ខ្សែភាពយន្តឯកសារមួយស្តីពីគម្រោងសាង់សង់ទំនប់វារីអគ្គីសនីលើដងទន្លេមេគង្គ ត្រូវបានដាក់បញ្ចាំងក្នុងទីក្រុងភ្នំពេញ ដើម្បីបង្ហាញពីផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរលើប្រជាសហគមន៍នៅតាមដងទន្លេនេះ ប្រសិនបើទំនប់ត្រូវបានសាងសង់មែននោះ។
ខ្សែវីដេអូឯកសារដែលមានចំណងជើងថា «Where Have All the Fish Gone? Killing the Mekong Dam by Dam» ឬមានន័យជាភាសាខ្មែរថា «តើត្រីទៅណា? ការសម្លាប់ទន្លេមេគង្គដោយទំនប់ម្តងមួយៗ» ត្រូវបានដាក់បញ្ចាំងជាសាធារណៈនៅឯសាកលវិទ្យាល័យបញ្ញាសាស្ត្រក្នុងទីក្រុងភ្នំពេញនៅយប់ថ្ងៃអង្គារ ទី២៦ខែមេសានេះ ដោយមានអ្នកចូលរួមទស្សនាប្រមាណ២០០នាក់ដែលភាគច្រើនសុទ្ធសឹងជានិស្សិតសាកលវិទ្យាល័យ។
ការដាក់បញ្ចាំងខ្សែវីដេអូដែលនិយាយជាភាសាអង់គ្លេសនេះបានធ្វើឡើង បន្ទាប់ពីប្រទេសជាសមាជិកទាំងបួននៃគណៈកម្មការទន្លេមេគង្គគឺថៃ កម្ពុជា វៀតណាម និងឡាវ បានបរាជ័យក្នុងការសម្រេចព្រមព្រៀងគ្នាលើគម្រោងសាងសង់ទំនប់វារីអគ្គីសនីសាយ៉ាបូរីដ៏ចម្រូងចម្រាស់របស់ឡាវនៅក្នុងកិច្ចប្រជុំចុងក្រោយមួយរបស់ប្រទេសទាំងបួនក្នុងទីក្រុងវៀច័ន្ទ កាលពីសប្តាហ៍មុន។
ខ្សែវីដេអូដែលមានរយៈពេលជាង២៣នាទីបង្ហាញពីទំនប់សោវ៉ាន់ (Xiaowan Dam) ដ៏ធំសម្បើមរបស់ចិនដែលត្រូវបានសាងសង់លើដងទន្លេមេគង្គផ្នែកខាងលើ ហើយក៏បង្ហាញពីការតវ៉ារបស់ប្រជាសហគមន៍នៅតាមដងទន្លេមេគង្គ ប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គីសនីលើដងទន្លេមេគង្គផ្នែកខាងក្រោមផងដែរ។
ខ្សែវីដេអូដែលត្រូវបានថតនៅក្នុងប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម ដោយចំណាយពេលអស់ជាងបីខែចាប់ពីចុងឆ្នាំ២០១០មកនេះ ក៏លាតត្រដាងតាមរយៈបទសម្ភាសន៍ជាមួយអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រជាច្រើននាក់ អំពីផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរមកលើជីវភាពរស់នៅរបស់ប្រជាសហគមន៍ដែលរស់នៅពឹងអាស្រ័យនឹងទន្លេមេគង្គនេះប្រសិនបើទំនប់ដែលបានគ្រោងធ្វើ ពិតជានឹងត្រូវបានសាងសង់មែននោះ។
លោក ថម ហ្វថ្រូព (Tom Fawthrop) ផលិតករភាពយន្តឯកសារនេះ មានប្រសាសន៍នៅក្នុងសម្ភាសន៍ជាមួយវីអូអេខ្មែរ ក្រោយពីការបញ្ចាំងវីដេអូនេះថា លោកផលិតខ្សែភាពយន្តនេះ គឺដើម្បីទាក់ទាញសាធារណៈជនឲ្យយល់បន្ថែមទៀតអំពីផលប៉ះពាល់ដ៏ធំធេងដែលអាចបណ្តាលមកពីគម្រោងសាងសង់ទំនប់វារីអគ្គីសនីលើដងទន្លេមេគង្គក្រោមនេះ។ លោកថ្លែងថា៖
«ការបំផ្លាញទន្លេដ៏អស្ចារ្យបំផុតមួយនៅលើពិភពលោក គ្រាន់តែដើម្បីទាញយកថាមពលអគ្គីសនីនេះនឹងបង្កឲ្យមានការបាត់បង់យ៉ាងធំធេង។ គឺបាត់បង់ធនធានជលផល បាត់បង់បរិស្ថាន និងបាត់បង់ជីវៈចម្រុះ។ ប្រសិនបើទន្លេមេគង្គត្រូវបានបំផ្លាញតាមការប៉ានស្មាន ធនធានជលផលនឹងធ្លាក់ចុះពី៤០%ទៅ៦០%»។
ក្រៅពីទំនប់យ៉ាងតិចចំនួន៨ដែលបានដំណើរការ កំពុងស្ថាបនា និងគ្រោងនឹងសាងសង់នៅលើដងទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេសចិន និងភូមានោះ ទំនប់វារីអគ្គីសនីចំនួន១១ទៀតត្រូវបានគ្រោងនឹងស្ថាបនានៅលើទន្លេនេះផ្នែកខាងក្រោមក្នុងប្រទេសឡាវនិងកម្ពុជា។
បច្ចុប្បន្ន គម្រោងទំនប់សាយ៉ាបូរី ដែលជាទំនប់វារីអគ្គីសនីដំបូងគេក្នុងចំណោមគម្រោងទំនប់ទាំង១១លើដងទន្លេមេគង្គក្រោមនេះ កំពុងរង់ចាំការពិភាក្សាសម្រេចពីរដ្ឋាភិបាលទាំងបួនដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ។
របាយការណ៍របស់អង្គការទន្លេអន្តរជាតិ (International Rivers) បានបង្ហាញថា ប្រសិនបើទំនប់នឹងត្រូវបានស្ថាបនាមែននោះ ទំនប់សាយ៉ាបូរី ដែលស្ថិតនៅភាគខាងជើងប្រទេសឡាវនឹងធ្វើឲ្យខូចខាតប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅក្នុងទន្លេមេគង្គជារៀងរហូតដោយវានឹងធ្វើឲ្យបាត់បង់ពពួកពូជមច្ឆាយ៉ាងតិចចំនួន៤១ប្រភេទដូចជាពូជត្រីរាជទន្លេមេគង្គជាដើម។
លោក ថម ហ្វថ្រូព មានប្រសាសន៍ថា ប្រសិនបើគម្រោងសាងសង់វារីអគ្គីសនីណាមួយនៅតាមដងទន្លេមេគង្គក្រោម ពិតជាលេចចេញជារូបរាងមែននោះ ប្រទេសកម្ពុជានឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេខាងសន្តិសុខស្បៀង និងជីវជាតិអាហារ ដោយសារប្រជាជនកម្ពុជាភាគច្រើន ទទួលបានជាតិប្រូតេអ៊ីនពីការបរិភោគត្រី។ លោកមានប្រសាសន៍ថា៖
«សេដ្ឋកិច្ចវិទូដែលធ្វើការឲ្យរដ្ឋាភិបាល និងធ្វើការនៅក្នុងក្រសួងនានា មិនបានធ្វើលំហាត់នៅផ្ទះទាល់តែសោះ។ ពួកគេអាចប្រាប់អ្នកថាតើថាមពលអគ្គីសនីប៉ុន្មានដែលយើងអាចទទួលបាន ប៉ុន្តែពួកគេមិនអាចប្រាប់អ្នកថាតើយើងនឹងបាត់បង់ត្រីអស់ប៉ុន្មាននោះទេ។ ហើយអ្នកនយោបាយដែលចង់សាងសង់ទំនប់ដោយសារហេតុផលនយោបាយណាមួយនោះ អាចប្រាបអ្នករាល់គ្នាថា ទំនប់នេះល្អសម្រាប់សុខភាពរបស់អ្នក ប៉ុន្តែតាមការពិត វាអាក្រក់ទៅវិញទេ សម្រាប់សុខភាពរបស់ត្រីសុខភាពរបស់មនុស្ស និងសុខភាពរបស់ប្រជាជាតិទាំងមូល»។
របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថានជាយុទ្ធសាស្ត្រនៃគម្រោងសាងសង់ទំនប់វារីអគ្គីសនីនៅតាមដងទន្លេមេគង្គក្រោម បានបង្ហាញថា កម្ពុជាអាចនឹងបាត់បង់បរិមាណត្រីច្រើនជាងគេរហូតដល់ជាង២១០.០០០តោនក្នុងមួយឆ្នាំ ដោយសារឥទ្ធិពលនៃទំនប់វារីអគ្គីសនី។
លោក ទូច ស៊ាងតាណា ប្រធានគណៈកម្មការអភិវឌ្ឍន៍តំបន់ទេចរណ៍ផ្សោតទន្លេមេគង្គនៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្រោយពីទស្សនាខ្សែភាពយន្តឯកសារថា គម្រោងសាងសង់ទំនប់វារីអគ្គីសនីនៅតាមដងទន្លេមេគង្គនេះ ក៏អាចនឹងធ្វើឲ្យបាត់បង់ផ្សោតធម្មជាតិផងដែរ។ ផ្សោតទន្លេមេគង្គគឺជាប្រភពទាក់ទាញទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា។ លោកថ្លែងដូច្នេះថា៖
«ការសង់ទំនប់នេះ បើសិនជាគេសង់ គឺវានឹងធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរទៅលើផ្សោតដែលរស់នៅតាមធម្មជាតិ។ ត្រីក៏ដូចគ្នាដែរ ប៉ះពាល់ត្រីក៏ដូចជាប៉ះពាល់ផ្សោតដែរ ព្រោះកាលណាអស់ត្រី ផ្សោតក៏អត់រស់នៅបានដែរព្រោះផ្សោតស៊ីត្រី»។
កញ្ញា អ៊ឹង សិទ្ធារីន និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បាននិយាយថា ខ្សែភាពយន្តឯកសារស្តីពីគម្រោងស្ថាបនាទំនប់នៅតាមដងទន្លេមេគង្គនេះ បានផ្តល់សារដ៏សំខាន់មួយអំពីអនាគតដ៏ផុយស្រួយរបស់ទន្លេមេគង្គ ប្រសិនបើទំនប់វារីអគ្គីសនីពិតជាត្រូវបានស្ថាបនា។ កញ្ញាបញ្ជាក់ថា៖
«ប្រសិនបើមានការសាងសង់ដូចវីដេអូដែលបង្ហាញហ្នឹង ខ្ញុំគិតថា អនាគតទន្លេគឺជាទន្លេមួយដែលបាត់បង់ភាពដើមរបស់វា ដែលពុំមានការផ្តល់នូវធនធានធម្មជាតិដូចជាត្រី ដូចជាបរិស្ថានល្អ និងបរិយាកាសដ៏ស្រស់ស្អាតទៀតទេ»។
កញ្ញា សិទ្ធារីន បន្ថែមថា ដូច្នេះ បណ្តាប្រទេសនៅតាមដងទន្លេមេគង្គក្រោម ជាពិសេស កម្ពុជាគួរតែពិចារណា និងថ្លឹងថ្លែងឲ្យបានម៉ត់ចត់អំពីសេចក្តីសម្រេចចិត្តរបស់ខ្លួនថាតើគួរជ្រើសរើសយកមួយណា៖ ត្រីសម្រាប់ប្រជាពលរដ្ឋក្រីក្រ ឬថាមពលអគ្គីសនីដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលរបស់ខ្លួន៕