រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងពិធីបុណ្យតាមបែបសាសនា បន្ទាប់ពីព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានបញ្ជូនមកដល់មាតុភូមិ និងត្រៀមបូជានៅថ្ងៃពុធសប្តាហ៍នេះ។
ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានបញ្ជូនមកដល់ព្រលានយន្តហោះក្នុងរាជធានីភ្នំពេញ នាពេលថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាអ្នកនយោបាយជើងចាស់មួយអង្គ បានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៧៧ព្រះវស្សា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នៅប្រទេសបារាំង ដោយរោគាពាធ។
លោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាអនុជប្រុសម្តាយជាមួយរបស់សម្តេចក្រុមព្រះ ប្រាប់វីអូអេនៅថ្ងៃចន្ទថា នាពេលបច្ចុប្បន្ន ព្រះសពរបស់សម្តេចក្រុមព្រះ កំពុងត្រូវបានតម្កល់នៅព្រះដំណាក់ នៅផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមព្រះពុទ្ធសាសនា។ លោកបន្ថែមថា ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់សម្តេចក្រុមព្រះ កាលពីព្រឹកថ្ងៃចន្ទនេះ។
ក្នុងពិធីសម្ពោធផ្លូវមួយនៅខេត្តព្រៃវែងនៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបឲ្យដឹងផងដែរថា លោកនឹងចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបូជាព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
បើតាមលោក ចាប ញ៉ាលីវុធ ព្រះសពរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងត្រូវដង្ហែទៅកាន់ព្រះមេរុ នៅខាងមុខវត្តបទុមវតីដើម្បីបូជានៅព្រឹកថ្ងៃពុធ ទី៨ ខែធ្នូវេលាម៉ោង៨ និង៣០នាទីព្រឹក។
អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំពិធីបុណ្យជាតិ លោក ឈិន កេតាណា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរ៉ាប់រងការចំណាយទាំងស្រុងលើពិធីបុណ្យព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ។ លោកបន្តថា ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ដែលត្រូវជាព្រះអនុជរបស់ព្រះអង្គ នឹងថ្វាយព្រះភ្លើងក្នុងពិធីបូជាព្រះសពនៅថ្ងៃពុធខាងមុខ។
នៅក្នុងសារាចរមួយចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសយកថ្ងៃពុធ ទី៨ ខែធ្នូជាថ្ងៃកាន់ទុក្ខជាផ្លូវការ ហើយបានណែនាំឲ្យគ្រប់ស្ថាប័ន ក្រសួង សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងពលរដ្ឋទូទាំងប្រទេស បង្ហូតទង់ជាតិត្រឹមពាក់កណ្តាល ហើយគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជន ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី៨ ខែធ្នូខាងមុខនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ឲ្យដឹងថា ការរៀបចំពិធីបុណ្យសពនិងការកាន់ទុក្ខជាផ្លូវការចំពោះព្រះសពសម្តេចក្រុមព្រះ គឺឈរលើមូលដ្ឋានដែលព្រះអង្គមានតំណែងជាប្រធានក្រុមប្រឹក្សាឧត្តមក្រុមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ជាអតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភា។
លោកក៏បានលើកឡើងពីតួនាទីរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងការសម្របសម្រួលស្វែងរកដើម្បីដំណោះស្រាយបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា។
លោកថ្លែងថា៖ «ដំណោះស្រាយនយោបាយដ៏ធំ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា គឺសន្តិភាពរវាងគណបក្សហ៊្វុនស៊ិនប៉ិចជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅក្នុងឆ្នាំ១៩៩៣»។
ប្រធានមជ្ឈមណ្ឌល ដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង និយាយថាការរៀបចំពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងពិធីបូជាជាផ្លូវការចំពោះសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ តំណាងឲ្យការដឹងគុណចំពោះអ្វីដែលព្រះអង្គបានសម្រេចជូនប្រទេសជាតិ។
លោកបញ្ជាក់ថា៖ «ការផ្តល់កិត្តិយសនិងការផ្តល់ពិធីរបស់ជាតិក្នុងការរៀបចំពិធីបុណ្យសពរបស់សម្តេចក្រុមព្រះនេះ ខ្ញុំថា ជារឿងមួយល្អ ហើយវាក៏បានបង្ហាញថា យើងយកចិត្តទុកដាក់ចំពោះព្រះរាជវង្សផង ហើយចំពោះអ្នកដែលមានស្នាដៃសម្រាប់កិច្ចការជាតិកន្លងមកផង ដើម្បីជាការលើកទឹកចិត្ត សម្រាប់អ្នកប្រឹងប្រែងដើម្បីប្រទេសជាតិ»។
គួរបញ្ជាក់ថាព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ មានបុត្រ៥អង្គ ក្នុងនោះ ប្រុស៤អង្គ និងស្រីមួយអង្គ។ ២អង្គជាបុត្ររបស់អ្នកម្នាងរបស់ព្រះអង្គ ព្រះនាម អ៊ុក ផល្លា ដែលបានសោយទិវង្គត កាលពីឆ្នាំ២០១៨ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលព្រះអង្គក៏ជួបឧបទ្ទវហេតុនោះ ប៉ុន្តែមិនប៉ះពាល់ដល់ព្រះជន្មរបស់ព្រះអង្គឡើយ៕