Hello VOA៖ គណបក្សនយោបាយបួនរួបរួមគ្នាបង្កើតសម្ព័ន្ធភាពដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត
ដោយមើលឃើញពីស្ថានភាពដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សម្ព័ន្ធភាពនយោបាយថ្មីមួយត្រូវបានបង្កើតឡើងដោយគណបក្សនយោបាយចំនួន ៤ ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា លើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងស្តារលំហប្រជាធិបតេយ្យឡើងវិញ។ គណបក្សទាំង ៤ នោះ រួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា។ លោក សុក ហាច ប្រធានស្តីទីគណបក្សភ្លើងទៀន បញ្ជាក់ថា សម្ព័ន្ធភាពនេះនឹងជាជម្រើសមួយ ដើម្បីធានាថា គណបក្សជំទាស់អាចចូលរួមការបោះឆ្នោតនៅពេលខាងមុខ ក្នុងនោះរួមមានការបោះឆ្នោតព្រឹទ្ធសភានាខែកុម្ភៈ ឆ្នាំ ២០២៤ បើទោះគណបក្សភ្លើងទៀននឹងបន្តត្រូវបានផាត់ចេញពីការបោះឆ្នោតដោយសារបញ្ហាចម្រូងចម្រាសនៃឯកសារស្នាមក៏ដោយ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១២ តុលា ២០២៣)