ព័ត៌មានចុងក្រោយពីស្ថានភាពនៅអាហ្វហ្គានីស្ថានមាននៅ Live Blog វីអូអខ្មែរ។
ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani រួមជាមួយអនុប្រធានាធិបតីនិងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបានជិះយន្តហោះចេញពីប្រទេសអាហ្វហ្គាកានីស្ថានកាលពីថ្ងៃអាទិត្យទុកឲ្យពួកបះបោរតាលីបង់ឡើងកាន់អំណាចវិញ២០ឆ្នាំបន្ទាប់ពីការលុកលុយផ្នែកយោធាដឹកនាំដោយសហរដ្ឋអាមេរិកដែលបានបណ្តេញពួកគេចេញពីអំណាច។
សមាជិកកំពូលៗរបស់គណៈកម្មការយោធាក្រុមតាលីបង់បានទៅដល់វិមានប្រធានាធិបតីនៅក្នុងរដ្ឋធានីកាប៊ុលខណៈពួកអ្នកប្រយុទ្ធតាលីបង់បានកាន់កាប់ទីកន្លែងសំខាន់ៗនៅក្នុងទីក្រុង។
លោក Mullah Abdul Ghani Baradar សហស្ថាបនិកនិងជាអនុប្រធានក្រុមតាលីបង់បានអបអរប្រជាពលរដ្ឋនិងយុទ្ធជន Mujahideen អំពីជ័យជម្នះរបស់ពួកគេនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអាទិត្យ។ លោកបានផ្ញើសារតាមវីដេអូជាភាសា Pashto ពីការិយាល័យរបស់លោកនៅក្នុងទីក្រុងដូហាប្រទេសកាតា។
ការិយាល័យរបស់លោក Baradar ក៏បានផ្សាយវីដេអូដែលគាត់និងសហការីមើលការផ្សាយផ្ទាល់អំពីប្រយុទ្ធជនតាលីបង់ចូលវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានីកាប៊ុលកាលពីយប់ថ្ងៃអាទិត្យ។
លោកនិយាយថា៖«ខ្ញុំនៅទីនេះប្រកាសថាយើងទទួលខុសត្រូវចំពោះជីវិតរបស់អ្នកនិងអ្វីៗទាំងអស់សម្រាប់ការរស់នៅប្រចាំថ្ងៃនិងធានាថាយើងនឹងផ្តល់អ្វីៗគ្រប់យ៉ាងដើម្បីឱ្យជីវិតអ្នកប្រសើរឡើង។ ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាននិងយុទ្ធជន Mujahideen»។
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បាននិយាយកាលពីរសៀលថ្ងៃអាទិត្យថា ក្រុមប្រយុទ្ធជនខ្លួនត្រូវបានបញ្ជាឲ្យយាមប៉ុស្តិ៍សន្តិសុខនិងទីកន្លែងផ្សេងៗនៅក្នុងរដ្ឋធានីកាប៊ុល«ដើម្បីរារាំងភាពច្របូកច្របល់និងការលួចបន្ទាប់ពីកងទ័ពសន្តិសុខអាហ្វហ្គានីស្ថានបានបោះបង់ប៉ុស្តិ៍ទាំងនេះ។
លោក Ghani បានចេញសេចក្តីថ្លែងការណ៍មួយនៅលើហ្វេសប៊ុកកាលពីយប់ថ្ងៃអាទិត្យថាគាត់បានចាកចេញពីប្រទេសដើម្បីរារាំងការបង្ហូរឈាម។គាត់បានទៅដល់ប្រទេសតាហ្ស៊ីគីស្ថានបន្ទាប់មកបានចាកចេញភ្លាមៗទៅកាន់ទីកន្លែងដែលគេមិនដឹង។នេះបើតាមបណ្តាញព័ត៌មាន RFE/RL។
លោក Ghani បានសរសេរថា៖ «ក្រុមតាលីបង់បានឈ្នះដោយដាវនិងកាំភ្លើង ហើយឥឡូវនេះពួកគេជាអ្នកទទួលខុសត្រូវដើម្បីការពារកិត្តិយសទ្រព្យសម្បត្តិនិងសេចក្តីថ្លៃថ្នូររបស់ជនរួមជាតិយើង។ ឥឡូវនេះ ពួកគេកំពុងប្រឈមការសាកល្បងជាប្រវត្តិសាស្ត្រថ្មី។តើពួកគេនឹងការពារកេរ្តិ៍ឈ្មោះនិងកិត្តិយសអាហ្វហ្កានីស្ថានឬផ្តល់អាទិភាពដល់ទីកន្លែងនិងបណ្តាញផ្សេងៗទៀត។ក្រុមតាលីបង់ត្រូវធានានឹងប្រជាពលរដ្ឋប្រជាជាតិ វិស័យផ្សេងៗនិងស្ត្រីរបស់អាហ្វហ្កានីស្ថានដើម្បីទទួលបានភាពស្របច្បាប់និងការទុកចិត្តពីប្រជាពលរដ្ឋ»។
លោក Abdullah Abdullah ប្រធានក្រុមប្រឹក្សាសម្របសម្រួលជាតិអាហ្វហ្គានីស្ថានបានចុះផ្សាយវីដេអូនៅលើហ្វេសប៊ុករិះគន់លោកGhani។
លោកបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាអតីតប្រធានាធិបតីបានចាកចេញចោលប្រទេសនិងប្រជាពលរដ្ឋក្នុងស្ថានភាពដ៏អាក្រក់។ព្រះជាម្ចាស់នឹងឲ្យលោកទទួលខុសត្រូវ»។
អនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Amrullah Saleh ដែលបានចាកចេញជាមួយលោកGhani ដែរនោះបានសន្យានៅក្នុងធ្វីតធឺថាមិនឱនក្បាលដាក់ក្រុមតាលីបង់ទេក៏ប៉ុន្តែលោកមិនបានឆ្លើយទៅនឹងសំណួរអំពីសេចក្តីរាយការណ៍ថា លោកបានចាកចេញពីប្រទេសទេ។
ក្រុមតាលីបង់បានដណ្តើមកាន់កាប់ផ្នែកភាគច្រើននៅក្នុងប្រទេសក្នុងពេលជាងមួយសប្តាហ៍ហើយបានទៅដល់ច្រកសំខាន់ៗនៃរដ្ឋធានីកាប៊ុលកាលពីថ្ងៃសៅរ៍។
សេចក្តីថ្លែងការណ៍ពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres កាលពីយប់ថ្ងៃអាទិត្យនិយាយថាអង្គការសហប្រជាជាតិបានជំរុញឲ្យក្រុមតាលីបង់ «អនុវត្តនូវការអត់ធ្មត់បំផុតដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋ»។ លោកបានបន្ថែមទៀតថាអង្គការមនុស្សធម៌ទាំងអស់ត្រូវតែត្រូវបានអនុញ្ញាតឲ្យផ្តល់ជំនួយដោយគ្មានការរារាំង។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅឯកិច្ចប្រជុំចំហមួយស្តីពីប្រទេសអាហ្វហ្គានីស្ថាននៅព្រឹកថ្ងៃច័ន្ទ។
សហរដ្ឋអាមេរិកនិងប្រទេសជាង៦០ទៀតបានចេញសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអាទិត្យអំពាវនាវឱ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានគោរពនិងសម្រួលការចាកចេញតាមរបៀបរៀបរយរបស់ពលរដ្ឋអាហ្វហ្គានីស្ថាននិងជនបរទេសដែលចង់ចាកចេញពីប្រទេសនេះ។
សាក្សីបាននិយាយថាមនុស្សប្រាំនាក់បានស្លាប់នៅក្នុងភាពវឹកវរនៅឯអាកាសយានដ្ឋានក្រុងកាប៊ុលនៅថ្ងៃច័ន្ទខណៈទាហានអាមេរិកការពារការជម្លៀសបុគ្គលិកស្ថានទូតមួយថ្ងៃបន្ទាប់ពីពួកតាលីបង់បានកាន់កាប់រដ្ឋធានីកាប៊ុល។
គេមិនទាន់ដឹងច្បាស់ភ្លាមៗថាជនរងគ្រោះស្លាប់ដោយរបៀបណានោះទេ។ មន្រ្តីអាមេរិកម្នាក់បាននិយាយថាកងទ័ពបានបាញ់ឡើងលើដើម្បីរារាំងមនុស្សដែលព្យាយាមចូលទៅជិះយន្តហោះយោធាសម្រាប់ដឹកអ្នកការទូតនិងបុគ្គលិកស្ថានទូតអាមេរិកចេញពីទីក្រុងនេះ។
ប្រភពនានាថាក្រុមតាលីបង់បានបន្តចរចាដោយមិនមានលោក Ghani នៅក្នុងការផ្ទេរអំណាចដោយនិយាយថា លោកមិនមែនជាប្រធានាធិបតីស្របច្បាប់។
ម៉្យាងទៀតឧត្តមសេនីយ៍អាមេរិកកំពូលបាននិយាយកាលពីថ្ងៃអាទិត្យថាឥឡូវនេះសហរដ្ឋអាមេរិកអាចប្រឈមកំណើនការគំរាមកំហែងភេរវកម្មពីប្រទេសអាហ្វហ្គានីស្ថានដែលកាន់កាប់ដោយក្រុមតាលីបង់។ ការព្រមាននោះកើតឡើងខណៈទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលទទួលខុសត្រូវតាមដានការគំរាមកំហែងទាំងនោះប្រឈមនឹងសំណួរថ្មីបន្ទាប់ពីយោធាអាហ្វហ្គានីស្ថានគាំទ្រដោយសហរដ្ឋអាមេរិកបានដួលរលំយ៉ាងល្បឿនគួរឱ្យភ្ញាក់ផ្អើល។នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters)