សម្លេងនៃយន្តហោះវាយប្រហារតាមអាកាសរបស់រុស្ស៊ីកំពុងសំដៅទៅទីក្រុង Aleppoដែលពោរពេញទៅដោយក្រុមឧទ្ទាមកាលពីដើមខែនេះ។
លោកស្រី Tirana Hassan នៃអង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា សង្រ្គាមស៊ីវិលដ៏ឃោរឃៅនៅប្រទេសស៊ីរី នៅតែជាវិបត្តិបន្ទាន់បំផុត ជាពិសេសសម្រាប់ជនភៀសខ្លួន។
«ជនភៀសខ្លួនជា អ្នកដែលកំពុងរត់គេចពីការវាយប្រហារតាមយន្តហោះឥតឈប់ឈររបស់កងកម្លាំងរុស្ស៊ី និងស៊ីរី។ ហើយយើងបានចងក្រងឯកសារពាក់ព័ន្ធនឹងករណីយន្តហោះវាយប្រហារមកលើសាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែងប្រជាជនទូទៅ។ ទ័ពរុស្សីនិងស៊ីរីកំពុងបាញ់តម្រង់លើជនស៊ីវិល និងទ្រព្យសម្បត្តិរបស់ពួកគេ។ នេះគឺជាឧក្រិដ្ឋកម្មសង្រ្គាមយ៉ាងពិតប្រាកដណាស់»។
នាពេលថ្មីៗនេះ លោកស្រី Hassan បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុង Kilisជាប់ព្រំប្រទល់ប្រទេសតួកគីនិងស៊ីរី ដែលមានជនភៀសខ្លួនថ្មីៗចំនួន៥៨.០០០នាក់ កំពុងប្រមូលផ្តុំគ្នារង់ចាំឆ្លងដែនទៅប្រទេសតួកគី។ រដ្ឋាភិបាលក្រុងអង់ការ៉ា បានបដិសេធមិនព្រមបើកច្រកព្រំប្រទល់ឡើយ។
«បណ្តាប្រទេសនៅទ្វីបអឺរ៉ុបបានព្យាយាមយកប្រទេសតួកគីធ្វើជាព្រំដែនការពារ ប៉ុន្តែវាមិនបានផលទេ។ ពេលនេះ ប្រជាជនដែលនៅតាមព្រំដែនតួកគី កំពុងតែអស់សង្ឃឹមជាខ្លាំង ហើយពួកគេកំពុងរកមធ្យោបាយឆ្លងដែនតាមច្រកខុសច្បាប់។ ហើយយើងក៏បានចងក្រងឯកសារជាច្រើនករណីទៀត ដូចជាការបាញ់កាំភ្លើងលើជនភៀសខ្លួនជុំវិញនោះដោយឆ្មាំការពារព្រំដែនរបស់តួកគីជាដើម»។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការលើកលែងទោសអន្តរជាតិ ដែលទើបចេញផ្សាយកាលពីថ្មីៗនេះ បានឲ្យដឹងថាវិបត្តិរបស់ប្រទេសស៊ីរីមានការពាក់ព័ន្ធនឹងភាពចុះដុនដាបនៃស្ថានភាពសិទ្ធិមនុស្សជាសកល។ អគ្គលេខាធិការ Salil Shetty បានបង្ហាញអំពីការរកឃើញនេះ។
«ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ នៅតែបន្តឈរមើលប្រទេសស៊ីរីប្រឈមនឹងការខូចខាតទាំងស្រុង ដោយមិនអាចជួយអ្វីបាន។ ប៉ុន្តែ មិនត្រឹមតែប្រទេសស៊ីរីទេ ប្រទេសអ៊ីរ៉ាក់ យ៉េមែន លីប៊ី ប៊ូរុនឌី និងកូរ៉េខាងជើង ក៏កំពុងតែស្ថិតក្នុងភាពរង្គោះរង្គើរផងដែរ។
លោក Shetty បានព្រមានថាប្រព័ន្ធដែលត្រូវបានតាក់តែងឡើងដើម្បីការពារសិទ្ធិមនុស្សនោះ កំពុងស្ថិតនៅក្រោមការវាយប្រហារ។
«បណ្តាប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជនភៀសខ្លួននោះ កំពុងតែរំលោភបំពានលើកិច្ចព្រមព្រៀងនេះ ដោយឥតអៀនខ្មាស នៅពេលមានប្រជាជនរាប់លាននាក់កំពុងរត់គេចពីសង្រ្គាម និងការធ្វើទុក្ខបុកម្នេញ។ ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក បានចូលរួមគ្នាជាក្រុមមួយ ដោយគម្រាមនឹងដើរចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ នៅក្នុងកម្រិតថ្នាក់តំបន់ របបសិទ្ធិមនុស្សរបស់អឺរ៉ុបកំពុងទទួលរងការគំរាមកំហែង។»
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បានគូសបញ្ជាក់នូវភាពជោគជ័យមួយចំនួនក្នុងឆ្នាំ២០១៥ ដែលរួមមាន ការដោះលែងអ្នកសារព័ត៌មាន Al Jazeera បីនាក់ដែលបានជាប់ឃុំនៅប្រទេសអេហ្ស៊ីប និងការបើកស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើស្ថានភាពនៅតំបន់ West Bank និងតំបន់ហ្គាហ្សា(Gaza)៕
ប្រែសម្រួលដោយ៖ សើ សាយ្យាណា