ក្រុមមួយក្នុងចំណោមក្រុមគ្រប់គ្រងព្រៃឈើកំពូលរបស់ពិភពលោកថ្លែងថា ខ្លួនកំពុងពិនិត្យមើលគោលនយោបាយដែលអាចបន្ធូរបន្ថយលក្ខខណ្ឌសមាជិកភាពរបស់ខ្លួនដើម្បីបញ្ចូលក្រុមហ៊ុនច្រើនថែមទៀត ដែលបានកាប់ឆ្កាព្រៃធម្មជាតិកាលពីពេលថ្មីៗនេះ។ វិធានការប្រកបដោយភាពចម្រូងចម្រាស់នេះត្រូវបានគាំទ្រដោយក្រុមអ្នកបរិស្ថានមួយចំនួន ដែលនិយាយថា វិធានការនេះជាការចាំបាច់ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតាមបណ្តាប្រទេស ដូចជាប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងសម្ព័ន្ធភាពមួយដែលមិនគួរនិងមាន ក្រុមអ្នកបរិស្ថាននិងក្រុមជំនួញទាក់ទិននឹងព្រៃឈើ បានបោះឆ្នោតនៅថ្ងៃសុក្រនេះ ដើម្បីពិនិត្យសើរើមើលលក្ខណៈវិនិច្ឆ័យដែលគេបានកំណត់កាលពីឆ្នាំ១៩៩៤ ដែលនឹងអនុញ្ញាតឲ្យក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ (Forest Stewardship Council) ផ្តល់វិញ្ញាបនប័ត្រដល់ក្រុមហ៊ុន ដែលបានជាប់ពាក់ព័ន្ធកាលពីពេលថ្មីៗនៅក្នុងការកាប់បំផ្លាញព្រៃឈើដើម្បីហូបផ្លែនិងផលិតក្រដាស ដែលជាកម្លាំងជំរុញឲ្យមានសកម្មភាពចម្ការដំណាំភាគច្រើន នៅឥណ្ឌូនេស៊ី(Indonesia) និងម៉ាឡេស៊ី(Malaysia)។
ក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ គឺជាក្រុមមួយដែលមានរួមបញ្ចូលប្រធានក្រុមពាណិជ្ជកម្មនិងអ្នកបរិស្ថាន ដែលត្រូវបានគេស្គាល់ជាទូទៅតាមស្លាកអក្សរកាត់ថា FSC នៅលើឈើហ៊ុបនិងផលិតផលឈើដទៃទៀត។ ក្រុមនេះជាអ្នកបញ្ជាក់ថាផលិតផលដែលមានស្លាករបស់ខ្លួន មិនបានរួមចំណែកក្នុងការបំផ្លិចបំផ្លាញព្រៃឈើរបស់ពិភពលោកនោះទេ។ បច្ចុប្បន្ននេះ FSC នឹងមិនផ្តល់វិញ្ញាបនប័ត្រដល់ចម្ការទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើទេ ចាប់តាំងពីឆ្នាំ១៩៩៤។
ក្រុមអ្នករិះគន់និយាយថា ការបន្ធូរបន្ថយបទដ្ឋានសមាជិកភាព FSC អាចគំរាមកំហែងដល់ភាពជឿទុកចិត្តទៅលើក្រុមប្រឹក្សា និងប្រហែលជានាំឲ្យបាត់បង់ព្រៃឈើច្រើនថែមទៀត នៅតាមបណ្តាប្រទេស ដែលមានការគ្រប់គ្រងព្រៃឈើទន់ខ្សោយ។
ប៉ុន្តែក្រុមអ្នកគាំទ្រថ្លែងថា FSC នឹងមានផលប៉ះពាល់ធំធេងជាងមុន ប្រសិនបើខ្លួនបញ្ចូលក្រុមហ៊ុនទាំងឡាយណាដែលបានកាប់ឆ្ការព្រៃឈើដើម្បីធ្វើសកម្មភាពចម្ការដំណាំ។
លោក អាឌីតយ៉ា បាយូណាន់ដា (Aditya Bayunanda) អ្នកសម្របសម្រួលនៃមូលនិធិសត្វព្រៃពិភពលោកនៅឥណ្ឌូនេស៊ី (World Wildlife Fund Indonesia) មានប្រសាសន៍ថា ការផ្លាស់ប្តូរមានសារៈសំខាន់ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសមួយ ដែលប្រឈមមុខនឹងការបាត់បង់ព្រៃឈើដ៏រាលដាល។
«ជាក់ស្តែង វិន័យឆ្នាំ១៩៩៤ នាពេលបច្ចុប្បន្ននេះ មិនបានបញ្ចូលចម្ការជាច្រើន ដែលត្រូវបានអភិវឌ្ឍឡើង ហើយយើងមិនអាចប្រើវិញ្ញាបនប័ត្ររបស់ FSC ជាឧបករណ៍មួយសម្រាប់ជំរុញឲ្យមាននិរន្តភាព និងជំរុញក្រុមហ៊ុនទាំងអស់នោះឲ្យទទួលវិញ្ញាបនប័ត្របានទេ ដោយសារតែវិញ្ញាបនប័ត្រនេះមិនទាន់អាចរកបាននៅឡើយ»។
យោងតាមតួលេខដែលបានចងក្រងដោយក្រុមប្រឹក្សាជាតិឥណ្ឌូនេស៊ីស្តីពីការផ្លាស់ប្តូរអាកាសធាតុ (Indonesia National Council on Climate Change) ឥណ្ឌូនេស៊ីអាចបាត់បង់ព្រៃឈើដែលនៅសេសសល់ចំនួនជាង២០ភាគរយទៀតនៅត្រឹមឆ្នាំ២០៣០ ប្រសិនបើក្រុមហ៊ុននៅតែបន្តកាប់ឆ្កាព្រៃឈើ។ សមាជិក FSC បានឲ្យដឹងថា វិញ្ញាបនប័ត្រជំរុញក្រុមហ៊ុនទាំងឡាយឲ្យកាត់បន្ថយឥទ្ធិពលរបស់ខ្លួនលើព្រៃឈើ ប៉ុន្តែដើម្បីឲ្យកាន់តែមានប្រសិទ្ធិភាពបំផុតនោះ គឺថា ក្រុមប្រឹក្សាត្រូវតែដោះស្រាយបញ្ហានិងភាពចម្រូងចម្រាស់ដែលមានជាយូរមកហើយ ជុំវិញរបៀបរបបនៃការធ្វើចម្ការ។
ញ្ញតិដែលបានអនុម័តកាលពីថ្ងៃសុក្រ បានបើកការពិភាក្សាសាជាថ្មីទៀត ថាតើដីប្រភេទណាខ្លះគួរទទួលបានវិញ្ញាបនប័ត្រ និងនៅក្នុងលក្ខខណ្ឌបែបណា ហើយថាតើដីដែលអាចត្រូវបានកែប្រែ គួរតែទទួលបានការយល់ព្រមពី FSC ដែរឫដូចម្តេច។ អ្នកដែលបោះឆ្នោតប្រឆាំងនឹងញ្ញតិនេះ និយាយថា ញ្ញតិនេះមានលក្ខណៈទូលំទូលាយពេក ហើយផ្តល់ការណែនាំតិចតួច អំពីមធ្យោបាយដើម្បីធ្វើឲ្យការគ្រប់គ្រងព្រៃឈើបានប្រសើរឡើង ដែលនេះគឺជាចំណុចស្នូលនៃសកម្មភាពរបស់ FSC។
FSC ចេញវិញ្ញាបនប័ត្រឲ្យពាណិជ្ជកម្មដែលទាក់ទងនឹងព្រៃឈើ ដោយផ្អែកលើបទដ្ឋានដ៏តឹងរឹង ដែលត្រូវតែធ្វើឲ្យបានស្របទៅតាមលក្ខណៈវិនិច្ឆ័យទំនួលខុសត្រូវខាងបរិស្ថាន សង្គម និងសេដ្ឋកិច្ច។ ត្រារបស់ខ្លួនគួរតែធានាថា ផលិតផលឈើនិងក្រដាសត្រូវបានប្រមូលផល ប្រកបដោយចិរភាព។
វិញ្ញាបនប័ត្របែបនេះកាន់តែមានសារៈសំខាន់ខ្លាំងឡើងនៅតាមទីផ្សារ ដែលអតិថិជនចង់ដឹងថា តើផលិតផលដែលពួកគេទិញនោះ មានការតាំងចិត្តចំពោះទំនួលខុសត្រូវខាងបរិស្ថានដែរឬទេ។
លោក អាលីស្ទែរ ម៉ូនូម៉ិន (Alistair Monument) នាយកប្រចាំទ្វីបអាស៊ីរបស់ក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ និយាយថា វិញ្ញាបនប័ត្រផ្តល់កម្លាំងជំរុញដើម្បីឲ្យមាននិរន្តរភាព។
«ខ្ញុំគិតថា តាមរយៈការធ្វើឲ្យមានប្រព័ន្ធយ៉ាងរឹងមាំមួយ និងការដណ្តើមយកទីផ្សារយ៉ាងខ្លាំងក្លាមួយ វិញ្ញាបនប័ត្រនេះបង្កើតឲ្យមានការលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងនោះឲ្យផ្លាស់ប្តូរ។ ហើយឥឡូវយើងកំពុងឃើញការផ្លាស់ប្តូរនេះហើយ នៅពេលដែលក្រុមហ៊ុនគ្រប់គ្រងព្រៃឈើធំៗទាំងនេះ កំពុងស្វែងរកមធ្យោបាយដើម្បីចូលទៅក្នុងទីផ្សារ បើពុំដូច្នោះទេពួកគេនឹងបាត់បង់ចំណូលហិរញ្ញវត្ថុជាក់ជាពុំខាន»។
សកម្មជនខាងព្រៃឈើថ្លែងថា ខណៈដែលវិញ្ញាបនប័ត្រពិតជាបានកាត់បន្ថយបរិមាណព្រៃឈើដែលត្រូវបានកាប់ឆ្កា វិញ្ញាបនប័ត្រនេះតែមួយមុខ មិនទាន់គ្រប់គ្រាន់ដើម្បីធានាឲ្យមានការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពបានទេ។
កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ពួកគេបានលើកឡើងពីការព្រួយបារម្ភ អំពីភាពគួរឲ្យទុកចិត្តបានរបស់ក្រុមជម្រះបញ្ជី ដែលចេញលិខិតបញ្ជាក់ឲ្យប្រតិបត្តិការឈើ។ អ្នកផ្សេងទៀតព្រួយបារម្ភថា នៅតាមបណ្តាប្រទេសទាំងឡាយ មានដូចជាឥណ្ឌូនេស៊ី ដែលការកាប់បំផ្លាញព្រៃឈើ ផុសចេញពីអំពើពុករលួយនិងការអនុវត្តច្បាប់មិនបានដិតដល់ វិញ្ញាបនប័ត្រមានភាពសំខាន់តិចតួចណាស់។
ព្រៃឈើតិចជាង១លានហិកតាក្នុងចំណោមព្រៃឈើចំនួន១២០លានហិកតារបស់ឥណ្ឌូនេស៊ី មានវិញ្ញាបនប័ត្ររបស់ FSC ហើយក្រុមហ៊ុនក្រដាសធំបំផុតជាច្រើនដែលកំពុងធ្វើប្រតិបតិ្តការនៅក្នុងប្រទេស ទទួលរងនូវការដកហូតយកវិញ្ញាបនប័ត្រមកវិញ។
នៅក្នុងឆ្នាំ២០០៧ ក្រុមប្រឹក្សានេះបានទម្លាក់ចោលក្រុមហ៊ុន អាស៊ី ផុលព៍ និង ភេបភើ (Asia Pulp and Paper) ដោយមានសម្ពាធពីក្រុមទាំងឡាយដែលបានចោទប្រកាន់ក្រុមហ៊ុននេះពីបទបំផ្លាញព្រៃឈើដែលទាក់ទាញទឹកភ្លៀង ក្នុងទ្រង់ទ្រាយធំ។ កាលពីពេលថ្មីៗនេះ ក្រុមអ្នកគាំពារផ្នែកបរិស្ថាន ឈ្មោះហ្គ្រីនភីស (Greenpeace) បានកំណត់មុខសញ្ញាក្រុមហ៊ុននេះម្តងទៀត ពីបទផ្គត់ផ្គង់ក្រុមហ៊ុន ម៉ាថែល (Mattel) នូវខ្សែសសៃឆ្មារ ដែលបានមកពីព្រៃឈើដែលត្រូវបំផ្លិចបំផ្លាញ ដើម្បីប្រើក្នុងការវេចខ្ចប់រូបតុក្កតាកូនក្រមុំបាប៊ី (Barbie)។
កាលពីឆ្នាំមុន FSC បានទម្លាក់ចោលក្រុមហ៊ុនក្រដាសឈ្មោះ APRIL ពីបទខកខានមិនបានដោះស្រាយទំនាស់ជាមួយសហគមន៍ព្រៃឈើមូលដ្ឋាន។
ការប៉ះទង្គិចគ្នារវាងសាជីវកម្មនិងសហគមន៍មូលដ្ឋានស្តីពីសិទ្ធិកាន់កាប់ដីព្រៃឈើ ជារឿងធម្មតាមួយ។ ក្រុមអ្នករិះគន់ចោទប្រកាន់ផែនការទាំងឡាយដែលសំដៅធ្វើឲ្យការគ្រប់គ្រងព្រៃឈើបានប្រសើរឡើង ពីបទធ្វើមិនដឹងមិនឭចំពោះសម្លេងរបស់សហគមន៍មូលដ្ឋាន និងខកខានមិនបានយល់អំពីសេចក្តីត្រូវការរបស់ពួកគេ។
លោក នីកូឡាស មូជាស (Nicholas Mujah) តំណាងឲ្យសហគមន៏ជនជាតិដើមមួយឈ្មោះដាយ៉ាក(Dayak) នៅតំបន់សារ៉ាវ៉ាក (Sarawak) របស់ប្រទេសម៉ាឡេស៊ី។
«វាមិនមែនជាបញ្ហានៃការយោគយល់គ្នាទេ វាជាបញ្ហាស្តីពីថាតើសហគមន៏ជនជាតិដើមត្រូវបានអញ្ជើញឲ្យចូលរួមយ៉ាងពេញលេញ ឬឲ្យចូលពាក់ព័ន្ធយ៉ាងពេញទំហឹងក្នុងការចរចានិងការពិភាក្សានេះដល់កម្រិតណា»។
លោកនិយាយថា FSC មិនបានផ្តល់អាទិភាពដល់កត្តាផ្នែកសង្គមនៅក្នុងការចរចារបស់ខ្លួនទេ ដែលខ្លួនបានគូសបញ្ជាក់ថាជាផ្នែកមួយនៃធម្មជាតិប្រជាធិបតេយ្យនៅក្នុងប្រតិបត្តិការរបស់ខ្លួន។ មនុស្សជាច្រើនដែលជំទាស់នឹងញ្ញតិដែលបានអនុម័តកាលពីថ្ងៃសុក្រ សម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះបទដ្ឋានណាមួយ ដែលអាចអនុញ្ញាតឲ្យពង្រីកការកាប់បំផ្លាញព្រៃឈើក្នុងទ្រង់ទ្រាយធំ។
បើទោះជាមានការរិះគន់នេះក៏ដោយ ក៏លោក ម៉ូជាស ពិតជាបានលើកឡើងថា កន្លងមក FSC ជាយន្តកម្មតែមួយគត់ ដែលតម្រូវឲ្យក្រុមហ៊ុនទាំងឡាយ ចូលទាក់ទងជាមួយសហគមន៍មូលដ្ឋាន មុនពេលដែលពួកគេអាចទទួលបាននូវវិញ្ញាបនប័ត្រ។
សមាជិករបស់ FSC ថ្លែងថា រដ្ឋាភិបាលក៏មានតួនាទីក្នុងការធ្វើឲ្យព្រៃឈើមាននិរន្តរភាពដែរ ហើយសមាជិកភាគច្រើនស្វាគមន៍វិធានការ ដែលបានធ្វើឡើងរួចហើយដោយឥណ្ឌូនេស៊ី។
ក្នុងអំឡុងការចរចាអន្តរជាតិស្តីពីការផ្លាស់ប្តូរអាកាសធាតុ កាលពីឆ្នាំ២០០៩ លោកប្រធានាធិបតី ស៊ូស៊ីឡូ បាមបាំង យូដូយូណូ (Susilo Bambang Yudhoyono) យល់ព្រមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បំពុលបរិស្ថានរបស់ឥណ្ឌូនេស៊ី ក្នុងកម្រិត២៦ភាគរយនៅក្នុងឆ្នាំ២០២០ ដែលបច្ចុប្បន្នមានទំហំធំធេងបំផុតលំដាប់ទីបីនៅក្នុងពិភពលោក។ ហើយនៅក្នុងខែឧសភា លោកបានចុះហត្ថលេខាលើបទបញ្ញតិមួយ ដែលហាមឃាត់ការធ្វើចម្ការ មិនឲ្យពង្រីកខ្លួនចូលទៅក្នុងព្រៃឈើដំបូង ឬដីដែលមានជីវជាតិសំខាន់ៗ ក្នុងរយៈពេលពីរឆ្នាំ៕
ប្រែសម្រួលដោយ លី សុខៀង