អតីតមេឃុំនិងចៅសង្កាត់ខ្លះនៃគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយកំពុងរស់នៅក្នុងជីវភាពជាពលរដ្ឋសាមញ្ញបើទោះបីជារក្សាក្តីសង្ឃឹមថានឹងមានឱកាសបានបម្រើពលរដ្ឋជាថ្មីដើម្បីសម្រេចកិច្ចការនៅសេសសល់ដែលមាននៅថ្នាក់មូលដ្ឋាន។
អ្នកស្រីយឹម ផល្លី អតីតចៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបបានរំឭកឡើងវិញថាជ័យជម្នះនៅខែមិថុនាឆ្នាំ២០១៧គឺជាឱកាសសម្រាប់អ្នកស្រីជំរុញបញ្ហាអាទិភាពដែលពលរដ្ឋកំពុងប្រឈមក្នុងជីវភាពប្រចាំថ្ងៃ។
អ្នកស្រីយឹម ផល្លីបានថ្លែងប្រាប់វីអូអេតាមប្រព័ន្ធហ្វេសប៊ុកនៅពាក់កណ្តាលខែកុម្ភៈថា៖
«ខ្ញុំផ្តល់អាទិភាពបីធំៗកាលដែលខ្ញុំនៅកាន់ជាចៅសង្កាត់ គឺទី១យើងគិតពីសេវាសង្គមកិច្ច។ ទីពីរយើងគិតពីការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។ ទីបីយើងគិតពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដូចជាយើងនិយាយពីថវិកាមុនពេលសម្រាលនិងក្រោយពេលសម្រាលមានសុវត្ថិភាព»។
អ្នកស្រីយឹម ផល្លី ថ្លែងដោយទឹកមុខស្មើថាក្តីរំពឹងបានខកខាននៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយនៅចុងឆ្នាំដដែលនោះ៖
«ពេលវេលាវាហាក់ដូចជាលឿនពេកបានតែបួនខែពេលដែលប្រកាសសុពលភាពហើយ។ ប៉ុន្តែមិនអីទេអ្វីដែលយើងបានធ្វើ យើងក៏មានមោទនភាព»។
បច្ចុប្បន្នអ្នកស្រី យឹម ផល្លី បានវិលត្រឡប់មកជីវភាពជាស្ត្រីមេផ្ទះដោយមិនសូវបញ្ចេញទស្សនៈនយោបាយអ្វីច្រើនទេ។
អតីតអ្នកដឹកនាំនៅថ្នាក់មូលដ្ឋានមួយរូបទៀតគឺ លោកលឿង សារុន អតីតមេឃុំទឹកវិលស្រុកស្អាង ខេត្តកណ្តាល កំពុងប្រកបរបរជាអ្នករត់ម៉ូតូកង់បីតាំងពីក្រោយបាត់បង់តំណែងមក។
លោកលឿង សារុន បានបញ្ជាក់ប្រាប់វីអូអេតាមប្រព័ន្ធហ្វេសប៊ុកដោយសម្តែងការសោកស្តាយដែលមិនបានបម្រើពលរដ្ឋតាមការចង់បានរបស់ពួកគេដែលបានបោះឆ្នោតជូនលោក។
ដូចអ្នកស្រីយឹម ផល្លីដែរ គឺលោកលឿង សារុន ធ្លាប់ជាជំទប់ឃុំមុនពេលឈ្នះឆ្នោតដោយសំឡេងលើសលប់មកកាន់តំណែងជាមេឃុំ ហើយលោកបានយល់ពីតម្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាន។
លោកលឿង សារុនបានបញ្ជាក់បន្ថែមថា៖
«ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្ញុំនេះគឺភាគច្រើនជាអ្នកក្រីក្រដល់អីចឹងទៅគឺខ្វះគ្រប់ប្រភេទលើផ្នែកបច្ចេកទេស ពីផ្នែកសុខាភិបាល ចំណេះដឹងគឺមានកម្រិត ហើយក្នុងនាមជាមន្ត្រីគឺខ្ញុំបានយកចិត្តទុកដាក់បម្រើអស់ពីសមត្ថភាពរបស់ខ្លួនក៏ដូចជាពាំនាំនូវអ្វីដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋទៅជូនថ្នាក់លើដែលអាចមានលទ្ធភាពជួយសម្រួល»។
អតីតមេឃុំទឹកវិល រូបនេះយល់ថាការអនុវត្តគោលនយោបាយក្នុងមូលដ្ឋានរបស់លោកនាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់មេឃុំដែលមកពីគណបក្សប្រជាជនកម្ពុជាគឺនៅមិនទាន់បានដូចផែនការដែលបានលើកឡើងទេ។
លោកលឿង សារុន បានបន្ថែមថា៖
«ជាក់ស្តែងដូចជា[គោលនយោបាយ]ភូមិឃុំមានសុវត្ថិភាពនេះ យើងមើលទៅនៅទូទាំងប្រទេសកម្ពុជាទាំងអស់គឺមិនមែនតែតំបន់របស់ខ្ញុំទេគឺមានគ្រប់បែបយ៉ាង ចោរលួចចោរប្លន់ ឆក់និងគ្រឿងញៀន។ យើងក៏មិនអាចថារដ្ឋាភិបាលបណ្តែតបណ្តោយដែរក៏ប៉ុន្តែការធ្វើគឺវាមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយទេ»។
គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញឲ្យអនុវត្តតាំងពីខែសីហា ឆ្នាំ២០១០ និងត្រូវបានប្តូរមកជាគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពកាលពីដើមខែមករា ឆ្នាំ២០២១នេះ។ ការផ្លាស់ប្តូរនេះគឺបន្ថែមលើបញ្ហាអាទិភាពជាក់ស្តែងក្នុងស្ថានភាពបច្ចុប្បន្នដោយផ្តោតលើការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសសកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀន អំពើអាណាចារ ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ក្មេងទំនើង រហូតដល់ការឆ្លើយតប រាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈ និង ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ។ នេះបើយោងតាមខ្លឹមសារកិច្ចប្រជុំកាលពីថ្ងៃទី៨ខែមករានៅក្រសួងមហាផ្ទៃ។
គណបក្សសង្រ្គោះជាតិបាន ឈ្នះអាសនៈ ក្រុមប្រឹក្សា ចំនួន៥.០០៧ នៃតំណែងក្រុមប្រឹក្សាចំនួន ១១.៥៧២ ក្នុងនោះគ្រប់គ្រងឃុំនិងសង្កាត់ចំនួន៤៨៩នៃឃុំ-សង្កាត់សរុបចំនួន១.៦៤៦ កាលពីក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងខែមិថុនា ឆ្នាំ២០១៧។ នាចុងឆ្នាំដដែលនេះរដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់ថាអតីតបក្សប្រឆាំងនេះបានស្វែងរកជំនួយពីបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលហើយបានប្រើប្រាស់ប្រព័ន្ធតុលាការដែលខ្លួនគ្រប់គ្រងរំលាយចោល។
មានអតីតសកម្មជននិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្តជាង៤០នាក់កំពុងជាប់ឃុំឃាំងពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាល។ អ្នកខ្លះទៀតបានរត់ភៀសខ្លួនចេញក្រៅប្រទេសដើម្បីគេចចេញពីការតាមយាយី។ នេះបើតាមតួលេខរបស់គណបក្សត្រឹមដើមខែកុម្ភៈ។
លោកលឿង សារុនក៏កំពុងប្រឈមនឹងការចោទប្រកាន់នៅតុលាការពីបទអុចអាលឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ដូចសកម្មជនគណបក្សនយោបាយជាង១០០នាក់ផ្សេងទៀតដែរ។ លោកទើបតែទទួលបានដីកាកោះកាលពីចុងខែមករាឲ្យឡើងសវនាការនៅដើមខែកុម្ភៈ។
លោកបានសម្តែងការងឿងឆ្ងល់ចំពោះការចោទប្រកាន់នេះ៖
«ក្រោយពេលគេរំលាយបក្ស ខ្ញុំក្លាយទៅជាពលរដ្ឋធម្មតាដូចគេដូចឯងអីចឹង ហើយឃើញដីការចោទថាញុះញង់ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដល់តែឃើញអីចឹងទៅមានអារម្មណ៍ភ័យដែរ មិនដឹងថាខ្លួនឯងបានប្រព្រឹត្តស្អីពីព្រោះបទឧក្រិដ្ឋមិនធម្មតាទេ»។
ការចោទប្រកាន់និងចាប់ដាក់ពន្ធនាគារបាននាំឲ្យក្រុមគ្រួសារសកម្មជននិងមន្ត្រីទាំងនោះចេញមកតវ៉ាជារៀងរាល់សប្តាហ៍ដោយយកញត្តិទៅដាក់នៅស្ថានទូតបស្ចិមប្រទេសប្រចាំនៅកម្ពុជានិងក៏តែងតែឈរតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ។
អ្នកស្រីសុខ បូលីម៉ា ភរិយារបស់លោកឃឹម ភាណា អតីតចៅសង្កាត់ផ្សារដេប៉ូទី៣ ក្នុងរាជធានីភ្នំពេញក៏ស្ថិតក្នុងចំណោមអ្នកតវ៉ាទាំងនោះផងដែរ។
អ្នកស្រី សុខ បូលីម៉ាបញ្ជាក់ប្រាប់វីអូអេថា៖
«យើងមិនអាចទទួលយកបានទេ។ យើងមិនអាចទទួលយកទង្វើហ្នឹងបានពីព្រោះគាត់អត់មានខុសអីគាត់ស្លូតត្រង់ ភាពស្មោះត្រង់គាត់អត់មានអីខុសទេ។ ចាប់គាត់ធ្វើអ្វី សូមដោះលែងគាត់នៅក្រៅឃុំទៅ»។
អ្នកស្រីសុខ បូលីម៉ាបានត្អូញត្អែរពីការខ្វះខាតជីវភាពក្រោយពីស្វាមីត្រូវបានចាប់ខ្លួនតាំងពីដើមឆ្នាំ២០២០និងប្រកាសថានឹងស្នើឲ្យលោកដកខ្លួនពីនយោបាយបើស្វាមីបានរួចពីពន្ធនាគារវិញ។
អ្នកស្រីបានបន្ថែមថា៖
«គ្រួសារខ្ញុំតស៊ូតាំងពីគណបក្សជាតិខ្មែរដល់អីចឹងខ្ញុំឲ្យគាត់ផ្អាកហើយបើបានគេដោះលែងគឺសុំឲ្យគាត់ផ្អាកសិន ហើយរស់នៅតាមជីវភាពធម្មតា»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់គ្រោងនឹងរៀបចំឡើងនៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ និងមាន គណបក្សនយោបាយជាច្រើនកំពុងត្រៀមរៀបចំចូលរួមប្រកួត។ ប៉ុន្តែការចូលរួមប្រកួតរបស់គណបក្សសង្គ្រោះជាតិហាក់មិនច្បាស់លាស់ទេដោយសារប្រធានគណបក្សគឺលោកកឹម សុខានៅមិនទាន់អាចធ្វើនយោបាយបានជាថ្មីនៅឡើយបើទោះបីជាលោកត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌក៏ដោយពីព្រោះសំណុំរឿងក្បត់ជាតិរបស់លោកនៅកំពុងដំណើរការមិនទាន់ចប់។ រីឯថ្នាក់ដឹកនាំមួយចំនួនទៀតនៅបន្តរស់នៅនីរទេសខ្លួនក្រៅប្រទេសដោយមិនអាចវិលចូលប្រទេសកម្ពុជាបាន។
យ៉ាងណាក៏ដោយ លោកលឿង សារុន សង្ឃឹមថាលោកនឹងមានឱកាសបានបម្រើពលរដ្ឋជាថ្មីទៀតក្នុងពេលអនាគត៖
«មន្ត្រីភាគច្រើនគឺគេនៅរង់ចាំ រង់ចាំថាថ្ងៃក្រោយអាចបក្សនេះរស់ឡើងវិញឬមិនរស់។ បើសិនមិនមែនឈ្មោះបក្សហ្នឹងក៏ដោយ ប៉ុន្តែមន្ត្រីក្នុងបក្សហ្នឹងទៅបង្កើតបក្សណាមួយថ្មី គឺសំខាន់ទឹកចិត្ត ទឹកចិត្តមន្ត្រីទាំងអស់ហ្នឹងបម្រើប្រជាពលរដ្ឋគឺពួកខ្ញុំទៅទៀតហើយ ពីព្រោះយើងអត់ទាន់អស់ចិត្តក្នុងការបម្រើប្រជាពលរដ្ឋទេ»។
ដូចគ្នានេះដែរអ្នកស្រីយឹម ផល្លី ក៏រំពឹងថានឹងមានឱកាសបានចូលបម្រើពលរដ្ឋជាថ្មីឡើងវិញនៅពេលណាមួយ៖
«ខ្ញុំសង្ឃឹមថានឹងមានឱកាសដោយសារមនុស្សម្នាក់ៗត្រូវតែមានការជឿជាក់ថាទៅមុខទៀតដល់ណា។ បើនិយាយពីគ្រួសារតូចមួយគេថាផែនការសកម្មភាពក្នុងគ្រួសារ»។
សម្រាប់ពេលខាងមុខបើមានឱកាសអ្នកស្រីយល់ថាអ្នកស្រីនឹងផ្តោតលើបញ្ហាបំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុដែលកំពុងតែហ៊ុំព័ទ្ធសហគមន៍ខ្មែរទាំងនៅក្នុងទីក្រុងរហូតដល់ជនបទ។ សេចក្តីរាយការណ៍នានាឲ្យដឹងថាគិតត្រឹមដំណាច់ឆ្នាំ២០២០ ពលរដ្ឋខ្មែរជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារចំនួនជាង១០ពាន់លានដុល្លារ។
អ្នកស្រីយឹម ផល្លីបានបន្ថែមថា៖
«ពលរដ្ឋខ្ចីប្រាក់ហិរញ្ញវត្ថុជួបបញ្ហាប្រឈមខ្លាំងមែនទែនដល់ពេលកូវីដចូលមកទៀតគឺកាន់តែខ្លាំងមែនទែន។ អីចឹងយើងនឹងរកអង្គការណាមួយផ្សព្វផ្សាយឲ្យពលរដ្ឋយល់អំពីផលប៉ះពាល់នៃឥណទាននិងប្រើប្រាស់លុយកម្ចីយ៉ាងម៉េច ចាយយ៉ាងម៉េចដើម្បី កុំឲ្យប៉ះពាល់។ ខ្ញុំនឹងយកអាទិភាពបញ្ហាបំណុល»។
រីឯលោកលឿង សារុនយល់ថាបញ្ហាសុខាភិបាលគឺជាអាទិភាពចម្បងសម្រាប់ពលរដ្ឋក្នុងសង្កាត់របស់លោកដោយសារពួកគេធ្វើស្រែចម្ការនិងមិនសូវមានជីវភាពធូរធាទេ៕