កំណត់និពន្ធ៖ អតីតអ្នកការទូត អ្នកស្រាវជ្រាវនិងសកម្មជនសិទ្ធិមនុស្សបានជួបជុំគ្នា នៅសាកលវិទ្យាល័យមែលប៊ិន (Melbourne) ប្រទេសអូស្ត្រាលីដើម្បីសម្ពោធសៀវភៅ «ការស្វែងរកយុត្តិធម៌នៅកម្ពុជា៖ អ្នកការពារសិទិ្ធមនុស្សបកស្រាយ» (Seeking Justice in Cambodia: Human Rights Defenders Speak Out)។
សៀវភៅនេះចងក្រងដោយលោកស្រី ស៊ូ ខូហ្វហ្វី (Sue Coffey) អ្នកផ្តល់ប្រឹក្សាលើផ្នែកទំនាក់ទំនងនិងគោលនយោបាយសិទ្ធិមនុស្ស ហើយមានការដកស្រង់សម្តីនិងការប្តេជ្ញាចិត្តរបស់សកម្មជនការពារសិទ្ធិមនុស្សដ៏ឆ្នើមនៅកម្ពុជាជាច្រើនរូប។
លោកសាស្ត្រាចារ្យ ហ្ការ៉េត អេវ៉ានស៍ (Gareth Evans) អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនិងជាអ្នកចូលរួមផ្តួចផ្តើមឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១សម្រាប់ប្រទេសកម្ពុជា បានចូលរួមថ្លែងសុន្ទរកថានៅក្នុងពិធីសម្ពោធសៀវភៅនេះកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ខាងក្រោមនេះជាការបកប្រែក្រៅផ្លូវការនូវសុន្ទរកថាទាំងស្រុងរបស់លោកហ្គារ៉េត អេវ៉ានស៍៖
«ការស្វែងរកយុត្តិធម៌នៅកម្ពុជា»
សុន្ទរកថារបស់
លោកសាស្ត្រាចារ្យ ហ្គារ៉េត អេវ៉ានស៍
ការខកចិត្តដ៏ធំបំផុតមួយនៃជីវិតសាធារណៈរបស់ខ្ញុំគឺការបរាជ័យរបស់សហគមន៍អន្តរជាតិ--និងការបរាជ័យរបស់ខ្ញុំផ្ទាល់--ការបរាជ័យរបស់យើងទាំងអស់គ្នា--គឺការតម្រូវគ្នារវាងការធ្វើឱ្យមានសន្តិភាពនៅកម្ពុជាដែលពួកយើងជាច្រើននាក់បានខិតខំយ៉ាងខ្លាំងដើម្បីសម្រេចវាជាមួយនឹងការសម្រេចបានលទ្ធផលមួយផ្នែកទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
ការពិតបង្ហាញយ៉ាងច្បាស់នៅក្នុងលទ្ធផលនៃការបោះឆ្នោតឆ្នាំ១៩៩៣។ មនុស្សជាច្រើននឹងនៅចងចាំនូវក្តីសប្បាយរីករាយដ៏ក្រៃលែងដែលយើងមានអារម្មណ៍នៅពេលនោះ រំភើបនឹងក្តីសង្ឃឹមនៃសន្តិភាពដែលកើតមានឡើងនៅទីបំផុត និងឱកាសដែលមនុស្សជាច្រើនបានទន្ទឹងរង់ចាំនៅក្នុងជីវិតរបស់ពួកគេ និងការប្រឆាំងនឹងការគំរាមកំហែងនិងការភ័យខ្លាចការវាយប្រហារដោយគ្រាប់បែកពីពួកខ្មែរក្រហម ប្រជាជនខ្មែរស្លូតត្រង់ -មានទាំងបុរស ស្ត្រី កុមារនិងគ្រួសាររបស់ពួកគេទាំងមូលរាប់ពីជីដូនរហូតដល់ទារក-បានតម្រង់ជួរនៅការិយាល័យបោះឆ្នោត។
សម្រាប់មនុស្សភាគច្រើន វាគួរឱ្យភ្ញាក់ផ្អើលដែលគណបក្សឈ្នះឆ្នោតគឺគណបក្សរាជានិយមរបស់ សម្តេចសីហនុ ជាមួយគ្នានោះ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ជាប់លំដាប់ទី២។ ប៉ុន្តែលោក ហ៊ុន សែន បានបដិសេធយ៉ាងដាច់អហង្ការមិនទទួលយកលទ្ធផលនេះ ហើយនៅទីបំផុតការរៀបចំការចែករំលែកអំណាចដ៏ចម្រូងចម្រាសមួយត្រូវបានធ្វើឡើង ហើយត្រូវបានទទួលយកដោយគ្មានការជំទាស់ពីសហគមន៍អន្តរជាតិ។ នេះគឺជាការទស្សន៍ទាយរឿងរ៉ាវដែលនឹងកើតឡើងដោយសារតែការប្រឆាំងរបស់ លោក ហ៊ុន សែនប្រកបដោយអំពើហិង្សានោះបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះសិទ្ធិអំណាចនៃគណបក្សរបស់លោកគឺបញ្ហាសិទ្ធិមនុស្សជាទូទៅមិនមានភាពល្អប្រសើរឡើយ។
អស់លោក-លោកស្រីនឹងនៅចងចាំការវាយប្រហារដោយគ្រាប់បែកដៃនៅខែមីនា ឆ្នាំ ១៩៩៧ ទៅលើបាតុកម្មរបស់ក្រុមជំទាស់ដែលដឹកនាំដោយ លោក សម រង្ស៊ី ដែលបានសម្លាប់មនុស្ស ១៧ នាក់និងបានរងរបួសជាងមួយរយនាក់។ បន្ទាប់មកខែកក្កដាឆ្នាំនោះបន្ទាប់ពីអំឡុងពេលមិនចុះសម្រុងគ្នានៃការចែកអំណាចជាមួយក្រុមរាជានិយមរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារបង្ហូរឈាមមួយដែលគូប្រជែងរបស់គាត់ត្រូវបាននិរទេស ចាប់ខ្លួន រងការធ្វើទារុណកម្ម ហើយមនុស្សមួយចំនួនត្រូវបានសម្លាប់យ៉ាងឃោរឃៅ។
ខណៈពេលដែលហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចទាំងនេះបានធ្វើឱ្យមានការថ្កោលទោសពីអន្ដរជាតិនៅពេលនោះ ប៉ុន្តែគ្មានប្រតិកម្មរបស់អន្តរជាតិណាមួយមានប្រសិទ្ធភាពឬមានទម្ងន់គ្រប់គ្រាន់ក្នុងការទប់ស្កាត់ការពង្រឹងអំណាចផ្ដាច់ការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ វាគ្រប់គ្រាន់ហើយសម្រាប់សហគមន៍អន្តរជាតិដែលសញ្ញាណផ្លូវការនៃការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យត្រូវបានស្ដារឡើងវិញដោយគ្មាននរណាម្នាក់ចង់ស្វែងយល់ពីតថភាពដ៏សំខាន់នៅពីក្រោយរឿងនេះ។ នៅពេលនោះ ខ្ញុំចង់ជឿថាការផ្លាស់ប្តូរនៅឆ្នាំ ១៩៩៧ គឺជារឿងបណ្តោះអាសន្ន ហើយមានមនុស្សជាច្រើនក៏ជឿដូចខ្ញុំដែរ។
ប៉ុន្តែអ្វីៗមិនបានល្អប្រសើរទេនៅប៉ុន្មានឆ្នាំបន្ទាប់មក។ នៅឆ្នាំ ២០១៤ មានអំពើហិង្សាដ៏ប្រល័យកាន់តែច្រើនឡើងៗប្រឆាំងនឹងបាតុករគ្មានអាវុធនៅនឹងដៃដែលធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការបោះឆ្នោតថ្នាក់ជាតិដែលមានកំហុសយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំមុនហើយការបាញ់ស្លាប់កម្មករកាត់ដេរចំនួន៥នាក់នៅរាជធានីភ្នំពេញពេលដែលពួកគេទាមទារដោយសន្តិភាពនូវប្រាក់ឈ្នួលអប្បបរមាដែលពួកគេគួរទទួលបាន។ ព្រឹត្តិការណ៍នេះបាននាំឱ្យខ្ញុំសរសេរអត្ថបទវិចារណកថាបែបទស្សនៈសាកលមួយដោយបានលើកឡើងជាចម្បងថា៖ «រដ្ឋាភិបាលកម្ពុជាមិនបានទទួលការដាក់ទោសទណ្ឌចំពោះការសម្លាប់មនុស្ស ... លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់ឥឡូវនេះបានទៅហួសពីភាពក្រៅច្បាប់។ វាដល់ពេលដែលត្រូវបង្ហាញឈ្មោះ ធ្វើឱ្យខ្មាស់អៀន ស៊ើបអង្កេតនិងដាក់ទណ្ឌកម្មមេដឹកនាំនយោបាយកម្ពុជាដោយសហគមន៍អន្តរជាតិ»។
ជំហរនោះត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយព្រឹត្តិការណ៍ជាបន្តបន្ទាប់ រហូតឈានដល់កម្រិតខ្ពស់បំផុតនៅរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្នុងចំណោមអំពើសាហាវយង់ឃ្នងទាំងនោះរួមមាន៖
- ការសម្លាប់សកម្មជននយោបាយដ៏ល្បីល្បាញ លោក កែម ឡី ទាំងកណ្តាលថ្ងៃដោយឥតអៀនខ្មាស់ ដែលប្រពន្ធរបស់គាត់គឺអ្នកស្រី ប៊ូ រចនា កំពុងតែរស់នៅជាមួយពួកយើងក្នុងប្រទេសអូស្ត្រាលី។
- ការបិទកាសែតខេមបូឌាដេលីបន្ទាប់ពីទទួលបានវិក្កយបត្រពន្ធដ៏ធំសម្បើម ការបិទស្ថានីយវិទ្យុឯករាជ្យជាច្រើននិងការគំរាមកំហែងជាប្រព័ន្ធដល់អ្នកសារព័ត៌មានផ្សេងទៀត។
- ការធ្វើទុក្ខបុកម្នេញតាមរយៈការរាំងស្ទះតាមផ្លូវច្បាប់និងការគំរាមកំហែងដោយផ្ទាល់ទៅលើសហជីពការងារ ក្រុមបរិស្ថាននិងអង្គការក្រៅរដ្ឋាភិបាល និងបណ្តាញក្រុមជំទាស់ដទៃទៀត។
- ការដាក់គុកមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា លើបទចោទប្រកាន់ដែលប្រឌិតឡើងទាំងស្រុងពី «អំពើក្បត់ជាតិ» ការគំរាមកំហែងជាទៀងទាត់ពីសំណាក់ លោក ហ៊ុន សែន ឬមនុស្សជំនិតរបស់គាត់ដែលថានឹង «តាមវាយ» ឬធ្វើអាក្រក់ជាងនេះទៅលើប្រជាជនខ្មែរកំពុងរស់នៅបរទេសដែលនឹងតវ៉ាប្រឆាំងនឹង លោក ហ៊ុន សែន។
- អំពើសាហាវយង់ឃ្នងមិនចេះខ្មាស់អៀនដោយប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំមុនដើម្បីហាមប្រាមគណបក្សប្រឆាំងដ៏សំខាន់គឺគណបក្សសង្គ្រោះជាតិហើយហាមឃាត់សមាជិកសភាទាំងអស់និងមន្ត្រីជាច្រើនទៀតរបស់គណបក្សនេះមិនឱ្យចូលរួមក្នុងឆាកនយោបាយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ បន្ទាប់មកអាសនៈទាំងអស់របស់គណបក្សសង្គ្រោះជាតិនៅរដ្ឋបាលគ្រប់កម្រិតត្រូវបានបែងចែកទៅអ្នកគាំទ្ររដ្ឋាភិបាលទៅវិញ។
ជាមួយនឹងជ័យជម្នះនៃការបោះឆ្នោតក្លែងក្លាយរបស់លោក ហ៊ុន សែន នៅឆ្នាំនេះ ការកសាងវង្សត្រកូលគ្រួសាររបស់គាត់ដើម្បីរស់រានមានជីវិត ការរីកចម្រើននៅលើបណ្តាញនៃអំពើពុករលួយដែលគាត់បានកសាងឡើងនៅជុំវិញខ្លួនគាត់និងការគាំទ្រផ្នែកហិរញ្ញវត្ថុឥតអៀនខ្មាស់ដែលប្រទេសនេះបានទទួលពីប្រទេសចិន ដោយមិនមានអាស៊ានឬក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនរួមទាំងប្រទេសអូស្ដ្រាលីដែលមានឆន្ទៈក្នុងការព្យាយាមដាក់សម្ពាធឆ្លើយតបឱ្យបានធ្ងន់ធ្ងរផងនោះ វាមិនមានហេតុផលណាច្រើនគួរឱ្យមានសុទិដ្ឋិនិយមថា ស្ថានការណ៍ដ៏គួរឱ្យអាណោចនេះនឹងត្រូវបានផ្លាស់ប្តូរឆាប់ៗនេះឡើយ។
ប៉ុន្តែអ្វីដែលផ្តល់ឱ្យខ្ញុំនូវក្តីសង្ឃឹមនិងសុទិដ្ឋិនិយមហើយអ្វីដែលផ្តល់ឱ្យយើងនូវហេតុផលឱ្យមានសេចក្តីសង្ឃឹមគឺជាមោទនភាព ភាពក្លាហាន និងភាពធន់របស់ប្រជាជនកម្ពុជា។ មានភ័ស្តុតាងច្រើនណាស់បង្ហាញថាមានប្រជាជនភាគច្រើនចង់រើចេញពីនឹមនៃអំណាចផ្តាច់ការ ហើយស្តារភាពសមរម្យនិងសេចក្តីថ្លៃថ្នូរនៅក្នុងការគ្រប់គ្រងនិងសេចក្តីក្លាហានដ៏អស្ចារ្យ ការប្តេជ្ញាចិត្តនិងសមត្ថភាពរបស់អ្នកការពារសិទិ្ធមនុស្សបន្តបកស្រាយនិងធ្វើការដើម្បីផ្លាស់ប្តូរទោះបីជាត្រូវប្រឈមមុខនឹងហានិភ័យក៏ដោយ ហើយសំឡេងរបស់ពួកគេត្រូវបានចងក្រងយ៉ាងល្អនៅក្នុងសៀវភៅនេះ។
រឿងរ៉ាវទាំងអស់ក្នុងសៀវភៅនេះគួរឱ្យចាប់អារម្មណ៍ហើយរឿងរ៉ាវទាំងនេះក៏បន្ថែមព័ត៌មានថ្មីៗចំពោះកំណត់ត្រាសាធារណៈ ក្តោបលើផ្នែកជាច្រើននៃបញ្ហាសិទ្ធិមនុស្សដែលប្រជាជនកំពុងតែប្រយុទ្ធទាមទារនៅក្នុងប្រទេសកម្ពុជារួមទាំងសិទ្ធិក្នុងការរស់នៅដោយគ្មានអំពើហិង្សា ទៅការប្រមូលផ្ដុំគ្នាដោយសន្តិវិធីនិងការរួបរួមគ្នាដោយសន្តិវិធី ការបែងចែកអំណាចនិងប្រព័ន្ធតុលាការឯករាជ្យ ការចែកចាយទ្រព្យសម្បត្តិដោយយុត្តិធម៌ មិនត្រូវដកហូតទ្រព្យសម្បត្តិតាមតែអំពើចិត្តនិងការទទួលបានជីវភាពរស់នៅសមរម្យ។
ហើយរឿងរ៉ាវទាំងនេះត្រូវបានរៀបរាប់ដោយបុគ្គលដ៏អស្ចារ្យមួយចំនួន។ លោក ធន សារ៉ាយ ដែលជាអតីតអ្នកទោសនយោបាយនៅសម័យគ្រប់គ្រងដោយវៀតណាមដែលបានបង្កើតសមាគមអាដហុក (សមាគមការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍កម្ពុជា) នៅឆ្នាំ ១៩៩១។ លោកស្រី កេក ហ្គាឡាប្រ៊ូ ដែលបានបង្កើតអង្គការលីកាដូ (សម្ព័ន្ធកម្ពុជាសម្រាប់ការលើកកម្ពស់និងការពារសិទិ្ធមនុស្ស) ជាលើកដំបូងនៅទីក្រុងប៉ារីសក្នុងឆ្នាំ ១៩៩១ ហើយបន្ទាប់មកនៅប្រទេសកម្ពុជានៅឆ្នាំ ១៩៩២។ អ្នកទាំងពីរនៅតែបន្តដឹកនាំអង្គការទាំងពីរនេះពេលបច្ចុប្បន្ន ហើយត្រូវបានទទួលស្គាល់ថា ជាទីប្រឹក្សាជើងចាស់សម្រាប់អ្នកការពារសិទ្ធិមនុស្សដទៃទៀតដូចជា លោក ឈិត សំអាត នៅវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជានិង លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា) ដែលសំឡេងរបស់ពួកគេត្រូវបានកត់ត្រានៅទីនេះ។
យើងក៏មានសំដីផ្ទាល់របស់លោកកឹម សុខាដែលបានបង្កើតមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា មុនពេលលោកប្រឡូកក្នុងឆាកនយោបាយដោយផ្ទាល់ លោកណែនាំអ្នកស្នងតំណែងរបស់លោកគឺ លោក អ៊ូ វីរៈ ដែលយើងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលលោកបានមកចូលរួមក្នុងពិធីថ្ងៃនេះ។ លោក វីរៈ បានបង្កើតអង្គការវេទិកាអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ ហើយលោកក៏ជាអ្នកណែនាំអ្នកស្នងតំណែងផ្ទាល់របស់គាត់នៅមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាគឺអ្នកស្រី ចក់ សុភាព ដែលបានបញ្ចេញសំឡេងនៅក្នុងសៀវភៅនេះផងដែរ។
អ្វីដែលទាក់ទាញនិងបំផុសគំនិតខ្ញុំបំផុតអំពីសំឡេងរបស់អ្នកការពារសិទិ្ធមនុស្សទាំងនេះហើយខ្ញុំមិនបានរៀបរាប់ឈ្មោះពួកគាត់ទាំងអស់គឺសុទិដ្ឋិនិយមរបស់ពួកគេទំនុកចិត្តនិងការប្តេជ្ញាចិត្តរបស់យុវជនកម្ពុជា ក្តីសង្ឃឹមនិងជំនឿដែលពួកគេជឿថា ភាពសមរម្យនឹងពិតជាកើតមាន។ ហើយពួកគេកំពុងធ្វើអ្វីដែលចាំបាច់ត្រូវធ្វើដើម្បីបង្វែរបំណងប្រាថ្នានេះទៅជាការពិតទោះបីជាវាត្រូវការពេលយូរប៉ុណ្ណាក៏ដោយ។ ពួកគេជាអ្នកឃ្លាំមើលហើយជារឿយៗប្រឈមមុខហានិភ័យខ្ពស់ក្នុងការរកភស្តុតាងនៃឥរិយាបថមិនល្អរបស់របបនេះដើម្បីបង្ហាញសាធារណជនឱ្យបានដឹង។ ពួកគេកំពុងតែបង្ហាញយ៉ាងច្បាស់កំណែទម្រង់ចាំបាច់ទៅរចនា សម្ព័ន្ធនិងដំណើរការស្ថាប័ន។ ពួកគេធ្វើឱ្យសំឡេងរបស់ខ្លួនបានឮជាមួយរដ្ឋាភិបាលដទៃទៀត ដោយលើកទឹកចិត្តឱ្យរដ្ឋាភិបាលទាំងនោះប្រាស្រ័យទាក់ទងពីការព្រួយបារម្ភរបស់អន្តរជាតិតាមរយៈយន្តការទ្វេភាគី ក្នុងតំបន់និងពិភពលោកដែលអាចធ្វើបានហើយសំខាន់ជាងនេះទៅទៀតពួកគេកំពុងតែរក្សាក្តីសង្ឃឹមឱ្យរស់នៅក្នុងចិត្តរបស់ប្រជាជនកម្ពុជា។
មានមនុស្សជាច្រើនដែលបានធ្វើឱ្យគម្រោងសៀវភៅនេះទទួលបានជោគជ័យ។ អ្នកក្លាហានដែលបានរៀបរាប់រឿងរ៉ាវរបស់ពួកគេដូចជា លោក អ៊ូ វីរៈ ដែលយើងនឹងឮមតិចំណាប់អារម្មណ៍របស់គាត់ក្នុងពេលឆាប់ៗនេះ ដែលអ្នកទាំងនោះប្រឈមមុខនឹងបញ្ហាជាច្រើនផ្នែកសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេក្នុងការរួមចំណែកដល់គម្រោងនេះ។ អ្នកបកប្រែ លោក ប៉ា ចន្ទរឿន និងលោកស្រី យី សុភា ដែលបានធ្វើឱ្យសំឡេងរបស់ខ្មែរទាំងនេះអាចឮដល់ទស្សនិកជនអន្តរជាតិ។ លោកស្រី សាលី ហិដ និងក្រុមជំនាញវិជ្ជាជីវៈឆ្នើមរបស់គាត់នៅរោងពុម្ពសាកលវិទ្យាល័យមែលប៊ិនដែលយល់ច្បាស់ពីសារៈសំខាន់និងគាំទ្រដំណើរការងារសៀវភៅនេះតាំងពីដំបូង។
ប៉ុន្តែលើសពីនេះទៅទៀត ខ្ញុំសូមថ្លែងអំណរគុណ លោកស្រី ស៊ូ ខូហ្វហ្វី ចំពោះគំនិតនិងការបំផុសគំនិតចងក្រងសៀវភៅនេះតាមរយៈបទពិសោធន៍ការធ្វើការងាររបស់គាត់នៅប្រទេសកម្ពុជាពីឆ្នាំ ២០១២-២០១៣ ជាអ្នកផ្តល់យោបល់ផ្នែកទំនាក់ទំនងដល់វេទិកាអង្គការមិនមែនរដ្ឋាភិបាល ក្នុងកម្មវិធីជំនួយរបស់អូស្រ្តាលីនៅកម្ពុជា ហើយបានដកស្រង់ជំនាញដ៏គួរកោតសរសើររបស់គាត់ក្នុងនាមជាអ្នកផ្តល់ប្រឹក្សាផ្នែកទំនាក់ទំនងនិងគោលនយោបាយទាក់ទងនឹងបញ្ហាសិទិ្ធមនុស្សដែលគាត់បានធ្វើការជាច្រើនឆ្នាំទាំងនៅក្នុងប្រទេសអូស្ត្រាលីនិងក្រៅប្រទេសសម្រាប់រដ្ឋាភិបាល ស្ថាប័នកំពូលៗ និងអង្គភាពមិនរកប្រាក់ចំណេញ។ គាត់បានប្តេជ្ញាចិត្តយ៉ាងមុតមាំថាសំឡេងរបស់អ្នកការពារសិទិ្ធមនុស្សទាំងនេះត្រូវបានគេឮ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ លោកស្រីបានក្លាយជាអ្នកជំនាញក្នុងការប្រមូលនិងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលផ្តល់ដោយអ្នកការពារសិទ្ធិមនុស្សកម្ពុជានិងព័ត៌មានមួយផ្នែកពី លោក ប៊ែន្នី វីដ្យូណូ ដែលជាអតីតមន្ត្រីអ៊ុនតាក់ និងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជាដែលធ្វើឱ្យសៀវភៅនេះមានរឿងសម្បូរបែបនិងកាន់តែមានតម្លៃ។ ខ្ញុំគិតថា ពួកយើងក៏សូមអរគុណ លោកស្រី ស៊ូ ខូហ្វហ្វី ផងដែរចំពោះសេចក្តីសប្បុរសរបស់គាត់ក្នុងការចំណាយធនធានផ្ទាល់ខ្លួនក្នុងដំណើរការធ្វើសៀវភៅនេះទាំងមូល រួមទាំងការចំណាយលើការបកប្រែសៀវភៅនេះជាភាសាខ្មែរ ការចំណាយលើការធ្វើដំណើររបស់លោក អ៊ូ វីរៈ និងក្រុមអ្នកបកប្រែដើម្បីចូលរួមក្នុងកម្មវិធីសម្ពោធសៀវភៅនេះ។
លោកស្រី ស៊ូ ខូហ្វហ្វី គឺជាមិត្តដ៏ល្អកម្ររកបានរបស់ប្រទេសកម្ពុជានិងប្រជាជនខ្មែរ។ ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានចូលរួមចំណែកនូវអ្វីខ្ញុំអាចធ្វើបានដើម្បីគាំទ្រគម្រោងធ្វើសៀវភៅនេះតាំងតែពីដើមដំបូង។ ពេលនេះខ្ញុំរីករាយណាស់ដោយមានកិត្តិយសបើកសម្ពោធសៀវភៅនេះ និងសូមលើកទឹកចិត្តអ្នក មិត្តភក្តិរបស់អ្នក និងមិត្តរួមការងាររបស់អ្នកជាវសៀវភៅនេះផង។ ហើយឥឡូវនេះខ្ញុំមានក្តីសោមនស្សសូមអញ្ជើញលោកស្រី ស៊ូ ខូហ្វហ្វី មកវេទិកាដើម្បីមានមតិទាក់ទងនឹងដំណើរការចងក្រងសៀវភៅនេះ៕
ប្រែសម្រួលដោយលោកប៉ា ចន្ទរឿន