បន្ទាប់ពីព្រឹត្តិការណ៍ដ៏សែនអាក្រក់នៅលើស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដែលបានបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរជាង ៣០០ នាក់ស្លាប់បាត់បង់ជីវិត ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ បានចាប់ផ្ដើមធ្វើពិធីសាសនា និងធ្វើការសែនព្រេន ដើម្បីឧទ្ទិសដល់ព្រលឹងជនរងគ្រោះ។ ក៏ប៉ុន្ដែការរៀបចំសែនព្រេនបាននាំឲ្យតម្លៃផ្លែឈើនៅលើទីផ្សារឡើងខ្ពស់កប់ពពកដែលមិនគួរជឿ។
ការណ៍នេះកើតឡើងស្របពេលដែលរដ្ឋាភិបាល បានកំណត់ថ្ងៃទី២៥ ខែវិច្ឆិកា គឺជាថ្ងៃកាន់មរណៈទុក្ខសម្រាប់ជនរងគ្រោះជាង៣០០នាក់នៅលើស្ពានមណ្ឌលកម្សាន្ដកោះពេជ្រកាលពីថ្ងៃព្រហស្បតិ៍ នៅគ្រប់វត្តអារ៉ាមនៅទូទាំងប្រទេសកម្ពុជា ក៏បានប្រារព្ធពិធីបង្សុកូលឧទិ្ទសបុណ្យកុសលជូនដល់ជនរងគ្រោះ នោះដែរ។ ពិធីបង្សុកូលធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បត៍ ក្នុងពេលដែលព្រះសង្ឃគ្រប់វត្តចាប់ផ្ដើមឆាន់ចង្ហាន់ពេលថ្ងៃត្រង់។
ព្រះតេជគុណព្រះនាម កង ឃឿង ប្រធានការកៈសង្ឃនៅវត្តសំពៅមាសក្នុងក្រុងភ្នំពេញ បានមានសង្ឃដីកាថា ការធ្វើពិធីបង្សុកូលនេះ គឺដើម្បីឱ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះបានទទួលនូវភាពស្ងប់ និងទៅកាន់សុគតិភព។
«ប្រារព្ធពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនចំពោះអ្នកដែលស្លាប់ដោយសារឧបទ្ទវហេតុ។ នៅក្នុងការឧទិ្ទសកិច្ចនៃពិធីបង្សុកូលនេះ គឺមានប្រយោជន៍ខ្លាំងណាស់ សម្រាប់អ្នកស្លាប់ ព្រះពុទ្ធបាន សម្តែងថា អ្នកស្លាប់ទៅ គឺមានតែផលនៃទក្ខិណានុប្បទាន ដែលញាតិឧទិ្ទសទៅឱ្យទេ ទើបឱ្យអ្នកដែលស្លាប់ទៅបានសេចក្តីសុខសេចក្តីចម្រើនរួចចាប់កំណើតពីអបាយភូមិបាន»។
អ្នកស្រី អៀង ធីតា គឺជាពុទ្ធបរិស័ទម្នាក់មកពីខណ្ឌ៧មករា ក្រុងភ្នំពេញ ក៏បានទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃនិងឧទ្ទិសកុសលបុណ្យដល់អ្នកដែលបានស្លាប់ទៅយ៉ាងអាណោចអាធមផងដែរ។
«ធ្វើចង្ហាន់ថ្វាយព្រះនិងថ្វាយព្រះសង្ឃដើម្បីឧទិ្ទសកុសលផលបុណ្យនេះជូនអ្នកដែលស្លាប់នៅលើស្ពានកោះពេជ្រ សូមឱ្យអ្នកទាំងអស់នោះ បានរួចចាកផុតទុក្ខឱ្យបានទៅដល់ភពដែលសមគួរ»។
កាលពីថ្ងៃទី២២ខែវិចិ្ឆកា គឺប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទីបី បានបញ្ចប់ ឧបទ្ទវហេតុដ៏អាក្រក់មួយបានកើតឡើង។ អ្នកមកកម្សាន្តពិធីបុណ្យអុំទូកបានប្រជ្រៀតជាន់គរលើ គ្នានៅលើស្ពានមណ្ឌលកម្សាន្តកោះពេជ្រ ហើយបានបណ្ដាលឲ្យស្លាប់មនុស្សចំនួន ៣៤៧នាក់ និងរបួសចំនួន៣៩៥នាក់។ រដ្ឋាភិបាលបានកំណត់ភ្លាមៗដាក់ថ្ងៃព្រហស្បត៍ជាទិវាកាន់មរណៈទុក្ខនៅទូទាំងប្រទេសហើយក្រសួងធម្មការនិងសាសនាបានចេញសារាចរដល់គ្រប់ទីវត្តអារាមនៅទូទាំងប្រទេសឲ្យធ្វើពិធីសាសនាសម្រាប់ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធនៃជនរងគ្រោះ។
ដោយឡែក ក្រៅពីការធ្វើពិធីជូនបុណ្យកុសលនៅតាមវត្តនានាក្នុងប្រទេសកម្ពុជា ដល់អ្នក ដែលបានស្លាប់ទាំងនោះ គេនៅសង្កេតឃើញមាននៅតាមស្ថាប័នរដ្ឋមួយចំនួនក៏បានប្រារព្ធពិធី បុណ្យនេះនៅតាមទីកន្លែងរៀងៗខ្លួនផងដែរ។
ជាមួយគ្នានេះ ពាក្យចចាមអារ៉ាមមួយត្រូវគេបង្កើតឡើង។ ហើយតម្រូវឲ្យប្រជាពលរដ្ឋ ដាក់សែននៅមុខផ្ទះរៀងៗខ្លួន នូវផ្លែឈើដូចជា ចេកណាំវ៉ា អង្ករ អំពិលទឹក ដើម្បីបញ្ជូនដល់អ្នកដែល បានស្លាប់ថ្មីៗ ទាំងនោះផង និងបញ្ជៀសហេតុការណ៍អាក្រក់ដែលអាចកើតដល់ក្រុមគ្រួសាររបស់ពួក គេផង និងសុំសេចក្តីសុខសម្រាប់ក្រុមគ្រួសាររបស់ពួកគេវិញ។
អ្នកស្រី ហ៊ុយអៀង រស់នៅខណ្ឌចំការមន ក្រុងភ្នំពេញ បានឱ្យដឹងថា អ្នកស្រីនិងអ្នកជិតខាងបានដាក់សែនបែបនេះចាប់តាំងពីថ្ងៃ២៣មកម្ល៉េះហើយអ្នកស្រីនឹង ធ្វើបែបនេះរហូតដល់គម្រប់ ៧ថ្ងៃ។
«ម៉ោង៧ ៨យប់ខ្លះគ្នាមិនទាន់ហូបបាយទេ នឹកថាមកពីដើរលេងវិញទើបបានហូបអីហើយដល់ពេលអញ្ចឹងស្លាប់ទាំងវេទនាអញ្ចឹងខ្ញុំនឹកឃើញថាដាក់សែនទៅពេលយើងសែនតែកាលណាគេបានហូបចុកឆ្អែតទៅគេក៏ឱ្យពរមកយើងដែរសុំសេចក្តីសុខសប្បាយមកយើងវិញតែប៉ុណ្ណឹងទេ»។
ក៏ប៉ុន្ដែជំនឿខាងលើហាក់ដូចជា បានជួយជំរុញឲ្យឈ្មួញឱកាសនិយមតម្លើងថ្លៃផ្លែឈើរបស់ពួកគេ ឲ្យឡើងថ្លៃខ្ពស់កប់ពពក។ យោងតាមក្រុមប្រជាពលរដ្ឋក្រុងភ្នំពេញ បានឲ្យដឹងថាចេកណាំវ៉ាមួយស្និតដែលមានតម្លៃត្រឹមតែ១.៥០០រៀល ឬស្មើនឹងជាង ៣៦ សេន ដុល្លារអាមេរិក បានឡើង រហូតដល់៣ ទៅ៤ ម៉ឺនរៀល ឬស្មើនឹងប្រាំពីរ ទៅដប់ដុល្លារអាមេរិក។
ជុំវិញបញ្ហាទាំងអស់នេះសម្តេចមហាសុមេធាធិបតីនន្ទ ង៉ែត ព្រះសង្ឃនាយកនៃប្រទេសកម្ពុជាបាន មានសង្ឃដីកាថា បើសិនជាប្រជាពលរដ្ឋមានចិត្តជ្រះថ្លាចង់បញ្ជូនកុសលដល់អ្នកដែលបានស្លាប់ទៅនោះមែនគឺមិនចាំបាច់ចំណាយប្រាក់សម្រាប់ទិញផ្លែឈើ ក៏បានដែរទេ គឺគ្រាន់តែមានចិត្តបរិសុទ្ធ និងឧទ្ទិសកុសលដល់ពួកគេជាការស្រេច។
ក៏ប៉ុន្តែសម្តេចព្រះសង្ឃរាជបានបញ្ជាក់ថា ការសែននេះ ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើងនិងសុំសេចក្តីសុខនោះមិនបានផលអ្វីនោះទេ។
«គេអាណោចអាធ័ម គេសែនអញ្ចឹង ដូចគេសែនដូនតា សែនប្រពៃណីខែភ្ជុំយើង ដាក់នំអន្សម ដាក់សែនអីអញ្ចឹងព្រហ្មញ្ញសាសនា ប៉ុន្តែយើងនៅភ័យនៅតក់ស្លុត យើងធ្វើអញ្ចឹង ទៅយើងដាក់ខ្លាចនេះគឺជាចចាមអារ៉ាម គឺអត់បានអីទេ»។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខ្មែរបានរស់នៅដោយមានដក់ជាប់ជំនឿការគោរពបូជាព្រលឹង អ្នកដែលស្លាប់ឬក៏បុព្វបុរសរបស់ពួកគេរៀងៗខ្លួនរាប់តំណមកហើយ។ ដូច្នេះការមានជំនឿស៊ុបទៅលើអបិយជំនឿខ្លាំងពេក បានធ្វើឱ្យពួកគេងាយនឹងទទួលរងនូវឥទ្ធិពលអាក្រក់ពីការបង្កើតពាក្យ ចចាមអារ៉ាមដែលទាក់ទងទៅនឹងការប្រតិបត្តិជំនឿនេះ៕