ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយក​រដ្ឋមន្ត្រី​​ទី១​ និង​ទី២​គ្រោង​ប្តឹង​លោក​លឺ ឡាយស្រេង​ ក្រោយ​​ការ​ផ្សាយ​ខ្សែអាត់​ទូរស័ព្ទ​ឯកជន


លោក​ ​លឺ ឡាយស្រេង​ ​អតីត​មន្ត្រី​ជាន់ខ្ពស់​​នៃ​គណបក្ស​រាជានិយម​ ​បាន​​សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ ​នរោត្តម សីហមុនី​ ស្នើ​ទ្រង់​យាង​ត្រឡប់​​មក​កម្ពុជា​វិញ​ ​ដើម្បី​​ប្រើ​ព្រះ​រាជបុព្វសិទ្ធិ​ជា​អាជ្ញា​កណ្តាល​ ដោះស្រាយ​ទំនាស់​​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ (រូបថត​ដោយ RFA Khmer)
លោក​ ​លឺ ឡាយស្រេង​ ​អតីត​មន្ត្រី​ជាន់ខ្ពស់​​នៃ​គណបក្ស​រាជានិយម​ ​បាន​​សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ ​នរោត្តម សីហមុនី​ ស្នើ​ទ្រង់​យាង​ត្រឡប់​​មក​កម្ពុជា​វិញ​ ​ដើម្បី​​ប្រើ​ព្រះ​រាជបុព្វសិទ្ធិ​ជា​អាជ្ញា​កណ្តាល​ ដោះស្រាយ​ទំនាស់​​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ (រូបថត​ដោយ RFA Khmer)

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ និង​អតីត​នាយករដ្ឋមន្ត្រី​ទី១​ ​ព្រះ​អង្គម្ចាស់ ​នរោត្តម​ រណឫទ្ធិ​ ​ប្រកាស​ប្តឹង​លោក​ ​លឺ ឡាយស្រេង​ ​ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ ​ជា​ច្រើន​ករណី​​ ​ក្រោយ​ពេល​សំឡេង​សន្ទនា​ឯកជន​តាម​​ទូរស័ព្ទ​របស់​លោក​ លឺ ឡាយស្រេង​ ត្រូវ​បាន​​គេ​លួច​ថត​ និង​បង្ហោះ​ជា​សាធារណៈ។​

បន្ទាប់​ពីសំឡេង​សន្ទនា​តាម​ទូរស័ព្ទឯកជន​របស់​លោក​ លឺ ឡាយស្រេង​ អតីត​ឧបនាយករដ្ឋមន្ត្រី​ខ្មែរ​ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ «សី ហា»​ បង្ហោះ​ជា​សាធារណៈ​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ កាល​ពីថ្ងៃ​អាទិត្យ​ ​បាន​ប្រកាស​ប្តឹង​លោក​ លឺ ឡាយស្រេង ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ និង​បទ​បរិហារកេរ្តិ៍។​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ និង​អតីត​នាយករដ្ឋមន្ត្រី​ទី១​ ​ព្រះ​អង្គម្ចាស់ ​នរោត្តម​ រណឫទ្ធិ​ ​ប្រកាស​ប្តឹង​លោក​ ​លឺ ឡាយស្រេង​ ​ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ ​ជា​ច្រើន​ករណី ​ក្រោយ​ពេល​សំឡេង​សន្ទនា​ឯកជន​តាមទូរស័ព្ទ​របស់​លោក​ លឺ ឡាយស្រេង​ ត្រូវ​បានគេ​លួច​ថត​ និង​បង្ហោះ​ជា​សាធារណៈ។​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​បាន​ប្រកាសប្ដឹង​លោក​ លឺ ឡាយស្រេង ​ដោយ​លើក​ឡើង​ថា​ លោក​ លឺ ឡាយស្រេង​ បាន​ប្រមាថ​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី​ ដោយ​ធៀប​ទៅ​នឹង​ ​«មាន់​គ្រៀវ»។​ លោក​បន្ថែម​ថា​ ​លោក​ក៏​នឹង​ប្ដឹង​មួយ​ករណី​ទៀត​ ​ដែល​លោក​ ​លឺ ឡាយស្រេង​ បាន​និយាយ​បរិហារ​កេរ្ដិ៍​លោក​ថា ​លោក​បាន​ឲ្យ​មន្ដ្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​ម្នាក់​២​ម៉ឺន​ដុល្លារ​ ​ដែល​លោក​ថា​ ​បណ្តឹង​នេះ​ ​គឺ​បន្ថែម​លើ​បណ្តឹង​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម ​រណឫទ្ធិ​ ដែល​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ុនប៉ិច។​

លោក ហ៊ុន សែន ​បញ្ជាក់​ថា៖​

«អ្នក​ដែល​នាំ​អាទិ៍​ប្រមាថ​ព្រះ​មហាក្សត្រ​ ប្រមាថ​សម្តេច​ក្រុមព្រះ​ ហើយ​រាលដាល​មក​ដល់​ខ្ញុំ ថា​ខ្ញុំ​ឲ្យ​ម្នាក់​២​ម៉ឺន​ដុល្លារ​សម្រាប់មន្រ្តីហ្វ៊ុនស៊ិនប៉ិច ដែល​ត្រៀម​ក្រសេ​[អាវ​ធំ]​ចូល​សភា​នោះ។​ ខ្ញុំ​នឹង​ប្តឹង​នេះ​ជា​ការ​បរិហារ​កេរ្តិ៍​ចំពោះ​ខ្ញុំ។ អញ្ចឹង​សូម​មេធាវី​របស់​ខ្ញុំ​ពិនិត្យ​មើល ខ្ញុំ​នឹង​ប្តឹង​ លឺ ឡាយស្រេង»។​

លោក​ លឺ ឡាយស្រេង​ ជា​អតីត​ឧបនាយករដ្ឋមន្រ្តី​កម្ពុជា​ ​ដែល​តែងស្នើ​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​រាល់​ពេល​ដែល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ​កើន​កម្តៅ​ ​ត្រូវ​បាន​គេ​លួច​ថត​សំឡេង​នៃ​ការ​សន្ទនាតាមទូរស័ព្ទ​ ​និង​បង្ហោះ​ជា​សាធារណៈ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ ​«សី ហា»​ ​ ដែល​ជា​ទំព័រ​ហ្វេសប៊ុក​ ​តែង​បង្ហោះ​រាល់​ខ្សែ​អាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក។​

ក្នុង​សំឡេង​ឆ្លើយឆ្លង​គ្នា​រវាង​លោក​ លឺ ឡាយស្រេង​ ជាមួយ​អ្នកស្រី​ ​គី លំអង​ ​អតីត​តំណាងរាស្រ្ត​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​ដោយមាន​លើក​ពី​គម្រោង​នៃ​ការ​ចូល​គាល់​ព្រះ​មហាក្សត្រ​ដើម្បី​បន្ថយ​កម្តៅ​នយោបាយ​ ​និង​បាន​ចោទសួរ​គ្នា​ថា តើ​ព្រះ​មហាក្សត្រ ​ព្រះ​ករុណា នរោត្ដម សីហមុនី​ នឹង​ឡាយ​ព្រះ​ហស្ត​លេខា​លើ​សំណើ​កែ​ប្រែ​ច្បាប់​៤ ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត ឬ​យ៉ាង​ណា។​

លោក​ លឺ ឡាយស្រេង​ បាន​និយាយ​ក្នុងខ្សែអាត់​សំឡេង​សន្ទនាដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ «សី ហា» ​នោះថា៖

«ចាំ​មើល​ព្រះ​មហាក្សត្រ​ហ្នឹង​ហ៊ាន​អត់​ទេ?​ បើ​មិន​ហ៊ាន​ទេ​ ឲ្យ​ដាក់​រាជ្យ​ទៅ​ ​ឲ្យ​គេ​ធ្វើ​វិញ​ម្ដង។ ​មាន់​គ្រៀវ​អញ្ចឹង​នោះ»។

លោក​ លឺ ឡាយស្រេង​ ក៏​បាន​លើកឡើងពី​គម្រោង​ដែលគណបក្ស​ហ្វ៊ុនស៊ិនប៉ិចត្រៀមទទួល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ប្រឈម​នឹង​ការ​រំលាយ​ថា៖​

«ពួក​អា​អត់​ខ្មាស​ឥឡូវ​ហ្នឹង​កំពុង​ពាក់​ក្រសេ កំពុង​នឹង​ចែក។ គិត​ទៅ​អា​មនុស្ស​រក​លុយ​បាន​ស្រួល សុខ​មិន​សុខ​ ហ៊ុន សែន​ ​ឲ្យ​ជិត​មួយ​លាន [១​លាន​ដុល្លារ] ទៀត​ហើយ ចុះ​ម្នាក់​ពីរ​ម៉ឺន​ ជិត​មួយ​លាន​ទៀត​បាត់​ហើយ»។

ក្នុង​វីដេអូ​ឃ្លីប​ថ្មី​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​បង្ហោះលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​លឺ ឡាយស្រេង​ កាល​ពី​ថ្ងៃ​អាទិត្យ​ ​លោក​បាន​សម្ដែង​ការ​សុំ​ទោស​ចំពោះ​ព្រះមហាក្សត្រ​ ​និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​និង​ស្នើ​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លើ​ ​លោកស្រី​ គី លំអង​ ប៉ុន្តែ​លោក​ ​លឺ ឡាយស្រេង​ ​ពុំ​បាន​ថ្លែង​សុំ​ទោស​ ​សម្ដេច​ក្រុម​ព្រះ​ នរោត្ដម​ ​រណឫទ្ធិ​ នោះ​ទេ។​

លោក ​ញេប ប៊ុនជិន​ អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ុនប៉ិច ​ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រុម​ព្រះ​ នរោត្ដម​ ​រណឫទ្ធិ ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ ​បាន​ត្រៀម​បណ្តឹង​ដើម្បី​ប្តឹង​លោក លឺ ឡាយស្រេង​ ពី​បទ​ ​បរិហារ​កេរ្តិ៍​រួច​ហើយ។

លោក​ ញេប ប៊ុនជិន​ បញ្ជាក់​ថា៖

«ឥឡូវ​ហ្នឹង​មាន​ពាក្យ​បណ្តឹង​ដាក់​លើ​ដៃ​មេធាវី​អស់​ហើយ​ ​រៀបចំ​គម្រោង​ដាក់​ប្តឹង​ហើយ។​ ហើយ​យើង​បាន​ដាក់​ប្តឹង​យើង​ប្រកាស​ជា​សាធារណៈ​ថា​ យើង​ប្តឹង​គាត់​ហើយ។​ ហើយ​អ្នក​ដែល​មាន​ពាក់ព័ន្ធ​សំឡេង​អី​ហ្នឹង​ យើង​ត្រូវ​ហៅ​សើរើ​អ្នកពាក់ព័ន្ធ​នឹង ​គឺ​យើង​ត្រូវ​តែ​មក​ប្ដឹងផ្ដល់​ទាំង​អស់»។​

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ លឺ ឡាយស្រេង​ បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

បើ​តាម​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​មួយ​បាន​ផ្សាយ​ថា​ ​លោក​ លឺ ឡាយស្រេង​ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​តាម​ជើង​ហោះហើរ​ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ។​

លោក​ សុក សំអឿន​ អ្នកច្បាប់​ ​និង​ជា​មេធាវី​ជើង​ចាស់​មួយ​រូប​លើក​ឡើង​ថា​ ការ​លួច​ថត​សំឡេង​របស់​ឯកជនភាព មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ភស្តុតាង​នោះ​ទេ​ ​ហើយ​លោក​ថា​ ​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ក៏​មិន​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ដែរ។ ទោះ​ជា​យ៉ាង​ណា​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ ​ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជាមាន​ភាព​មិន​ច្បាស់​លាស់។​

លោក​ សុក សំអឿន​ មាន​ប្រសាសន៍​ថា៖​

«តាម​ច្បាប់​អន្តរជាតិ​ ភស្តុតាង​ដែល​បាន​មក​ពី​បែប​ហ្នឹង​ គេ​ហៅ​ថា​ភស្តុតាងអត់​ត្រូវ​ច្បាប់ មិន​អាច​យក​មក​ធ្វើ​ជា​ភស្តុតាង​បាន​ទេ។ ប៉ុន្តែ​ស្រុក​ខ្មែរ​យើង​វា​ផ្សេង​ ​ព្រោះ​ច្បាប់​យើង​អត់​មាន​ចែង​ច្បាស់ ដល់​អញ្ចឹង​ពិបាក​ថា ខ្ញុំ​មិន​ហ៊ាន Comment [ផ្តល់​យោបល់]​ ទេ។​ ប៉ុន្តែ​ឥឡូវ​តុលាការ​គាត់បក​ស្រាយ​ទូលំ​ទូលាយ ដល់​អញ្ចឹង​យើង​រក​កំណត់​អី​ក៏​មិន​បាន។ ពិបាក​ណាស់។ តែ​មាន​ពាក្យ​បណ្តឹង​ហើយ​យ៉ាប់​ហើយ​ អ្នក​ដែល​រង​បណ្តឹង​ហ្នឹង»។​

យោង​តាម​មាត្រា​ ៣០១​នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះ​រាជាណាចក្រ​កម្ពុជា​ចែង​ថា​ អំពើ​ស្តាប់​ ​ឬ​ថត​សម្តី​ដែល​និយាយ​ជា​ឯកជន​ ​ឬ​ជា​ការ​សម្ងាត់​ ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​បុគ្គលដែល​មាន​ការ​ពាក់ព័ន្ធនោះ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ខែ​ ​ទៅ​១ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល ទៅ​២​សែន​រៀល។​

ទោះ​ជា​យ៉ាង​ណា​គេ​ឃើញ​ថា​ រាល់​សំឡេងសន្ទនា​ឯកជន​របស់​បុគ្គល​ ​ដែល​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ «សី ហា»​ ​បង្ហោះ​កន្លង​មកគេ​មិន​ដែល​ឃើញសមត្ថកិច្ច​មាន​ចំណាត់ការ​ណា​មួយ​ស្រាវជ្រាវ​រក​អ្នក​លួច​ថត​សំឡេង​ឯកជនយក​មក​ផ្តន្ទា​ទោសនោះ​ទេ។ ក្នុងនោះ​ ​ករណី​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​មុន ក៏​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​ជា​មួយ​ស្រ្តី​វ័យ​ក្មេង​ម្នាក់​ ​ដែល​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ ​«សី ហា»​ ​ទម្លាយសំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ផង​ដែរ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG