ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេស ប៉ាគីស្ថាន ត្រូវបានធ្វើឲ្យល្អក់កករយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ អតីតមន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកកំពូលពីររូបបានប្រាប់វីអូអេថា ទំនាក់ទំនងនេះត្រូវឆ្លងកាត់នូវបទពិសោធន៍ដ៏ជូរចត់ដោយសារតែ ប៉ាគីស្ថាន កំពុងព្យាយាមរក្សាទំនាក់ទំនងឲ្យបានល្អទាំងសងខាង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយកិច្ចប្រឹងប្រែងប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក ខណៈដែលខ្លួនចង់រក្សាចំណងទាក់ទងជាមួយក្រុម តាលីបាន (Taliban) ផងដែរ។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកពីគ្នាលោក ម៉ៃឃល ហេដេន (Michael Hayden) អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (Central Intelligence Agency) ហៅកាត់ថា CIA និងលោក ដេនីស ប្លែរ (Dennis Blair) អតីតនាយកស៊ើបការណ៍សម្ងាត់ជាតិ មានប្រសាសន៍ថា ប៉ាគីស្ថានកំពុងព្យាយាមប្រើប្រាស់ក្រុម តាលីបាន ដើម្បីរក្សាឥទ្ធិពលនៅក្នុងប្រទេសអាហ្វកានីស្ថាន (Afghanistan)។
លោក ហេដេន ដែលធ្លាប់បម្រើការជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល CIA ពីឆ្នាំ២០០៦ដល់២០០៩ និយាយថា កងទ័ព ប៉ាគីស្ថាន (Pakistan) និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចម្បងរបស់ខ្លួន ដែលត្រូវបានស្គាល់ថាជានាយកដ្ឋានអន្តរសេវាកម្មស៊ើបការណ៍សម្ងាត់ ឬហៅកាត់ថា ISI បានកំពុងប្រើបណ្តាញរបស់ ហាហ្កានី (Haqqani) ដើម្បីស្ថាបនាឥទ្ធិពល។
«វាច្បាស់ណាស់និងមិនអាចប្រកែកបានឡើយ ដែលថារដ្ឋាភិបាល ប៉ាគីស្ថាន ជាពិសេសស្ថាប័នសន្តិសុខ ប៉ាគីស្ថាន ដែលរួមមានកងទ័ពនិង ISI ចាត់ទុកបណ្តា្ញហាហ្គានី ដែលជាក្រុម តាលីបាន នៅតំបន់ វ៉ាហ្សីរីស្ថានភាគខាងជើង (North Waziristan) ថាជាសត្រូវរបស់សហរដ្ឋអាមេរិក នេះបើតាមការគិតរបស់ពួកគេ ប៉ុន្តែការគិតរបស់ពួកគេនេះ គឺភាគច្រើនមានសង្កត់ខ្លាំងទៅលើការពិតដែលថា ពួកគេជឿជាក់ថាបណ្តាញ ហាហ្កានី ក៏ជាមិត្តភក្តិរបស់ប៉ាគីស្ថានដែរ។ ប្រការនោះអាចជាទិដ្ឋភាពតែមួយគត់ដែលបង្កើតឲ្យមានបញ្ហាធំបំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៖ គឺការខ្វែងគំនិតរបស់យើងទៅលើបណ្តាញមួយនេះ»។
បណ្តាញ ហាហ្កានី ត្រូវបានចាត់ទុកថាជាក្រុម តាលីបាន ដ៏ប្រល័យបំផុតរបស់ អាហ្វកានីស្ថាន ដែលបានឆ្លងចូលក្នុងប្រទេស អាហ្វកានីស្ថាន មកពីជម្រកសុវត្ថិភាពរបស់ខ្លួននៅក្នុងតំបន់កុលសម្ព័ន្ធនៃប្រទេស ប៉ាគីស្ថាន ដើម្បីធ្វើការវាយប្រហារលើកងកម្លាំងអូតង់(NATO)។
លោក ដេនីស ប៊្លែរ អតីតនាយកស៊ើបការណ៍សម្ងាត់ជាតិ បានថ្លែងថា ប៉ាគីស្ថានកំពុងលេងជាមួយភាគីទាំងពីរនេះ ក្នុងក្តីរំពឹងថានឹងមានការដកកងទ័ពសហរដ្ឋអាមេរិកពី អាហ្វកានីស្ថាន នៅទីបំផុត។
«តាមពិតទៅ ពួកគេរៀបចំការពារទុកមុន។ ពួកគេបានព្យាយាម ហើយនៅតែកំពុងព្យាយាម ដើម្បីទាញយកប្រយោជន៍ពីជំនួយ ដែលពួកគេអាចទទួលបានពីសហរដ្ឋអាមេរិក ខណៈដែលខ្លួនកំពុងតែគិតពិចារណាថា សហរដ្ឋអាមេរិកប្រហែលជានឹងមិននៅទីនេះទេ យើងប្រហែលជាត្រូវស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយយើងត្រូវទាក់ទងជាមួយក្រុមផ្សេងៗ ដែលជាប្រទេសផងនិងក្រុមភេរវកម្មផ្សេងៗទៀតផង។ លើសពីនេះទៀត ពួកគេមានប្រពៃណីមួយដែលព្យាយាមធ្វើឲ្យក្រុមជ្រុលនិយមទាំងនេះប្រឆាំងគ្នាទៅវិញទៅមក»។
មន្រ្តីទាំងពីរនាក់នេះផ្តល់ការស្ងើចសរសើរដល់ ប៉ាគីស្ថានចំពោះកិច្ចសហប្រតិបត្តិការប្រឆាំងនឹងភេរវកម្មរបស់ខ្លួន។ លោក ហេដេន បានឲ្យដឹងថា ប្រទេសនេះគឺជាដៃគូប្រឆាំងភេរវកម្ម«ដ៏មានឥទ្ធិពល» ហើយថាសហរដ្ឋអាមេរិកអាចចាប់បុគ្គលិកជាន់ខ្ពស់របស់ក្រុម អាល់កៃដា ដោយមានការជួយជ្រោមជ្រែងពីសំណាក់ ប៉ាគីស្ថាន ច្រើនជាងប្រទេសដទៃទៀត។
ប៉ុន្តែសហរដ្ឋអាមេរិកបានទទូចសុំ ប៉ាគីស្ថាន ឲ្យធ្វើសកម្មភាពខ្លាំងក្លាជាងមុនក្នុងការចាត់វិធានការប្រឆាំងទីជម្រកសុវត្ថិភាពរបស់ពួក តាលីបាន និង អាល់កៃដា (al-Qaida)។ លោក ប្ល៊ែរ ថ្លែងថា ទីក្រុង អ៊ីស្លាម៉ាបាដ មានភាពស្ទាក់ស្ទើរមិនចង់ធ្វើកិច្ចការនេះទេ។
«ប៉ាគីស្ថាន បានទទួលរងនូវការវាយប្រហារដោយភេរវកម្មច្រើនជាងប្រទេសដទៃទៀត។ ប៉ុន្តែ ពួកគេនៅតែមានគំនិតថា ពួកគេអាចរក្សាទំនាក់ទំនងជាមួយក្រុមជាច្រើនទៀត អាចជ្រើសរើសមិត្តភក្តិរបស់ពួកគេ និងអាចធ្វើការប្រឆាំងនឹងសត្រូវរបស់ពួកគេបាន។ ហើយពួកគេមិនទាន់បានធ្វើសេចក្តីសម្រេចចិត្តដ៏រឹងមាំទេថា យើងត្រូវតែបោសសម្អាតប្រទេសរបស់យើង ហើយប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម ទោះបីជាពួកភេរវករនោះជានរណាក៏ដោយ ដោយមិនគិតថាពួកភេរវករគំរាមកំហែងមកលើ ប៉ាគីស្ថាន ឥណ្ឌា សហរដ្ឋអាមេរិក អាហ្វកានីស្ថាន ឬមនុស្សណាម្នាក់ផ្សេងទៀតឡើយ»។
ពីសំណាក់ភាគី ប៉ាគីស្ថាន វិញ សេចក្តីថ្លែងការណ៍ពីក្រុមមន្ត្រី បានគូសបញ្ជាក់ពីកំហឹងចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកទៅលើមុខសញ្ញាភេរវកម្មនៅក្នុងតំបន់កុលសម្ព័ន្ធរបស់ខ្លួន វត្តមាននៃក្រុមប្រតិបតិ្តការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកនៅលើដីរបស់ខ្លួន ហើយកាលពីពេលថ្មីៗបំផុតនេះ គឺការជ្រៀតចូលរបស់សហរដ្ឋអាមេរិកទៅក្នុងប្រទេស ប៉ាគីស្ថាន ដើម្បីសម្លាប់ អូសាម៉ា ប៊ិនឡាដិន (Osama bin Laden)។
ក្រុមសហរដ្ឋអាមេរិកបានឆ្លងចូលទៅក្នុងប្រទេសប៉ាគីស្ថាននៅពេលយប់ នៅថ្ងៃទី២ ខែឧសភា ហើយបានប្រទះឃើញមេដឹកនាំ អាល់កៃដា កំពុងលាក់ខ្លួននៅក្នុងផ្ទះមួយកន្លែង នៅទីក្រុងអាបុតតាបាដ (Abbottabad) ដែលស្ថិតនៅមិនឆ្ងាយពីបណ្ឌិត្យសភាមន្រ្តីយោធារបស់ប៉ាគីស្ថានទេ។ ក្រុមនេះបានសម្លាប់ ប៊ិនឡាដិន និងធ្វើដំណើរត្រឡប់ចូលទៅក្នុងប្រទេស អាហ្វកានីស្ថាន វិញ ដោយគ្មានការរារាំងណាមួយពីសំណាក់កងកម្លាំង ប៉ាគីស្ថាន ឡើយ។
លោក ហេដេន ឧត្តមសេនីយ៍ចូលនិវត្តន៍កងទ័ពអាកាស បានឲ្យដឹងថា ការវាយប្រហារ ប៊ិនឡាដិន គ្រាន់តែគូសបញ្ជាក់អំពីទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្លាម៉ាបាដ ដែលបានវិលធ្លាក់ចុះអស់មួយរយៈពេលមកហើយ៕
ប្រែសម្រួលដោយ លី សុខឃាង