ឥឡូវនេះការដាំបន្លែនៅកម្ពុជាមិនចាំបាច់ដាំផ្ទាល់នឹងដីដូចមុននោះទេ។ ពោលគឺគេគ្រាន់តែ ប្រើប្រាស់ទឹកដាក់ក្នុងបំពង់ដែលមានចោះរន្ធសម្រាប់ឲ្យបន្លែលូតលាស់និងមានប្រើប្រាស់ជីផ្សំតែប៉ុណ្ណោះ។
វិធីសាស្ត្រដាំបន្លែបែបទំនើបនេះត្រូវនាំចូលដោយលោក ម៉ាន់ សុផល នៅឆ្នាំ២០១១។
ជាពលរដ្ឋរស់នៅក្រុងតាខ្មៅខេត្តកណ្ដាល លោកសុផល បានទៅដើរកម្សាន្តនៅប្រទេសថៃនៅឆ្នាំនោះ ហើយបានឃើញការដាំបន្លែរបៀបនេះហាក់ដូចជាចម្លែកនិងគួរឲ្យទាក់ទាញ។
បច្ចុប្បន្នបុរសដែលមានអាយុ៤៤ឆ្នាំនិងមានកូនស្រីពីរនាក់រូបនេះបានក្លាយជាម្ចាស់កសិដ្ឋានលក្ខណៈគ្រួសារមួយប្រកបដោយជោគជ័យ។
«ការពិតទៅការដាំបន្លែលើដីឬដាំបន្លែលើទឹក ដំបូងយើងត្រូវដំឡើងប្រព័ន្ធទុយោ។ ប្រព័ន្ធទុយោហ្នឹងសំខាន់យើងធ្វើឱ្យទឹកនីវ៉ូស្មើគ្នា។ មុននឹងដាំយើងបណ្តុះកូនសិន គឺពី៧ទៅ១០ថ្ងៃយើងអាចដាំបានហើយ។ ពេលកូនឫសផុតពីអេប៉ុង។ ពេលកូនតូចយើងដាក់នីវ៉ូឱ្យខ្ពស់បន្តិច ហើយពេលបាន១០ទៅ១៥ថ្ងៃ យើងទម្លាក់នីវ៉ូទឹកចុះ ដើម្បីឱ្យឫសបែកទូលាយល្អ និងស្រូបអុកស៊ីហ្សែននិងលូតលាស់បានល្អ»។
នៅព័ទ្ធជុំវិញផ្ទះរបស់ លោក ម៉ាន់ សុផល មានដំណាំស្ពៃ សាឡាត់ ខាត់ណានិងប៉េងប៉ោះដុះយ៉ាងស្រស់បំព្រងនិងខៀវស្រងាត់លើទុយោទឹកពណ៌ខៀវ ហើយដែលហើរពណ៌ស្ទើរអស់ទៅហើយ។
សំបុរស្រអែមដោយសារកំដៅថ្ងៃ ម្ចាស់កសិដ្ឋានរូបនេះពន្យល់ថាការដាំបន្លែលើទុយោទឹកនេះត្រូវការការដំឡើងរោងនិងសម្ភារៈដាំមួយចំនួន ដែលក្នុងនោះមានទុយោដែលមានមុខកាត់ចាប់ពីទំហំ៧,៥សង់ទីម៉ែត្រឡើងទៅ អេប៉ុង ប្លាស្ទិក ជីសរីរាង្គប្រភេទABដែលនាំចូលពីប្រទេសថៃ កូនកញ្ច្រែងខ្មៅ និងម៉ាស៊ីនត្រួតពិនិត្យទឹក។
លោករៀបរាប់បន្ថែមថាដំបូងគេត្រូវកាត់អេប៉ុងជាកង់ៗបួនជ្រុងទំហំ២សង់ទីម៉ែត្រ និងចោះប្រហោងកណ្ដាលសម្រាប់ញាត់គ្រាប់បន្លែ រួចចាក់ទឹកឱ្យសើមល្មមចូលក្នុងអេប៉ុង ដោយទុកឱ្យអេប៉ុងជ្រាបទឹកបានល្មម មុននឹងញាត់គ្រាប់បន្លែចូល។ ការបណ្ដុះនេះត្រូវប្រើរយៈពេលពីមួយសប្តាហ៍ទៅ១០ថ្ងៃ ទើបយកអេប៉ុងដែលមានពន្លកបន្លែទៅដាក់ក្នុងកូនកញ្ច្រែងខ្មៅ។ ហើយយកកូនកញ្ច្រែងនេះទៅដាក់នៅក្នុងរន្ធទុយោទឹកដែលចោះជារង្វង់ប៉ុនពែងតែ ដោយទុកគម្លាតពីគ្នាប្រមាណមួយចំអាមដៃ។
បន្ទាប់មកត្រូវបង្ហូរទឹកចូល ដោយប្រើម៉ាស៊ីនត្រួតពិនិត្យទឹក។ នៅពេលបន្លែដុះបាន១៥ថ្ងៃ គេយកទឹក១០លីត្រលាយជាមួយជី AB៣០សេសេ ទៅស្រោចក្នុងថ្នាលនិងគុម្ពបន្លែនីមួយៗ រហូតដល់ថ្ងៃប្រមូលផល ៤០ទៅ៤៥ថ្ងៃ។
លោក សុផល បន្ថែមថាបន្ទាប់មកយកកូនបន្លែទៅដាំក្នុងទុយោបង្ហូរទឹក គេត្រូវប្រក់ប្លាស្ទិកនិងរាយសំណាញ់ពីខាងក្រៅរោងដើម្បីការពារកម្ដៅនិងសត្វល្អិត។
«បើយើងអត់ធ្វើរោង ពេលដាំទៅវានៅទីវាលពេក ទាក់ទងហ្នឹងសាឡាត់យកមកពីគេ វាចាញ់កម្ដៅ។ បើយើងធ្វើរោងទៅវាប្រក់ប្លាស្ទិកៗហ្នឹងវាUVកាត់បន្ថយកម្ដៅបាន៣០ភាគរយ ហើយសំណាញ់ខាងៗហ្នឹងយើងបាំងវាកុំឱ្យសត្វល្អិតចូល»។
ការដាំដុះបន្លែរបៀបនេះមានភាពងាយស្រួលជាងការដាំដុះលើផ្ទៃដី ប៉ុន្តែវាចាំបាច់ត្រូវប្រើម៉ាស៊ីនត្រួតពិនិត្យទឹកដើម្បីបូមនិងផ្លាស់ប្ដូរទឹកជាប្រចាំ។
«ទំហំទុយោតូច កម្រាស់វាស្ដើង ហើយចំនួនទឹកតិច ហើយពេលក្ដៅខ្លាំងមកវាធ្វើឱ្យទឹកហ្នឹងក្ដៅ ពេលទឹកហ្នឹងក្ដៅ វាធ្វើឱ្យខូចដល់ឫស អាចថារលួយឫសឬការធំធាត់ហ្នឹងយឺត។ ហើយពេលយើងដាក់ម៉ូទ័រឱ្យវាប្ដូរទៅ ទឹកក្ដៅអ៊ុនៗខាងលើវាប្ដូរទៅធុងធំខាងក្រោម ហើយធុងធំខាងក្រោមត្រជាក់ ពេលប្ដូរមកធ្វើឱ្យបន្លែហ្នឹងធំធាត់លឿន»។
បញ្ហាប្រឈមចម្បងនៃដាំបន្លែប្រភេទនេះគឺចាញ់នឹងកម្ដៅ និងអាចឆ្លងរោគដែលធ្វើឱ្យស្លឹកបន្លែរួញប្រសិនបើថែទាំមិនបានដិតដល់ ប៉ុន្តែអាចព្យាបាលបានដោយប្រើសារជាតិម្យ៉ាងឈ្មោះខ្លរ៉ូរ៉ូម៉ា។ ហើយដើម្បីកម្ចាត់សត្វល្អិតពីបន្លែ គេត្រូវយកថ្នាំជក់១គីឡូក្រាម លាយជាមួយទឹក២០លីត្រ រួចយកទៅស្ងោរឱ្យពុះរួចទុកឱ្យត្រជាក់ មុននឹងយកទៅស្រោចនិងបាញ់លើបន្លែ។ ការកម្ចាត់សត្វដោយវិធីសាមញ្ញនេះមិនមានសារជាតិគីមីនោះឡើយ។
មួយខែៗ លោកសុផល អាចប្រមូលផលបានប្រហែល១០០គីឡូក្រាម ដោយដាំលើថ្នាលចំនួនបីរង ដែលមានប្រវែង៦ម៉ែត្រគុណ១០ម៉ែត្រ ១២ម៉ែត្រគុណនឹង១៣ម៉ែត្រ និង១,៥គុណ១០ម៉ែត្រ។ ហើយក្នុងមួយរងលោកត្រូវចំណាយថ្លៃដំឡើងចន្លោះពីមួយពាន់ទៅបីពាន់ដុល្លារ។
លោកអាចលក់បានក្នុងតម្លៃ១២.០០០រៀលក្នុងមួយគីឡូក្រាម ហើយបន្ទាប់ពីទូទាត់ទៅលើថ្លៃទឹក ភ្លើង ជី និងអេប៉ុងហើយ លោកចំណេញបានប្រាក់មួយម៉ឺនរៀលក្នុងមួយគីឡូក្រាមឬប្រហែលមួយលានរៀលក្នុងមួយខែ។
បន្លែទាំងនោះត្រូវបានយកទៅផ្គត់ផ្គង់នៅតាមហាងអាហារនិងលក់រាយទៅឱ្យអតិថិជនដែលភាគច្រើនជាជនជាតិបរទេស ហើយតម្រូវការបន្លែប្រភេទនេះកំពុងកើនឡើង ដូច្នេះលោកសុផលគ្រោងនឹងជួលឬទិញដីបន្ថែមដើម្បីពង្រីកការដាំដុះនេះ។
អ្នកស្រី ពេញ ច័ន្ទម៉ារីណា ជាអតិថិជនម្នាក់ដែលបានទិញបន្លែសាឡាត់របស់លោក សុផល
ប្រមាណ៥០គីឡូក្រាមក្នុងមួយខែ ដើម្បីយកទៅធ្វើម្ហូបកុម្ម៉ង់តាមក្រុមហ៊ុន ថ្លែងថាទោះបីជាតម្លៃខ្ពស់ជាងបន្លែនៅតាមទីផ្សារបន្ដិចក៏ដោយ ប៉ុន្តែការដាំដុះប្រភេទនេះមិនប្រើគីមីដែលប៉ះពាល់ដល់សុខភាព។
«ទីផ្សាររាងថ្លៃជាងគេមែន ប៉ុន្តែកន្លែងហ្នឹង យើងអាចទុកចិត្តបាន។ អត់ប្រើគីមី យើងអាចទុកចិត្តបាន»។
លោក សុផល អះអាងថាការដាំបន្លែដោយប្រើទុយោទឹកនេះសាកសមចំពោះអ្នកដែលមានទីធ្លាដាំដំណាំតូចនិងអ្នកដែលរវល់ធ្វើកិច្ចផ្សេងទៀត ព្រោះការដាំរបៀបនេះមិនត្រូវការចំណាយពេលថែទាំច្រើននោះទេ។ ហើយមកទល់ពេលនេះមានកសិដ្ឋានលក្ខណៈគ្រួសារប្រភេទនេះប្រមាណ១០កន្លែងហើយនៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីប្រជាពលរដ្ឋទាំងនេះបានទាក់ទងឱ្យលោកជួយបណ្ដុះបណ្ដាលនិងដំឡើងរោងឱ្យ។
សូមបញ្ជាក់ថាបច្ចេកទេសដាំបន្លែដោយប្រើទឹកនេះ ត្រូវបានរកឃើញដំបូងដោយអ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេសម្នាក់ឈ្មោះ Francis Bacon នៅសតវត្សរ៍ទី១៧ និងអនុវត្តបានជោគជ័យនៅសហរដ្ឋអាមេរិកនៅដើមសតវត្សទី២០ ហើយមកទល់ពេលនេះមានប្រទេសជាច្រើនបានអនុវត្តបច្ចេកទេសដាំបន្លែប្រភេទថ្មីនេះ៕