រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមកពីប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងជាងគេទាំង២០ ឬហៅថា G-២០ បានប្តេជ្ញាធ្វើឲ្យសេដ្ឋកិច្ចសាកលលោករីកលូតលាស់ ដោយពួកគេនិយាយថា ការរើបឡើងសេដ្ឋកិច្ចហាក់មានភាពទន់ខ្សោយ។
ប្រតិភូជួបប្រជុំគ្នានៅក្នុងទីក្រុង Chengdu នៃប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះ នៅថ្ងៃចុងបញ្ចប់នៃកិច្ចប្រជុំដែលមានរយៈពេល២ថ្ងៃរបស់ពួកគេ ដោយសម្តែងក្តីបារម្ភចំពោះផែនការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស និងថាតើការចាកចេញនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសាកលលោកយ៉ាងដូចម្តេចខ្លះ។ ក៏ប៉ុន្តែ រដ្ឋមន្ត្រីទាំងនោះបាននិយាយថា ប្រទេសដែលជាសមាជិកទាំងអស់គឺមានជំហររឹងប៉ឹង ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលអាចនឹងកើតចេញពីដំណើរវិវឌ្ឍន៍នេះ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់អង់គ្លេស លោក Philip Hammond បានថ្លែងប្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុដទៃទៀតថា ការព្រួយបារម្ភទៅលើការចាកចេញពីសហភាពអឺរ៉ុបអាចថយចុះជាងមុន នៅពេលដែលរដ្ឋាភិបាលក្រុងឡុងដ៏បញ្ចេញនូវទស្សនៈវិស័យនាពេលអនាគតអំពីថាតើអង់គ្លេសនឹងភ្ជាប់ទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបដទៃទៀតយ៉ាងដូចម្តេច។ រដ្ឋមន្ត្រីមួយចំនួនបានជំរុញឲ្យអង់គ្លេសនិងសហភាពអឺរ៉ុបដោះស្រាយបញ្ហានៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបឲ្យបានឆាប់រហ័ស។
រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃសមាជិក G-២០ ក៏បានប្តេជ្ញាថា នឹងច្រានចោលការការពារពាណិជ្ជកម្មនិយម ដែលបានក្លាយទៅជាបញ្ហាដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំនេះ ដោយសារតែលោក Donald Trump បេក្ខជនប្រធានាធិបតីដែលទទួលបានការតែងតាំងពីគណបក្សសាធារណរដ្ឋអាមេរិកបាននិយាយថា លោកចង់កែប្រែកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ប្រទេសនេះ ដោយបន្ថែមការដាក់កំហិតមួយចំនួន។
ដោយថ្លែងនៅក្នុងទីក្រុង Chengdu នៅថ្ងៃអាទិត្យនេះ លោក Jack Lew រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានមានប្រសាសន៍ថា សេដ្ឋកិច្ចអាមេរិកបច្ចុប្បន្ននេះមានភាពខ្លាំងក្លា ហើយទីផ្សារការងារក៏មានដំណើរការល្អដែរ ប៉ុន្តែសេដ្ឋកិច្ចសាកលលោកនៅតែមិនប្រាកដប្រជានៅឡើយ។
សេចក្តីថ្លែងការណ៍ក្រោយបញ្ចប់កិច្ចប្រជុំ G-២០ នេះបង្ហាញពីសារៈសំខាន់នៃការកាត់បន្ថយការផលិតដែកច្រើនហួសហេតុ ដែលអាចធ្វើឲ្យដែកនៅក្នុងទីផ្សារសាកលលោកមានចំនួនលើសពីតម្រូវការ។ បញ្ហានេះគឺជាបញ្ហាធំមួយរវាងចិននិងដៃគូពាណិជ្ជកម្មរបស់ចិនដែលនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងនាំចេញដែកក្នុងតម្លៃថោកហួសហេតុ៕