ក្រុមមន្ត្រីបារាំងបាននិយាយនៅយប់ថ្ងៃអង្គារថា ពួកគេកំពុងស្វែងរកមុខជនរត់គេចខ្លួនទី២ ដែលជាប់ទាក់ទិនផ្ទាល់ក្នុងការវាយប្រហារនៅទីក្រុងប៉ារីស។
មន្ត្រី៣នាក់ដែលសុំមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនបានទទួលការអនុញ្ញាតឲ្យផ្តល់ព័ត៌មានពិស្តារអំពីការស៊ើបអង្កេតដែលកំពុងធ្វើជាបន្តនោះ បានថ្លែងថាការវិភាគការវាយប្រហារជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី១៣ វិច្ឆិកា បានបង្ហាញថា នៅមានមនុស្សម្នាក់ដែលជាប់ទាក់ទិនផ្ទាល់ហើយមិនទាន់ត្រូវបានរកឃើញនៅឡើយ។
អ្នកធ្វើការវាយប្រហារ៧នាក់បានស្លាប់នៅយប់នោះ បីនាក់នៅជុំវិញកីឡាដ្ឋានជាតិ បីនាក់ក្នុងកន្លែងប្រគុំតន្រី ហើយម្នាក់ទៀតនៅភោជនីយដ្ឋានមួយក្បែរទីនោះ ក្នុងការវាយប្រហារជាបន្តបន្ទាប់មួយ ដែលបានសម្លាប់មនុស្ស១២៩នាក់និងធ្វើឲ្យមនុស្សជាង៣០០នាក់ទៀតរងរបួស។ បុរសប្រដាប់អាវុធមួយក្រុមក៏បានបាញ់កាំភ្លើងនៅកន្លែងដើរលេងពេលយប់នៅទីក្រុងប៉ារីសផងដែរ នេះបើតាមសម្តីរបស់ក្រុមមន្ត្រី។
អាជ្ញាធរបារាំងនិងបែលហ្ស៊ិកបានចេញដីការកចាប់ខ្លួនមនុស្សម្នាក់ឈ្មោះ Salah Abdeslam ដែលបងប្អូនប្រុសរបស់គាត់ ជាជនដៃដល់ម្នាក់។ ក្រុមមន្ត្រីបាននិយាយថាគេនៅមិនទាន់បានសម្គាល់អត្តសញ្ញាណនៃជនទី២ ដែលគេកំពុងរកមុខនោះនៅឡើយ។
នៅពេលជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានថ្លែងកាលពីថ្ងៃអង្គារថា ក្រុមរដ្ឋឥស្លាមនឹងទទួលការដាក់សម្ពាធកាន់តែខ្លាំងឡើងថែមទៀត នៅពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ គ្រាដែលស.រ.អា. ប្រទេសបារាំង និងបក្សសម្ព័ន្ធរបស់ខ្លួនឯទៀត បង្កើនកិច្ចប្រឹងប្រែងរបស់ពួកគេប្រឆាំងលើពួកកងជីវពល ដែលបានប្រកាសទទួលខុសត្រូវ ក្នុងការវាយប្រហារយ៉ាងបង្ហូរឈាមនៅក្រុងប៉ារីស៕