ដោយ៖ Nancy Palus
អ្នកកាសែតមួយក្រុមថ្លែងថា ប្រទេសក្នុងទ្វីបអាហ្រ្វិកខាងលិចតូចមួយ គឺប្រទស ហ្គាំប៊ៀ (Gambia) ស្ថិតក្នុងលំដាប់លេខរៀងទី១៣ នៃប្រទេសដែលមានបញ្ហាធ្ងន់ធ្ងរបំផុតនៅក្នុងពិភពលោកចំពោះតួលេខអ្នកកាសែតដែលបានភៀសខ្លួនទៅរស់នៅនិរទេស។ ក្រុមអ្នកកាសែតនិងក្រុមអ្នកជំនាញខាងសេរីភាពសារព័ត៌មាន និយាយថា ការនិរទេសចេញរបស់អ្នកកាសែតវិជ្ជាជីវៈ ដែលបានឃ្លាំមើលប្រកបដោយការរិះគន់ទៅលើរដ្ឋាភិបាល បានធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។
អ្នកកាសែតមួយក្រុមថ្លែងថា ប្រទេសក្នុងទ្វីបអាហ្រ្វិកខាងលិចតូចមួយ គឺប្រទស ហ្គាំប៊ៀ (Gambia) ស្ថិតក្នុងលំដាប់លេខរៀងទី១៣ នៃប្រទេសដែលមានបញ្ហាធ្ងន់ធ្ងរបំផុតនៅក្នុងពិភពលោកចំពោះតួលេខអ្នកកាសែតដែលបានភៀសខ្លួនទៅរស់នៅនិរទេស។ ក្រុមអ្នកកាសែតនិងក្រុមអ្នកជំនាញខាងសេរីភាពសារព័ត៌មាន និយាយថា ការនិរទេសចេញរបស់អ្នកកាសែតវិជ្ជាជីវៈ ដែលបានឃ្លាំមើលប្រកបដោយការរិះគន់ទៅលើរដ្ឋាភិបាល បានធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។
គិតមកត្រឹមសប្តាហ៍នេះ មានរយៈពេល៦ឆ្នាំហើយ ចាប់តាំងពីការបាត់ខ្លួនរបស់ នាយកកាសែត ហ្គាំប៊ៀ លោក អេប្រ៊ីម៉ា ម៉ាណេ (Ebrima Manneh)។ បន្ទាប់មក ដូចនាពេលឥឡូវនេះ វាជារឿងធម្មតាទៅហើយ សម្រាប់ក្រុមអ្នកកាសែតនៅក្នុងប្រទេសក្នុងទ្វីបអាហ្វ្រិកខាងលិចមួយនេះ ដែលមានប្រជាពលរដ្ឋចំនួនប្រមាណ១,៧លាននាក់ ដែលត្រូវបានយាយី ចាប់ខ្លួន ឬប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរជាងនេះទៀត។ គ្រាន់តែនៅក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ យ៉ាងហោចណាស់ ក៏មានអ្នកកាសែតចំនួនពីរនាក់នៅក្នុងប្រទេស ហ្គាំប៊ៀ ត្រូវបានចាប់ខ្លួន ដោយសារតែការផ្សព្វផ្សាយរបស់ពួកគេស្តីអំពីដំណើរការរបស់តុលាការ។
នៅពេលដែលការអនុវត្តវិជ្ជាជីវៈជាអ្នកកាសែត បានក្លាយទៅជាការគំរាមកំហែងដល់អាយុជីវិត អ្នកកាសែតជាច្រើនត្រូវបង្ខំចិត្តភៀសខ្លួន។ ដូចជាលោក អេប៊្រីម៉ា ស៊ីឡា (Ebrima Sillah) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ដាការ កំពុងធ្វើការជាអ្នកកាសែតមួយរូបនៅក្នុងប្រទេស ហ្គាំប៊ៀ នៅពេលដែលលោកបានគេចស្ទើរតែពុំរួចពីការវាយប្រហារដោយការដុតបំផ្លាញផ្ទះរបស់លោក កាលពីឆ្នាំ២០០៤។ អ្នកកាសែតមួយរូបទៀត លោក ប៊ុយ៉ា ចាម៉េហ៍ (Buya Jammeh) បានពួនសម្ងំលាក់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ២០០៩ នៅពេលដែលលោកបានឭថា អាជ្ញាធរកំពុងស្វែងរករូបលោក ក្នុងអំឡុងពេលនៃយុទ្ធនាការនៃការចាប់ខ្លួនក្រុមអ្នកសារព័ត៌មាន។ នៅទីបំផុត លោកបានភៀសខ្លួនទៅកាន់ប្រទេស សេណេហ្គាល់ (Senegal) ហើយឥឡូវនេះ រស់នៅទីក្រុង ដាការ។
គណៈកម្មាធិការដើម្បីការពារអ្នកកាសែត (Committee to Protect Journalists) បានចេញផ្សាយរបាយការណ៍មួយនៅក្នុងខែនេះ ដែលបាននិយាយថា អ្នកកាសែតចំនួន១៧នាក់ បានភៀសខ្លួនចេញពីប្រទេស ហ្គាំប៊ៀ នៅក្នុងរយៈពេលមួយទសតវត្សរ៍កន្លងទៅនេះ ដែលតួលេខនេះ មានចំនួនច្រើនជាងប្រទេសផ្សេងទៀតនៅក្នុងទ្វីបអាហ្វ្រិកខាងលិច ទោះបីជាមានតួលេខអ្នកកាសែតច្រើនជាងនេះ បានភៀសខ្លួនចេញពីប្រទេស រ៉្វាន់ដា (Rwanda) អេរីទ្រា (Eritrea) ហ្ស៊ីមបាវេ (Zimbabwe) សូម៉ាលី (Somalia) និង អេត្យូពី (Ethiopia) ក៏ដោយ។
លោក ថម រ៉ូដេស (Tom Rhodes) ជាទីប្រឹក្សានៅអាហ្វ្រិកខាងកើត របស់គណៈកម្មាធិការដើម្បីការពារអ្នកកាសែត។ លោកថ្លែងថា នៅក្នុងករណីខ្លះ របាយការណ៍តិចតួចអំពីការរំលោភបំពានទៅលើអ្នកកាសែត អាចមានន័យសាមញ្ញថា អ្នកកាសែតមានចំនួនតិចជាងមុន។
«ឧទាហរណ៍ អ្នកមិនឃើញមានរបាយការណ៍ច្រើននោះទេ ស្តីអំពីការរំលោភបំពានទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលចេញផ្សាយអំពីប្រទេស រ៉្វាន់ដា នាពេលសព្វថ្ងៃនេះ។ ប៉ុន្តែ រឿងនោះគឺដោយសារតែ ជាទូទៅ អ្នកកាសែតរិះគន់ទាំងអស់ដែលមកពីប្រទេសនោះ បានភៀសខ្លួនចេញ។ ឥឡូវនេះ រឿងរ៉ាវដូចគ្នានេះដែរកំពុងកើតមានឡើងនៅក្នុងប្រទេស អេត្យូពី។ យើងមានតែសម្លេងរិះគន់មួយឬពីរតែប៉ុណ្ណោះ ដែលនៅសេសសល់នៅក្នុងប្រទេសនោះ។ សម្លេងដទៃទៀត គឺជាសម្លេងដែលគាំទ្រដោយរដ្ឋ ឬអនុវត្តការត្រួតពិនិត្យខ្លួនឯង»។
លោក រ៉ូដេស បានថ្លែងថា នៅក្នុងលក្ខខណ្ឌបែបនេះ រដ្ឋាភិបាលដែលប្រកបដោយការរំលោភបំពាន មិនត្រូវបានត្រួតពិនិត្យទាល់តែសោះ។
«ដូច្នេះ យើងកំពុងចូលទៅក្នុងបរិយាកាសដ៏គ្រោះថ្នាក់យ៉ាងខ្លាំងមួយ ដែលជាទូទៅ យើងត្រូវអនុញ្ញាតឱ្យរដ្ឋាភិបាលទាំងនេះ ត្រួតពិនិត្យមើលការសែតទាំងស្រុង ហើយយើងនឹងមិនរិះគន់រដ្ឋាភិបាលទាំងនោះទេ ដោយសារតែជាទូទៅកាសែតរិះគន់ លែងនៅក្នុងប្រទេសទាំងនោះទៀតហើយ»។
ក្រុមអ្នកកាសែតរបស់ ហ្គាំប៊ៀ នៅក្នុងទីក្រុង ដាការ បានឲ្យដឹងថា ការគាបសង្កត់ពីសំណាក់ប្រធានាធិបតី ហ្គាំប៊ៀ លោក យ៉ះយ៉ា ចាម៉េហ៍ (Yahya Jammeh) បង្កផលប៉ះពាល់យ៉ាងជ្រាលជ្រៅនិងយូរអង្វែង។ ការគាបសង្កត់នេះបានបំបិទមាត់ប្រជាពលរដ្ឋ។
លោក បុយ៉ា ចាម៉េហ៍ ជាអ្នកកាសែតដែលបានភៀសខ្លួនទៅកាន់ប្រទេស សេណេហ្គាល់ កាលពីឆ្នាំ២០០៩។
«សង្គមស៊ីវិលនៅក្នុងប្រទេស ហ្គាំប៊ៀ គ្រាន់តែជាឆ្កែអត់ធ្មេញមួយតែប៉ុណ្ណោះ។ បន្ទាប់ពីបានសាបព្រួសការបំភិតបំភ័យនៅក្នុងចំណោមប្រជាពលរដ្ឋ រដ្ឋាភិបាលបានធ្វើឱ្យប្រជាពលរដ្ឋត្រួតពិនិត្យខ្លួនឯង ដើម្បីចៀសវាងការយាយី ឬការធ្វើទុក្ខបុកម្នេញ។ សង្គមស៊ីវិលភាគច្រើនកំពុងធ្វើសម្បទានគោលការណ៍របស់ពួកគេ ក្នុងនាមជាមេដឹកនាំសង្គមស៊ីវិល និងអង្គការ»។
លោក អេប៊្រីម៉ា ស៊ីឡា អ្នកកាសែតជាតិ ហ្គាំប៊ៀ បានថ្លែងប្រាប់វីអូអេថា សង្គមស៊ីវិល ហើយសូម្បីតែមេដឹកនាំគណបក្សប្រឆាំង បានវាស់វែងពាក្យសម្តីរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ន ដោយភ័យខ្លាចអំពីការចាប់ដាក់ពន្ធនាគារ ដែលការពិតកម្រត្រូវបានលាតត្រដាង។
ទោះបីជាក្រុមអ្នកកាសែតត្រូវបានទុកឲ្យធ្វើការរបស់ខ្លួនយ៉ាងត្រឹមត្រូវក៏ដោយ លោក ស៊ីឡា និយាយថា គ្មាននរណាម្នាក់នឹងនិយាយនោះទេ ដោយសារតែការភ័យខ្លាច ដែលលោកប្រធានាធិបតី ចាម៉ាហ៍ បានសាបព្រួសនៅក្នុងចំណោមប្រជាពលដ្ឋ។ អ្នកកាសែត ប៊ុយ៉ា ចាម៉េហ៍ បានសហការជាមួយសហការីនៅក្នុងនិងក្រៅប្រទេស ហ្គាំប៊ៀ ដើម្បីសរសេរព័ត៌មាននៅទីនោះ។ ប៉ុន្តែ លោកត្អូញត្អែរអំពីការភៀសខ្លួនរបស់ក្រុមអ្នកកាសែតចេញពីប្រទេសកំណើតរបស់លោក។
«ជាអកុសល អ្នកដែលស្ម័គ្រចិត្តធ្វើកិច្ចការនេះដោយគ្មានការភ័យខ្លាចឬទំនោរទៅខាងណាមួយ គឺជាអ្នកទាំងឡាយ ដែលនៅទីបញ្ចប់ក្លាយទៅជាជនរងគ្រោះនៃការយាយី ឬការធ្វើទុក្ខបុកម្នេញ។ រដ្ឋាភិបាលមិនត្រូវការអ្នកកាសែតវិជ្ជាជីវៈ ដែលនឹងធ្វើការងាររបស់ខ្លួនក្នុងផ្លូវត្រឹមត្រូវនោះទេ។»អ្នកកាសែត ប៊ុយ៉ា ចាម៉េហ៍
សហព័ន្ធអ្នកកាសែតអន្តរជាតិ (International Federation of Journalists) បន្តសែ្វងរកចម្លើយទៅនឹងការបាត់ខ្លួនរបស់នាយកសារព័ត៌មាន លោក អេប៊្រីម៉ា ម៉ាណេហ៍ (Ebrima Manneh) កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៦ ក៏ដូចជាហេតុការណ៍ ដែលនៅពីក្រោយការសម្លាប់អ្នកកាសែតជាតិ ហ្គាំប៊ៀ លោក ដេយ្យដា ហ៊ីដារ៉ា (Deyda Hydara) កាលពីឆ្នាំ២០០៤។
លោក ហ្គាប្រ៊េល បាក្លូ (Gabriel Baglo) ជានាយកប្រចាំទ្វីបអាហ្វ្រិកដែលមានមូលដ្ឋាននៅទីក្រុង ដាការ របស់សហព័ន្ធនេះ។
«រឿងដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងហេតុការណ៍បែបនេះ គឺការបំភ្លេចចោល។ យើងនឹងមិនបំភ្លេចនាយកសារព័ត៌មាន លោក អេប៊្រីម៉ា ម៉ាណេហ៍ នោះទេ។ យុទ្ធនាការរបស់យើងនឹងបន្ត រហូតដល់យើងសម្រេចបាននូវអ្វីដែលយើងចង់សម្រេចឱ្យបាន ដែលនោះគឺជាការដឹងឲ្យបានច្បាស់ថាតើមានអ្វីកើតឡើងចំពោះនាយកសារព័ត៌មាន លោក អេប៊្រីម៉ា ម៉ាណេហ៍ ហើយនឹងឃើញពន្លឺចំពោះការសម្លាប់ លោក ដេយ្យដា ហ៊ីដារ៉ា។»
លោក បាក្លូ បាននិយាយថា សហព័ន្ធនេះមិនទាន់ទទួលបានការឆ្លើយតបទេ បន្ទាប់ពីសហព័ន្ធនេះ បានអំពាវនាវដល់អាជ្ញាធរទាំងនៅក្នុងប្រទេស ហ្គាំប៊ៀ និងនៅសហរដ្ឋអាមេរិក កាលពីដើមខែមិថុនា ឲ្យដោះស្រាយចំពោះរបាយការណ៍ដែលថា លោកនាយកសារព័ត៌មាន អេប៊្រីម៉ា ម៉ាណេហ៍ ស្ថិតនៅក្នុងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ លី សុខឃាង