វិបត្តិបង្កឡើងដោយជំងឺកូវីដ១៩ បាននាំឱ្យសកម្មភាពជាច្រើនជាប់គាំងក្នុងសភាពស្ងៀមនឹង តែការណ៍នេះមិនបានបញ្ឈប់ទាល់តែសោះការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចនិងភាគីពាក់ព័ន្ធ នៅជុំវិញប្រទេសកម្ពុជា ខណៈកម្ពុជាកំពុងប្រឹងប្រែងទប់ទល់ការឆ្លងទ្រង់ទ្រាយធំនៃជំងឺផ្លូវដង្ហើមបែបថ្មីនេះ។
អ្នកវិភាគបានមើលឃើញអំពីការខិតជិតស្និទ្ធគ្នារបស់កម្ពុជាជាមួយប្រទេសចិន ដែលជាទីដំបូងគេនៃការផ្ទុះវីរុសកូរ៉ូណា និងការមើលមុខគ្នាកាន់តែពិបាកជាមួយវៀតណាមជាសម្ព័ន្ធមិត្តចាស់ ខណៈសហរដ្ឋអាមេរិកក៏បានព្យាយាមរំលេចនូវមុខងារនៃជំនួយរបស់ខ្លួន ផ្គត់ផ្គង់ឱ្យប្រទេសកម្ពុជាធ្វើការងារបច្ចេកទេសទប់ទល់នឹងវិបត្តិនេះផងដែរ។
ការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពីការប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ នៅក្នុងតំបន់ដែលកើតមាននៅកម្ពុជា និងបានរំលេចអំពីតួអង្គសំខាន់នៃនយោបាយការបរទេសកម្ពុជាផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃអង្គារ ក្នុងកិច្ចប្រជុំកំពូលអាស៊ានតាមរយៈការភ្ជាប់វីដេអូពីចម្ងាយមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងចំណាប់អារម្មណ៍របស់កម្ពុជា ដោយលោកបានលើកឡើងអំពីកង្វល់នៃរដ្ឋាភិបាលរបស់លោក ចំពោះប្រទេសជាមិត្តនានាក្នុងយុទ្ធនាការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
«អាស៊ានដែលជាសហគមន៍មានវាសនារួមគ្នាគប្បីត្រូវលើកកម្ពស់ និងសម្របសម្រួលកិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធចំពោះការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីបញ្ចៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ ដូចជាការចាត់វិធានការជាឯកតោភាគីជាអាទិ៍ ការបិទច្រកឆ្លងកាត់ព្រំដែន ដោយមិនបានជូនដំណឹងជាមុន»។
ទោះលោកហ៊ុន សែន ថ្លែងមិនចំឈ្មោះប្រទេសណា ក៏ក្នុងសេចក្ដីរាយការណ៍អំពីជំនួបនោះទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP គ្រប់គ្រងដោយរដ្ឋ បានបញ្ជាក់ដោយលើកពីសាវតារឿងដែលថា គឺប្រទេសវៀតណាម ដែលត្រូវបានរាយការណ៍ថាបានបិទព្រំដែន ដោយមិនបានជូនដំណឹងកម្ពុជាជាមុន កាលពីខែមីនាកន្លងទៅ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នស្រាវជ្រាវរបស់រដ្ឋាភិបាល មានប្រសាសន៍ថា ការលើកឡើងរបស់លោក ហ៊ុន សែន និងការបិទព្រំដែនជាឯកតោភាគី ជាសញ្ញាបង្ហាញថា ស្មារតីអាស៊ាន «សហគមន៍តែមួយ» ហាក់ពិបាកអនុវត្ត។
លោកសុខ ទូច ប្រាប់ VOA ថា៖ «នេះគ្រាន់តែជាការបន្ធូរអារម្មណ៍»។
លោកបន្ថែមថា៖ «លោកមិនបាច់និយាយដល់កម្ពុជាទេ។ លោកឧទាហរណ៍ លោកដើរទៅណាហើយប្រាប់ប្រពន្ធហើយ ហើយចុងក្រោយមកប្រពន្ធ បិទទ្វារចោល លោកដោយអត់ប្រាប់ លោកលោកមានអារម្មណ៍ថាម៉េច? អាហ្នឹងយើងនិយាយពីក្នុងគ្រួសារ ដូចគ្នាអាស៊ាន គ្រួសារអាស៊ានក្រែងថា ជោគវាសនាតែមួយហ្អេស ហើយអ្នកឯងបិទព្រំដែនដោយមិនប្រាប់គ្នាថា តើជោគវាសនាយ៉ាងម៉េចតែមួយ?»។
ស្ថានទូតវៀតណាមនៅភ្នំពេញ មិនបានឆ្លើយតបនឹងសំណើតាមសារអេឡិចត្រូនិករបស់ VOA ដែលសុំការអត្ថាធិប្បាយលើបញ្ហានេះទេ គិតត្រឹមថ្ងៃព្រហស្បតិ៍។
កាលពីថ្ងៃទី១៨ ខែមីនា កម្ពុជាបានអះអាងថា ភាគីវៀតណាម ដែលទីក្រុងភ្នំពេញតែងចាត់ទុកជា«មិត្តជាប្រពៃណី» បានបិទព្រំដែនគោករបស់ខ្លួន ដោយឯកតោភាគី និងមិនបានពិគ្រោះ ឬផ្ដល់ដំណឹងដល់កម្ពុជាទេ។
ក្នុងសារសំឡេងមួយផ្ញើជូនមន្ត្រីក្រោមបង្គាប់លោក ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីកម្ពុជាបិទព្រំដែនដែរ។ លោកនាយករដ្ឋមន្រ្តីបានហៅទង្វើរបស់ភាគីវៀតណាមថា «ពិបាកយល់»។
ចិនជាដៃគូប្រជែងជាប្រវត្តិសាស្ត្រជាមួយប្រទេសវៀតណាម។ ទីក្រុងហាណូយស្ថិតនៅជួរមុខនៃសមរភូមិ ប្រឆាំងការពង្រីកវាតទីរបស់ចិន ហើយប្រទេសមហាអំណាចនេះអះអាងពីការគ្រប់គ្រងអធិបតេយ្យភាពស្ទើរតែទាំងស្រុង នៅដែនសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ។
ប្រទេសចិន និងវៀតណាម ដែលជារដ្ឋកុម្មុយនីស្ដ បានស្ថិតក្នុងសង្គ្រាមពាក្យសម្ដីក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បន្ទាប់ពីវៀតណាមបានចោទកងកម្លាំងឆ្មាំសមុទ្ររបស់ចិនថា បុកពន្លិចទូកនេសាទរបស់ខ្លួននៅតំបន់ទឹកមានជម្លោះ។
នៅកម្ពុជាវិញ ខណៈវៀតណាមសម្រេចបិទព្រំដែនរបស់ខ្លួនជាមួយកម្ពុជា ដើម្បីបញ្ចៀសការរាតត្បាតវីរុសកូរ៉ូណា កងយោធពលខេមរភូមិន្ទកម្ពុជា កាលពីខែមីនា បានកំពុងធ្វើសមយុទ្ធរួមប្រចាំឆ្នាំជាមួយកងទ័ពរំដោះប្រជាជនចិន នៅខេត្តកំពត ជាប់ព្រំដែនវៀតណាម។
លោក មាស នី អ្នកអត្ថាធិប្បាយនយោបាយកម្ពុជា យល់ឃើញថា វៀតណាមអាចមានការបារម្ភអំពីការជិតស្និទ្ធគ្នារវាងកម្ពុជា និងចិន។
លោកបានប្រាប់ VOA យ៉ាងដូច្នេះថា៖ «នៅក្នុងស្ថានភាពបែបហ្នឹងបើសិនជាកម្ពុជាភ្លេចខ្លួននៅក្នុងការទំនាក់ទំនងជាមួយវៀតណាម ដែលជាមិត្តចាស់ ហើយដែលជាអ្នកដែលរដ្ឋាភិបាលកម្ពុជាតែងប្រើពាក្យថា ជាអ្នកមានគុណមកលើកម្ពុជា ក្នុងការរំដោះថ្ងៃ៧ មករាអីហ្នឹង អាហ្នឹងចង់មិនចង់ ក៏អាចធ្វើឱ្យវៀតណាមហ្នឹងគេមានអារម្មណ៍មិនពេញចិត្ត ឬក៏យ៉ាងហោចមានការប្រុងប្រយ័ត្នតាមដានមកលើទំនាក់ទំនងហ្នឹងដែរបាទ!»។
តែសម្រាប់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថាប្រទេសជាសមាជិកអាស៊ាននីមួយៗដែលពិបាកធ្វើការជាសហគមន៍តែមួយនោះ ក៏ដោយសារតែពួកគេ «មានបងធំរៀងខ្លួន» ហើយវៀតណាមមិនគួរអាក់អន់ស្រពន់ចិត្តទេ។
«ប៉ុន្តែវៀតណាមក៏ត្រូវគិតដែរ។ ខ្លួនឯងឆ្លាត គេក៏ឆ្លាតដែរ ឆ្លាតអីតែខ្លួនឯង។ ខ្លួនឯងកុម្មុយនីស្ដទៅចាប់អាមេរិកប្រទេសប្រជាធិបតេយ្យ ហេតុអ្វីក៏មានសេចក្ដីសុខម្ល៉េះ? ឯកម្ពុជាទៅចាប់រឿងអីអន់ចិត្តកម្ពុជា?»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើង ដោយបដិសេធចំពោះការណ៍ដែលថាភ្នំពេញ និងហាណូយ អាចមានរឿងរកាំរកូសជាមួយគ្នា។ លោកបានប្រាប់ VOA តាមទូរស័ព្ទយ៉ាងដូច្នេះថា៖
«ដូចជាមិនមានបញ្ហាអ្វីទេរឿងហ្នឹងបាទ! សម្ដេច[លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន] លោកគ្រាន់តែជាការរំឭកដល់អាស៊ានទាំងអស់ណា ដើម្បីធ្វើយ៉ាងណា មុនធ្វើឱ្យបានដឹងជាមុន ដើម្បីយើងមានវិធានការសមស្រប ដើម្បីកុំឱ្យប្រជាពលរដ្ឋរវាងអាស៊ានហ្នឹងមិនមានបញ្ហាប្រឈមទៅណា!»។
លោក Carlyle A. Thayer អ្នកជំនាញដែលស្រាវជ្រាវទាក់ទងនឹងវៀតណាមនៅសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី បានលើកឡើងថា ការណ៍ដែលវៀតណាមបិទព្រំដែនជាមួយកម្ពុជា បង្ហាញពីយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងការគ្រប់គ្រងជំងឺឆ្លងកូវីដ១៩ផង និងបង្ហាញពីការមិនទុកចិត្តថា អាជ្ញាធរសុខាភិបាលកម្ពុជាបានទប់ស្កាត់ការរីករាលដាលជំងឺបានល្អ។
សាស្ត្រាចារ្យជើងចាស់រូបនេះបានបញ្ជាក់ប្រាប់ VOA តាមសារអេឡិចត្រូនិក ក្នុងន័យដើមយ៉ាងដូច្នេះថា៖ «វៀតណាមបើមិនភិតភ័យ ក៏ត្រូវតែមានស្មារតីប្រុងប្រយ័ត្នដែរ ចំពោះអ្វីដែលទំនងជាការឆ្លើយតបប្រកបដោយភាពចម្រូងចម្រាសរបស់កម្ពុជាចំពោះជំងឺឆ្លងកូវីដ១៩»។
លោក Carlyle A. Thayer បានបន្ថែមថា វៀតណាមបានកត់សម្គាល់ដោយប្រុងប្រយ័ត្នចំពោះចំណាត់ការដំបូងៗរបស់កម្ពុជា ពេលជំងឺកូវីដ១៩ ចាប់រាតត្បាតនៅទីក្រុងមួយរបស់ប្រទេសចិន ដែលកម្ពុជាបដិសេធការស្នើឱ្យមានការបិទជើងហោះហើរ ហើយមិនជន្លៀសពលរដ្ឋខ្លួនចេញពីស្រុកចិនថែមទៀតផង។
«សរុបបូករួមទៅលោក ហ៊ុន សែន នាគ្រានោះចង់បង្ហាញថា កម្ពុជាគឺជាដៃគូដ៏គួរឱ្យជឿទុកចិត្តបានរបស់ប្រទេសចិន»។
ក្នុងកាយវិការចង់សម្រុះសម្រួលនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានហៅទូរស័ព្ទមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមីនា ហើយនៅថ្ងៃដដែល ប្រមុខរដ្ឋាភិបាលវៀតណាមរូបនោះ ក៏បានទទួលជួប លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងហាណូយផងដែរ។
ក្រោយពីជំនួបនោះ វៀតណាមបានប្រកាសអំពីការផ្ដល់ជំនួយជាឧបក្ខារវេជ្ជសាស្ត្រតម្លៃ ១០ម៉ឺនដុល្លារ និងសម្ភារៈសម្រាប់តេស្ដវីរុសកូរ៉ូណា តម្លៃប្រមាណ ២១ម៉ឺនដុល្លារ ដល់កម្ពុជា ខណៈអង្គភាពយោធារបស់វៀតណាម គឺយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ក៏បានផ្ដល់សម្ភារៈពេទ្យដល់អង្គភាពកងទ័ពរបស់កម្ពុជាផងដែរ។
យ៉ាងណាក៏ដោយ ជំនួយរបស់រដ្ឋាភិបាលចិនមកកម្ពុជាក៏មានរួចជាស្រេចផងដែរ។ អំឡុងចុងខែមីនា និងដើមខែមេសានេះ ស្ថានទូតចិននៅភ្នំពេញបានអះអាងអំពីការបញ្ជូនជំនួយជាសម្ភារៈពេទ្យជាច្រើនតោន មកកម្ពុជា និងមានការបញ្ជូនក្រុមអ្នកជំនាញការវេជ្ជសាស្ត្រទាំងស៊ីវិល ទាំងយោធាសរុប១១នាក់ មកកម្ពុជា ដើម្បីង្រៀន និងជួយកម្ពុជាក្នុងការទប់ស្កាត់វីរុសកូរ៉ូណា។
ស្ថានទូតចិននៅភ្នំពេញមិនបានឆ្លើយតបសំណើសុំធ្វើបទសម្ភាសន៍របស់ VOA នោះទេ។ កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានលើកឡើងថា ចិនប្ដេជ្ញាជួយកម្ពុជាប្រយុទ្ធយកឈ្នះឱ្យខានតែបានលើជំងឺឆ្លងរាតត្បាតកូវីដ១៩។
«រឹងមាំឡើងកម្ពុជា»។ នេះជាការលើកឡើងរបស់ លោក Zhao Lijian ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៨ ខែមេសា។
ការបញ្ជូនជំនួយទៅបរទេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានក្លាយជាចំណុចស្នូលក្នុងសភាពការណ៍ចំពោះមុខនៃគោលនយោបាយការបរទេសចិន ខណៈដែលមេរោគនេះផ្ទុះឡើងដំបូងចេញពីប្រទេសចិនខ្លួនឯងតែម្ដង។ នេះជាការលើកឡើងរបស់លោកស្រី Stella Hong Zhang ដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ George Mason សហរដ្ឋអាមេរិក។
លោកស្រី Stella Hong Zhang ដែលស្រាវជ្រាវលើមុខងាររបស់ចិនក្នុងការអភិវឌ្ឍសកល បានប្រាប់ VOA តាមសារអេឡិចត្រូនិកយ៉ាងដូច្នេះថា៖
«ឥឡូវនេះគឺថា ចិនបានវិវត្តខ្លួនចេញពីការរីករាលធ្ងន់ធ្ងរនៃមេរោគឆ្លងនេះ ហើយចាប់បន្តនូវសកម្មភាពសេដ្ឋកិច្ចជាប្រក្រតីឡើងវិញ ប្រទេសនេះស្ថិតក្នុងកាលៈទេសៈ ពិសេសមួយក្នុងការផ្ដល់សម្ភារបច្ចេកទេសជាជំនួយ និងចែករំលែកបទពិសោធន៍នៃការប្រយុទ្ធនឹងមេរោគឆ្លងនេះ ជាមួយប្រទេសដទៃទៀត»។
លោកស្រីក៏បានបញ្ជាក់ផងដែរថាធ្វើដូច្នេះប្រទេសចិនក៏ស្វះស្វែងរកការប៉ះប៉ូវ លើការអាក់អន់ស្រពន់ចិត្ត និងការគិតក្នុងចំណោមប្រទេសនានាដែលកំពុងប្រឈមនឹងមេរោគនេះហើយបានឮសម្ដីអ្នកការទូតចិនចចេសនិយាយថា វីរុសនេះមិនមែនមានដើមកំណើតពីប្រទេសចិនទៅវិញ។
«ថាតើតាមរយៈការផ្ដល់ជំនួយទៅគ្រប់ទិសទីបែបនេះប្រទេសនានា នឹងមើលមកប្រទេសចិនក្នុងក្រសែភ្នែកភ្លឺថ្លាជាងនេះឬយ៉ាងណា ជារឿងមួយផ្សេងទៀត ហើយនិងត្រូវកំណត់ដោយទំនាក់ទំនងនយោបាយ ដែលស្ថិតស្ថិរចីរកាល មានវត្តមានរួចជាស្រេចក្នុងប្រទេសនីមួយៗ»។
សហរដ្ឋអាមេរិកបានក្លាយជាចំណុចក្តៅនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចាប់តាំងពីខែមីនាមក ឆ្លងចូលដល់ខែមេសានេះ ដោយមានអត្រាអ្នកឆ្លង និងអ្នកស្លាប់ច្រើនជាងគេក្នុងពិភពលោក។
លោកស្រី Stella Hong Zhang បានលើកឡើងថា៖ «ឥរិយាបថនៃថ្នាក់ដឹកនាំនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន និងសហរដ្ឋអាមេរិក គឺត្រូវកំណត់រួចជាស្រេចដោយលក្ខខណ្ឌស្ថានភាពដែលមានស្រាប់ ដោយមិនអាស្រ័យលើប្រសិទ្ធភាពនៃការគ្រប់គ្រងទប់ទល់របស់ចិននិងអាមេរិកជាមួយវីរុសនេះបានល្អ ឬមិនល្អយ៉ាងណានោះទេ។
យ៉ាងណាក៏ដោយ នៅប្រទេសកម្ពុជា ការទូតសុខាភិបាលរបស់សហរដ្ឋអាមេរិក ក៏បានកើតឡើង កាលពីសប្ដាហ៍មុន នៅពេលដែលគេឃើញលោកឯកអគ្គរដ្ឋទូត W. Patrick Murphy ធ្វើដំណើរទស្សនកិច្ចទៅកាន់ស្ថាប័នវេជ្ជសាស្ត្រនានារបស់កម្ពុជា ដែលទទួលជំនួយពីសហរដ្ឋអាមេរិក គឺនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅក្រសួងសុខាភិបាល។
លោកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកនៅភ្នំពេញ បានលើកឡើងថាសហរដ្ឋអាមេរិកបានផ្ដល់ជំនួយគិតជាទឹកប្រាក់ ២លាន១០ម៉ឺនដុល្លារអាមេរិក ហើយចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ២០០០មក អាមេរិកបានជួយកម្ពុជាពង្រឹងសមត្ថភាពធ្វើទំនើបកម្មមន្ទីរពិសោធន៍ និងការគ្រប់គ្រងជំងឺឆ្លង។
«បុគ្គលិកទាំងជាតិអាមេរិកនិងជាតិកម្ពុជានៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើការនៅកម្ពុជាបានធ្វើការប្រកៀកស្មាជាមួយក្រសួងសុខាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានាផ្សេងទៀត ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីកំណត់ផែនការ និងដាក់ចេញអនុវត្តបណ្ដាការងារស្នូលមួយចំនួន»។
ការងារទាំងនោះ រួមមានការកំណត់លក្ខខណ្ឌសមស្របនៃការដាក់បុគ្គលដែលត្រូវបានសង្ស័យថាឆ្លង ឱ្យនៅដាច់ដោយឡែក ការតាមដានករណីឆ្លង ការត្រួតពិនិត្យ ស្វែងរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាដើម។ នេះបើយោងតាមអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិករូបនេះ។
លោក មាស នី អ្នកអត្ថាធិប្បាយនយោបាយ បានលើកឡើងថា ការណ៍ដែលសហរដ្ឋអាមេរិកចេញមកបង្ហាញប្រាប់សាធារណជនកម្ពុជា អំពីមុខងាររបស់ខ្លួននេះ ក៏ដោយសារតែការទទួលស្វាគមន៍ មិនសមាមាត្រគ្នារបស់កម្ពុជា ពេលទទួលជំនួយចិន និងជំនួយប្រទេសដទៃក្រៅពីចិន។ លោកថា ពេលដែលជំនួយចិនមកដល់មានការផ្សព្វផ្សាយនិងការទទួលរាក់ទាក់យ៉ាងកក់ក្តៅ ខុសប្លែកពីពេលដែលកម្ពុជាទទួលជំនួយពីប្រទេសផ្សេងទៀត។
ក្រៅពីសហរដ្ឋអាមេរិក ចិន និងវៀតណាម កម្ពុជាក៏បានទទួលជំនួយប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីប្រទេសអាល្លឺម៉ង់ គិតជាទឹកប្រាក់ ១លាន៦០ម៉ឺនដុល្លារ ពីធនាគារពិភពលោក គិតជាទឹកប្រាក់ ២០លានដុល្លារ និងពីប្រទេសជប៉ុនគិតជាទឹកប្រាក់ ២០លានដុល្លារ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា កម្ពុជានិយមរាប់អានគ្រប់ភាគីបរទេសទាំងអស់ដោយមិនប្រកាន់នរណាជានរណានោះទេ។
«បាទអ៊ីចេះ នយោបាយថែរក្សាមិត្តចាស់ ពង្រីកមិត្តថ្មី គឺថាយើងប្រើគ្រប់ពេលទេមិនមែនថាទាល់តែកាលៈទេសៈនេះ បានយើងឆ្លៀតធ្វើឱ្យបានចំណេញកាន់តែច្រើន គឺអត់ទេ គឺថាយើងអនុវត្តនយោបាយនេះគឺជាប្រចាំទេបាទ!»៕