ការចរចារសម្រាប់សន្តិភាពយូរអង្វែងរវាង អ៊ីស្រាអែល (Israel) និង ប៉ាលេស្ទីន (Palestine) ត្រូវបានជាប់គាំងអស់រយៈពេល ជាងពីរឆ្នាំមកហើយ។ នៅក្នុងរបាយការណ៍មកពីរដ្ឋធានីវ៉ាស៊ីនតោន (Washington) អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់វីអូអេ អង់ដ្រេ ដេនេសនឺរ៉ា (André de Nesnera) បាននិយាយជាមួយអតីតមន្រ្តីជាន់ខ្ពស់ចំនួនបីររូបរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក អំពីលទ្ធភាពក្នុងការស្តារឡើងវិញនូវដំណើរការសន្តិភាព។
បញ្ហាចម្បងៗត្រូវបានដឹងជាទូទៅ។ បញ្ហាទាំងនោះរួមមានការគូសបញ្ជាក់ពីភូមិសាស្រ្តរបស់រដ្ឋប៉ាលេស្ទីនថ្មីមួយ ឋានៈរបស់ទីក្រុងជឺរុសាឡឹម (Jerusalem) ការវិលត្រឡប់របស់ជនភៀសខ្លួនប៉ាលេស្ទីន ការតាំងទីលំនៅរបស់ជនជាតិអ៊ីស្រាអែលនៅក្នុងតំបន់ដែលខ្លួនកាន់កាប់ និងការរៀបចំផ្នែកសន្តិសុខ។
ការចរចារសន្តិភាពត្រូវបានជាប់គាំង នៅក្នុងខែកញ្ញាឆ្នាំ២០១០ នៅពេលដែល អ៊ីស្រាអែល បានបន្តការសាងសង់លំនៅស្ថាន បន្ទាប់ពីកិច្ចសន្យាផ្អាកជាបណ្តោះអាសន្នមួយបានផុតកំណត់។ ក្រុមមន្រ្តីប៉ាលីស្ទីន និយាយថា ពួកគេនឹងមិនបន្តការចរចាឡើយ រហូតដល់ការសាងសង់លំនៅស្ថានត្រូវបានបញ្ឈប់។ អ៊ីស្រាអែល បដិសេធមិនព្រមបញ្ឈប់ការសាងសង់លំនៅស្ថាន ហើយបានអំពាវនាវឱ្យមានការចាប់ផ្តើមការចរចារឡើងវិញ ដោយគ្មានការដាក់លក្ខខណ្ឌជាមុន។
ក្រុមអ្នកជំនាញនិយាយថា ឧបសគ្គនៃការជាប់គាំងមួយចំពោះដំណើរការចរចារសន្តិភាពនេះ គឺជាភាពបែកបាក់នៅក្នុងជួរថ្នាក់ដឹកនាំរបស់ប៉ាលេស្ទីន រវាងតំបន់វែសបែងក៍ (West Bank) និងតំបន់ ហ្គាហ្សាស្ទ្រីព (Gaza Strip)។ តំបន់ វែសបែងក៍ ត្រូវបានគ្រប់គ្រងដោយអជ្ញាធរប៉ាលេស្ទីន របស់លោក ម៉ាហ៍ម៉ូដ អាបាស់ (Mahmoud Abbas) ខណៈដែលតំបន់ហ្គាហ្សាស្រ្ទីប ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បណ្តាញក្រុមសកម្មប្រយុទ្ធហាម៉ាស (Hamas) ដែលត្រូវបានប្រទេស អ៊ីស្រាអែល និងក្រសួងការបរទេសសហរដ្ឋអាមេរិក ចាត់ទុកថាក្រុមភេរវករ។
អតីតទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ប្រេនត៍ ស្កូក្រូហ្វ (Brent Scowcroft) ដែលបម្រើការនៅក្រោមលោកប្រធានាធិបតី ជឺរ័លដ៍ ហ្វដ (Gerald Ford) និងលោកប្រធានាធិបតី ហ្សក ហ័របឺត វ័កឃឺ ប៊ូស (George Herbert Walker Bush) និយាយថា ប៉ាលេស្ទីន ត្រូវតែបង្ហាញរណសិរ្សរួបរួមមួយ។
«ប្រសិនបើក្រុម ហាម៉ាស មិនអាចត្រូវបានបញ្ចុះបញ្ចូល ប្រសិនបើអ្នកនឹងចូលជាមួយក្រុម ហ្វាតាហ៍ ហើយពិតជាស្វែងរកដំណើរការចរចារសន្តិភាព នៅពេលនោះ ដំណោះស្រាយរដ្ឋពីរ ប្រហែលជានឹងត្រូវបានបោះបង់ចោល ហើយនោះគឺជាគ្រោះមហន្តរាយមួយសម្រាប់គ្រប់គ្នា។ ទស្សនៈដែលយល់ឃើញថាដំណោះស្រាយរដ្ឋពីរនឹងនៅទីនោះជារៀងរហូត ប្រហែលជាកំហុសមួយ»។
កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុម ហាម៉ាស និង អ៊ីស្រាអែល បានប្រយុទ្ធគ្នានៅក្នុងជម្លោះរយៈពេលមួយសប្តាហ៍។ ក្រុមសកម្មប្រយុទ្ធនេះបានបាញ់គ្រាប់រ៉ុកកែតរាប់រយគ្រាប់មកលើ អ៊ីស្រាអែល។ អ៊ីស្រាអែល បានឆ្លើយតបវិញដោយការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ ហ្គាហ្សា។ នៅទីបញ្ចប់ ការប្រយុទ្ធគ្នានេះបានបញ្ឈប់ បន្ទាប់ពីប្រទេស អេហ្សីប (Egypt) បានសម្រុះសម្រួលសម្រាប់បទឈប់បាញ់។
លោក ចន បុលតុន (John Bolton) ដែលជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ នៅក្រោមលោកប្រធានាធិបតី ហ្សក ដាប់បែលយូ ប៊ូស (George W. Bush) និយាយថា ជម្លោះនេះបានផ្តល់ផលប្រយោជន៍ដល់ក្រុម ហាម៉ាស និងប្រទេស អ៊ីរ៉ង់ (Iran)។
«តាមពិត ក្រុម ហាម៉ាស លេចចេញមកពីបទឈប់បាញ់គ្នា នៅក្នុងតួនាទីយ៉ាងខ្លាំងក្លាជាងមុន។ ពួកគេផ្គើនទៅនឹងអ៊ីស្រាអែល ហើយបានរស់នៅដើម្បីប្រាប់អំពីរឿងនេះ។ ហើយប្រទេស អ៊ីរ៉ង់ ក៏លេចឡើងនៅក្នុងតួនាទីមួយខ្លាំងផងដែរ។ ពួកគេបានបង្ហាញនូវអ្វីដែលមនុស្សជាច្រើនបានរំពឹងឬភ័យខ្លាចជាយូរមកហើយ ដែលថាពួកគេអាចប្រគល់មីស៊ីលទៅឱ្យក្រុម ហាម៉ាស នៅក្នុងតំបន់ ហ្គាហ្សាស្រ្ទីប និងថាគ្រាប់មីស៊ីលទាំងនោះ អាចបាញ់ទៅដល់ចំណុចប្រមូលផ្តុំរបស់ប្រជាពលរដ្ឋរបស់ប្រទេស អ៊ីស្រាអែល ដូចជាទីក្រុង ជឺរុសាឡឹម និងទីក្រុង តែលអាវីវ (Tel Aviv)»។
((END ACT))
កាលពីខែវិច្ឆិកាឆ្នាំមុន សម្រាប់ពួកហ្វាតាហ៍ មហាសន្និបាតអង្គការសហប្រជាជាតិ បានផ្តល់ឱ្យលោកប្រធានាធិបតី អាបាស់ នូវភាពជោគជ័យផ្នែកការទូតជាអន្តរជាតិដ៏កម្រមួយ ដោយបានទទួលស្គាល់ ប៉ាលេស្ទីន ថាជារដ្ឋសង្កេតការមិនមែនសមាជិកមួយ គឺក្នុងឋានៈដូចគ្នាទៅនឹងក្រុង វ៉ាទីកង់ (Vatican)ដែរ។
ជាថ្មីម្តងទៀត លោក ចន បុលតុន និយាយថាៈ
«វាជាអនុវត្តប្រកបដោយភាពរវើរវាយមួយទៀត របស់មហាសន្និបាតអង្គការសហប្រជាជាតិ។ មិនមានរដ្ឋប៉ាលេស្ទីននោះទេ ដូច្នេះ ការដែលមានសម្លេងភាគច្រើននៅក្នុងមហាសន្តិបាត ដែលនិយាយថាមានការបង្កើតរដ្ឋ ឬគ្មានបង្កើតឱ្យមានរដ្ឋមួយនេះបានទេ។ ប៉ុន្តែ ទោះបីជាមានភាពដាច់ឆ្ងាយពីការពិតយ៉ាងណាក៏ដោយ ក៏សេចក្តីសម្រេចចិត្តនេះនឹងមាន ឬអាចមានឥទ្ធិពលនយោបាយដ៏សំខាន់ ដោយសារថារដ្ឋាភិបាល ប៉ាលេស្ទីន អាចយកឋានៈនេះក្នុងនាមជារដ្ឋមួយនៅក្នុងច្បាប់អន្តរជាតិ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទៅកាន់សន្ធិសញ្ញាផ្សេងៗជាច្រើន ហើយព្យាយាមនិងប្រើប្រាស់ឋានៈនេះ សម្រាប់ផលប្រយោជន៏នយោបាយផងដែរ។ ខ្ញុំគិតថា វានឹងមានផលវិបាក»។
ក្រុមអ្នកជំនាញមានការខ្វែងគំនិតគ្នាអំពីថាតើភាពជោគជ័យខាងការទូតរបស់ក្រុម ហ្វាតាហ៍ និងតួនាទីយ៉ាងលេចធ្លោជាងមុនរបស់ក្រុម ហាម៉ាស នឹងមានឥទ្ធិពលអ្វីទៅលើដំណើរការចរចារសន្តិភាពដែលជាប់គាំងឬយ៉ាងណា។ ពួកគេនិយាយថា រឿងមួយមានភាពច្បាស់លាស់នោះគឺថា សហរដ្ឋអាមេរិកត្រូវតែដើរតួនាទីយ៉ាងសកម្មជាងមុនក្នុងការពន្លឿនដំណើរការនេះ។
ប៉ុន្តែ លោក វីលៀម កូហេន (William Cohen) អតីតរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក នៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី គ្លីនតុន (Clinton) និយាយថា សហរដ្ឋអាមេរិកមានបញ្ហាមួយ។
«និយាយតាមត្រង់ទៅ សហរដ្ឋអាមេរិកគ្មានទស្សនៈក្នុងការធ្វើជាអាជ្ញាកណ្តាលប្រកបដោយយុត្តិធម៌នោះទេ ពីព្រោះតែការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល។ ហើយខ្ញុំយល់ឃើញថា ប្រជាពលរដ្ឋប៉ាលេស្ទីនជាច្រើន ចាត់ទុករឿងនេះថាគ្មានយុត្តិធម៌ ក្នុងនាមជា«អជ្ញាកណ្តាលដ៏ស្មោះត្រង់»នោះទេ»។
ទោះជាយ៉ាងនេះក្តី លោក កូហេន និយាយថា សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ ដែលអាចធ្វើជា«អជ្ញាកណ្តាលដ៏ស្មោះត្រង់មួយ»បាន។
«យើងគឺជាប្រទេសតែមួយ ដែលអាចធ្វើរឿងនេះបាន ពីព្រោះជាការពិតណាស់ ផុសចេញពីទស្សនរបស់អ៊ីស្រាអែល ពួកគេមានការទុកចិត្តយ៉ាងធំធេងចំពោះសហរដ្ឋអាមេរិក ដែលបានបង្ហាញថាត្រឹមត្រូវ។ ហើយខ្ញុំគិតថា យើងត្រូវតែបន្តទាក់ទងនឹងជនជាតិប៉ាលេស្ទីន ដើម្បីបញ្ជាក់ថា យើងនឹងប្តេជ្ញាចិត្តជួយសម្រេចឱ្យបានដំណោះស្រាយរដ្ឋពីរ។ ហើយប្រសិនបើយើងលែងមានបំណងចង់អនុវត្តតួនាទីនេះតទៅទៀត នោះជាការច្បាស់លាស់ណាស់ ដែលយើងនឹងលែងមានលទ្ធភាពក្នុងការជួយនាំមកនូវការចរចារប្រកបដោយជោគជ័យបានទៀតហើយ»។
អ្នកជំនាញមួយចំនួនជឿជាក់ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) នឹងមានឱកាសដ៏ពិសេសមួយ នៅក្នុងអណត្តិទីពីរនៅក្នុងមុខតំណែងរបស់លោក ដើម្បីធ្វើរស់ឡើងវិញនូវដំណើរការសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថា សកម្មភាពទាំងឡាយនៅក្នុងតំបន់នេះ នឹងត្រូវតែរង់ចាំរហូតដល់ក្រោយពីការបោះឆ្នោតសភារបស់ អ៊ីស្រាអែល នៅថ្ងៃទី២២ ខែមករា៕
ប្រែសម្រួលដោយ ឌី ខាំបូលី