ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​ថា​នឹង​ស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​ទារក​​ក្នុង​ពន្ធនាគារ


រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។

ក្រសួង​យុត្តិធម៌​និង​មន្ត្រីពន្ធនាគារ​នឹង​ស៊ើបអង្កេត​ទៅ​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ដែល​ថា​ ទារក​អាយុ៥​ខែ​ម្នាក់ដែល​រស់​នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ​ បាន​ស្លាប់​កាលពី​ចុង​ខែ​មករា​កន្លង​ទៅ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​បាន​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃអង្គារ​នេះ​ ទារក​អាយុ​៥ខែ​ម្នាក់​ដែល​រស់​នៅ​ជាមួយ​ម្តាយ​ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទីពីរ​ បាន​ស្លាប់​នៅ​មន្ទីរ​ខែ្មរ​សូវៀត​កាលពី​ថ្ងៃទី​២៦​ មករា​ ដោយសារ​ជំងឺរលាក​សួត​និង​កង្វះ​អាហារូបត្ថម្ភ។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​សរសេរ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​នោះថា

«ការ​ស្លាប់​ដ៏​ខ្លោចផ្សារ​នេះ​បង្ហាញ​ពី​តម្រូវការ​ចាំបាច់​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ផ្ដល់​អាទិភាព​សិទ្ធិ​នៅ​ក្រៅឃុំ​បណ្ដោះអាសន្ន​សម្រាប់​ស្ត្រី​ដែល​មាន​កូន​តូច​នៅ​ជាមួយ»។

ទារក​ដែល​មាន​អាយុ៥ខែ​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខ្មែរសូវៀត​ កាលពី​ថ្ងៃទី​១៨ ខែមករា ហើយ​ត្រូវ​បាន​រកឃើញ​ថា បាក់​ឆ្អឹងភ្លៅ ដោយ​មិន​ដឹង​មូល​ហេតុ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យកុមារ​ជាតិ​ បន្ទាប់​ពី​មន្ទីរពេទ្យ​ខ្មែរ​សូវៀត​បដិសេធ​មិន​ទទួល​ព្យាបាល។ ប៉ុន្តែ​មន្ទីរពេទ្យ​កុមារ​ជាតិ​មិន​អនុញ្ញាត​ឲ្យ​ទារក​នេះ​ស្នាក់​នៅ​មួយ​យប់​នោះ​ទេ ដោយ​អះអាង​គ្មាន​បន្ទប់។​ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។

​អង្គការ​សិទ្ធិមនុស្ស​នេះ​បន្ត​ថា ​ទារក​នេះ​នៅ​តែ​មាន​អាការៈ​ក្តៅខ្លួន​និង​ក្អក​ជា​ប្រចាំ ហើយ​បាន​ត្រឡប់​មកពិនិត្យ​នៅមន្ទីរពេទ្យ​កុមារជាតិ​ម្តងទៀត ប៉ុន្តែ​វេជ្ជបណ្ឌិត​បាន​ជួប​ពិនិត្យ​ក្នុង​រយៈពេល​ខ្លី​និង​មិនបាន​ផ្តល់​ថ្នាំ​បន្ថែម។​ ទារក​នេះ​បាន​បាត់បង់​ជីវិត​នៅ​ថ្ងៃទី​២៦​ ខែមករា ឆ្នាំ២០២០​ បន្ទាប់ពី​ស្ថានភាព​ជំងឺមិន​ធូរស្បើយ នៅ​មន្ទីរពេទ្យ​ខ្មែរសូវៀត។

លោក នុត សវនា ​អ្នកនាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​វីអូអេ​ថា លោក​មាន​ការ​សោកស្តាយ​ចំពោះ​ករណី​នេះ។ ទោះ​យ៉ាង​ណា​លោក​បដិសេធ​ចំពោះ​ការ​សន្និដ្ឋាន​ដែល​ថា​ ទារក​នោះ​បាន​ស្លាប់​ដោយសារ​កង្វះ​អាហារូបត្ថម្ភ។

«វាបញ្ហា​ខ្ញុំ​គិត​ថាប្រហែល​ម្តាយ​គាត់​ហ្នឹង​ខ្វះការ​យកចិត្ត​ទុកដាក់ហ្មង ពីព្រោះកូន​បាក់ភ្លៅ​ហើយ​អត់ដឹង​ទៀត។ ទាល់តែ​មន្ត្រីពេទ្យ​គាត់ឃើញ​ គាត់​សង្ស័យ​ យក​ទៅពិនិត្យ​ហ្នឹង បានដឹង​ថា​បាក់ភ្លៅ ម្តាយខ្លួនឯង​ហ្នឹង សួរ​អត់ដឹង​ខ្យល់អី»។

លោក​បាន​បន្ថែម​ថា លោកនឹង​បន្ត​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​មូលហេតុ​ពិតប្រាកដ។

លោក អំ សំអាត​ នាយករង​កម្មវិធី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ ​ប្រាប់​វីអូអេ​ថា ​នេះ​ជា​ករណី​ទី១​ដែល​លីកាដូ​បាន​ជួប លោក​ស្នើ​ឲ្យអាជ្ញាធរ​ស្រាវជ្រាវ​រក​មូលហេតុ​ច្បាស់​លាស់​ និង​ការ​សហការ​ពីមន្ទីរពេទ្យ​ដើម្បី​ការពារកុំ​ឲ្យ​មាន​ករណី​បែប​នេះ​កើតឡើង​ទៀត។

«ក្រោយ​ការ​បញ្ជូន​មកមន្ទីរពេទ្យ​ហើយ​ត្រឡប់ទៅ​ត្រឡប់​មក ​រហូត​ដល់​កុមារ​ស្លាប់​ហ្នឹង​វា​ជារឿង​មួយ​ដ៏​ខ្លោចផ្សារ ហើយ​ចង់​ឲ្យ​មាន​យន្តការ​យ៉ាង​ណាធានា​អំពី​ការ​បញ្ជូន​កុមារ​ក្នុង​ពន្ធនាគារ​ដែល​មាន​ជំងឺហ្នឹង​ទៅមន្ទីរពេទ្យ​ដែលមាន​សហប្រតិបត្តិការ​ ជាពិសេស​យើង​សំដៅ​ទៅ​មន្ទីរពេទ្យ​កុមារជាតិ​ឲ្យ​មាន​សហប្រតិបត្តិការ​បាទ»។

ទោះ​យ៉ាង​ណាលោក អំ សំអាត បាន​ធ្វើ​ការ​ស្នើ​ឲ្យ​អ្នក​ជាប់​ឃុំ​ទាំងអស់ ជាពិសេស​ស្ត្រី​និង​កុមារ​ដែល​ងាយ​រងគ្រោះ ទទួល​បាន​ការការពារ​ផ្នែក​ច្បាប់​និង​ទទួល​បាន​អាទិភាព​ក្នុង​ការស្នើ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ជាដើម ពេល​ពួកគេ​កំពុង​រង់ចាំ​សវនាការ។

វីអូអេ​បាន​ទាក់ទង​ទៅ​លោក ​ញឹប ​អង្គារបុស្ស ​នាយក​មន្ទីរពេទ្យ​កុមារជាតិ​ ទាក់ទិន​នឹង​ករណី​នេះ​ប៉ុន្តែលោក​ថា​ មិនបាន​ដឹង​ពីករណី​នេះទេ។

«ប្រធាន​មន្ទីរពេទ្យ​ខ្ញុំម៉េច​បាន​ចាំ​អស់ អ្នកជំងឺ​ម្ងៃៗ​ចូល​ជិត​៨០នាក់ ចាំម៉េច​អស់»។

ស្ត្រី​ជា​ម្តាយ​របស់​ទារក​ត្រូវ​បានចាប់​ខ្លួន​ក្រោម​បទ​ចោទប្រកាន់​ថា​ មានកាន់​កញ្ចប់​ថ្នាំញៀនមេតា​ហ្វេតាមីនដែល​មាន​តម្លៃ​១ម៉ឺន​រៀល។ ស្ត្រី​ជា​ម្តាយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ឃុំឃាំង​ដើម្បី​រង់ចាំ​សវនាការ​តាំង​ពីពាក់កណ្តាល​ឆ្នាំ​២០១៩ ដែល​ពេល​នោះ​អ្នកស្រី​មាន​ផ្ទៃពោះ​៨ខែ។ នេះ​បើយោង​តាម​សេចក្តី​ថ្លែងការ​ណ៍​ដដែល​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ។

លោក ជីន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃអង្គារ​នេះ​ថា​ ក្រសួង​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ពី​អង្គហេតុ​បន្ថែម​ទៀត។

«រឿង​នេះ​យើងមិន​អាច​គ្រាន់តែមើល​របាយការណ៍​ហើយ​អាច​ឆ្លើយ​បានទេ ទាល់តែយើ​ង​ដឹង​ពីអង្គហេតុ​នៃ​សំណុំ​រឿង​ហ្នឹង​ណា ថាហេតុអ្វី​បានគេឃុំ វា​ពាក់ព័ន្ធ​នឹង​បទល្មើស​អីហើយ​ស្ថានទម្ងន់​ទោស​វា​ប៉ុណ្ណា​ដែរ»។

ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ប្រាប់វីអូអេ​នៅ​រសៀល​នេះ​ដែរ​ថា ការ​ឃុំខ្លួន​ជនល្មើស​គឺ​ធ្វើតាម​បទបញ្ជា​របស់​តុលាការ​និង​ប្រព័ន្ធ​ច្បាប់។

«ការ​លើកលែង​ដូច​អត់មាន​គិត​ថា​ស្រី​ប្រុស​ទេ បើច្បាប់អ៊ីចឹង​ទៅហើយ។ អ្វី​ដែល ឧទាហរណ៍​ថា ការ​ឃុំ​ខ្លួន​នេះ ឃុំ​ខ្លួន​ទៅតាម​អំណាច​ដីកា​របស់​ស្ថាប័ន​តុលាការ។ បើ​តុលាការ​បញ្ជា​ឲ្យ​ឃុំ​ខ្លួន សមត្ថកិច្ច​គ្មាន​អី​ជំទាស់​ទេ»។

យោងតាម​ទិន្នន័យ​របស់​អង្គការ​លីកាដូ បច្ចុប្បន្ន​មាន​កុមារ​ចំនួន១០៣​នាក់​និង​ស្ត្រី​មាន​ផ្ទៃពោះ​៤៣​នាក់​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ដែល​លីកាដូ​កំពុង​ឃ្លាំ​មើល។ មជ្ឈមណ្ឌល​អប់រំ​កែប្រែ​ទីពីរ​អាច​ផ្ទុក​ស្ត្រី​និង​កុមារ​បាន​តែ​៣៥០នាក់​ប៉ុណ្ណោះប៉ុន្តែ សព្វថ្ងៃ​នេះ​មាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នេះ​ប្រហែល​១៨៥០​នាក់៕

XS
SM
MD
LG