ។
តង់សានីនិងអ៊ូហ្កង់ដាមិនបានអធិប្បាយលើរបាយការណ៍ខាងលើនោះទេ ប៉ុន្តែការរិះគន់កាលពីដើមឡើយ រួមមាន ការរិះគន់ពីសំណាក់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងរឿងក្តីតុលាការប្រឆាំងនឹងការបាត់បង់ទីលំនៅ និងការបំពានផ្សេងៗ មិនបានបញ្ឈប់ ឬមានឥទ្ធិពលលើគម្រោងស្ថាបនាបំពង់បញ្ជូនប្រេង ដែលបានចាប់ផ្តើមនាឆ្នាំនេះនោះទេ។
អ្នកស្រី Hanna Hindstrom អ្នកស៊ើបអង្កេតជាន់ខ្ពស់ក្នុងយុទ្ធនាការការពារដីធ្លីនិងបរិស្ថានប្រចាំអង្គការ Global Witness បានថ្លែងប្រាប់វីអូអេថា ក្រុមហ៊ុន TotalEnergies មានការពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការរំលោភបំពានសិទ្ធិមនុស្ស ហើយទទួលបានផលប្រយោជន៍ពីបរិយាកាសនយោបាយផ្ដាច់ការនិយមនៅក្នុងប្រទេសទាំងពីរនេះ។
អ្នកស្រីថ្លែងថា៖ «យើងបានរកឃើញភស្តុតាងបង្ហាញថា ក្រុមហ៊ុន TotalEnergies តាមរយៈក្រុមហ៊ុនសាខា ក្រុមហ៊ុនជាប់កិច្ចសន្យា និងដៃគូរបស់ខ្លួន គឺជា ភាគីពាក់ព័ន្ធនៅក្នុងការគំរាមកំហែងនិងយាយីសហគមន៍ ដែលរងការប៉ះពាល់ដោយសារគម្រោងនេះ។ មនុស្សជាច្រើន ដែលយើងបាននិយាយជាមួយ លើកឡើងថា ពួកគេបានរងសម្ពាធឱ្យទទួលសំណងចំពោះដីធ្លី និងអចលនទ្រព្យរបស់ខ្លួន និងថា ពួកគេគិតថា សំណងនេះគឺមានទាប តែព្រមទទួលដោយសារតែការបំភិតបំភ័យនៅប្រទេសទាំងពីរនេះ។
របាយការណ៍របស់យើងបង្ហាញថា ក្រុមហ៊ុន Total ទទួលបានផលចំណេញពីលំហនយោបាយផ្ដាច់ការនិយមទាំងនៅអ៊ូហ្កង់ដានិងតង់សានី ពីព្រោះក្រុមអ្នកការពារបរិស្ថាននៅទីនោះមិនអាចនិយាយដោយបើកចំហប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ផូស៊ីលឥន្ធនៈបាននោះទេ»។
អង្គការ Global Witness និយាយថា ខ្លួនបានពិភាក្សាជាមួយសកម្មជន អ្នកជំនាញ អ្នកសារព័ត៌មាន និងពលរដ្ឋជាង ២០០នាក់ ដែលរងការប៉ះពាល់ដោយសារគម្រោងតម្លៃរាប់ពាន់លានដុល្លារនេះ។ លោក Jealousy Mugisha កសិករវ័យ ៥១ឆ្នាំ គឺជា បុគ្គលមួយរូបក្នុងចំណោមពលរដ្ឋ ដែលនិយាយថា ពួកគេបានបាត់បង់ដីធ្លី ដើម្បីបើកផ្លូវឱ្យមានការសាងសង់បំពង់បញ្ជូនប្រេង។
លោក Mugisha ដែលមានកូនប្រាំពីរនាក់ក្នុងបន្ទុក ថ្លែងប្រាប់ VOA ថា លោកបានបាត់បង់ដីធ្លីចំនួនពីរលើក ដោយលើកទីមួយនៅឆ្នាំ ២០១៧ នៅពេលដីជាងម្ភៃហិកតារបស់លោកត្រូវបានផ្ដល់ឱ្យក្រុមហ៊ុនចម្រាញ់ប្រេងមួយ ដើម្បីប្រើប្រាស់ជាកន្លែងប្រមូលយកប្រេង។
បន្ទាប់មកលោកបានបាត់បង់ដីចំនួនពីរហិកតាកន្លះទៀត ដែលស្ថិតនៅលើគន្លងបំពង់បញ្ជូនប្រេងក្នុងឆ្នាំ ២០១៩។ លោកបានបដិសេធមិនទទួលយកសំណងណាមួយ ដែលត្រូវបានផ្ដល់ឱ្យ ដោយនិយាយថា សំណងនោះមិនគ្រប់គ្រាន់។
លោក Mugisha ថ្លែងថា៖ «គោលដៅរបស់យើងគឺមិនមែនយើងចង់បំបិទគម្រោងរដ្ឋាភិបាល ឬគម្រោងប្រេងឥន្ធនៈនោះទេ ប៉ុន្តែយើងចង់ឱ្យពួកគេគោរពសិទ្ធិរបស់យើង។ យើងកំពុងតស៊ូដើម្បីសិទ្ធិរបស់យើង ហើយយើងដឹងពីបញ្ហាពាក់ព័ន្ធនឹងប្រេងនិងឧស្ម័ន តាមរយៈបទពិសោធន៍នៅក្នុងប្រទេស ដូចនៅនីហ្សេរីយ៉ា និងកន្លែងដទៃទៀត។ ពលរដ្ឋត្រូវបានគេយកដីធ្លី ហើយឥឡូវនេះ ពួកគេកំពុងតែរងគ្រោះ។ ដូច្នេះ យើងមិនចង់ឱ្យរឿងទាំងនេះកើតមាននៅអ៊ូហ្កង់ដានោះទេ។ ប៉ុន្តែយើងត្រូវការសំណងសមស្រប អាចជួយលើកស្ទួយជីវភាពបាន។ នេះជាអ្វីតែមួយគត់ ដែលយើងទាមទារ»។
យោងតាមគម្រោងស្ថាបនាបំពង់បញ្ជូនប្រេងឆៅនៅតំបន់អាហ្វ្រិកខាងកើត នៅក្នុងដំណាក់កាលដំបូងនៃការទទួលបានដីធ្លី ម្ចាស់កម្មសិទ្ធិត្រូវបានអនុញ្ញាតឱ្យបន្តប្រើប្រាស់ដីរបស់ខ្លួន ហើយចុងក្រោយ សំណងត្រូវបានគណនាទៅតាមការកម្រិតអនុញ្ញាតឱ្យមានការរំខាន និងបូកបន្ថែមតាមពេលវេលាគិតចាប់ពីការស្ទង់មតិកាលពីពេលដើម។
ម្ចាស់ដីនិយាយថា ពួកគេត្រូវបានអនុញ្ញាតឱ្យធ្វើការដាំដុះដំណាំតាមរដូវដូចជា ពោតនិងដំឡូងផ្អែម។ ម្ចាស់ដីខ្លះបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងការបង្ខំឱ្យចាកចេញ និងការផ្ដល់សំណងទាបទៅកាន់តុលាការក្នុងស្រុក និងតុលាការបារាំង។
ក្រុមហ៊ុន TotalEnergies បានបដិសេធការចោទប្រកាន់ថា ពួកគេបានគំរាមកំហែងពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងនេះ។ ក្រុមហ៊ុនប្រេងឥន្ធនៈនេះនិយាយថា ខ្លួនបានដាក់ចេញយន្តការទំនុកបម្រុងជាច្រើន ដើម្បីធានាថា អ្នកដែលរងការប៉ះពាល់ចុះហត្ថលេខាលើកិច្ចសន្យាដោយឆន្ទៈខ្លួនផ្ទាល់ និងថា ការព្រួយបារម្ភរបស់អ្នកទាំងនោះនឹងត្រូវបានយកចិត្តទុកដាក់យ៉ាងដិតដល់បំផុត។
លោក Maxwell Atuhura ជាប្រធានវិទ្យាស្ថានស្រាវជ្រាវ Tasha នៅអ៊ូហ្កង់ដា និងជាសកម្មជនបរិស្ថាន ដែលរងការវាយប្រហារចំពោះការប្រឆាំងនឹងគម្រោងស្ថាបនាបំពង់បញ្ជូនប្រេង។
លោកថ្លែងថា៖ «ការិយាល័យរបស់ខ្ញុំនៅកន្លែងនោះបានបិទ ហើយគេបានទុកពេលពីរម៉ោងឱ្យចាកចេញ ឱ្យចាកចេញពីស្រុក និងតំបន់របស់ខ្ញុំផ្ទាល់។ សន្តិសុខដែលធ្វើការឱ្យក្រុមហ៊ុនប្រេងបានប្រាប់ខ្ញុំថា គេទុកពេលឱ្យខ្ញុំពីរបីម៉ោងដើម្បីចេញពីស្រុកនេះ។ តើចង់ឱ្យខ្ញុំទៅកន្លែងណា? នេះជារឿងមួយ។ ចាប់តាំងពីពេលនោះមក ពួកគេបានចាប់ផ្តើមតាមខ្ញុំ ហើយទូរសព្ទរបស់ខ្ញុំក៏ត្រូវគេតាមដាន។ ខ្ញុំក៏បានជួបប្រទះហេតុការណ៍ដែលផ្ទះរបស់ខ្ញុំត្រូវបានគេលួចចូលផងដែរ»។
ប្រហែល ៨០ភាគរយនៃគម្រោងស្ថាបនាបំពង់បញ្ជូនប្រេងស្ថិតក្នុងប្រទេសតង់សានី ហើយផ្នែកសេសសល់ស្ថិតក្នុងប្រទេសអ៊ូហ្កង់ដា។ អង្គការ Global Witness និយាយថា បំពង់បញ្ជូនប្រេង ដែលការសាងសង់បានចាប់ផ្ដើមនាឆ្នាំនេះ បន្ទាប់ពីត្រូវពន្យារអស់រយៈពេលរាប់ឆ្នាំមកនេះ នឹងឆ្លងកាត់តាមដែនជម្រកសត្វព្រៃ តំបន់អភិរក្ស និងដីរបស់ជនជាតិដើម។
អ្នកគ្រប់គ្រងគម្រោងបំពង់បញ្ជូនប្រេងនេះលើកឡើងថា និយ័តករតង់សានី និងអ៊ូហ្កង់ដា បានអនុម័តលើការសិក្សាពីផលប៉ះពាល់លើបរិស្ថាននិងសង្គម ហើយគម្រោងនេះស្វះស្វែងបញ្ចៀសតំបន់ដែលមានមនុស្សរស់នៅ និងដែលមានភាពរំញោចផ្នែកបរិស្ថាន។ អង្គការ Global Witness បានអំពាវនាវឱ្យប្រទេសទាំងពីរការពារដីធ្លី និងសកម្មជនគាំពារសិទ្ធិមនុស្ស។ អង្គការអន្តរជាតិមួយនេះក៏បានអំពាវនាវឱ្យក្រុមហ៊ុន TotalEnergies គោរពតាមចំណាត់មិនអត់អោនដល់ការសងសឹកលើឬគំរាមកំហែងអ្នកដែលតស៊ូទាមទារ ដើម្បីដីធ្លីរបស់ខ្លួន ក៏ដូចជា អ្នកគាំទ្ររបស់ពួកគេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា