ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយករដ្ឋ​មន្រ្តី​ថៃ​យីងឡាក់​ប្រឈម​ការ​ហាម​ឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ


លោកស្រី​​នាយករដ្ឋមន្ត្រី Yingluck Shinawatra ត្រូវ​អ្នក​គាំទ្រ​ស្វាគមន៍នៅ​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​៧​ខែ​ឧសភា ឆ្នាំ​២០១៤។
លោកស្រី​​នាយករដ្ឋមន្ត្រី Yingluck Shinawatra ត្រូវ​អ្នក​គាំទ្រ​ស្វាគមន៍នៅ​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​៧​ខែ​ឧសភា ឆ្នាំ​២០១៤។
អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ លោកស្រី Yingluck Shinawatra ​បាន​ត្រូវ​គណៈ​កម្ម​ការ​ប្រឆាំង​អំពើ​ពុករលួយ​រក​ឃើញ​កំហុស​ពី​ការ​ធ្វេស​ប្រហែស​ ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហាម​ឃាត់ធ្វើ​នយោបាយរយៈ​ពេល​៥​ឆ្នាំ។ លោកស្រី​ Yingluck ​ត្រូវ​បាន​បណ្តេញចេញ​ពីអំណាច​កាល​ពី​ថ្ងៃ​ពុធបន្ទាប់​ពីតុលាការមួយ​ទៀត​ ​បាន​រក​ឃើញ​ថា ​លោកស្រី​និង​រដ្ឋ​មន្រ្តី​សំខាន់​ៗ​របស់​លោក​ស្រី ​មាន​កំហុស​ពី​ការ​ប្រើ​អំណាច​ខុស​ច្បាប់​។

គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ថៃ ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន ​បាន​រក​ឃើញមូលដ្ឋាន​សម្រាប់​ការ​ប្តឹង​ចោទ​ប្រកាន់​លោក​ស្រី ​Yingluck ក្នុងតុលាការ ​ដោយ​ធ្វើ​ឲ្យ​លោកស្រី​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វេស​ប្រហែស​ក្នុងកម្មវិធី​ស្រូវ​អង្ករ​ដែល​ទិញ​ស្រូវ​អង្ករ​ពី​កសិករ​ក្នុង​តម្លៃ​កំណត់​មួយ​។

​រឿង​ក្តី​របស់​លោកស្រី​ ឥឡូវ​នេះ ត្រូវ​ទៅ​ដល់​ព្រឹទ្ធ​សភា។ ​ប្រសិន​បើ​ដក​ពី​តំណែង​ លោកស្រី Yingluck ​នឹង​ត្រូវ​គេ​រារាំង​មិន​ឲ្យ​ធ្វើ​នយោបាយរយៈ​ពេល​៥​ឆ្នាំ។ ក៏ប៉ុន្តែ ​ពួក​អ្នក​សង្កេត​ការណ៍​នយោបាយ ​និយាយ​ថា ​លោកស្រី ​អាច​មាន​ការ​គាំទ្រ​គ្រប់​គ្រាន់នៅ​ក្នុង​ព្រឹទ្ធ​សភា​ដើម្បីរារាំង​ព្រឹទ្ធ​សភា​នេះ​មិន​ឲ្យ​ប្រមូល​ផ្តុំ​សំឡេង​បាន​៣​ភាគ​៥​ដែល​ជា​តម្រូវ​ការ​សម្រាប់​ការ​ដក​ពី​តំណែង។

​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ ​បាន​រក​ឃើញកំហុសរបស់​លោកស្រី​ Yingluckពី​ការ​បំពេញ​ភារៈកិច្ច​ដោយធ្វេសប្រហែស ​នៅ​ពេល​ដែល​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​នយោបាយ​ស្រូវ​អង្ករជាតិ​ ​ដោយ​ខកខាន​មិន​បាន​ដោះ​ស្រាយ​អំពើពុក​រលួយ​នៅ​ក្នុង​គម្រោង​ស្រូវ​អង្ករដែល​ផ្តល់​ប្រាក់​ដោយ​រដ្ឋាភិបាល។ ​គណៈកម្មការ​នោះ​ ​នៅ​កំពុង​ស៊ើប​អង្កេត​នៅ​ឡើយ ​ថា​តើ​លោកស្រី ​អាច​ប្រ​ឈមមុខ​ការ​ចោទ​ប្រកាន់ខាង​ព្រហ្មទណ្ឌ​នៅ​ក្នុង​បញ្ហា​នេះដែរ​ឬទេ។

ការ​កាត់​សេចក្តី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដូច​គ្នា​នឹង​ភាសា​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់ដោយ​តុលាការ​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ពេល​ដែល​ខ្លួន ​បាន​បញ្ជាឲ្យ​ដក​លោក​ស្រី​ចេញ​ពី​តំណែងចំពោះ​ការ​ផ្ទេរអំណាច​មិន​ត្រឹម​ត្រូវ​របស់​ប្រធាន​សន្តិសុខជាតិ។​

ចំពោះ​ពួក​អ្នកគាំទ្រ​លោកស្រី ​ការកាត់​សេចក្តីរបស់​តុលាការ​និង​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ ​ជាភស្តុតាង​អ្វី​ដែល​ពួកគេ ​ចាត់​ទុក​ថា ​«ជា​រដ្ឋ​ប្រហារ​ខាង​តុលាការ» ប្រឆាំង​លោកស្រី​ Yingluck ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ខាង​នយោបាយរបស់​ក្រុម​គ្រួសារ​លោកស្រី ​ដែល​បាន​ឈ្នះ​គ្រប់​ការ​បោះឆ្នោត​ជាតិ​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក។

​មនុស្ស​ជាច្រើន​ក្នុង​ប្រទេស​ថៃ ​មាន​ការ​ព្រួយ​បារម្ភ​ថា ​ការប្រឈម​មុខ​គ្នា​ឬ​ជម្លោះអស់រយៈ​ពេល​ជា​ច្រើន​ខែរវាង​ភាគីគាំទ្រ​និង​ភាគី​ប្រឆាំង​រដ្ឋាភិបាល​ ​អាច​ធ្លាក់​ចូល​ក្នុង​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង ​ប្រសិនបើ ភាគីទាំង​២ ​មិនអាច​ឈោង​ដល់​ការ​ព្រម​ព្រៀង​មតិ​នោះ​ទេ។

វរសេនីយ៍​ទោប៉ូលីស​ Krisana Pattanacharoen ​អ្នកនាំ​ពាក្យ​មជ្ឈមណ្ឌល​រដ្ឋបាល​សន្តិភាព​និង​សណ្តាប់​ធ្នាប់​ (CAPO) ​បាន​កត់​សម្គាល់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ឃើញ​ថា មានអំពើ​ហិង្សា​ថ្មី​ៗ​នៅ​ក្នុងទីក្រុង​បាងកក ​ចាប់​តាំង​ពី​ការ​បណ្តេញ​លោកស្រី​នាយក​រដ្ឋ​មន្រ្តី​កាល​ពី​ថ្ងៃ​ពុធ​មក។

«មជ្ឈ​មណ្ឌល​រដ្ឋបាល​សន្តិភាព​និង​សណ្តាប់​ធ្នាប់​ (CAPO) ចង់​ធ្វើ​ការ​បញ្ជាក់​ឡើង​វិញ​ថា ការ​កាត់​សេចក្តី​របស់​តុលាការ ​នឹង​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​ដូច​ដែល ​បាន​ឃើញ​ឧបទ្ទវហេតុ​ជាបន្ត​បន្ទាប់ រួមមាន ​ការ​បាញ់​កាំភ្លើង M-79 ដាក់​មន្ទីរពេទ្យ Chulabhorn ធនាគារ​ពាណិជ្ជកម្ម​ខ្លះ ​ហើយ​នឹង​គេហដ្ឋានរបស់​ចៅក្រម​តុលាការ​ធម្មនុញ្ញ»។

CAPO ​ក៏​កំពុង​ព្រមានពួក​មេដឹក​នាំ​ចលនា​លម្អៀងទាំង​ខាង​រដ្ឋាភិបាល​និង​ប្រឆាំង​រដ្ឋាភិបាល​ឲ្យ​ប្រឆាំង​នឹង​អំពើ​ហិង្សានានា​ក្នុង​អំឡុង​ពេល​នៃការ​តវ៉ា​ប្រឆាំង​តទល់​គ្នាក្នុង​រាជ​ធានីក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។

​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ​បាតុករ​លម្អៀង​ខាង​រដ្ឋាភិបាល​ ​ដែល​គេ​ស្គាល​ថា ​ពួកអាវ​ក្រហម​ ​ភាគ​ច្រើន​បាន​នៅ​ឆ្ងាយ​ពី​រាជ​ធានីដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខដោយ​ផ្ទាល់​ជាមួយ​ក្រុម​ប្រឆាំង​រដ្ឋាភិបាលដែល​ប្រមូល​ផ្តុំ​គ្នាក្នុង​ទីក្រុង​បាងកក។ ពួកអ្នកវិភាគ​ ព្រួយ​បារម្ភ​ថា ​ចំណាត់​ការ​ប្រឆាំង​លោកស្រី Yingluck ​ហើយ​នឹង​សមាជិក​របស់​គណបក្ស​លោកស្រី​ ​អាច​នាំ​ឲ្យ​ពួក​អ្នកគាំទ្រធ្វើការ​តវ៉ាប្រឆាំង​កាន់​តែ​ខ្លាំង​ឡើងនៅជិត​រាជ​ធានី​ ​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​ជាមួយ​ពួក​ប្រឆាំង។

​មាន​សេចក្តី​រាយការណ៍​ថា ​មាន​ការ​បាញ់​កាំភ្លើង​២​គ្រាប់ តម្រង់​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៅពេល​ដែល​ពួកគេ ​បាន​ចាប់​ផ្តើម​ដើរ​ពីឧទ្យាន​កណ្តាលក្រុង​បាងកក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ គ្មាន​មនុស្ស ​រង​របួស​ទេ។

​គណៈកម្មការរៀប​ចំការ​បោះឆ្នោត ​បាន​ស្នើធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២០ ​ខែ​កក្កដា ​បន្ទាប់​ពីការ​បោះឆ្នោត​ខែ​កុម្ភៈ​ ​បាន​ត្រូវ​បដិសេធ​ដោយ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​។ ​ក៏ប៉ុន្តែ ​ការ​បន្ត​ភាព​ច្របូក​ច្របល់​ខាង​នយោបាយ​ ​បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថាតើការ​បោះឆ្នោត​ ​អាច​ធ្វើ​ឡើង​បាន​ដែរ​ឬទេ។

​លោក Pongthep Thepkanjana ​ឧបនាយករដ្ឋ​មន្រ្តី​អន្តរកាល​ ​ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ដែរ​នោះ ​និយាយ​ថា ​រដ្ឋាភិបាល​ចាំ​ផ្ទះ ​កំពុង​ធ្វើ​ការ​នៅ​ក្រោម​ក្របខ័ណ្ឌ​របស់​គណៈ​កម្មការរៀប​ចំ​ការ​បោះឆ្នោត។

«លោក Pongthep ​និយាយ​ថា ​ជំនួប​រវាង​រដ្ឋាភិបាល​និង​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ ​ពីព្រោះ​ប្រសិន​បើ​ការ​រៀប​ចំ​ ​មិនបាន​ធ្វើ​ឡើងរួចរាល់​ត្រឹម​ថ្ងៃ​ទី​១៤ ​ខែ​ឧសភា​ទេ ​វា ​នឹង​មាន​ការ​លំបាកឲ្យ​មាន​ការ​បោះ​ឆ្នោតនៅ​ថ្ងៃ​ទី​២០ ​ខែ​កក្កដា​ ដូច​តាម​ការ​រំពឹង​ទុក​នោះ»។

ក៏ប៉ុន្តែ ​អគ្គស្នងការ​រៀប​ចំ​ការ​បោះឆ្នោត ​និយាយ​ថា ​ខ្លួន ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ​គណៈរដ្ឋ​មន្រ្តី​អន្តរកាល​ បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​លោកស្រី​ Yingluck ​មាន​អំណាច​ដើម្បី​ដាក់​ស្នើ​សុំ​រាជ​ក្រឹត្យ​ដើម្បី​កំណត់​ពេល​បោះឆ្នោត​ផ្លូវការ​ឬទេ៕​

ប្រែ​សម្រួល​ដោយ​ ជឹង ​ប៉ូជីន
XS
SM
MD
LG