ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អវកាស​​យានិក​លោក​ស្រី​ Jemison លើកកម្ពស់​​ការអប់រំ​ផ្នែក​វិទ្យាសាស្រ្ត​ និង​ការធ្វើ​ដំណើរ​​ក្នុង​លំហ​អវកាស​


រូបភាពឯកសារ៖ អ្នកស្រី Mae Jemisonដែលបង្ហាញខ្លួននៅ​​វេទិកា​សេតវិមានកាលពីខែមិថុនា២០១២ លើកកម្ពស់​ចំនេះ​ដឹង​វិទ្យសាស្រ្តហើយ​និយាយថា​មនុស្ស​ជុំវិញ​ពិភពលោក​ត្រូវ​តែ​យល់ដឹង​ពី​វិទ្យាសាស្រ្ត​ដើម្បី​ការ​រស់រាន​មាន​ជីវិត​របស់​មនុស្សជាតិ។
រូបភាពឯកសារ៖ អ្នកស្រី Mae Jemisonដែលបង្ហាញខ្លួននៅ​​វេទិកា​សេតវិមានកាលពីខែមិថុនា២០១២ លើកកម្ពស់​ចំនេះ​ដឹង​វិទ្យសាស្រ្តហើយ​និយាយថា​មនុស្ស​ជុំវិញ​ពិភពលោក​ត្រូវ​តែ​យល់ដឹង​ពី​វិទ្យាសាស្រ្ត​ដើម្បី​ការ​រស់រាន​មាន​ជីវិត​របស់​មនុស្សជាតិ។

នៅក្នុង​ខែ​កញ្ញា​ ឆ្នាំ​១៩៩២​ លោក​ស្រី​បណ្ឌិត​ Mae Jemison បាន​ក្លាយ​ជា​ស្ត្រី​ដើម​កំណើត​អាហ្វ្រិក​ដំបូង​គេ​ ដែល​បាន​ឡើង​ទៅ​ក្នុង​លំហ​អាកាស​ នៅ​ពេល​លោក​ស្រី​ធ្វើ​ដំណើរ​តាម​យាន​អវកាស​ Endeavour របស់​សហរដ្ឋ​អាមេរិក។​ សព្វថ្ងៃ​លោក​ស្រី​កំពុង​ដឹកនាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​មធ្យោបាយ​សម្រាប់​មនុស្ស​ជាតិ​ដើម្បី​ធ្វើ​ដំណើរ​ឆ្ងាយ​ហួស​ពី​ប្រព័ន្ធ​ព្រះអាទិត្យ។

ចាប់​តាំង​ពី​ចាកចេញ​ពី​កង​អវកាសយានិកនៅ​ឆ្នាំ​១៩៩៤​មក​ លោកស្រី​វេជ្ជ​បណ្ឌិត​ Mae Jemison បាន​ជំរុញ​លើក​កម្ពស់​ការយល់​ដឹង​ផ្នែក​វិទ្យាសាស្រ្ត​ គឺ​ការយល់​ដឹង​ជា​មូលដ្ឋាន​អំពី​វិធីសាស្រ្តបែប​វិទ្យាសាស្រ្ត​ ក៏​ដូចជា​ការ​អនុវត្ត​វិធាន​វិទ្យាសាស្រ្ត។​ លោកស្រី​បដិសេធ​នឹង​គំនិត​ដែល​យល់​ឃើញ​ថា ​វិទ្យាសាស្រ្ត​គឺ​សម្រាប់​តែ​អ្នក​ដែល​មាន​ទេពកោសល្យ ដោយ​អះអាង​ថា​ពិភពលោក​ត្រូវការមាន​ការ​យល់ដឹងទូលំទូលាយ​អំពី​វិទ្យាសាស្រ្ត​ ដើម្បី​ប្រឈម​នឹង​ឧបសគ្គ​នានា​នៅ​ខាងមុខ។​

«អ្វី​ដែល​យើង​ត្រូវ​ស្វែងរក​ឲ្យ​ឃើញ​នោះ គឺ​របៀប​ដែល​យើង​អាច​ឲ្យ​មនុស្ស​ម្នា​ចូលរួម​ របៀប​ដែល​យើង​អាច​ផ្តល់​ជំនួយ​ទៅ​ពួកគេ​ និង​របៀប​ដែល​យើង​អាច​ប្រែក្លាយ​ពួកគេ​ឲ្យ​ទទួល​បាន​នូវ​ទេពកោលស្យ ក៏​ដូចជា​សមត្ថភាព​ដ៏​ប្រសើរ​បំផុត​មួយ​។»

លោកស្រីJemison គឺជា​អ្នក​ទ្រទ្រង់​ចំណេះ​ដឹង​ផ្នែក​វិទ្យាសាស្រ្ត​ជាតិ​ឲ្យ​ក្រុមហ៊ុន​ Bayer Corporation ដែល​បាន​បង្កើត​កម្មវិធី​សិក្សា​មួយ តាម​រយៈ​ការ​គម្រោង​ ដែល​ត្រូវ​បាន​ហៅ​ថា​ «ធ្វើ​ឲ្យ​វិទ្យា​សាស្រ្ត​មានន័យ​ (Making Science Make Sense)» របស់​ខ្លួន។​

លោក​ស្រី​ Jemison បាន​និយាយ​ថា​«ផ្នែក​សំខាន់​នៃ​ការអប់រំ​ផ្នែក​វិទ្យាសាស្រ្ត​គឺ​ការ​គិត​ពិចារណា​យ៉ាង​ហ្មត់​ចត់​ និង​ជំនាញ​ដោះស្រាយ​បញ្ហា។​ ដួច្នេះ​ហើយ យើង​កំពុង​តែ​ធ្វើការ​លើ​ផ្នែក​នេះ។​ យើង​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ថ្មី​ប្លែក​មួយ​ដោយ​ប្រើ​វិធីសាស្រ្ត​របក​គំហើញ​ ដែល​បង្រៀន​មនុស្ស​ពី​របៀប​កំណត់​បញ្ហា​ របៀប​ស្វែងយល់ថា​បញ្ហា​ទាំង​នោះ​ជា​អ្វី​ ហើយ​បន្ទាប់​មក​ របៀបដោះស្រាយ​បញ្ហា​ទាំងនោះ»។​

គន្លឹះ​សំខាន់​មួយ​នៃ​ការ​រៀបចំ​កម្មវិធី​សិក្សា​ គឺ​ឲ្យ​គ្រូៗ​រៀន​ធ្វើ​ជា​អ្នក​ណែនាំ​ជា​ជាង​ធ្វើ​ជា​អ្នក​បង្រៀន។​ ជា​ឧទាហរណ៍​លោក​ស្រី​Jemison បាន​លើក​ឡើង​នូវ​ ​កម្មវិធី​មួយ​ទៀត​របស់​ក្រុមហ៊ុន​ Bayer ឈ្មោះ​ថា​ ASSET ​ដែល​បាន​ឲ្យ​កូន​សិស្សធ្វើការ​អនុវត្ត​ផ្ទាល់ដៃ​ជាមួយ​នឹងការ​ពិសោធន៍ ​និងកិច្ចការ​ផ្សេងៗ។

លោក​ស្រី ​Jemison បន្ថែម​ថា​ «​កម្មវិធី​នេះ​បង្រៀន​ក្មេងៗ​អំពី​អគ្គីសនី​តាមរយៈ​ការ​ដាក់​ត​ខ្សែ​ភ្លើង​ក្នុង​ពិល។​ វា​បង្រៀន​ក្មេង​អំពី​សត្វ​ល្អិត​ និង​ការ​ប្រែ​រូប​រាង ​ដោយ​ឲ្យ​សិស្ស​ចិញ្ចឹម​សត្វ​មេ​អំបៅ។​ កូន​សិស្ស​ដែល​ចូលរួម​ក្នុង​កម្មវិធី​ ASSET មិន​គ្រាន់តែ​ទទួល​បាន​ពិន្ទុ​ល្អ​ផ្នែក​វិទ្យាសាស្រ្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពិន្ទុ​នៃ​ការអាន​របស់​ពួកគេ​ក៏​កើន​ឡើង​យ៉ាង​ប្រសើរ​ផងដែរ»។

លោកស្រី​ Jemison ក៏​ជា​អ្នក​ដឹកនាំគម្រោង​ផ្តួចផ្តើមមិន​រក​ប្រាក់​ចំណេញ​មួយ​ ឈ្មោះ​ថា​ «យាន​តារា​១០០​ឆ្នាំ» (100 Year Starship) ដែល​លើកកម្ពស់​គោលដៅ​របស់​មនុស្ស​ក្នុង​ការធ្វើ​ដំណើរ​ទៅ​កាន់​ប្រព័ន្ធ​ព្រះអាទិត្យ​មួយ​ទៀត​នៅ​ក្នុង​រយៈពេល​១០០​ឆ្នាំ​ក្រោយ។​

លោកស្រីយល់​ឃើញ​ការ​ផ្សង​ព្រេង​ដូចនេះជា​ជោគវាសនា​មួយ​។

«តើ​យើង​ស្នាក់​នៅ​កន្លែង​ដដែល​ដែល​យើង​កំពុង​នៅ​ឬ​ទេ?​ តើ​យើង​សន្មត​ថា ​មនុស្សជាតិ​នឹង​នៅ​លើភព​ផែនដី​នេះ​ជារៀង​រហូត​ ឬ​ក៏​យើង​គិត​អំពី​វិធី​ដែល​យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មុខ ​និង​រីក​ចម្រើនលូតលាស់?»​

លោកស្រី​ Jemison បាន​បញ្ជាក់​ថា​មួយ​ចំនួន​នៃការងារ​ដែល​មាន​សារៈសំខាន់​ជាច្រើនពាក់​ព័ន្ធ​នឹងការ​ធ្វើ​ដំណើរ​ក្នុង​លំហ​អវកាសមាន​ការ​ទាក់ទង​នឹង​អ្នក​បច្ចេកទេស និង​អ្នក​ជំនាញ​ ដែល​មិន​ត្រូវការ​សញ្ញាបត្រ​ពី​មហាវិទ្យាល័យ។​ លោក​ស្រី​យល់​ថា​សិស្សានុសិស្ស​ជាច្រើន​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​រយៈពេល​ខ្លី។

លោកស្រី​បាន​លើក​ឡើង​ពី​ភាព​ជោគជ័យនៃ​កម្មវិធីមួយ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (Califiornia) ​ដែល​បាន​ដាក់​កូន​សិស្ស​ដែល​ស្ទើរ​នឹង​បោះបង់​ការសិក្សា​នៅ​វិទ្យាល័យនៅ​ក្នុងកម្មវិធី​ពិសេស​មួយ ​ដែល​រួម​មាន ការ​ហ្វឹកហាត់​ការងារ​នៅក្នុង​មន្ទីរពិសោធន៍​ និង​រោងចក្រ​នានា។

«មាន​សិស្ស​ម្នាក់​និយាយថា មាន​អ្វី​ម្យ៉ាង​ធ្វើ​ឲ្យ​ខ្លួន​គេ​ភ្ញាក់​ខ្លួន​យ៉ាង​ខ្លាំង។​ នាង​និយាយ​ថា​នៅ​ពេល​នាង​ចុះ​ធ្វើ​កម្មសិក្សា​ហ្វឹកហាត់​ការងារ​ នាង​ត្រូវ​យក​ផលិតផល​មួយ​ចំនួន​ដែល​នាង​កំពុង​ផលិត ពី​កន្លែង​មួយទៅ​កន្លែង​មួយ​ទៀត​ ហើយ​ផលិតផល​ទាំង​នោះ​ត្រូវ​រក្សា​ទុក​ឲ្យ​ត្រជាក់។​ ពេលនោះ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​ ​ចរន្ត​ត្រជាក់​មាន​ពិត​មែន​ ហើយ​ខ្ញុំ​ក៏​ដឹង​ទៀត​ថា​ អ្នកគ្រប់គ្នា​ពិត​ជា​ពឹង​អាស្រ័យ​លើ​ខ្ញុំ ​ដែល​ត្រូវ​ធ្វើការ​ឲ្យ​ត្រឹមត្រូវ។​ វា​បាន​ក្រែប្រែ​ជីវិត​ខ្ញុំ​យ៉ាង​ខ្លាំង»។​

លោកស្រី​ Jemison បាន​និយាយ​ថា​ លោកស្រី​ជឿ​ថា ​មនុស្ស​ដូច​សិស្ស​ស្រី​ម្នាក់​នេះ​អាច​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ពេល​យើង​ជួប​នឹង​បញ្ហា​ផ្សេងៗ​ ដូចជា ការផ្លាស់ប្តូរ​អាកាសធាតុ​ និង​រក​មធ្យោបាយដើម្បី​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ហួស​ពី​ភព​ផែនដី​ទៅ​ទៀត​ ហើយ​ប្រហែល​នៅ​ថ្ងៃ​ណា​មួយ​ ទៅ​ដល់ភព​ឆ្ងាយ​មួយ​ដែល​អាច​រស់​នៅ​បាន។

ប្រែ​សម្រួល​ដោយ៖​ សើ​ សាយ្យាណា​

XS
SM
MD
LG