មន្ត្រីអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា មកត្រឹមថ្ងៃ១៣តុលានេះ ទឹកជំនន់ និងការបាក់ដីបានសម្លាប់មនុស្ស២០៧នាក់នៅកម្ពុជា។ មានខេត្តក្រុងចំនួន១៧ត្រូវលិចទឹកជំនន់ ហើយខេត្តកំពង់ធំដែលជាចំណុចកណ្តាលប្រទេសកម្ពុជារងគ្រោះធ្ងន់ធ្ងរជាងគេ។
ទឹកជំនន់លិចស្រែ និងភូមិករនានា ហើយប្រជាជនធ្វើដំណើរទៅណាមកណាដោយជិះទូក។ នៅភូមិ អាទ ស៊ូ នេះ លោកញឹម វណ្ណដា អនុប្រធានអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកអគ្គរាជទូតជប៉ុនបានដឹកនាំការចែកអំណោយ និងថវិកាដល់ជនរងគ្រោះជាង១៨០០គ្រួសារ។ ភូមិនេះយកឈ្មោះតាមបុគ្គលិកជាតិជប៉ុនឈ្មោះAtsuhito Nakata ដែលស្លាប់ក្នុងឆ្នាំ១៩៩៣ ពេលអ៊ុនតាក់រៀបចំការបោះឆ្នោតតាមប្រជាធិបតេយ្យជាលើកដំបូងនៅកម្ពុជា។ មន្ត្រីជប៉ុននិយាយ អំណោយនេះគឺជាកិត្តិយសសម្រាប់ Atsuhito Nakata។
លោកញឹម វណ្ណដានិយាយថា អំណោយនេះចែកជូនជនរងគ្រោះ១៨០០គ្រួសារ។
«ថ្ងៃនេះ១៨០០គ្រួសារទទួលអំណោយរាជរដ្ឋាភិបាលជប៉ុន។ បើគិតជាលុយស្មើនឹង៣៣០០០០ដុល្លារអាមេរិក»។
អំណោយនេះរួមមានមី៦៩កេស ភួយ មុង គ្រឿងបន្សុតទឹក និងតង់សម្រាប់សង់ជម្រក។អ្នកស្រុកខេត្តកំពង់ធំនិយាយថា គ្រោះទឹកជំនន់ឆ្នាំនេះធ្ងន់ធ្ថរណាស់។
ហេង សុឃាងនិយាយថា «ទឹកហូរឡើងពួយ។ ធ្លាក់អស់ ប៉ើងអស់។ មាន់អីគ្មានសល់ទេ ប៉ើងអស់ ព្រោះវាហូរណាស់ពេកនោះ»។
លោកឌួង ភៀតបន្ថែមថា «ត្រូវការស្បឿងអាហារ។ ដូចថា ជាពិសេសគោ ក្របី... ជម្រកគោ ក្របី ព្រោះវាហាលភ្លៀង»។
អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា ទឹកជំនន់បានបង្ខំឲ្យប្រជាជន៣០ម៉ឺនគ្រួសារចាកចោលផ្ទះសម្បែង។
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ